លោក ហ៊ុន សែន ថា ទំនាក់ទំនងគ្រួសារហ៊ុននិងថាក់ស៊ីន៣០ឆ្នាំត្រូវបានបំផ្លាញ

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថា ទំនាក់ទំនងគ្រួសារត្រកូលថាក់ស៊ីន និងត្រកូលហ៊ុនរយៈពេល៣០ឆ្នាំ ត្រូវបានបំផ្លាញដោយសារការបែកធ្លាយសារសន្ទនាតាមទូរសព្ទរវាងលោក ជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra)។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ថា លោក​ធ្លាប់​បាន​ជួយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ឱ្យ​ស្នាក់​នៅ​ក្នុង​ភូមិគ្រឹះ​របស់​លោក​ក្នុង​ទីក្រុង​តាខ្មៅ អំឡុង​ពេល​បងប្អូន​ទាំង​ពីរ​នេះ​នាក់ ប្រឈម​ការ​ធ្វើ​រដ្ឋប្រហារ​បណ្ដេញ​ចេញ​ពី​អំណាច។

លោក ហ៊ុន សែន បាន​បន្ត​ថា អំឡុង​ពេល​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាល​ពី​ខែ​មេសា លោក​ក៏​បាន​អញ្ជើញ​អ្នកស្រី​និង​ស្វាមី ទៅ​ទទួល​ទាន​អាហារ​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ភូមិ​គ្រឹះ​របស់​លោក និង​បាន​អនុញ្ញាត​ឱ្យ​អ្នកស្រី ចូល​មើល​និង​ថត​រូប​បន្ទប់​ដែល​លោក ថាក់ស៊ីន និងអ្នកស្រី យីងឡាក់ ធ្លាប់​ស្នាក់​នៅ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ប៉ុន្តែ​មនោសញ្ចេតនា​រយៈពេល​ជាង​៣០​ឆ្នាំ រវាង​គ្រួសារ​ទាំង​ពីរ​នៅ​ពេល​នេះ ត្រូវ​បាន​បំផ្លាញ ដោយសារ​តែ​មាន​មន្ត្រី​កម្ពុជា បាន​ធ្វើ​ឱ្យ​បែក​ធ្លាយ​នូវ​សារ​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសារ​មន្ត្រី​កម្ពុជា​រូប​នោះ ខឹង​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​បាន​ចោទ​មេដឹកនាំ​កម្ពុជា​ថា​ធ្វើ​នយោបាយ​គ្មាន​វិជ្ជាជីវៈ។

កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា លោក ហ៊ុន សែន បាន​និយាយ​ទូរសព្ទ​ជាមួយ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដើម្បី​ចរចា​រឿង​បើក​ព្រំដែន​ប្រទេស​ទាំង​ពីរ។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ​អ្នកស្រី ផេថងថាន បាន​និយាយ​បរិហារ​មេបញ្ជាការ​កងទ័ព​ថៃ​ប្រចាំ​នៅ​ភូមិ​ភាគ​២ ដែល​តែង​ប្រើ​ពាក្យ​សម្ដី​ចង់​បង្ក​សង្គ្រាម​ឃ្លានពាន​ជាមួយ​កម្ពុជា ថា​ជា​ក្រុម​មនុស្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ្នកស្រី ហើយ​បាន​និយាយ​បញ្ចុះបញ្ចូល​ឱ្យ​លោក ហ៊ុន សែន ជួយ​សម្របសម្រួល​បើក​ព្រំដែន​ឱ្យ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​វិញ។

លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​បាន​បញ្ជូន​សារ​សន្ទនា​ឯកជន​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ ទៅ​មន្ត្រី​ព្រឹទ្ធសភា រដ្ឋសភា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​មេដឹកនាំ​កងទ័ព​សរុប​៨០​នាក់ និង​ក្រោយ​ពី​មាន​ការ​ធ្វើ​ឱ្យ​បែកធ្លាយ លោក​ក៏​បាន​សម្រេច​ចិត្ត​បង្ហោះ​កិច្ច​សន្ទនា​នោះ​ទាំង​ស្រុង។ ការ​ធ្វើ​ឱ្យ​បែក​ធ្លាយ​កិច្ច​សន្ទនា​តាម​ទូរសព្ទ​បាន​ធ្វើ​ឱ្យ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រកាស​ថា នឹង​លែង​មាន​កិច្ចសន្ទនា​ឯកជន​ជាមួយ​មេដឹកនាំ​កម្ពុជា។

