អ្នកច្បាប់ថា ការបញ្ចេញកិច្ចសន្ទនាលោក ហ៊ុន សែន ជាមួយមេដឹកនាំថៃ ជាការបង្ហាញតម្លាភាព

អ្នកច្បាប់លើកឡើងថា ករណីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទម្លាយសារសំឡេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra )ជារឿងល្អសម្រាប់ប្រជាពលរដ្ឋ ធ្វើឱ្យបានដឹងពីស្ថានការណ៍ជម្លោះព្រំដែនប្រទេសទាំងពីរ។

សារ​សំឡេង​បែក​ធ្លាយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា ពិត​ជា​សំឡេង​ដែល​លោក​បាន​សន្ទនា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ថៃ អ្នក​ស្រី ​ផែថងថាន ស៊ីណាវ៉ាត្រ​ ប្រាកដ​មែន​។ ភាគី​ទាំង​ពីរ​បាន​សន្ទនា​គ្នា​តាម​រយៈ​​អ្នក​បកប្រែ គឺ​​អភិបាល​រង​រាជធានី​ភ្នំពេញ​លោក ឃ្លាំង​ ហួត ​ ដោយ​ពេល​នោះ ​​អ្នក​ស្រី ផែថងថាន បាន​ប្រើ​ភាសា​បែប​ទន់ភ្លន់​ហៅ​លោក ហ៊ុន សែន​ថា​ ពូ​និង​ឪពុក​ ហៅ​ខ្លួន​ឯង​ជា​ក្មួយ​ឬ​ចៅ​ទៀត​ផង​។

​អ្នក​ស្រី​បាន​ស្នើ​ឱ្យ​លោក ហ៊ុន សែន សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឱ្យ​ត្រឡប់​មក​ដូច​កាល​ពី​មិន​ទាន់​មាន​ជម្លោះ​ឡើង​វិញ។ លោក ហ៊ុន សែន បាន​ឯកភាព​នឹង​សំណើ​របស់​នាយករដ្ឋមន្ត្រី​ថៃ​នេះ​ ប៉ុន្តែ​លោក​ថា ​​ភាគី​ថៃ​ត្រូវ​បើក​ច្រក​ព្រំដែន​ទាំង​អស់​ជា​មុន​ទើប​កម្ពុជា​អនុវត្ត​តាម​ក្រោយ​។

អត់​ទេ​ខាង​នេះ​អត់​ចរចា​ទេ​ ខាង​នោះ​អ្នក​ផ្ដើម ខាង​នោះ​អ្នក​បង្កើត​បញ្ហា​ ហើយ​ចង់​លើក​មុខ​លើក​មាត់​ខ្លួន​ឯង ហើយ​មក​ទម្លាក់​មក​ឱ្យ​ខាង​នេះ​អត់​បាន​ទេ អត់​ចរចា​ទេ​រឿង​ហ្នឹង។ គឺ​ខាង​នោះ​ត្រូវ​ធ្វើ​មុន​តែ​ម្ដង គឺ​ខាង​នេះ​អត់​ចរចា​ទេ។​ប៉ុន្តែ​ខាង​នេះ​សន្យា​ថា ខាង​នោះ​អនុវត្ត​ដក​បទ​បញ្ជា​ក្នុង​ការ​បិទ​ទល់​ដែន​ហើយ ​គឺ​ខាង​នេះ​យ៉ាង​យូរ​៥​ម៉ោង​ក្រោយ​ ខ្ញុំ​សន្យា ខ្ញុំ​ធានា​កាត់​ក្បាល​ខ្ញុំ​ក្រវាត់​ចោល​។

—  លោក ហ៊ុន សែន

​អ្នក​ច្បាប់ លោក វ៉ន ចាន់ឡូត​ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៨​មិថុនា​ថា ការ​បញ្ចេញ​សារ​សំឡេង​សន្ទនា​នេះ​ពុំ​មែន​ជា​ការ​ខុស​ទាស់​អ្វី​នោះ​ទេ​ ព្រោះ​បណ្ដា​ស្ថាប័ន​អង្គភាព​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ក៏​បាន​ដឹង​អំពី​ខ្លឹមសារ​ការ​សន្ទនា​នេះ​ដែរ​។ ​ផ្ទុយ​ទៅ​វិញ​លោក​ថា ការ​សន្ទនា​នេះ​ជា​រឿង​ល្អ​ ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​តម្លាភាព​ដល់​ពលរដ្ឋ​ ជា​ពិសេស​ក្នុង​ស្ថានការណ៍​តានតឹង​បញ្ហា​ព្រំដែន​កម្ពុជា​និង​ថៃ​​។

ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ចាំ​បាច់​ត្រូវការ​ការ​ទទួល​បាន​ព័ត៌មាន​មួយ​ឱ្យ​បាន​លឿន​រហ័ស​ ហើយ​គ្រប់ជ្រុងជ្រោយ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​។ មួយ​វិញ​ទៀត ភាគី​ទាំង​ពីរ​គឺ​ជា​បុគ្គល​សាធារណៈ ដូច្នេះ​មិន​អាច​និយាយ​ទេ​ថា បុគ្គល​ណា​មួយ​បាន​បំពាន​លើ​សិទ្ធ​ឯកជន​ភាព​លើ​បុគ្គល​ណា​មួយ​ វា​ជា​រឿង​ដែល​មិន​អាច​កើត​ឡើង​ទេ​នៃ​ទំនាក់ទំនង​រវាង​​រដ្ឋ​ហើយ​និង​រដ្ឋ។

—  លោក វ៉ន ចាន់ឡូត

​​កម្ពុជា​​និង​ថៃ​មាន​ជម្លោះ​ព្រំដែន​ចាប់​តាំង​កងទ័ព​ប្រទេស​ទាំង​ពីរ​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តំបន់​មុំ​បី​​ក្នុង​ខេត្ត​ព្រះវិហារ​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា​​។ ប្រទេស​ទាំង​ពីរ​​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​ប្រចាំ​ការ​នៅ​តំបន់​មាន​ជម្លោះ ​និង​បាន​រឹត​បន្តឹង​ការ​ចេញ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន ហើយ​កម្ពុជា​ហាម​ថៃ​មិន​ឱ្យ​ដឹក​បន្លែ ផ្លែឈើ​តាម​ព្រំដែន​របស់​ខ្លួន ដរាប​ណា​យោធា​មិន​បើក​ព្រំដែន​ដូច​ធម្មតា​វិញ​៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។