វិវាទនយោបាយដ៏រ៉ាំរ៉ៃនៅកម្ពុជា គឺជាឱកាសមាសសម្រាប់អ្នកនយោបាយឱកាសនិយមជាច្រើននាក់ ដើម្បីទទួលបានបុណ្យស័ក្ដិ និងលាភសក្ការៈ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានលោក សូ ណារ៉ូ ម្នាក់ផងដែរ។ តើលោក សូ ណារ៉ូ មានប្រវត្តិយ៉ាងណា?
លោក សូ ណារ៉ូ ជាអ្នកនយោបាយមួយរូប ដែលមានភក្ដីភាពជាមួយគ្រួសារលោក ហ៊ុន សែន។ ឧត្ដមគតិពិតរបស់លោក គឺបានបម្រើលោក ហ៊ុន សែន និងភរិយា។
លោក សូ ណារ៉ូ៖«ពាក្យលក់ក្បាលនេះ មានន័យថា យើងមានអារម្មណ៍ក្បត់នឹងឧត្ដមគតិរបស់ខ្លួនឯង។ ឥលូវនេះខ្ញុំអត់មានអារម្មណ៍នេះផង។ ខ្ញុំមានអារម្មណ៍ជាកិត្តិយស និយាយត្រង់ រំភើប និងកិត្តិយស ហើយគ្មានអ្នកណាគាបសង្កត់ខ្ញុំទេ។ មានការគាបសង្កត់តែមួយគត់ ខ្ញុំសារភាពម៉ោងនេះ គឺព្រហ្មវិហារធម៌ និងទឹកចិត្តស្រឡាញ់របស់លោកទាំងពីរ»។
លោក សូ ណារ៉ូ មានអាយុ ៥៨ ឆ្នាំ។ លោកកើតនៅឆ្នាំ១៩៦៥ នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។ លោកទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) កាលពីឆ្នាំ២០១១។
លោក សូ ណារ៉ូ ធ្លាប់ធ្វើជាអ្នកសារព័ត៌មានចន្លោះពីឆ្នាំ១៩៨៥ ដល់ឆ្នាំ ១៩៩៦។ គឺក្នុងពេលធ្វើការជាអ្នកសារព័ត៌មាននោះហើយ ដែលលោកបានចេញផ្សាយអត្ថបទមួយនៅចុងឆ្នាំ១៩៩៥ ទាក់ទងនឹងការចោទប្រកាន់ថា អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ មានគម្រោងធ្វើឃាតលោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីទីពីរ។ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ គឺជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះអនុជរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ហើយព្រះអង្គក៏ជាតំណាងរាស្ត្រមួយអង្គផងដែរ។ ព្រះអង្គជាអ្នកនយោបាយដ៏លេចធ្លោមួយរូប ដែលគេមើលឃើញថា មាននិន្នាការបែបប្រជាធិបតេយ្យ និងប្រឆាំងជាមួយលោក ហ៊ុន សែន កាលពីជំនាន់នោះ។ លោក ហ៊ុន សែន បានបញ្ជាឱ្យចាប់ទ្រង់ សិរីវុឌ្ឍ ដាក់ពន្ធនាគារ រហូតទាល់តែមានព្រះរាជអន្តរាគមន៍ពីសម្ដេចព្រះ នរោត្តម សីហនុ ទើបព្រះអង្គត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងរស់នៅនិរទេសព្រះកាយនៅប្រទេសបារាំងអស់រយៈពេលជាច្រើនឆ្នាំ។ តុលាការបានចោទប្រកាន់ និងផ្ដន្ទាទោសព្រះអង្គដោយកំបាំងមុខដាក់ពន្ធនាគារចំនួន ១០ ឆ្នាំពីបទល្មើសឧក្រិដ្ឋ។ ក៏ប៉ុន្តែព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ បានបដិសេធចំពោះការចោទប្រកាន់នេះ ខណៈក្រុមអង្គការសិទ្ធិមនុស្សបានវាយតម្លៃថា សំណុំរឿងនេះ គឺជារឿងនយោបាយ ដើម្បីកម្ចាត់សំឡេងប្រឆាំងនៅមុនការបោះឆ្នោតឆ្នាំ ១៩៩៨។
លោក សូ ណារ៉ូ ធ្លាប់បកស្រាយក្នុងកម្មវិធីរបស់វិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០២០ ថា លោកមិនបានទទួលប្រយោជន៍ពីលោក ហ៊ុន សែន នោះទេ ក្នុងការចុះផ្សាយអត្ថបទដែលនាំទៅដល់ការចាប់ខ្លួនព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ។
លោក សូ ណារ៉ូ៖«វាអត់មានបញ្ហាដែលថា ត្រូវរ៉ូវជាមួយលោក ហ៊ុន សែន ទេ ហើយក្រោយមកក៏ខ្ញុំមិនដែលបាន ១ ដុល្លារណា។ សូមជម្រាបបងប្អូននៅមុខកាមេរ៉ា សូម្បី ១ ដុល្លារក្នុងរឿងហ្នឹង គឺអត់មានទេ»។
