អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានរកឃើញថា នាយឧត្ដមសេនីយ៍ម្នាក់ ក្នុងចំណោមនាយឧត្ដមសេនីយ៍ចំនួន ១២រូបផ្សេងទៀត នៃរបបលោក ហ៊ុន សែន មានប្រវត្តិអាក្រក់ខាងការធ្វើទារុណកម្មអ្នកទោស និងការរៀបចំជាប្រព័ន្ធដើម្បីអោយមានអំពើហិង្សាផ្នែកនយោបាយ។
តើបុគ្គលរូបនោះជានរណា?
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជានាយឧត្ដមសេនីយ៍ ម្នាក់ស្ថិតក្នុងចំណោមនាយឧត្ដមសេនីយ៍ចំនួន ១២រូបផ្សេងទៀត មានប្រវត្តិបាតដៃកខ្វក់ខាងការធ្វើទារុណកម្មជនសង្ស័យ និងការបាញ់សម្លាប់ ក្រុមអ្នកតវ៉ាដោយសន្តិវិធីនេះ បើតាមការរកឃើញរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។
លោក នេត សាវឿន វ័យ ៥៨ឆ្នាំ កើតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦០។ លោកជាមន្ត្រីនគរបាលដំបូងគេបង្អស់ក្នុងរបបសាធារណរដ្ឋប្រជាមានិតខ្មែរ ហើយក្រោយមកលោកបានក្លាយជាអ្នកសួរចម្លើយជាន់ខ្ពស់ មួយរូបនៃនគរបាលក្រុងភ្នំពេញ។ ក្រោយមកលោកបានឡើងតំណែង យ៉ាងលឿននៅក្នុងជួរនគរបាលទៅជាមេប៉ូលិសខាងផ្នែករដ្ឋបាលក្រុងភ្នំពេញ ហើយបន្ទាប់មកទទួលបន្ទុកខាងការិយាល័យព្រហ្មទណ្ឌ ដែលមានជំនាញខាងការចាប់ចងអ្នកនយោបាយ និងបទល្មើសជាច្រើនទៀត។
កាលពីឆ្នាំ១៩៨៤ លោក នេត សាវឿន ជាមនុស្សដែលល្បីល្បាញខាងការសួរចម្លើយជនសង្ស័យ ឬអ្នកនយោបាយយ៉ាងអាក្រក់ និងយ៉ាងសាហាវព្រៃផ្សៃ ដូចជាការបាញ់សម្លាប់មនុស្សក្នុងពេលសួរចម្លើយជាដើម។ កាលពីដើមឡើយ លោក នេត សាវឿន មានតួនាទីជានគរបាលខាងផ្នែកព្រហ្មទណ្ឌប៉ុណ្ណោះ ប៉ុន្តែដោយសារលោកជាមនុស្សដែលស្រេកឈាមខ្លាំងពេក ដូច្នេះលោកក៏ត្រូវបានដំឡើងឋានៈកាន់តែខ្ពស់ជាងមុនទៅទៀត។
លោក នេត សាវឿន នៅតែធ្វើកិច្ចការខាងការសួរចម្លើយដដែល ប៉ុន្តែសម្រាប់ករណីសំខាន់ៗបំផុតប៉ុណ្ណោះ ទាំងករណីព្រហ្មទណ្ឌ និងករណីនយោបាយ ហើយពេលដែលគាត់ធុញទ្រាន់ក្នុងការសួរចម្លើយ គាត់តែទូរស័ព្ទទៅហៅដៃជើងរបស់គាត់ឲ្យមក វ៉ៃ ទាត់ធាក់ មនុស្សដែលគាត់ចាប់។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោក នេត សាវឿន បានទេចំពោះការចងក្រងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែលបានរកឃើញនាយឧត្ដមសេនីយ៍ នៃរបបលោក ហ៊ុន សែន ១២នាក់ មានបាតដៃកខ្វក់ក្នុងការរំលោភសិទ្ធិមនុស្ស។
ប៉ុន្តែលោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបានសារភាពថា ការសួរចម្លើយ និងការចាប់ចងតែងមានការចាប់បង្ខំដូច្នេះហើយ ទោះស្ថិតនៅក្នុងប្រទេសណាក៏ដោយ៖ «ការអនុវត្តច្បាប់តែងមានការចាប់បង្ខំអ៊ីចឹងខ្លះហើយ។ សូម្បីតែ FBI ហ្នឹង មានបាតដៃប្រឡាក់ឈាមជាងគេទៅទៀត»។
