កងទ័ពកម្ពុជា-ចិនប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយកាន់តែធំដូចការគ្រោងទុក

កងទ័ពកម្ពុជាជាង១ពាន់(១.៣៣១)នាក់ និងកងទ័ពរំដោះប្រជាជនចិនជាង៨រយ( ៨៤៥) នាក់ នឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ នៅថ្ងៃទី១៤ដល់ថ្ងៃទី២៨ខែឧសភា «ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ថ្ងៃ​ទី​៦​ឧសភា​លើកឡើង​ថា សមយុទ្ធ​នេះ ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រយុទ្ធ​ជាក់ស្ដែង​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម។

សមយុទ្ធ​នេះ នឹង​ធ្វើ​ឡើង​ពីរ​ទីតាំង​ផ្សេង​គ្នា ទី​១ ការ​ធ្វើ​សមយុទ្ធ​លើ​គោក និង​លើ​អាកាស នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធហត្ថ ឬ​ហៅ​ថា ភ្នំជុំសែនរីករាយ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ទី​២ សមយុទ្ធ​លើ​សមុទ្រ និង​លើ​អាកាស ក្នុង​ខេត្ត​ព្រះសីហនុ។

កាល​ពី​ខែ​មករា មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​បាន​ស្នើ​ភាគី​ចិន បន្ត​ជួយ​គាំទ្រ​ដើម្បី​ពង្រីក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ឱ្យ​កាន់​តែ​ធំ ដោយ​ត្រូវ​ប្រើប្រាស់​ចំនួន​យោធិន និង​សព្វាវុធ​ឱ្យ​កាន់​តែ​ច្រើន និង​កាន់​តែ​ទំនើប ដើម្បី​ឱ្យ​ស្រប​តាម​ទំហំ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ។

សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល ហ្វ្រែសញូវ (Freshnews) បាន​ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្ដី​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ថា សព្វាវុធ​ត្រៀម​យក​ទៅ​ធ្វើ​សមយុទ្ធ​ក្នុង​ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​បំពាក់​បច្ចេក​វិទ្យា​កាន់​តែ​ខ្ពស់​និង​ទំនើប រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត ឬអេអាយ (AI)។

កងទ័ព​ចិន​នឹង​នាំ​សព្វាវុធ​កាន់​តែ​ទំនើប​មក​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​កម្ពុជា ដូច​មនុស្សយន្ត ឆ្កែយន្ត នាវាចម្បាំង នាវា​បុក​ឡើង​គោក ដ្រូន​ស៊ើបការណ៍ ឧទ្ធម្ភាគចក្រ រថពាសដែក រួម​ទាំង​កាំភ្លើង​ធំ និង​កាំភ្លើង​ត្បាល់​ជាដើម ខណៈ​កងទ័ព​កម្ពុជា ក៏​មាន​ឧទ្ធម្ភាគចក្រ នាវា រថពាសដែក និង​រថយន្ត​សង្គ្រោះ ចូលរួម​ក្នុង​សមយុទ្ធ​ដែរ។

កម្ពុជា​និង​ចិន​បាន​ធ្វើ​សមយុទ្ធ​នាគមាស​ប្រចាំ​ឆ្នាំ បាន​ចំនួន​៧​លើក​រួច​មក​ហើយ គិត​ត្រឹម​ឆ្នាំ​២០២៤ ស្របពេល​ការ​ទំនាក់ទំនង​យោធា​កាន់​តែ​ស្អិត​ល្មួត​រវាង​ប្រទេស​ទាំងពីរ កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ជាពិសេស​ពី​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។