លោក ហ៊ុន សែន ចង់ឱ្យជប៉ុនជួយសម្របសម្រួលឱ្យថៃគោរពច្បាប់អន្តរជាតិដោះស្រាយបញ្ហាព្រំដែន

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចង់ឱ្យប្រទេសជប៉ុនធ្វើជាអ្នកសម្របសម្រួលជំរុញឱ្យប្រទេសថៃ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយប្រើច្បាប់អន្តរជាតិ។ អ្នកឃ្លាំមើលបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែដាក់លិខិតផ្លូវការដើម្បីស្នើសុំទៅរដ្ឋាភិបាលជប៉ុន ឱ្យជួយរឿងព្រំដែន។

លោក ហ៊ុន សែន បាន​ប្រាប់​អគ្គមេបញ្ជាការ​នៃ​កងស្វ័យ​ការពារ​ជើង​គោក​ជប៉ុន នាយ​ឧត្តមសេនីយ៍ ម៉ូរីស៊ីកា យ៉ាស៊ូណូរី (Morishita Yasunori) ថា កម្ពុជា​ចង់​ឱ្យ​ប្រទេស​ជប៉ុន​ជំរុញ​ទៅ​ប្រទេស​ថៃ ឱ្យ​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​ដោយ​សន្តិវិធី និង​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ ក្នុង​នោះ​រួម​មាន​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​ជា​ជំហរ​និង​ការ​ចង់​បាន​របស់​ប្រទេស​កម្ពុជា។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្នុង​ពេល លោក ម៉ូរីស៊ីកា យ៉ាស៊ូណូរី ជួប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ចុះ​ផ្សាយ​ថា មេទ័ព​ជើង​គោក​ជប៉ុន​រូប​នេះ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​ទាហាន​កម្ពុជា​លោក សួន រ៉ោន ដែល​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភា ហើយ​លោក​បាន​បន្ថែម​ថា ជប៉ុន​ចង់​ឱ្យ​ភាគី​កម្ពុជា​និង​ថៃ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្តិវិធី។

នៅ​ក្នុង​ជំនួប​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​ភាគី​ជប៉ុន​ថា ថៃ​បាន​រំលោភ​មក​កម្ពុជា​ជាបន្តបន្ទាប់ ចាប់​តាំង​ពី​ទាហាន​ថៃ​ឆ្លង​ដែន​មក​បាញ់​សម្លាប់​ទាហាន​កម្ពុជា ការ​បិទ​ព្រំដែន​ដោយ​ឯកតោភាគី និង​សកម្មភាព​ជាច្រើន​ទៀត​របស់​ភាគី​ថៃ ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​មាន​វិធានការ​ឆ្លើយតប​វិញ។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​លោក គឹម សុខ បាន​លើកឡើង​ថា ជា​រឿង​វិជ្ជមាន​មួយ​ដែល​កម្ពុជា​ស្នើ​ឱ្យ​ភាគី​ជប៉ុន​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នៅ​ពេល​នេះ ពីព្រោះ​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​ដឹកនាំ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​ថៃ​ជា​ម្ចាស់​ហត្ថលេខី​ដែរ។

យ៉ាង​ណា ដើម្បី​បន្ថែម​តួនាទី​ជប៉ុន ឱ្យ​កាន់​តែ​មាន​ឥទ្ធិពល រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត គួរ​តែ​សរសេរ​លិខិត​ជាផ្លូវការ​ទៅ​កាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស អំពី​ការ​ស្នើ​ឱ្យ​ជប៉ុន​ចូលរួម​សម្របសម្រួល​ជម្លោះ​កម្ពុជា​និង​ថៃ។ ពីព្រោះ​កុំ​ឱ្យ​ជប៉ុន​ដើរ​តួនាទី​ជា​ប្រទេស​ជប៉ុន​តែ​មួយ ឱ្យ​ជប៉ុន​ដើរ​តួនាទី​ជា​តំណាង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ឬក៏​ជា​តំណាង​នៃ​សហគមន៍​អន្តរជាតិ​តែ​ម្ដង​។

