ហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចុះផ្សាយកាលពីថ្ងៃទី២២ខែមិថុនាថា មេបញ្ជាការកងពលតូចលេខ៧០ លោក ហែម ថា បានទៅចូលរួមចុះហត្ថលេខាលើកំណត់ហេតុចងមេត្រីភាពជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៣០១របស់វៀតណាម នៅទីក្រុងហាណូយកាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែមិថុនា។ ប្រភពដដែលឱ្យដឹងទៀតថា ការចុះហត្ថលេខានេះ គឺដើម្បីរឹតចំណងសាមគ្គីភាព មេត្រីភាព និងកិច្ចប្រតិបត្តិការទ្វេភាគីបន្ថែមទៀតរវាងមេទ័ពប្រទេសទាំងពីរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសាកសួរអំពីបញ្ហានេះបានទេនៅថ្ងៃទី២៣ខែមិថុនា។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ បានមានប្រសាសន៍ថា ការចងសម្ពន្ធមេត្រីភាពរបស់មេទ័ពកម្ពុជានិងវៀតណាមនេះ គឺជាយុទ្ធសាស្ត្រដើម្បីកំញើញដល់ភាគីថៃផង និងជាការត្រួសត្រាយផ្លូវសម្រាប់វៀតណាម ដែលអាចដើរតួនាទីជាអ្នកផ្សះផ្សាបញ្ចប់វិវាទកម្ពុជានិងថៃបាន ប្រសិនបើថៃត្រូវការដោះស្រាយបញ្ហាដោយសន្តិវិធី។
រដ្ឋាភិបាលត្រកូលហ៊ុន បង្ហាញថាខ្លួនមានសម្ពន្ធមិត្តចាំជួយ ដើម្បីសញ្ញាទៅខាងភាគីថៃថា កុំឱ្យព្រហើនពេក។ អត់មានចំណេញអីដល់កម្ពុជាទេ កម្ពុជាខាងគ្រប់ច្រកទាំងអស់។ ក៏ប៉ុន្តែចំណេញដល់វៀតណាមមែនទែន ទីមួយវៀតណាមបានមុខមាត់នៅក្នុងផ្ទៃអាស៊ាន ជាអ្នកដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងតំបន់អាស៊ាន។ ទី២វៀតណាមបានចំណេញពីការលូកដៃរបស់ខ្លួនដើម្បីបង្ហាញពិភពលោកថា កម្ពុជាក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលត្រកូលហ៊ុន នៅក្រោមឥទ្ធិពលការសម្រេចចិត្តរបស់វៀតណាម។
— លោក គឹម សុខ
ទោះជាយ៉ាងណា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានយល់ឃើញថា យុទ្ធសាស្ត្រទំនាស់ជាមួយប្រទេសភាគខាងលិច ហើយរត់ពឹងមិត្តខាងកើតក្នុងស្ថានភាពបែបនេះ គឺមិនមែនជារឿងល្អសម្រាប់កម្ពុជាឡើយ។ ផ្ទុយទៅវិញលោកថា នឹងធ្វើឱ្យកម្ពុជាដើរគន្លងមេដឹកនាំចាស់ដែលប្រទេសប្រឈមនឹងការបាត់បង់ទឹកដីទៅវៀតណាមបន្ថែមទៀតនៅពេលខាងមុខ។
នៅពេលដែលមានសង្គ្រាមទ្រង់ទ្រាយធំប្រាកដជាវៀតណាមមកជួយហើយ ជួយតាមលក្ខណៈសម្ងាត់ឬជាចំហអ៊ីចឹង។ យើងមិនដឹងគេជួយតាមវិធីណាទេ។ កាលណាយើងពឹងវៀតណាមជួយ ដូចឆ្នាំ១០៧៩។ អ៊ីចឹងឃើញទេ កាលណាវៀតណាមជួយរំដោះ លោក ហ៊ុន សែន គាត់ធ្វើសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រនៅឆ្នាំ១៩៨២ហ្នឹង កាត់កោះត្រល់ កោះក្រចកសេះឱ្យទៅវៀតណាម ហើយនឹងដែនសមុទ្រ៣០ពាន់គីឡូម៉ែត្រការ៉េ ឱ្យទៅវៀតណាមហើយដាក់តំបន់ទឹកប្រវត្តិសាស្ត្រយកសមុទ្រខ្មែរដាក់រួមជាមួយវៀតណាម១០ពាន់គីឡូម៉ែត្រការ៉េ។ ហើយ ឆ្នាំ១៩៨៣និង១៩៨៥គាត់ធ្វើសន្ធិសញ្ញាស្ដីពីព្រំដែនគោកកាត់ដែនគោករបស់យើងទៅឱ្យវៀតណាម។
— លោក អ៊ុំ សំអាន
ជារឿយៗមេដឹកនាំកំពូលៗរបស់កម្ពុជាតែងតែបណ្ដាក់គ្នាទៅចូលរួមក្នុងពិធីបុណ្យជាតិសំខាន់ៗរបស់វៀតណាម ដោយពួកគេបានអះអាងថា ដើម្បីលើកកម្ពស់មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
កាលពីចុងខែមេសាកន្លងទៅ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងពិធីខួបទី៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម ដើម្បីរឹតចំណងភាពជាអ្នកជិតខាងល្អឲ្យកាន់តែរីកចម្រើនថែមទៀត។
ប៉ុន្តែអ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំជាន់ខ្ពស់កម្ពុជាធ្វើបែបនេះ គឺដោយសាររដ្ឋាភិបាលត្រកូលហ៊ុន បានកាន់អំណាចដឹកនាំប្រទេសតាមរយៈវៀតណាមលើកបន្តុប ដូច្នេះកម្ពុជាត្រូវដឹងគុណ និងពឹងពាក់វៀតណាមក្នុងគ្រាមានអាសន្ន។ ពួកគេចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រសើរជាងទៅពឹងពាក់ប្រទេសជិតខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។