មន្ត្រីកម្ពុជាថា មេដឹកនាំនិងយោធាថៃមានចរិតពិសពុលជាមួយកម្ពុជា

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា មេដឹកនាំរដ្ឋាភិបាលថៃនិងក្រុមយោធាថៃ មានចរិតពិសពុលដោយសារចូលចិត្តបង្កពីរឿងមួយទៅរឿងមួយទៀត ដើម្បីទម្លាក់កំហុសលើកម្ពុជា នៅពេលខ្លួនមានវិបត្តិនយោបាយផ្ទៃក្នុងកាន់តែជ្រៅ។ ការលើកឡើងនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃថា សន្ដិសុខជាតិថៃកំពុងរងការគំរាមកំហែងពីឧក្រិដ្ឋកម្មឆ្លងដែន។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៤ ខែមិថុនា ថា​ប្រទេស​ថៃ​ទើប​ត្រូវ​បាន​រកឃើញ​ថ្មី​ៗ​នេះ​ថា ជា​ជម្រក​របស់​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន និង​ជា​មជ្ឈមណ្ឌល​ចែកចាយ​ក្រុម​ឆបោក​តាម​អនឡាញ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ថៃ​និង​ក្រុម​យោធា​ថៃ បាន​បន្លំ​ភាព​អាម៉ាស់​នេះ​ទម្លាក់​លើ​កម្ពុជា ដែល​លោក​ចាត់​ទុក​ថា ផ្ទះ​ខ្លួន​ឯង​សុទ្ធ​តែ​សំរាម តែ​ចង្អុល​ផ្ទះ​គេ​ឱ្យ​បោស​សំរាម។

​ភាព​ពិសពុល ចរិត​ខូច​របស់​រដ្ឋាភិបាល ហើយ​និង​កងទ័ព​ថៃ គឺ​បាន​ស្ដែង​ឡើង​យ៉ាង​ច្បាស់​មែនទែន។ មុន​ដំបូង រុញ​រឿង​ព្រំដែន ឱ្យ​តែ​មាន​ជម្លោះ​ផ្ទៃ​ក្នុង​របស់​ខ្លួន ក្នុង​ការ​ដណ្ដើម​អំណាច​រវាង​រដ្ឋាភិបាល​និង​យោធា ថៃ​តែងតែ​រុញ​មក​ព្រំដែន​កម្ពុជា យក​កម្ពុជា​ចំណាប់ខ្មាំង ដើម្បី​ដោះស្រាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន ដើម្បី​មាន​លេស​ចោទ​ថា រដ្ឋាភិបាល (ថៃ) គ្រប់គ្រង់​បូរណភាព​ទឹក​ដី​មិន​បាន​អ៊ីចឹង​ទៅ យោធា​ត្រូវ​តែ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​អ៊ីចឹង​ទៅ នេះ​ជា​ទម្លាប់​យូរ​ហើយ​។

—  លោក ប៉ែន បូណា

ប្រតិកម្ម​ពី​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra ) បាន​លើកឡើង​ថា កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជាសកល​មួយ​តាម​ការ​រកឃើញ​ពី​អង្គការ​សហប្រជាជាតិ កំពុង​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​របស់​ប្រទេស​ថៃ។ ជាមួយគ្នា​នេះ ក្រុម​យោធា​ថៃ​បាន​បញ្ជាក់​ដែរ​ថា ការ​សម្រេច​បិទ​ព្រំដែន​ទាំង​ស្រុង​ជាមួយ​កម្ពុជា លើកលែង​តែ​ករណី​មនុស្ស​ធម៌ ដោយសារ​ព្រួយបារម្ភ​ពី​ភាព​តានតឹង​តាម​ព្រំដែន និង​បញ្ហា​ឆបោក​តាម​អនឡាញ​នៅ​តំបន់​ព្រំដែន។

ទោះជាយ៉ាងណា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​លើកឡើង​ថា កម្ពុជា​និង​ថៃ សុទ្ធ​តែ​ជា​ប្រទេស​រងគ្រោះ​ដូច​គ្នា​ពី​ករណី​ឆបោក​តាម​អនឡាញ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​សហការ​គ្នា​ដើម្បី​បង្ក្រាប។

សារព័ត៌មានថៃ The Nation បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ថា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ទម្រង់​ទាសភាព​សម័យ​ទំនើប​និង​ការ​ជួញដូរ​មនុស្ស​ផ្ដោត​លើ​ស្ដ្រី​និង​ក្មេងស្រី បាន​ផ្ញើ​លិខិត​មួយ​ទៅ​រដ្ឋាភិបាល​ថៃ ឱ្យ​ពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្លង​កាត់​ព្រំដែន ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ។

នៅ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​និង​ជា​មជ្ឈមណ្ឌល​ផ្ទេរ​ជន​រងគ្រោះ ឱ្យ​ទៅ​បម្រើការ​ទាំង​បង្ខំ​នៅ​តាម​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ នៅ​ប្រទេស​ជិតខាង ជាពិសេស​នៅ​ក្នុង​រដ្ឋ ការ៉េន (Karen) ប្រទេស​ភូមា។

កម្ពុជា​បាន​សម្រេច​ឈប់​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ ឈប់​ទិញ​អគ្គិសនី អ៊ីនធឺណិត និង​ឈប់​នាំចូល​ប្រេង​និង​ឧស្ម័ន​ពី​ថៃ រួម​ទាំង​គ្រោង​ឈប់​នាំ​ចូល​ទំនិញ​ជា​គ្រឿង​ភេសជ្ជៈ និង​គ្រឿង​អាហារ​ផ្សេង​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្រុម​យោធា​ថៃ ដែល​បាន​សម្រេច​បិទ​ព្រំដែន​ដោយ​ឯកតោ​ភាគី។

នៅ​ថ្ងៃ​ទី២៤ ខែមិថុនា ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ខ្ទង់ខាំមិន (Comment) ហ្វេសប៊ុក​របស់​លោក​ថា មេដឹកនាំ​ថៃ​កំពុង​ផ្ទេរ​ពី​ជម្លោះ​ផ្ទៃ​ក្នុង មក​ជា​ជម្លោះ​ជាមួយ​កម្ពុជា។ លោក​បាន​ព្យាករណ៍​ថា ជម្លោះ​ដណ្ដើម​អំណាច​គ្នា​នៅ​ក្នុង​ប្រទេស មិន​អាច​រលត់​បាន​ឡើយ ហើយ​ប្រទេស​ថៃ​នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ក្នុង​រង្វង់​៣​ខែ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។