លោក ហ៊ុន ម៉ាណែត​ ថាកម្ពុជាអាចកំដរលេងជាមួយថៃទាំងផ្នែកយោធានិងសេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាបានត្រៀមវិធានការឆ្លើយតបគ្រប់គ្រាន់ទាំងផ្នែកសេដ្ឋកិច្ចនិងយោធា ដើម្បីកំដរលេងជាមួយប្រទេសថៃប្រសិនបើយោធាថៃ មិនចង់ដោះស្រាយបញ្ហាជម្លោះនៅតាមព្រំដែនឱ្យវិលទៅរកសភាពដើមវិញ។ លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ដើម្បីឆ្លើយតបទៅនឹងការសម្ញែងសព្វាវុធសង្គ្រាមពីយោធាថៃ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា កម្ពុជា​បាន​សម្រេច​នាំ​ចូល​ប្រេង​បន្ថែម​ពី​ប្រទេស​សិង្ហបុរី ដើម្បី​បង្គ្រប់​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រេង​ក្នុង​ស្រុក​បន្ទាប់​ពី​សម្រេច​ផ្អាក​ការ​នាំចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ​ចាប់​ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្នក​នយោបាយ​ថៃ​ដែល​ព្រមាន​ថា កម្ពុជា​នឹង​គ្មាន​ប្រេង​ប្រើប្រាស់ នៅ​ពេល​ថៃ​ឈប់​នាំចូល។

នៅ​ក្នុង​កម្មវិធី​បិទ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃ​ទី២៣ ខែមិថុនា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ទៀត​ថា ប្រទេស​កម្ពុជា​បន្ត​រង​ការ​ប្រមាថ​និង​មាក់ងាយ​ឥត​ឈប់ឈរ​ពី​ក្រុម​ជ្រុលនិយម​និង​មេទ័ពថៃ ដែល​តែងតែ​ជំរុញ​ឱ្យ​ប្រទេស​របស់​ខ្លួន​ដាក់​គំនាប​ខាង​សេដ្ឋកិច្ច និង​ព្រមាន​ប្រើ​កម្លាំង​យោធា ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​ដើម្បី​កំដរ​លេង​ល្បែង​នេះ​ជាមួយ​ថៃ​គ្រប់​មធ្យោបាយ ក្នុង​នោះ​រួម​ទាំង​ការ​ត្រៀម​គ្រាប់​កាំជ្រួច​សម្រាប់​បាញ់​ទម្លាក់​យន្តហោះ និង​គ្រាប់​កាំភ្លើង​សម្រាប់​បាញ់​កម្ទេច​រថក្រោះ​ជាដើម។

ហើយ​កំពុង​តែ​អង្គុយ​គិត អារថក្រោះ​មួយ​ៗ​ដាក់​មក​ហ្នឹង ប្រសិន​បើ​យើង​បាញ់​ឆេះ យើង​គួរ​លើក​ទឹក​ចិត្ត​ឱ្យ​បងប្អូន (កងទ័ព) ប៉ុន្មាន? អាហោះ (យន្តហោះចម្បាំង និងដ្រូន) ប្រសិន​បើ​បងប្អូន​ណា​បាញ់​ឆេះ យើង​លើក​ទឹក​ចិត្ត​ប៉ុន្មាន យើង​កំពុង​ពិចារណា​។

—  លោក ហ៊ុន ម៉ាណែត

ការ​លើកឡើង​ពី​លោក ហ៊ុន ម៉ាណែត នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​សម្រេច​បិទ​ច្រក​ទ្វារ​ព្រំដែន​ចំនួន​៣ ជាអចិន្ត្រៃយ៍ គឺ​ច្រកទ្វារ​តំបន់​ជប់គគីរ ច្រកទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ច្រកទ្វារ​តំបន់​អានសេះ​ក្នុង​ខេត្តព្រះវិហារ បន្ទាប់​ពី​យោធា​ភូមិភាគ​២​របស់​ថៃ បាន​ប្រកាស​បន្ថយ​ម៉ោង​បើកបិទ​ច្រកទ្វារ​តំបន់​អានសេះ និង​បិទ​ច្រកទ្វារ​តំបន់​ជប់គគីរ​មិន​ឱ្យ​ដឹក​ទំនិញ​ឆ្លងកាត់​ជា​ឯកតោ​ភាគី។

