ជីវប្រវត្តិ​របស់​សកម្មជន​បក្ស​ភ្លើង​ទៀន​លោក នល់ ពង្សធិរិទ្ធ ដែល​ជនអនាមិក​ព្រួត​វាយ​ឱ្យ​របួស​ធ្ងន់​នៅ​រាជធានី​ភ្នំពេញ

0:00 / 0:00

អនុ​ប្រធាន​គណបក្ស​​​ភ្លើង​​​ទៀន​ ​នៅ​​​ខណ្ឌ​​ពោធិ៍​សែន​​ជ័យ រាជ​​ធានី​​​ភ្នំពេញ​លោក នល់ ពង្ស​ធិរិទ្ធ ប្តេជ្ញា​ចិត្ត​មុត​មាំ​តស៊ូ​ទៅ​មុខ​បន្ត​ទៀត​ក្នុង​បុព្វ​ហេតុ​ទាម​ទារ​ស្តា​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម បើ​ទោះ​ត្រូវ​រង​វាយ​ប្រហារ​ផ្ទួន​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​យ៉ាង​ណា​ក៏​ដោយ។ មិត្ត​រួម​ការ​ងារ​សោក​ស្តាយ​ចំពោះ​ការ​ប្រើ​ហិង្សា​លើ​រូប​លោក​ជា​បន្ត​បន្ទាប់ ពី​ព្រោះ​លោក​មាន​សន្តាន​ចិត្ត​ល្អ និង​ទទួល​បានការ​គោរព​ស្រឡាញ់​ពី​មនុស្ស​ក្នុង​សង្គម ព្រមទាំង​ហ៊ាន​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើ​​ការ​ងារ​ជា​មួយ​គណបក្ស​ប្រឆាំង ដើម្បី​​ចូល​រួម​​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក នល់ ពង្ស​ធិរិទ្ធ គឺ​ជា​សមាជិក​គណបក្ស​ប្រឆាំង​ម្នាក់ ក្នុង​ចំណោម​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​​ព្រួត​​វាយ ឬ​​លួច​​​វាយ​ទាំង​កណ្តាល​ថ្ងៃ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​​​អាជ្ញាធរ​​​មិន​​​បាន​​​ចាប់​​ខ្លួន​​ជន​​​ដៃ​​ដល់​​​យក​​​មក​​ផ្ដន្ទា​​ទោស​បាន​​​នៅ​ឡើយ​ទេ​។

លោក នល់ ពង្សធិរិទ្ធ នៅ​តែ​ចាត់​ទុក​ករណី​ហិង្សា ​ដែល​បណ្តាល​ឱ្យ​របួស​ធ្ងន់ និង​គំរាម​សម្លាប់​នោះ គឺ​ជា​រឿង​នយោ​បាយ ព្រោះ​លោក​គ្មាន​គំនុំ​ជា​មួយ​បុគ្គល​ណា​មួយ​ក្នុង​សង្គម​នោះ​ទេ។ លោក​ស្នើ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​​មាន​​សមត្ថ​កិច្ច​​វែកមុខ​​ជន​​ដៃ​​ដល់​យក​មក​ផ្ដន្ទាទោស​​ឆាប់​រហ័ស ដើម្បី​បញ្ចៀស​ការ​រិះគន់​នា​នា។ ទោះ​យ៉ាង​ណា​លោក​ប្ដេជ្ញា​ចិត្ត​បន្ត​ធ្វើ​សកម្ម​នយោបាយ​ជា​មួយ​គណ​បក្ស​ភ្លើងទៀន​តទៅ​ទៀត ទោះ​​បី​​រង​​​ការ​​​ធ្វើ​​​ទុក្ខ​​បុក​​​ម្នេញ និង​គំរាម​កំហែង​​ដល់​អាយុ​ជីវិត​យ៉ាង​​​ណា​​​ក្តី៖ «ខ្ញុំ​ទទូច​ហើយ​ទទូច​ទៀត​សូម​ឱ្យ​រដ្ឋាភិបាល​លោក​វែក​មុខ​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់ ចាប់​ពី​ខ្ញុំ​ទៅ​ក៏​ដូច​សកម្ម​ជន​ផ្សេងៗ​ អាជ្ញាធរ​មិន​​ដែល​រក​​​អ្នក​វា​ប្រហារ​លើ​​សកម្ម​ជន​គណបក្ស​ប្រឆាំង​ឃើញ​ម្តង​ណា​ឡើយ»។

