ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានទុកពេល២៤ម៉ោង ដើម្បីឱ្យក្រុមយោធាថៃបើកដំណើរការព្រំដែនជាប្រក្រតីឡើងវិញជាមួយកម្ពុជា ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ បើមិនដូច្នេះទេ កម្ពុជានឹងបិទព្រំដែនទាំងអស់ មិនឱ្យថៃអាចនាំចូលបន្លែនិងផ្លែឈើពីប្រទេសថៃចាប់ពីថ្ងៃទី១៧មិថុនាតទៅ។ ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភានៅថ្ងៃទី១៦ ខែមិថុនា លោក ហ៊ុន សែន បានបន្តថា កម្ពុជាក៏ពិចារណាឈប់នាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃដែរ។
ពេលបិទ បិទខ្លួនឯង (យោធាថៃ) ពេលបើក បបួលចរចា ដើម្បីកុំឱ្យបាក់មុខ។ ដើម្បីកុំឱ្យបាក់មុខខ្លួន ខ្លួនទាញកម្ពុជាឱ្យបាក់មុខជាមួយឬ។ កម្ពុជា ជាប្រទេសដែលមានកត្តិយស មានសេចក្ដីថ្លែថ្នូរ ហើយចេះទទួលខុសត្រូវ សង្ឃឹមថា ភាគីថៃនឹងត្រូវចេះទទួលខុសត្រូវ ក្នុងករណីខ្លួនបានប្រព្រឹត្តិ ហើយខ្លួនមកដាក់លក្ខខណ្ឌចរចាឱ្យបើក កម្ពុជាអត់ទទួលយកបានទេ។
— លោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភាបានលើកឡើងទៀតថា ជម្លោះព្រំដែននៅពេលនេះ នឹងមិនងាយត្រូវបញ្ចប់ឡើយ ដូច្នេះ លោកអំពាវនាវទៅដល់និស្សិតនិងពលករខ្មែរកំពុងសិក្សានិងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់ចូលប្រទេសវិញ ដើម្បីគេចចេញពីការប្រមាថ និងមាក់ងាយពីក្រុមជ្រុលនិយមថៃ ស្របពេលកម្ពុជាក៏កំពុងខ្វះកម្លាំងពលកម្មរាប់ម៉ឺនកន្លែង។ លោក ហ៊ុន សែន ក៏បានប្រកាសចេញលុយផ្ទាល់ខ្លួន ដើម្បីផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរនៅថៃ ដែលចង់វិលមកសិក្សានៅក្នុងស្រុកវិញ។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសារសំឡេងពិសេសតាមហ្វេសប៊ុក បញ្ជាឱ្យក្រសួងពាក់ព័ន្ធត្រូវណែនាំទៅស្ថានទូតនិងស្ថានកុងស៊ុលខ្មែរប្រចាំប្រទេសថៃ ឱ្យជួយសម្រួលដល់ពលករទាំងមានឯកសារឬគ្មានឯកសារ ដែលចង់វិលត្រឡប់មកកម្ពុជាវិញ និងបានបញ្ជាឱ្យអភិបាលខេត្តទាំង៧ ជាប់ព្រំដែនប្រទេសថៃ រួមទាំងសមត្ថកិច្ចនិងកងទ័ព ត្រូវសហការគ្នាប្រើប្រាស់រថយន្តដឹកជូនពលករ ទៅដាក់តាមភូមិកំណើតរបស់ពួកគាត់។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកដល់ពលករ ដែលជំពាក់បំណុល។
ឆ្លើយតបទៅនឹងការអំពាវនាវនេះ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាថា សមាគមទាំងពីរនឹងចេញវិធានការសមស្របដើម្បីបន្ធូរបន្ថយបន្ទុកសម្រាប់ពលករ តាមរយៈការរៀបចំឥណទានឡើងវិញ និងបានប្រកាសឱ្យពលករទាក់ទងផ្ទាល់ទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការដាក់សំណើសុំផ្ដល់ការគាំទ្រផ្សេងៗ។ ការបញ្ចេញសារពិសេសជាថ្មីពីលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បានធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែមិថុនា រវាងក្រុមចរចាកម្ពុជា-ថៃ។
នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានប្រាប់ទៅភាគីថៃថា ខ្លួនចង់បានព្រំដែនមួយប្រកបដោយសន្ដិភាព ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ គឺការឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។
កម្ពុជាក៏បានបដិសេធមិនទទួលស្គាល់ផែនទីដែលថៃបានគូសជាឯកតោភាគី ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនរ៉ាំរ៉ៃនាពេលកន្លងមកដល់ពេលនោះទេ ហើយក្រុមចរចានៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន បានឯកភាពគ្នាគ្រោងជួបប្រជុំជាថ្មីនៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
អំឡុងពេលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន រដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គិតត្រឹមថ្ងៃទី១៦ខែមិថុនា ឯកសាររបស់កម្ពុជាទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងទ័ពថៃបានគំរាមកំហែងប្រើកម្លាំងទ័ពធ្វើសង្គ្រាម ដើម្បីដោះស្រាយជម្លោះព្រំដែនស្របពេលកម្ពុជាបន្តជ្រើសយកតុលាការយុត្តិធម៌អន្តរជាតិ។
បណ្ដាញសារព័ត៌មានថៃបានចុះផ្សាយថា កងទ័ពរបស់ថៃបានបំពាក់សព្វាវុធកាន់តែទំនើប ក្នុងនោះ រួមទាំងការព្រមានប្រើយន្តហោះចម្បាំង និងដ្រូនទម្លាក់គ្រាប់បែកដោយគ្មានមនុស្សបើកជាដើម។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា ក៏បានបង្ហោះលើហ្វេសប៊ុកឆ្លើយតបថា កម្ពុជាបានបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធា ព្រោះជាយុទ្ធវិធីការពារជាតិច្បាស់ណាស់ ត្រូវតម្រង់អាវុធទៅខ្មាំងសត្រូវ និងមិនមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះរបស់ខ្លួនឯងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។