កម្ពុជា​បាន​ប្រកាស​បិទ​ការ​នាំចូល​បន្លែ​និង​ផ្លែ​ឈើ​ទាំង​អស់​ពី​ប្រទេស​ថៃ​តាំង​ពី​ថ្ងៃ​ទី​១៨​ខែ​មិថុនា និង​ឈប់​ទិញ​អគ្គិសនី​និង​អ៊ីនធឺណិត​ពី​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា។ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២០ ខែមិថុនា ដោយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​ផ្អាក​ការ​នាំចូល​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ចាប់​តាំង​ពី​គ្រឿងស្រវឹង ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ត្រីខកំប៉ុង​ជាដើម។

សារព័ត៌មានថៃ Khaosod English បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា យោធា​ថៃ​បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ច្រក​ព្រំដែន​ទាំង​អស់​ជាមួយ​កម្ពុជា ដោយ​ហាម​ឃាត់​ការ​ឆ្លង​កាត់​រាល់​យានយន្ត​គ្រប់​ប្រភេទ និង​អ្នក​ដំណើរ​ទូទៅ លើកលែង​តែ​ករណី​ផ្ទេរ​អ្នក​ជំងឺ និង​ការ​ឆ្លង​កាត់​របស់​សិស្ស។

ចំណែក​នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​តាម​ច្រក​ព្រំដែន​ចំនួន​៧​ជាមួយ​កម្ពុជា ខណៈ​អ្នកស្រី​ថា កម្ពុជា​គឺ​ជា​មជ្ឈមណ្ឌល​របស់​ក្រុម​ឧក្រិដ្ឋជន។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ប្រទេស​ថៃ​បាន​សម្រេច​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ដោយ​ឯកតោ​ភាគី ដោយ​យក​លេស​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដើម្បី​លាបពណ៌​បង្ខូច​កិត្តិយស​កម្ពុជា។ លោក​បញ្ជាក់​ថា ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ ក៏​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មានអន្តរជាតិ​រាយការណ៍​ថា ជា​ជម្រក​របស់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ដែរ។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ទៀត​ថា កម្ពុជា​នឹង​មិន​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​និយាយ​រឿង​បើក​ព្រំដែន​ឡើយ ប៉ុន្តែ​ប្រសិន​បើ​យោធា​ថៃ បើក​ព្រំដែន​ឱ្យ​ដំណើរការ​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់​វិញ នោះ​កម្ពុជា​នឹង​បើក​ច្រក​ព្រំដែន​របស់​ខ្លួន​ទាំង​អស់​ឱ្យ​ដំណើរការ​ធម្មតា​វិញ​ដែរ។

ជុំវិញរឿងជម្លោះព្រំដែននេះ ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន បាន​ដឹកនាំ​កិច្ច​ប្រជុំ​លើក​ដំបូង នៃ​គណៈកម្មការ​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ការ​ពិភាក្សា​លើ​យុទ្ធសាស្ដ្រ​និង​ផែនការ​បន្ត​ទៅ​មុខ ដើម្បី​សម្រេច​គោល​ដៅ បន្ទាប់ពី​បាន​បញ្ជូន​ឯកសារ​ឱ្យ​តុលាការ​អន្តរជាតិ ជួយ​ដោះស្រាយ​វិវាទ​នៅ​ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់មុំបី។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​កោះហៅ​ភារធារីស្តីទី នៃ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ទៅ​ទទួល​កំណត់ទូត​ប្រឆាំង​ទៅ​នឹង​មន្ត្រី​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​បែកធ្លាយ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់។ ក្រសួង​ការបរទេស​កម្ពុជា​បាន​លើកឡើង​ថា ការ​ប្រើ​នីតិវិធី​ផ្លូវ​ច្បាប់​ក្នុង​ស្រុក​ដើម្បី​ប្រឆាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋ​អធិបតេយ្យ​មួយ គឺ​ផ្ទុយ​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ខណៈ​ការ​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​នោះ ដើម្បី​ធានា​ភាព​ត្រឹមត្រូវ និង​សុច្ចរិត​ភាព​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។