លោក នល់ ពង្សធិរិទ្ធ គឺ​​​​​លោក​​ជា​​អនុ​​ប្រធាន​​ក្រុម​ការ​ងារ​​គណបក្ស​​ភ្លើង​ទៀន ខណ្ឌ​ពោធិ៍​​សែន​​ជ័យ រាជ​​ធានី​​ភ្នំពេញ។ កាល​​ពី​​​ឆ្នាំ​​​២០១៩ លោក​​ត្រូវ​បាន​​ជន​​មុន​ស្គាល់​​អត្ត​សញ្ញាណ​មាន​គ្នា​​ ៤​នាក់​​​លប​​វាយ​ប្រហារ​នៅ​ម្តុំ​ផ្ទះ​របស់​លោក​ស្ថិត​សង្កាត់​ចោម​ទៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​​ឱ្យ​​រង​របួស​​ធ្ងន់​។ ករណី​ហិង្សា​លើក​ទី​មួយ​មិន​ទាន់​ទទួល​​​បាន​​​យុត្តិធម៌​​​ផង លោក​​​ថែម​​ទាំង​​​ត្រូវ​​​បាន​​​ជន​ល្មើស​​​លួច​​​វាយ​​ប្រហារ​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ទី១៧ ខែកក្កដា ​​ដោយ​ជន​មួយ​​ក្រុម​នោះ​​​មាន​​​គ្នា​​​​ជិត ​​១០​នាក់ ជិះ​​ម៉ូតូ​​ប្រមាណ ​​៤គ្រឿង ពាក់​​មួក​​សុវត្ថិភាព​​ប្រដាប់ដោយ​​ដែក​​រលាស់​​​ព្រួត​​​គ្នា​​​វាយ​​​លោក​នៅ​​​ភូមិ​​ព្រៃ​​​ជី​​​សាក់ សង្កាត់​​ចោម​​​ចៅ​ទី៣ ខណ្ឌ​​ពោធិ៍​​​សែន​​​ជ័យ។ អំពើ​ហិង្សា​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​លោក​​​​​ធ្វើ​​ដំណើរ​​​ចូល​​រួម​​​ប្រជុំ​​​កិច្ច​​​គណបក្ស​​​ខណ្ឌ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន និង​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា។

លោក នល់ ពង្សធិរិទ្ធ គឺ​ជា​​អតីត​សកម្ម​ជន​គណបក្ស​ជាតិ​ខ្មែរ​នៅ​ឆ្នាំ១៩៩៦ និង​ជា​​មន្ត្រី​​សន្តិ​​សុខ​​គណបក្ស សម រង្ស៊ី និង​​គណបក្ស​​សង្គ្រោះ​​ជាតិ។ នៅ​​ក្រោយ​ពេល​​តុលា​ការ​​កំពូល​​រំលាយ​​បក្ស​​ប្រឆាំង នៅ​​ចុង​​ឆ្នាំ​២០១៧ លោក​បាន​រត់​ភៀស​ខ្លួន​នៅ​​​ទីក្រុង​បាង​​កក ប្រទេស​ថៃ​រយៈ​ពេល​ជិត ​២ឆ្នាំ​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។ លោក​បាន​សម្រេច​វិល​ចូល​ស្រុក​វិញ​ ក្រោយ​ពេល​លោក ហ៊ុន សែន ​អំពាវនាវ​​​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មាន​សេរី​ភាព​វិញ បន្ទាប់​ពី​ដំណើរ​មាតុ​ភូមិ​និវត្តន៍​ចូល​ស្រុក​មិន​បាន​សម្រេច​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩។

សម្បុរ​​ស​មាឌ​លោក នល់ ពង្សធិរិទ្ធ រៀបរាប់​​ប្រាប់​​អាស៊ី​សេរី​​ថា​ មូល​ហេតុ​​ដែល​លោក​​​បន្ត​​ជីវភាព​​នយោ​បាយ​​ជា​មួយ​​គណបក្ស​​ប្រឆាំង​ជា​បន្ត​បន្ទាប់ ដើម្បី​​ឱ្យ​មាន​យុត្តិ​ធម៌​សង្គម និង​លទ្ធិ​​ប្រជា​ធិប​តេយ្យ​​ពេញ​លេញ​​នៅ​​កម្ពុជា​។ បច្ចុប្បន្ន​លោក នល់ ពង្សធិរិទ្ធ និង​​​គ្រួសារ​ពុំ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នោះ​ទេ ដោយ​ពួក​គាត់​ស្នាក់​​នៅ​ជា​មួយ​សាច់​ញាតិ​ខាង​ប្រពន្ធ​​ក្នុង​​សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ គ្រួសារ​​សកម្ម​ជន​បក្ស​​ប្រឆាំង​​រូប​​នេះ​​មាន​ជីវភាព​ក្រីក្រ ដោយ​សារ​លោក​ជា​សកម្ម​ជន​នយោបាយ ហើយ​ភរិយា​ដើរ​ធ្វើ​ក្រចក​តាម​ផ្ទះ​រក​ប្រាក់​ចំណូល​បាន​បន្តិច​បន្តួច​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ « ខ្ញុំ​រស់​នៅ​មិន​ចង់​ឃើញ​ប្រទេស​យើង​មិន​មាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ​ដូច​ជា​សព្វ​ថ្ងៃ​ធ្វើ​បាប​សកម្ម​ជន ឬ​ធ្វើ​បាប​អ្វី​ផ្សេងៗ​ ដោយ​មិន​មាន​មិន​មាន​ការ​គោរ​ព​ច្បាប់​ត្រឹម​ត្រូវ បាន​ជា​ខ្ញុំ​ចូល​រួម​ក្នុង​គណបក្ស​ប្រឆាំង​ហ្នឹង»។

