គណបក្សកម្លាំងជាតិថ្កោលទោសការឃាត់ខ្លួនមន្ត្រីបក្សម្នាក់នៅខេត្តសៀមរាប

គណបក្សកម្លាំងជាតិថ្កោលទោសអាជ្ញាធរដែលបានចាប់ខ្លួនថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សនេះម្នាក់ទៀតនៅខេត្តសៀមរាប ដោយពុំមានបង្ហាញដីកាពីតុលាការ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាការគំរាមកំហែងនិងរឹតត្បិតសេរីភាពសម្ដែងរបស់ពលរដ្ឋ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ ខែមិថុនា​ថា ប៉ូលិស​ខេត្ត​សៀមរាប​បាន​ចាប់​ខ្លួន​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​កម្លាំង​ជាតិ​ស្រុក​ប្រាសាទ​បាគង លោក សុខ សុន ក្នុង​ពេល​ដែល​មន្ត្រី​នគរបាល​បាន​ហៅ​លោក​ទៅ​ជួប​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង កាល​ពី​ថ្ងៃ​ទី​២២​ខែ​មិថុនា។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​ឬ​ប្រាប់​ពី​ទោសកំហុស​នៃ​ការ​ចាប់​ខ្លួន​នេះ​ទេ។ លោក រ៉ុង ឈុន​ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង លោក សុខ សុន ដោយ​ឥត​លក្ខខណ្ឌ​។

ហើយ​យើង​មិន​ចង់​ឃើញ​រូប​ភាព​បែប​ហ្នឹង​​បន្ត​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​នោះ​ទេ​។​ អាជ្ញាធរ​កម្ពុជា​ត្រូវ​មាន​ការ​បើក​លំហ​សេរីភាព​នយោបាយ​ឱ្យ​បាន​ពេញលេញ​ ក្នុង​ការ​ចូល​រួម​រៀប​ចំ​ក៏​ដូច​ជា​សកម្មភាព​នៅ​តាម​បណ្ដា​ខេត្ត​នីមួយៗ​ក្នុង​ការ​ត្រូវ​ចូល​រួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៧​​និង​ឆ្នាំ​២០២៨​ខាង​មុខ​នេះ។

—  លោក រ៉ុង ឈុន

​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ហួត សុធី ដើម្បី​សាកសួរ​ជុំ​វិញ​ការ​ចាប់​ខ្លួន​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥​ខែ​មិថុនា។

​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក យិន ម៉េងលី ​បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​បញ្ជូន​ លោក សុខ សុន ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ក្រោយ​ពេល​សាកសួរ​​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បាគង។

លោក​បន្ថែម​ថា ​ក្នុង​ពេល​សាកសួរ​នោះ​មាន​មន្ត្រី​តុលាការ​ម្នាក់​នៅ​ទីនោះ​ដែរ​ ​បាន​ចោទ​លោក​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​​បញ្ចេញ​មតិ​តាម​ហ្វេសប៊ុក។ លោក ចាត់​ទុក​​វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​ថា ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​។

អា​ហ្នឹង​ហើយ​ដែល​យើង​ចង់​បាន​ការ​រួបរួម​គ្នា​ កាលណា​មាន​ការ​រួម​គ្នា​មាន​ការ​ផ្សះផ្សា​ជាតិ​​បញ្ហា​ទាំង​អស់​នេះ​វា​ នឹងលែង​កើត​មាន​ហើយ។ ​បើ​សិន​ជា​យើង​មិន​មាន​ការ​ផ្សះផ្សា​ជាតិ​ទេ​ បញ្ហា​នេះ​នឹង​កើត​មាន​រហូត​។ យើង​បាន​ឃើញ​ហើយ​ហេតុ​អី​បាន​យើង​អះអាង​អ៊ីចឹង​ យើង​មើល​ឃើញ​ការ​រំលាយ​គណបក្ស​ដ៏​ធំ​មួយ​កាល​ពី​​ចុង​ឆ្នាំ​២០១៧​ បញ្ហា​បទ​ល្មើស​ហ្នឹង​​ជា​បទ​ល្មើស​ដដែល​ៗ​កើត​ឡើង​វា​អត់​មាន​ឃើញ​បទ​ល្មើស​ផ្សេង​ទេ។ នេះ​ហើយ​ដែល​យើង​មើល​ឃើញ​បញ្ហា​នេះ​វា​បង្ក​ដោយសារ​បញ្ហា​ជម្លោះ​នយោបាយ​ទើប​កើត​មាន​បញ្ហា​យក​ច្បាប់​នឹង​មក​អនុវត្ត​នេះ​។

—  លោក យិន ម៉េងលី

​ក្នុង​រយៈ​ពេល​ប្រមាណ​២ខែ​មក​នេះ យ៉ាង​ហោច​ណាស់​មាន​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​គណបក្ស​កម្លាំង​ជាតិ​ចំនួន​៣​នាក់​ហើយ​​ត្រូវ​បាន​អាជ្ញាធរ​បាន​ចាប់​ខ្លួន​។ ពួកគាត់​ភាគ​ច្រើន​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ដោយសារ​តែ​ការ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។