—  លោក គឹម សុខ

ក្រៅ​ពី​ជួប​លោក ហ៊ុន សែន លោក ម៉ូរីស៊ីកា យ៉ាស៊ូណូរី ក៏​បាន​ជួប​ជាមួយ​មេទ័ព​ជើងគោក​កម្ពុជា​លោក ម៉ៅ សុផាន់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ហ្វេសប៊ុក​កងទ័ព​ជើង​គោក​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា មេទ័ព​ជប៉ុន​រូប​នេះ បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កងទ័ព​ជើង​គោក​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ជប៉ុន​មក​កម្ពុជា​នៅ​ពេលនេះ ស្របពេល​ជម្លោះ​តាម​ព្រំដែន​កម្ពុជា-ថៃ បាន​រាល​ទៅ​ដល់​ជម្លោះ​សេដ្ឋកិច្ច និង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​បន្ទាប់​ពី​យោធា​ថៃ បាន​សម្រេច​បិទ​បើក​ច្រក​ព្រំដែន​ដោយ​ឯកតោ​ភាគី និង​ព្រមាន​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និងឧស្ម័ន ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ឆ្លើយតប​វិញ​បិទ​មិន​ឱ្យ​ថៃ​នាំចូល​បន្លែ​និង​ផ្លែ​ឈើ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា។

ប៉ុន្មាន​ថ្ងៃ​នេះ យោធា​និង​រដ្ឋាភិបាល​ថៃ​បាន​លើកឡើង​ខុស​គ្នា​ពី​ការ​បិទ​និង​បើក​បញ្ហា​ព្រំដែន។ កាល​ពី​ថ្ងៃ​ទី២៣ ខែមិថុនា មេបញ្ជាការ​កងទ័ព​ថៃ​នៅ​ភូមិភាគ១ ភូមិភាគ២ និង​មេបញ្ជា​កង​យោធា​នៅ​ព្រំដែន​ខេត្តច័ន្ទបុរី និងខេត្តត្រាត (Chanthaburi-Trat) បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ព្រំដែន​ទាំង​អស់​ជាមួយ​កម្ពុជា លើកលែង​តែ​អ្នក​ជំងឺ​និង​សិស្ស​សាលា​អាច​ឆ្លង​កាត់​បាន។ ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយ​មក មជ្ឈមណ្ឌល​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​រដ្ឋាភិបាល​ថៃ បាន​ចេញ​មក​បញ្ជាក់​ថា ច្រក​ព្រំដែន​ទាំង​អស់​នៅ​តែ​បើក​ដំណើរការ សម្រាប់​បម្រើ​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ទាំង​ពីរ។

ទោះជាយ៉ាងណា នៅ​ថ្ងៃ​ទី​២៥​ឧសភា យោធា​ថៃ​បាន​បន្ត​បិទ​ព្រំដែន​ទាំង​ស្រុង​ជាមួយ​កម្ពុជា ប៉ុន្តែ​បាន​បើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ឆងចម ក្នុង​ខេត្ត​សុរិន្ទ ទល់​មុខ​នឹង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ តែ​មន្ត្រី​កម្ពុជា​បាន​លើកឡើង​ថា យោធា​ថៃ​បាន​បើក​ព្រំដែន​មែន ប៉ុន្តែ​មិន​បាន​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ឬ​រថយន្ត​ដឹក​ទំនិញ​ឆ្លង​កាត់​ឡើយ។ ចំណែក​អាជ្ញាធរ​ថៃ​ខេត្ត​ស្រះកែវ នៅ​ជាប់​នឹង​ច្រកទ្វារ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ក្រុម​យោធា​ថៃ​មិន​ឱ្យ​ពលករ​ខ្មែរ​អាច​ឆ្លង​ដែន​មក​កម្ពុជា​ឡើយ ទាល់​តែ​មាន​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា ទើប​នៅ​យប់​ទី២៥ ខែមិថុនា បាន​យោធា​ថៃ​ឱ្យ​ពលករ​ខ្មែរ​ជាង​១០០​នាក់​ឆ្លង​ដែន​ចូល​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក ស សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​ដែរ​ថា យោធា​ថៃ​បើក​ព្រំដែន​តែ​មិន​ឱ្យ​អ្នក​ដំណើរ​ឆ្លងកាត់ ជា​ចរិត​ឧបាយកល​ពិសពុល​ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ​ថៃ និង​សហគមន៍​អន្តរជាតិ​ឱ្យ​យល់​ច្រឡំ​ថា កម្ពុជា​ជា​អ្នក​បិទ​ព្រំដែន​ជាមួយ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។