សង្គមស៊ីវិលស្នើអាជ្ញាធរស៊ើបអង្កេតករណីយុវជនខ្មែរស្លាប់នៅជិតអាគារអនឡាញចិន

មន្ត្រីសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរខេត្តព្រះសីហនុ បើកការស៊ើបអង្កេតរកការពិតជុំវិញយុវជនបម្រើការក្នុងទីតាំងអនឡាញម្នាក់ ដែលគេអះអាងថា បានធ្លាក់ពីលើអាគារស្លាប់។ ការស្នើនេះ ខណៈគ្រួសារនៅមិនទាន់អស់ចិត្ត និងសង្ស័យថាជាករណីធ្វើទារុណកម្ម។

ប្រធាន​អង្គការ​សង់ត្រាល់​លោក មឿន តុលា ប្រាប់​អាស៊ីសេរី​ថា ករណី​ស្លាប់​របស់​យុវជន​បម្រើការ​ក្នុង​ទីតាំង​អនឡាញ នៅ​មាន​ចំណុច​សង្ស័យ​ច្រើន ដែល​តម្រូវ​ឱ្យ​សមត្ថកិច្ច​គួរ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​តម្លាភាព។

អាជ្ញាធរ​គួរ​បើក​ការ​សង្កេត​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ប្រកប​ដោយ​តម្លាភាព ប្រសិន​បើ​ល្អ​ទៅ​ទៀត មាន​ភាគី​ឯករាជ្យ​ណា​មួយ ក្នុង​ដំណើរការ​ស៊ើបអង្កេត​ហ្នឹង​ទៀត ក៏​កាន់​តែ​ល្អ​។

—  លោក មឿន តុលា

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​យុវជន​ខ្មែរ​ម្នាក់​អាយុ​១៩​ឆ្នាំ ឈ្មោះ អ៊ន់ សំណាងដេវិត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ជិត​អាគារ​បើក​ល្បែង​អនឡាញ​របស់​ជន​ជាតិ​ចិន​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤​ឧសភា បន្ទាប់​ពី​ចូល​ធ្វើ​ការ​បាន​មួយ​ថ្ងៃ។ សាច់ញាតិ​បាន​ដឹក​សព​យក​ទៅ​ធ្វើ​បុណ្យ នៅ​ឯ​ស្រុក​កំណើត​ក្នុង​ភូមិ​ជ្រាវ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប។

សារ​សំឡេង​ក្នុង​ប្រព័ន្ធ​តេឡេក្រាម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក គឺ​ស្ដ្រី​អ្នក​បក​ប្រែ​ឱ្យ​ជនជាតិ​ចិន​លើកឡើង​ថា ជនរង​គ្រោះ និង​គ្នីគ្នា​២​នាក់​ទៀត បាន​លួច​ទូរសព្ទ និង​ព្យាយាម​រត់​គេច​ខ្លួន​ពី​ជាន់​ទី​១១​មក​ជាន់​ទី​១០ ក៏​ធ្លាក់​ស្លាប់​ពី​អាគារ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​ឧសភា។ ប៉ុន្តែ​សាច់ញាតិ និង​បុគ្គលិក​បម្រើការ​ក្នុង​អាគារ​អនឡាញ​ជាមួយ​ជន​រងគ្រោះ មិន​ជឿ​ការ​លើកឡើង​នេះ​ទេ ពីព្រោះ​បើ​ជន​រងគ្រោះ​ធ្លាក់​ពី​អាគារ​ខ្ពស់​មែន គួរ​តែ​មាន​ការ​ប៉ះទង្គិច​ខ្លាំង មិន​មែន​មុខ​មាត់​នៅ​ស្អាត​គ្មាន​ហូរ​ឈាម​នោះ​ទេ។

ខាង​គ្រួសារ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ស្លាប់ ដោយសារ​ការ​ធ្វើ​ទារុណកម្ម និង​ឆក់ ពីព្រោះ​ពិនិត្យ​ឃើញ​នៅ​លើ​ដើម​ទ្រូង​សាកសព​មាន​ស្នាម​មុខ​របួស​ និង​រាងកាយ​មាន​សភាព​ស្លេកស្លាំង​ដូច​អស់​ឈាម​ពី​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ខាង​គ្រួសារ​និង​មិត្តភក្ដិ​ក៏​ទាមទារ​ឱ្យ​បញ្ចេញ​វីដេអូ​ថត​ជាប់​ពី​កាមេរ៉ា​សុវត្ថិភាព។