ទោះជាយ៉ាងណា ជាងមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៩៧ លោក ហ៊ុន សែន បានតែងតាំងលោក សូ ណារ៉ូ ជាជំនួយការផ្ទាល់រហូតដល់ឆ្នាំ២០០៤។ ក្រៅពីនេះ លោកមានតួនាទីជាអគ្គទីប្រឹក្សាអនុប្រធានស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី ចន្លោះពីឆ្នាំ១៩៩៩ ដល់ ២០០៣ និងបានក្លាយជាឧត្ដមមន្ត្រីនៅទីស្ដីការគណៈរដ្ឋមន្ត្រីចាប់ពីឆ្នាំ២០០៤ មក។
ក្រោយមកទៀត លោក សូ ណារ៉ូ បានភៀសខ្លួនទៅនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០១២ ដោយតាំងខ្លួនថា ជាជនរងគ្រោះដោយសារអំពើអយុត្តិធម៌ពីក្រុមមនុស្សជំនិតរបស់លោក ហ៊ុន សែន។ ចាប់ពីពេលនោះមក លោកបាននិយាយវាយប្រហារលោក ហ៊ុន សែន និងគណបក្សកាន់អំណាចឥតសំចៃមាត់។
ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីខែមីនា ឆ្នាំ២០១៣ លោក សូ ណារ៉ូ បាននិយាយបកអាក្រាតមេកោយរបស់លោកគឺលោក ហ៊ុន សែន ថា ជាអ្នកដឹកនាំដែល «ស្រឡាញ់អំណាចគ្មានព្រំដែន»។ ក្រោយៗមកទៀត ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក សូ ណារ៉ូ បានបង្កើនការវាយប្រហារកាន់តែខ្លាំងថា លោក ហ៊ុន សែន ដឹកនាំបែបផ្ដាច់ការពុករលួយ និងគ្មានសន្តិភាពពិតប្រាកដឡើយ។
លោក សូ ណារ៉ូ៖«សង្គមនេះសម្រាប់មនុស្សហ៊ឺហា មនុស្សមានលុយ មនុស្សមានអំណាច មនុស្សមានបុណ្យស័ក្ដិ មនុស្សមានខ្សែបក្ខពួក បានអាចរស់នៅដោយ សុខសាន្តហ៊ឺហា។ អ៊ីចឹង តើអ្នកណាមានទាំងអស់ហ្នឹងខ្លាំងជាងគេ?គឺត្រកូល ហ៊ុន ហ្នឹងហើយ ក្រុមគ្រួសារលោក ហ៊ុន សែន ហ្នឹងហើយ ព្រោះក្រុមគ្រួសារលោក ហ៊ុន សែន មានអំណាច ហើយដោយសារអំណាចហ្នឹងដុះទៅជាលុយ»។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់លោក សូ ណារ៉ូ ប្រឆាំងនឹងរបបដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន នោះ ហាក់មានបង្កប់របៀបវារៈពីក្រោយខ្នង។ ក្នុងពេលលោកនិយាយរិះគន់លោក ហ៊ុន សែន នោះ លោក សូ ណារ៉ូ ក៏តែងតែនិយាយស៊កសៀតបំបែកសំឡេងគណបក្សប្រឆាំងផងដែរ ហើយជាញឹកញាប់ លោកនិយាយបន្តុះបង្អាប់លោក សម រង្ស៊ី និងចោទប្រកាន់ក្រុមអ្នកនិយមលោក សម រង្ស៊ី ថា ជាអ្នកមិនប្រជាធិបតេយ្យ ជាដើម។ នៅពេលដែលលោកមើលឃើញថា គណបក្សប្រឆាំងទន់ដៃ ហើយទំនងជាគ្មានឱកាសចូលប្រកួតប្រជែងក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ ២០២៣ នោះ លោកក៏ចាប់ផ្ដើមបោះដៃទៅរកមេកោយរបស់លោកគឺលោក ហ៊ុន សែន វិញ។
លោក សូ ណារ៉ូ ចាប់ផ្ដើមនិយាយលើកសរសើរលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយបញ្ឈប់ជាស្ថាពរនូវការអត្ថាធិប្បាយរិះគន់វាយប្រហារតទៅទៀត។ នៅខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានតែងតាំងលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាឧត្ដមមន្ត្រីថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក សូ ណារ៉ូ អះអាងថា គឺលោក ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ជាអ្នកផ្ញើសារហៅលោកឱ្យទៅវិលទៅធ្វើការវិញ ហើយនេះជាកិត្តិយសធំធេងបំផុតនៃជីវិតរបស់លោក។