លោក នល់ ពង្សធិរិទ្ធ ហៅ កំហែង​ជ័យ កើត​​នៅ​​ឆ្នាំ១៩៧៣ ក្នុង​​គ្រួសារ​​មន្ត្រី​រាជការ​​នៅ​​ភូមិ​​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​​ចំការ​លើ ខេត្ត​កំពង់​ចាម។ លោក​​បាន​​បញ្ចប់​​ការ​សិក្សា​​ថ្នាក់​​ទី១១។ លោក​​បាន​​រៀបការ​ជា​មួយ​លោក​ស្រី អ៊ុយ សុផល្លា ​នៅ​​ឆ្នាំ២០១១ និង​​មាន​​កូន​ស្រី​​ម្នាក់ ដែល​​បច្ចុប្បន្ន​​អាយុ ៨ឆ្នាំ។ លោក នល់ ពង្សធិរិទ្ធ គឺ​ជា​​មនុស្ស​​មាន​​សន្ដាន​​ចិត្ត និង​ស្មោះ​ស្មគ្រ​​ជា​មួយ​​គណបក្ស​​ប្រឆាំង ហើយ​​តែងតែ​​ជួយ​គណបក្ស​​នេះ​តាំង​​ពី​​ដើម​​មក។ ទោះ​យ៉ាង​ណា​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ ឱ្យ​ដឹង​ថា​ ប្រពន្ធ​របស់​លោក​តែង​តែ​​ជំទាស់​​នឹង​​ការ​​ចូល​​រួម​សកម្ម​ភាព​នយោបាយ​របស់​​លោក​ជា​​ខ្លាំង ដោយ​សារ​គាត់​បារម្ភ​ពី​សុវត្ថិ​​ភាព៖ «ភរិយា​ខ្ញុំ​គាត់​មិន​សប្បាយ​ចិត្ត​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​បាន​ជម្រាប​ទៅ​គាត់​វិញ ដើម្បី​ប្រទេស​ជាតិ និង​កូន​ចៅ​យើង​ជំនាន់​ក្រោយ។ បើ​សិន​យើង​នាំ​គ្នា​ភ័យ​ខ្លាច តើ​យើង​ជួយ​ឱ្យ​ប្រទេស​យើង​មាន​ប្រជាធិបតេយ្យ​សេរី​ពិត​ប្រាកដ​តាមរបៀប​ណា? បើ​មួយ​ខ្លាច​ ពីរ​ខ្លាច​ហើយ​នោះ»។

ប្រធាន​ក្រុម​ការ​គណបក្ស​ភ្លើង​ទៀន រាជធានី​ភ្នំពេញ លោក សរ ឡង់ដេត ឲ្យ​ដឹង​ថា លោក​ នល់ ពង្សធិរិទ្ធ តែង​តែ​​ចូល​​រួម​​សកម្មភាព​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ពង្រឹង​ស្មារតី​ក្រុម​ប្រឹក្សា​សង្កាត់​ជាប់​ឆ្នោត និង​សកម្មជន​នៅ​តាម​មូលដ្ឋាន​របស់​គណបក្ស​ភ្លើង​ទៀន​ដោយ​មិន​ខ្លាច​​នឿយ​ហត់ ឬ​ការ​គំរាម​កំហែង​នោះ​ទេ។ លោក​ថា នល់ ពង្សធិរិទ្ធ គឺ​ជា​សហការី​មាន​ចិត្ត​គំនិត​ស្មោះ​ត្រង់ សន្តាន​ចិត្តល្អ និង​មាន​ការ​គោរព​ស្រឡាញ់​ពី​អ្នក​ដទៃ​ ហើយ​លោក​​ទាមទារ​​ឲ្យ​អាជ្ញាធរ​ត្រូវ​វែក​មុខ​ជន​ព្រឹត្ត​ហិង្សា​យក​ដាក់​ទោស​ទណ្ឌ​ឱ្យ​ខាន​តែ​បាន៖ « ជា​ធ្វើ​ការ​បាប​​មន្ត្រី​បក្ស​ប្រឆាំង ប៉ុន្តែ​ពួក​ខ្ញុំ​នៅ​តែ​តស៊ូ​តាម​ផ្លូវច្បាប់​ដដែល ព្រោះ​ជា​គោលការណ៍​ដែល​ពួក​ខ្ញុំ​ត្រូវ​អនុវត្ត ហើយ​យើង​សោក​ស្តាយ​ណាស់ ដោយ​យើង​សង្ឃឹម​ថា​ អាជ្ញាធរ​មូល​ដ្ឋាន និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​គួរ​តែ​វែក​មុខ​ជន​ដៃ​ដល់​ឱ្យ​បាន»។