ស្រប​ពេល​លោក ហ៊ុន សែន ប្រកាស​ភាព​ប្រេះឆា​នៃ​គ្រួសារ​ទាំង​ពីរ នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក មក​កាន់​ខេត្ត ឧប៊ុន រាឆាថានី (Ubon Ratchathani) ជាប់​ទឹក​ដី​ខេត្ត​ព្រះវិហារ​របស់​កម្ពុជា ដើម្បី​លើក​ទឹក​ចិត្ត​កងទ័ព​ថៃ​និង​មេបញ្ជាការ​ប្រចាំ​ភូមិ​ភាគ​២ ដែល​អ្នកស្រី​និយាយ​បរិហារ​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន។

ក្រោយ​ពី​ទាហាន​ថៃ​លួច​ឆ្មក់​បាញ់​សម្លាប់​ទាហាន​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា យោធា​ថៃ​បាន​បញ្ជូន​កងទ័ព​និង​សព្វាវុធ​មក​ព្រំដែន​បន្ថែម រួម​ទាំង​ការ​បង្ហោះ​ដ្រូន​ចូល​ទឹក​ដី​ខ្មែរ និង​ការ​បញ្ជូន​ទ័ព​ដើរ​ល្បាត​ចូល​ដល់​ភូមិដ្ឋាន​និង​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ហើយ​និង​បិទ​ព្រំដែន​ដោយ​ឯកតោ​ភាគី​ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ សីហា ថ្លែង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ថា មូលហេតុ​ដែល​ស្ថានភាព​នៅ​ព្រំដែន​បន្ត​តានតឹង ដោយសារ​ភាគី​យោធា​ថៃ​ក្រឡេចក្រឡុច ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

បន្ទាប់​ពី​ការ​ជជែក​គ្នា​រវាង​មេ​ទ័ពជើង​គោក​ទាំង​ពីរ ចេញ (ពីប្រជុំ) មក​យើង​ដាក់​សេចក្ដី​ថ្លែង​ការណ៍ ខាង​ថៃ​គេ​ដាក់​៣​ចំណុច កម្ពុជា​យើង​ដាក់​៤​ចំណុច សូរ​ថា​ហេតុ​អ្វី​? គេ​ថា​កម្ពុជា​ក្រឡេចក្រឡុច ឯកភាព​គ្នា​៣​ចំណុច តែ​យើង​ចេញ​៤​ចំនុច។ ខ្ញុំ​សុំ​ជម្រាប​ថា នៅ​ពេល​ប្រជុំ​យើង​ឯកភាព​គ្នា​៣​ចំណុច ប៉ុន្តែ​យើង​បាន​លើកឡើង​ថា កម្ពុជា​មិន​អាច​ដក​ទ័ព​ចេញ​ពី​ទីតាំង​នោះ​បាន​ឡើយ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​របស់​ថៃ មិន​បាន​លើកឡើង​ចំណុច​នេះ​ទេ ហេតុ​នេះ​ហើយ​បាន​កម្ពុជា​ត្រូវ​បំពេញ​ចំណុច​ទី​៤ នេះ​ថា កម្ពុជា​មិន​ដក​ចេញ​ទី​នោះ​ទេ ព្រោះ​ជា​ទឹក​ដី​របស់​កម្ពុជា​។

—  លោក ទៀ សីហា

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា យោធា​ថៃ​ក៏​មិន​បាន​សុំ​ទោស ដែល​បាន​ចូល​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​នៅ​ឡើយ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ខ្មែរ​បាន​តំឡើង​សព្វាវុធ​គ្រប់គ្រាន់ ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​ទាំង​លើ​គោក លើ​អាកាស និង​លើ​ទឹក​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។