មន្ត្រីបក្សប្រឆាំង៖ ការបញ្ចេញសន្ទនាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ មិនមែនរឿងខុសឆ្គង

មន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ការបញ្ចេញកិច្ចសន្ទនាតាមទូរសព្ទរបស់លោក ហ៊ុន សែន ជាមួយមេដឹកនាំថៃ មិនមែនជារឿងអសីលធម៌ឡើយ ពីព្រោះប្រទេសថៃមានកលល្បិចនិងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ ប៉ុន្តែអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងទំនាក់ទំនងការទូត មិនគួរបញ្ចេញការចរចាសម្ងាត់ជាសាធារណៈឡើយ។

ពលរដ្ឋ​ភាគ​ច្រើន​បាន​ចាត់​ទុក​ការ​បញ្ចេញ​កិច្ចសន្ទនា​សម្ងាត់​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra )ថា​ជា​ការ​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ទៀត​យល់ថា ការ​បញ្ចេញ​សារ​សំឡេង​នេះ ជា​រឿង​អសីលធម៌​ដែរ។

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ថា លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សន្ទនា​ឯកជន​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ ដោយសារ​ប្រទេស​ថៃ មាន​លកល្បិច​ឈ្លានពាន​លើ​កម្ពុជា និង​ព្យាយាម​កេង​ចំណេញ​ទាំង​ផ្នែក​នយោបាយ​និង​ការទូត​តាម​រយៈ​ការ​ចរចា​ទាំង​ចំហ​និង​សម្ងាត់​ពី​ភាគី​កម្ពុជា។

ការ​បញ្ចេញ​សារ​នេះ ខ្ញុំ​យល់​ថា មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​លក្ខណៈ​អន្តរជាតិ ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​នោះ​ទេ ហើយ​ខ្ញុំ​យល់​ថា ប្រទេស​ដទៃ​ទៀត ក៏​មិន​បាត់បង់​ទំនុក​ចិត្ត ដែល​សន្ទនា​ជាមួយ​មេដឹកនាំ​កម្ពុជា​នោះ​ដែរ ពីព្រោះ​មេដឹកនាំ​កម្ពុជា ធ្វើ​តែ​ជាមួយ​សត្រូវ​ប្រទេស​ជិត​ខាង។ ប៉ុន្តែ​ប្រទេស​ដដៃ​ទៀត គ្មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា មេដឹកនាំ​កម្ពុជា នឹង​មិន​បញ្ចេញ​សារ​សន្ទនា​ជា​លក្ខណៈ​ឯកជន​នោះ​ទេ​។

—  លោក អ៊ុំ សំអាន

ការ​លើកឡើង​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា បាន​បញ្ចេញ​សារ​សន្ទនា​រយៈពេល​ជាង​១៧​នាទី ដែល​លោក​បាន​និយាយ​ទូរសព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន។

នៅ​ក្នុង​សារ​សំឡេង​នោះ នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​លោក ហ៊ុន សែន ជួយ​សម្រួល​បើក​ច្រក​ព្រំដែន​សម្រាប់​ការ​នាំចូល​បន្លែ​និង​ផ្លែ​ពី​ប្រទេស​ថៃ​ឡើង​វិញ និង​បាន​ប្រាប់​លោក ហ៊ុន សែន ឱ្យ​ឈប់​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​លើកឡើង​របស់​មេបញ្ជាការ​កងទ័ព​ថៃ​ប្រចាំ​នៅ​ភូមិ​ភាគ​ទី២ឈ្មោះ ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដែល​តែង​ប្រើប្រាស់​ពាក្យ​សម្ដី​គំរាមកំហែង​បង្ក​សង្គ្រាម​ឈ្លានពាន​កម្ពុជា និង​ធ្វើ​ឱ្យ​ជម្លោះ​ព្រំដែន​ឡើង​កម្ដៅ​ជាបន្តបន្ទាប់។ អ្នកស្រី​បាន​បញ្ជាក់​ថា មេទ័ព​ភូមិ​ភាគ​រូប​នេះ ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ្នកស្រី ហើយ​តែង​និយាយ​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​សម្រាប់​ខ្លួន​ឯង។