សង្គម​ស៊ីវិលចង់​ឃើញ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ស្វែង​រក​យុត្តិធម៌​ជូន​លោក នល់ ពង្សធិរិទ្ធ រួម​ទាំង​ជន​រង​គ្រោះ​ផ្សេង​ទៀត​ឱ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​ការ​បណ្តែតបណ្តោយ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​អស់​ជំនឿ​លើ​ការ​អនុវត្ត​ច្បាប់ ហើយ​វប្បធម៌​និទណ្ឌភាព​នៅ​តែ​កើត​ឡើង​​បន្ត​ទៀត។ អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​​ប្រសាសន៍​​ថា​ ពលរដ្ឋ​មាន​សិទ្ធិចូល​រួមសកម្ម​​​ក្នុង​ជីវ​ភាព​នយោ​បាយ​​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​កន្លង​មក​សកម្ម​ជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​សកម្ម​ភាព និង​រត់​ភៀស​ខ្លួន ដោយ​សារ​ការ​យាយី​ផ្នែក​នយោបាយ​ដូច​ជា​អំពើ​ហិង្សា ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ និង​ជន​​រង​​គ្រោះ​​​ខ្លះ​​​បាន​​​ស្លាប់​ជា​ដើម៖ « បើ​សិន​ជា​ច្បាប់​មិន​បាន​ការ​ពារ​និង​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ជន​រងគ្រោះ​ទេ អ៊ីចឹង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ហើយ​គាត់​ក៏​មិន​ទទួល​បាន​ដែរ ក្នុង​ហ្នឹង​អំពើ​និទ្ទណ្ឌភាពកើត​មាន​ឡើង​ ចំពោះ​សកម្ម​ជន​បក្ស​ប្រឆាំង​ហ្នឹង​ កើត​ឡើង​ជា​បន្ត​បន្ទាប់​។ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា បើ​សិន​ជា​អំពើ​បែប​ហ្នឹង​មិន​ចាត់​វិធាន​ការ​អាច​បន្ត​ករណី​បែប​ហ្នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៀត»។

ក្រុម​​អង្គ​​ការ​​​ជាតិ និង​​​អន្តរ​​ជាតិ រួម​​​ទាំង​​​អង្គការ​​សហ​​ប្រជា​​ជាតិ​​​ផង បាន​​​សម្ដែង​​​ក្តី​ព្រួយ​​បារម្ភ​​​ជា​​​ខ្លាំង ចំពោះ​​​អំពើ​​​ហិង្សា​​​លើ​​​សកម្ម​​ជន​​​សង្គម និង​​​សកម្ម​ជន​​​នយោបាយ​​​ជា​​​ញឹក​​ញាប់​​​នេះ។ ពួក​​គេ​​​ចាត់​​ទុក ករណី​​​ទាំង​​នេះ​​​ថា ជា​​​ការ​​​ធ្វើ​​ទុក្ខ​​បុកម្នេញ​​​លើ​​​អ្នក​​ការ​​ពារ​​​សិទ្ធិ​​មនុស្ស​​​ និង​​​នយោបាយ​​​ដែល​​​ត្រូវ​​តែ​​​បញ្ឈប់​​​ជា​​​បន្ទាន់។

លោក​ នល់ ពង្សធិរិទ្ធ ប្រកាន់​ជំហរ​បន្ត​ចូល​រួម​ធ្វើ​សកម្មភាព​ជា​មួយ​គណបក្ស​ភ្លើងទៀន​ដដែល បើ​ទោះ​បី​ជា​ត្រូវ​គេ​វាយ​​ឱ្យ​របួស​ចំនួន ​២​លើក​មក​ហើយ ដោយ​លោក​មើល​ឃើញ​ថា​ បច្ចុប្បន្ន​ កម្ពុជា​មិន​ទាន់​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​នៅ​ឡើយ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។