តុលាការកំពូលបដិសេធសំណើនៅក្រៅឃុំរបស់យុវជនចលនាមាតាធម្មជាតិ

តុលាការកំពូលបានបើកសវនាការប្រកាសសាលដីកានៅថ្ងៃទី៣០មេសា ដោយបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនចលនាមាតាធម្មជាតិ ដោយលើកហេតុផលថា ខ្លាចពួកគេប្រព្រឹត្តិបទល្មើស។ ក្រុមសាច់ញាតិបានចាត់ទុកការការសម្រេចរបស់តុលាការកំពូល ថាជាការធ្វើបាបលើអ្នកការពារបរិស្ថាននិងធនធានធម្មជាតិ។

នៅ​ពេល​តុលាការ​កំពូល​ប្រកាស​សាលដីកា​នេះ មាន​តែ​យុវជន​មាតា​ធម្មជាតិ ០៣​រូប​ប៉ុណ្ណោះ រួម​មាន​កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង​លោក ថុន រដ្ឋា ត្រូវ​មន្ត្រី​ពន្ធនាគារ​ដឹក​បញ្ជូន​មក​កាន់​តុលាការ ខណៈ​កញ្ញា ឡុងគន្ធា និង​លោក យ៉ីម លាងហ៊ី អវត្តមាន។

ម្ដាយ​របស់​លោក លី ចាន់ដារ៉ាវុត ដែល​បាន​ទៅ​ចូលរួម​ស្ដាប់​សវនាការ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុម​យុវជន​ចលនា​មាតាធម្មជាតិ គ្រាន់​តែ​ជា​អ្នក​ការពារ​ធនធាន​ធម្មជាតិ មិន​មែន​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ឡើយ ដូច្នេះ តុលាការ​កំពូល គួរ​តែ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព ដើម្បី​អាច​ទៅ​រួមរស់​ជាមួយ​ប្រពន្ធ​កូន ឪពុក​ម្ដាយ និង​ដើម្បី​បន្ត​ការ​សិក្សា​វិញ។

(​តុលាការ​កំពូល​) ពិចារណា​រឿង​ក្ដី​គាត់​ឡើង​វិញ ដោយសារ​គាត់​មិន​មាន​កំហុស​អី​ទេ គ្រាន់​តែ​ការពារ​ធនធាន​ធម្មជាតិ។ ដោះលែង​ឱ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឱ្យ​គាត់​អាច​ទៅ​រៀន​ថ្នាក់​អនុបណ្ឌិត​បន្ត​ទៀត ព្រោះ​អី ខ្ញុំ​ក៏​ចង់​ឱ្យ​គាត់​រៀន​ឱ្យ​បាន​ច្រើន មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ដូច​កូន​គេ​ឯង​ដែរ​។

—  ម្ដាយលោក លី ចាន់ដារ៉ាវុត

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ក្រុម​យុវជន​ចលនា​មាតាធម្មជាតិ​ចំនួន​១០​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ៦​ទៅ ៨​ឆ្នាំ​ពី​បទចោទ «​បទ​រួម​គំនិត​ក្បត់​» និង «​ប្រមាថ​ព្រះមហាក្សត្រ​» តែ​មាន​យុវជន​៥​នាក់​ប៉ុណ្ណោះ កំពុង​ជាប់ឃុំ។ គិត​មក​ដល់​ថ្ងៃ​ទី​៣០​មេសា ពួកគេ​បាន​ជាប់​នៅ​ពន្ធនាគារ​ផ្សេង​ៗ​គ្នា ចំនួន​៣០១​ថ្ងៃ​ហើយ។

ប្រពន្ធ​សកម្មជន​មាតាធម្មជាតិ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ដែល​នាំ​កូន​ប្រុស​ច្បង​អាយុ​៦​ជាង​ឆ្នាំ ទៅ​ជួប​ប្ដី​នៅ​តុលាការ​កំពូល​បាន​លើកឡើង​ដែរ​ថា ការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​តុលាការ​កំពូល​នេះ ហាក់​បី​ដូច​ជា​ការ​ធ្វើ​បាប​លោកស្រី​ឱ្យ​កាន់​តែ​វេទនា ខណៈ​លោកស្រី​កំពុង​ត្រូវ​ការ​ប្ដី​ជា​ចាំ​បាច់​ឱ្យ​ជួយ​ចិញ្ចឹម​កូន​តូច​ៗ​បីនាក់។ លោកស្រី​បន្ត​ថា ប្ដី​លោកស្រី​ដែល​ស្រលាញ់​និង​ហ៊ាន​ចេញ​មុខ​ការពារ​ធនធាន​ធម្មជាតិ មិន​គួរ​រង​ការ​ធ្វើ​បាប​រស់​នៅ​ព្រាត់ប្រាស​ពី​ប្រពន្ធ​និង​កូន​ៗ​បែប​នេះ​ទេ។

ពិបាក​មែនទែន ក្នុង​នាម​យើង​ជា​គ្រួសារ។ ទី​១ ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​គាត់​នៅ​ពន្ធនាគារ ហើយ​ទី​២ ត្រូវ​មើល​ថែ​កូន​តែ​ម្នាក់​ឯង ហើយ​កូន​ខ្ញុំ​ដល់​ទៅ​៣​នាក់ គឺ​បន្ទុក​ធ្ងន់​មែនទែន ហើយ​ឥឡូវ យើង​កំពុង​តែ​ខ្វះខាត​ផង។ បើ​គាត់​នៅ​តែ​បន្ត​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​មែន គឺ​គ្រួសារ​ពិត​ជា​ពិបាក​ខ្លាំង​មែនទែន។

—  លោកស្រី ប៉ាត់ រស្មី

អង្គការ​សិទ្ធិម​នុស្សជាតិ​និង​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ ៗ​ចាត់ទុក​ការ​ឃុំ​ខ្លួន​សកម្មជន​មាតាធម្មជាតិ ថា​ជា​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធមនុស្ស និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។