ទោះជាយ៉ាងណា​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា យោធា​ថៃ​ជា​អ្នក​បិទ​ព្រំដែន​ដោយ​ឯកតោ​ភាគី​ជាមុន ដែល​ជា​ការ​ប្រមាថ​មួយ​មិន​អាច​ទទួល​យក​បាន​ឡើយ។

ដូច្នេះ​លោក​ថា កម្ពុជា​មិន​ទទួល​យក​ការ​ចរចា​ទេ ប៉ុន្តែ​ប្រសិន​បើ​យោធា​ថៃ​បើក​ច្រក​ព្រំដែន​ឱ្យ​ដំណើរការ​ដូច​ដើម​វិញ នោះ​កម្ពុជា​នឹង​សម្រេច​បើក​ព្រំដែន​តាម​ក្រោយ។

ជុំវិញ​ការ​បែក​ធ្លាយ​កិច្ច​សន្ទនា​នេះ នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាន​ចេញ​សុំទោស​ប្រជាជន​ថៃ ខណៈ​អ្នកស្រី​ប្រឈម​ការ​តវ៉ា​ឱ្យ​ចុះចេញ​ពី​តំណែង រី​ឯ​គណបក្ស​ដែល​ជា​សម្ព័ន្ធភាព​គណបក្ស​ភឿ​ថៃ​កំពុង​ដឹកនាំ​រដ្ឋាភិបាល ក៏​បាន​សម្រេច​ដក​ខ្លួន​ចេញ។ អ្នកស្រី​បញ្ជាក់​ថា ការ​សន្ទនា​ជាមួយ​លោក ហ៊ុន សែន គ្រាន់​តែ​ជាបច្ចេកទេស​នៃ​ការ​ចរចា​របស់​អ្នកស្រី​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​ថៃ​បាន​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ប្រគល់​កំណត់​ទូត ដើម្បី​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​បែក​ធ្លាយ​សារ​សំឡេង​សន្ទនា​នោះ។

អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​លោក គឹម សុខ បាន​មើលឃើញ​ថា ការ​បញ្ចេញ​សារ​សន្ទនា​ឯកជន​ជា​សាធារណៈ អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាក់​មុខ និង​ធ្វើ​ឱ្យ​នយោបាយ​ការទូត​កម្ពុជា​លើ​ឆាក​អន្តរជាតិ ចាញ់​ប្រៀប​ប្រទេស​ថៃ។

ចាប់​ពី​ពេល​នេះ​ទៅ បណ្ដា​មេដឹកនាំ​សំខាន់​ៗ​នានា នឹង​មើល​លោក ហ៊ុន ម៉ាណែត ចុង​ភ្នែក ចាប់​ចុង​ដៃ សន្ទនា​ចុង​មាត់ គ្រាន់​តែ​ជា​ការ​សន្ទនា​បែប Protocol (​បែប​ពិធីការ​) ប៉ុន្តែ​គេ​និយាយ​បែប​ទុក​ចិត្ត​ជាមួយ ផេថងថាន ទៅ​វិញ​។

—  លោក គឹម សុខ

លោក ហ៊ុន សែន បាន​លើកឡើង​ថា ដើម្បី​តម្លាភាព​ផ្ទៃ​ក្នុង​កម្ពុជា និង​ចៀសវាង​ការ​បំភាន់ ឬ​បន្លំ ចាំបាច់​ត្រូវ​ថត​សម្លេង​ទុក។ លោក​ក៏​បាន​បញ្ជាក់​ថា ការ​បញ្ចេញ​សារ​សន្ទនា​ជាសាធារណៈ ដោយសារ​ក្រោយ​ការ​សន្ទនា​ប៉ុន្មាន​ម៉ោង មេដឹកនាំថៃ បាន​ចេញ​មក​ចោទ​មេដឹកនាំ​កម្ពុជា ថា​ធ្វើ​នយោបាយ​មិន​មាន​វិជ្ជាជីវៈ និង​តាម​ហ្វេសប៊ុក (Facebook) ដែល​លោក​ចាត់​ទុក​ថា មេដឹកនាំ​ថៃ​បាន​និយាយ​ផ្សេង ប៉ុន្តែ​ធ្វើ​ផ្សេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។