ទោះជាយ៉ាងណាក៏ដោយលោក (Brad Adams) ប្រ៊ែត អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ មានប្រសាសន៍ថា លោក ខៀវ សុភ័គ អាចច្រឡំកិច្ចការរបស់ FBI និងCIA។ លោកបន្តថាភ្នាក់ងារ FBI របស់អាមេរិកពុំមានជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើអ្នកទោសជាលក្ខណៈប្រព័ន្ធនោះទេ ប៉ុន្តែមានតែ CIA ប៉ុណ្ណោះដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម នៅក្រោយការវាយប្រហារដោយអំពើភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងក្រោយសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ (Iraq) រួចមក។
លោកបន្តថា យូមែន រ៉ៃត៍ វ៉ច្ឆ តែងអំពាវនាវ និងជំរុញជាញឹកញាប់ឲ្យមានការស៊ើបអង្កេតលើ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហ្ចច ដាប់បែលយូ ប៊ូស (George W. Bush) លោក ឌីក ឈែននី (Dick Cheney) និងរដ្ឋមន្ត្រីការពារជាតិជំនាន់នោះថែមទៀត។
លោក ប្រ៊ែត អាដាម បន្តថាអង្គការរបស់លោក មិនត្រឹមតែរាយការណ៍អំពីករណីលោក នេត សាវឿន ប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមរបស់លោកក៏បានរាយការណ៍ករណីរំលោភសិទ្ធិមនុស្សបែបនេះ ចំពោះប្រទេសអាមេរិក ចិន វៀតណាម និងបណ្ដាប្រទេសជាច្រើនទៀតដែរ។
លោកបន្តថាការធ្វើសួរចម្លើយអ្នកទោស ឬជនសង្ស័យ ដោយការប្រើអំពើហិង្សា ឬអំពីទារុណកម្មណាមួយវាគឺជាបទឧក្រិដ្ឋ ហើយជាក់ស្ដែង ករណីលោក នេត សាវឿន មិនត្រូវបានសមត្ថកិច្ចបើកការស៊ើបអង្កេតនោះឡើយ៖ «ខ្ញុំមិនដែលឃើញលោក ខៀវ សុភ័គ បើកការស៊ើបអង្កេតមន្ត្រីមាន អំណាចរបស់រដ្ឋាភិបាលដែលប្រព្រឹត្តអំពើអាក្រក់ ឬក្រសួងមហាផ្ទៃបើកការស៊ើបអង្កេត។ តើឯណាទៅជាការសើបអង្កេតរបស់ក្រសួងមហាផ្ទៃ ? ខ្ញុំមិនដែលឃើញមានការស៊ើបអង្កេតផងហ្នឹង។ ប្រសិនបើ ករណីដូចលោក នេត សាវឿន កើតឡើងនៅសហរដ្ឋអាមេរិកវិញ គាត់នឹងអស់ត្រូវតំណែង គាត់នឹងត្រូវចាប់ខ្លួន ហើយត្រូវចូលគុកដ៏យូរឆ្នាំថែមទៀត»។
រហូតមកទល់ពេលនេះ ពុំមានមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុកណាម្នាក់ ហ៊ានធ្វើសេចក្ដីអត្ថាធិប្បាយ លើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ ករណីនាយឧត្ដមសេនីយ៍ ១២រូបដែលមានបាតដៃកខ្វក់ ខាងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះទេ។
របាយការណ៍នេះបានឲ្យដឹងថា នៅអំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ លោក នេត សាវឿន ត្រូវបាន ដំឡើងតំណែងជាមន្ត្រីនគរបាល ជាន់ខ្ពស់ក្នុងជួរកម្លាំងនគរបាល ក្រុងភ្នំពេញ ដែលមានតួនាទីប្រហាក់ប្រហែលនឹងស្នងការនគរបាលដែរ។
ក្រោយមកលោកក៏បានរៀបការជាមួយអ្នកស្រី ហ៊ុន គឹមឡេង កូនស្រីរបស់លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។
នៅខែកក្កដាឆ្នាំ១៩៩៤ លោក នេត សាវឿន ដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងលោក ហ៊ុន សែន ដោយក្រុមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មិនពេញចិត្តនឹងការត្រួតត្រារបស់គាត់។