បើ​វា (​ជន​រងគ្រោះ​) ធ្លាក់ ពី​ជាន់​ទី​១១​មក បង​ឯង​គិត​មើល​ថា សព​ធ្លាក់​ពី​ជាន់​ទី​១១ អត់​មាន​សាច់​នៅ​ល្អ​នៅ​ស្អាត​ប៉ុណ្ណឹង​ទេ គឺ​វា​ត្រូវ​តែ​បែក​ក្បាល​អី​ហើយ ប៉ុន្តែ​វា​អត់​មាន (ហូរ) ឈាម​ទាំង​អស់។ ប្អូន​ខ្ញុំ​ឡើង​ស្លេក ដូច​ឆក់​គ្នា វៃ​គ្នា យក​មក​ប្លុង​គ្នា​ចោល។

—  សំឡេង​បងស្រី​យុវជន អ៊ន់ សំណាងដេវិត

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​អាដហុក​លោក នី សុខា យល់​ឃើញ​ថា ប្រសិន​បើ​ករណី​ស្លាប់​នេះ សមត្ថកិច្ច​មិន​បាន​ស៊ើប​អង្កេត​រក​ហេតុផល ដែល​អាច​ធ្វើ​ឱ្យ​សាច់​ញាតិ​ជឿ​និង​ទទួល​យក​បាន វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​លើ​សមត្ថកិច្ច។

ហើយ​បើ​ក្នុង​ករណី វា​មិន​មែន​ជា​ការ​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​វិញ​នោះ អា​នេះ​ជា​រឿង​មួយ​ដែល​យើង​មាន​ការ​សោកស្ដាយ ហើយ​អ្នក​ស្លាប់​ហ្នឹង​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ ដែល​ជា​សមត្ថកិច្ច​មិន​បាន​ស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ទុក​ឱ្យ​ជន​ប្រព្រឹត្តិ​បទល្មើស អាច​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ទៅ​ទៀត​ផង។

—  លោក នី សុខា

កន្លង​មក មាន​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍ នាំ​គ្នា​រត់​សម្រុក​ចេញ​ពី​កាស៊ីណូ និង​ទីតាំង​អាគារ​មួយ​ចំនួន ដែល​ជាប់​សង្ស័យ​ថា ជា​កន្លែង​ធ្វើ​ទារុណកម្ម​និង​បង្ខាំង​បុគ្គលិក និង​ជា​ទីតាំង​របស់​ឧក្រិដ្ឋជន​ចិន​ចាប់​ជំរិត ក្នុង​នោះ​មាន​ដូចជា កាស៊ីណូ​របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ នៅ​កាស៊ីណូ​ឋាន​សួគ៌​បូកគោ របស់​លោក​ឧកញ៉ា សុខ គង់ នៅ​ខេត្ត​កំពត រួម​ទាំង​ទីតាំង​បើក​ល្បែង​អនឡាញ​នៅ​ភ្នំពេញ នៅ​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម។ មាន​ជន​បរទេស​ខ្លះ ត្រូវ​គេ​អះអាង​ថា បាន​លោត​ពី​លើ​អាគារ​សម្លាប់​ខ្លួន ដោយសារ​ប្រឈម​ការ​បង្ខាំង​ទុក​ឱ្យ​បម្រើការ​អនឡាញ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​សិទ្ធិមនុស្ស (OHCHR) បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ថា​ក្រុម​អ្នក​ជំនាញ​កំពុង​ព្រួយបារម្ភ ជុំវិញ​ស្ថានភាព​ជួញដូរ​មនុស្ស មាន​ទ្រុងទ្រាយ​កាន់​តែ​ធំ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​ក្នុង​ប្រទេស​ភូមា ឡាវ និង​កម្ពុជា ដែល​មាន​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​រាប់​សែន​នាក់ កំពុង​ជាប់​គាំង និង​បង្ខំ​ឱ្យ​បម្រើការ​ឆបោក​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។