ក្រុមអង្គការសង្គមស៊ីវិលនិងកម្មករនាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩

ក្រុមអង្គការសង្គមស៊ីវិល មកពីខាងក្រុមសហជីពឯករាជ្យ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជន កម្មករ និងពលរដ្ឋប្រមាណ២ពាន់នាក់ នាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៩ នៅថ្ងៃទី០១ ខែឧសភា នៅសួនច្បារទល់មុខក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងនៅកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពួកគាត់​ប្រារព្ធ​ទិវា​នេះ ក្រោម​ប្រធានបទ «​រួម​គ្នា​បន្ត​អនុវត្ត​សេរីភាព​មូលដ្ឋាន ដើម្បី​ធានា​យុត្តិធម៌​សង្គម​» ដើម្បី​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ទៅ​កាន់​រដ្ឋាភិបាល និង​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​និយោជក បង្កើន​ការ​ធានា​ការពារ​សិទ្ធិ​សេរីភាព​មូលដ្ឋាន សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ និង​ដោះស្រាយ​រាល់​កង្វល់​របស់​កម្មករ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា (CTWU) លោក ទូច កុសល បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ សម្រាប់​ចរចា​និង​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជា​ប្រចាំ​ឆ្នាំ សម្រាប់​កម្មករ​គ្រប់​វិស័យ​ទាំង​អស់ ខណៈ​បច្ចុប្បន្ន មាន​តែ​វិស័យ​កាត់ដេរ​មួយ​គត់ ដែល​មាន​ការ​ប្រជុំ​ពិភាក្សា​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជាប្រចាំឆ្នាំ។ លោក​បន្ត​ថា វិស័យ​ផ្សេង​ៗ​ទៀត ដូច​ជា​ទេសចរណ៍ និង​សំណង់​ជាដើម ដែល​កម្មករ​ខ្លះ​បម្រើការ​អស់​រយៈពេល​១០​ឆ្នាំ ប៉ុន្តែ​មិន​ដែល​បាន​ដំឡើង​ប្រាក់​ខែ​នោះ​ទេ បើទោះបីជា​វិស័យ​ពួកគាត់ បាន​ចូលរួម​ចំណែក​ដូចគ្នា ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យ៉ាងណាក្ដី។

សំណមពរ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​កម្មករ​គ្រប់​វិស័យ​ទាំង​អស់ គឺ​មិន​ថា​វិស័យ​ណា​ទេ គឺ​កំណត់​ឱ្យ​មាន​ប្រាក់​ឈ្នួល​គោល​ថ្នាក់​ជាតិ…។ អ៊ីចឹង​វិស័យ​ណា​ក៏​ដោយ ត្រូវ​មាន​ប្រាក់​ឈ្នួល​គោល បើ​មិន​អ៊ីចឹង​ទេ និយោជក​កំណត់​តាម​អំពើ​ចិត្ត​របស់​គាត់។

—  លោក ទូច កុសល

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា វិស័យ​ការងារ​នៅ​តែ​ជា​វិស័យ​ចម្បង​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា ដែល​មាន​កម្លាំង​ពលកម្ម​ជាង​៩​លាន (៩,២៣) នាក់ ក្នុង​នោះ ផ្នែក​វាយន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប មាន​កម្មករ​និយោជិត​ជាង​៩​សែន (៩២៥.០០០) នាក់ វិស័យ​សណ្ឋាគារ ទេសចរណ៍ និង​សេវាកម្ម​ជាង​៦​សែន (៦៣០.០០០) នាក់ និង​វិស័យ​សំណង់​ជិត ៣​សែន​នាក់។

កាល​ពី​ថ្ងៃ​ទី​៣០​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៩ និង​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ត្រឹម​តែ​មាន​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​បង្កើន​ការងារ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មាន​មហិច្ឆតា​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ និង​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្មករ​ដែរ។

ទោះជាយ៉ាងណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​អ្នកស្រី អ៊ូ ទេពផល្លីន សំណូមពរ​ទៅ​រដ្ឋាភិបាល​ឱ្យ​លុប​ចោល​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋាភិបាល​បាន​បង្កើត។ អ្នកស្រី​ចាត់ទុក​ច្បាប់​នេះ ថា​ជា​ការ​បំផ្លាញ​សិទ្ធិ​របស់​កម្មករ​ទន់ខ្សោយ ហើយ​ជា​ការ​បន្ថែម​អំណាច​ឱ្យ​ក្រុម​ថៅកែ​ជា​អ្នក​មាន​លុយ។

ច្បាប់​ស្ដីពី​ការងារ គឺ​មាន​រសជាតិ​ល្អ​ហើយ រសជាតិ​ឱ្យ​កម្មករ​អាច​ចងក្រង​សហជីព អាច​បង្កើត​សហជីព​បាន។ ចុះ​ចង្រៃ​អី មក​បង្កើត​ច្បាប់​សហជីព​ធ្វើ​អី ធ្វើ​ឱ្យ​វិនាស​សិទ្ធិ​របស់​កម្មករ​និយោជិក​ធ្វើ​អី។ អ៊ីចឹង សុំ​ឱ្យ​ដក​ចេញ​នូវ​ឧបសគ្គ​ទាំង​ឡាយ​ណា ទាំង​ការ​ចុះបញ្ជី ទាំង​ការ​បង្កើត​សហជីព ព្រោះ​កម្មករ​មាន​សិទ្ធិ​តែ​មួយ​គត់ អាច​ជជែក​ជាមួយ​ថៅកែ​បាន គឺ​សិទ្ធិ​បង្កើត​សហជីព។

—  អ្នកស្រី អ៊ូ ទេពផល្លីន

នៅ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​នេះ ក្រុម​អង្គការ សមាគម និង​សហជីព​ចំនួន​៦២​ស្ថាប័ន បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​ចំនួន​១៣​ចំណុច ក្នុង​នោះ​ត្រូវ​បើក​លម្ហ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​អាច​ទទួល​បាន​ការ​អនុគ្រោះពន្ធ EBA ២០​%​ពី​សហភាព​អឺរ៉ុប​វិញ ត្រូវ​ជជែក​ជាមួយ​អ្នក​បញ្ជា​ទិញ​ធំៗ ដើម្បី​រក​វិធី​ធានា​ស្ថិរភាព​ការងារ​ជូន​កម្មករ ស្របពេល​កំពុង​ប្រឈម​ការ​ដំឡើង​ពន្ធ​ពី​អាមេរិក ត្រូវ​ដោះលែង​និង​ទម្លាក់​ការ​ចោទប្រកាន់​លើ​សហជីព និង​សកម្មជន​បរិស្ថាន និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​ដាក់​បញ្ចូល​ពលករ​ចំណាក​ស្រុក​មាន​សិទ្ធិ​បោះឆ្នោត​ពី​ចម្ងាយ​ជាដើម៕

សូមលោកអ្នកនាងរង់ចាំទស្សនាទស្សរឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។