ក្រោយពីការចាប់ខ្លួននិងដកចេញ អ្នករៀបចំការធ្វើរដ្ឋប្រហារសំខាន់ៗមួយចំនួន លោក នេត សាវឿន បានក្លាយជាឧបករណ៍របស់លោក ហ៊ុន សែន ក្នុងការគ្រប់គ្រងរាល់កម្លាំងសន្តិសុខទាំង អស់។
តាមរយៈលោក នេត សាវឿន និងលោក ហុក ឡង់ឌី ដែលត្រូវបានតែងតាំងជានាយនគរបាលជាតិ នៅខែសីហាឆ្នាំ១៩៩៤ លោក ហ៊ុន សែន បានធ្វើវិទ្ធង្សនាលើការបញ្ជារបស់កម្លាំងនគរបាលជាតិ តាមរយៈការដកហូតតំណែងនគរបាលពីខាងគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏បានធ្វើឲ្យកម្លាំងរបស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាគូប្រជែងក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយដែលបានបរាជ័យពាក់ព័ន្ធក្នុងការធ្វើរដ្ឋប្រហារលើលោក ហ៊ុន សែន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឲ្យដឹងថា ទាំងលោក នេត សាវឿន និងលោក ហុក ឡង់ឌី ជាអ្នករៀបចំឲ្យមានឃាតកម្មផ្នែកនយោបាយ ដូចជាការចាប់ជំរិត និងអំពើហិង្សាផ្នែកនយោបាយទៅលើសហជីព ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នករិះគន់ លោក ហ៊ុន សែន ដទៃទៀត។
ជាងនេះទៅទៀត លោក នេត សាវឿន ក៏ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកដៃកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លើក្បួនបាតុកម្មរបស់លោក សម រង្ស៊ី ផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានលាតត្រដាងផងដែរ ករណីលោក នេត សាវឿន ដែលជាមេនគរបាលកណ្ដាលយុត្តិធម៌ រូបនេះមានជាប់ពាក់ព័ន្ធករណីចាប់ខ្លួនពលរដ្ឋដែលធ្វើការតវ៉ាប្រឆាំងនឹងការរំលោភដីធ្លីដោយបង្ខំ ពីសំណាក់ក្រុមហ៊ុនដែលមានទំនាក់ទំនងជិតស្និទ្ធជា មួយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ដូចជាក្រុមហ៊ុន KDC របស់ភរិយារបស់លោក ស៊ុយ សែម ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
លើសពីនេះទៀត ពួកគេក៏បានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងដើម្បីបិទបាំងការឃុំឃាំងដោយបំពាន និងការប្រព្រឹត្តិមិនត្រឹមត្រូវលើពលករ ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច ដើម្បីទៅធ្វើជាពលករចំណាកស្រុកដូច កាលពីឆ្នាំ២០១១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន T & P Company។
លោក ប្រ៊ែត អាដាម ថ្លែងថានៅក្នុងប្រព័ន្ធយុត្តិធម៌ របស់កម្ពុជាសមត្ថកិច្ចភាគច្រើន ជាជនដល់ ដែលនាំឲ្យការស៊ើបអង្កេតមិនអាចប្រព្រឹត្តទៅបាននោះឡើយ និងតែងមានលក្ខណៈស្មុគស្មាញ។
មន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញបានជំរុញឲ្យមានការស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ ក្នុងជួររបបលោកហ៊ុន សែន ទាំងឡាយណាដែលបានប្រព្រឹត្តអំពីពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។