ទំនងជាដោយសារភក្ដីភាពជាមួយត្រកូលហ៊ុននេះហើយ ទើបបានជារដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត បន្តរក្សាតួនាទីរបស់លោក សូ ណារ៉ូ ឱ្យនៅដដែល គឺមន្ត្រីក្របខ័ណ្ឌរដ្ឋនៅទីស្ដីការគណៈរដ្ឋមន្ត្រី និងមន្ត្រីនយោបាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន។ ការងារស្នូលរបស់លោក សូ ណារ៉ូ ពេលនេះ គឺរៀបចំធ្វើសន្និសីទកាសែត ក្រោយលោក ហ៊ុន ម៉ាណែត វិលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេសក្នុងក្របខណ្ឌអាស៊ាន។ គឺសន្និសីទសារព័ត៌មាននេះឯង ដែលលោក សូ ណារ៉ូ មានឱកាសបញ្ចេញទេពកោសល្យខាងនិយាយបញ្ចើចបញ្ចើមេកោយរបស់លោក។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៦ មីនា លោក សូ ណារ៉ូ បាននិយាយលាបពណ៌ក្រុមអ្នកប្រជាធិបតេយ្យ និងគណបក្សប្រឆាំងនៅក្រៅប្រទេសថា ជាក្រុមជ្រុលនិយម ដោយសារតែពួកគេបានចេញតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី។ លោកថែមទាំងរិះគន់តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង ដែលបានចូលរួមក្នុងបាតុកម្មនោះថា ធ្វើខុសពីគោលការណ៍គណបក្សរបស់ខ្លួនទៀតផង។
លោក សូ ណារ៉ូ៖«លោក តាក់ ម៉េងហ៊ាង ក៏ជាសមាជិកគណបក្សពលករ(Labor Party)ដែរ អ៊ីចឹងគាត់បែរជាដឹកនាំមនុស្សបាតុកម្ម នៅពេលដែលមេរបស់គាត់[នាយករដ្ឋមន្ត្រីអូស្ត្រាលី]គោរពអញ្ជើញសម្ដេចធិបតីទៅប្រទេសអូស្ត្រាលី។ រឿងនេះគួរឱ្យគណបក្សLaborនេះ ត្រូវតែព្រមានលោក តាក់ ម៉េងហ៊ាង ដែលដើរខុសនឹងគោលការណ៍បក្សរបស់គាត់»។
ទាក់ទងការលើកឡើងនេះ លោក តាក់ ម៉េងហ៊ាង មានប្រសាសន៍ថា លោក សូ ណារ៉ូ គួរតែនិយាយឆ្លើយតបជាវិជ្ជមានចំពោះការទាមទាររបស់ពលរដ្ឋខ្មែរអ្នកស្រឡាញ់ប្រជាធិបតេយ្យ ជាជាងថ្លែងការណ៍ទាំងមិនយល់ពីគោលការណ៍នៃគណបក្សរបស់លោក។
លោក តាក់ ម៉េងហ៊ាង៖«កុំឱ្យគាត់[សូ ណារ៉ូ]រង់ចាំអី ព្រោះក្នុងគណបក្សLaborដែលខ្ញុំមានភ័ព្វវាសនា មានកិត្តិយសបានជាសមាជិកក្នុងគណបក្សនេះជាង២២ ឆ្នាំហើយហ្នឹង គឺជាគណបក្សរបស់ប្រជាជន ដើម្បីប្រជាជន ហើយលើកស្ទួយសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការបំពេញតួនាទី»។
ក្រោយវិលទៅទ្រនំចាស់ និងបានធ្វើការបម្រើមេកោយរបស់លោកជាចំហវិញហើយនោះ លោក សូ ណារ៉ូ ញញឹមបិទមាត់មិនជិតនោះទេ។ នៅលើហ្វេសប៊ុករបស់លោក មានតែរូបហ៊ឺហាសប្បាយជាមួយគ្រួសារ រូបពាក់អាវធំធ្វើការ និងសារលើកសរសើរលោក ហ៊ុន សែន និងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខុសពីកាលតាំងខ្លួនជាអ្នកនយោបាយប្រឆាំងដែលលោក សូ ណារ៉ូ បានបង្ហោះសាររិះគន់ ចែករំលែកកម្មវិធីព័ត៌មានរបស់ស្ថាប័នព័ត៌មានឯករាជ្យ និងបញ្ហាសង្គមនានា។ យ៉ាងណាក៏ដោយចុះ បុណ្យបារមីរបស់លោក ក៏អាចនឹងបាក់ស្រុតចុះវិញដែរ បើថ្ងៃណាមួយលោកធ្វើឱ្យមេកោយរបស់លោកទាស់ចិត្ត ខណៈក្នុងក្រសែភ្នែកពលរដ្ឋអ្នកនិយមប្រជាធិបតេយ្យវិញ លោក សូ ណារ៉ូ គឺជាអ្នកនយោបាយពុតត្បុត និងឱកាសនិយម ដែលយកកិត្តិយស និងចំណេះដឹងរបស់ខ្លួន ទៅបម្រើក្រុមជនផ្ដាច់ការដែលជិះជាន់ធ្វើបាបពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។