អាមេរិករំពឹងថា CESAIN នឹងជួយពង្រឹងធនធានមនុស្សវិស័យកសិកម្មកម្ពុជាកាន់តែរឹងមាំ
2016.09.27
សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសបើកមជ្ឈមណ្ឌលឧត្ដមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CESAIN) កាលពីថ្ងៃទី២២ ខែកញ្ញា។ មជ្ឈមណ្ឌលនេះ ត្រូវបានប្រកាសបើកនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតកម្ពុជា (Feed the Future) របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា ការប្រកាសបើកមជ្ឈមណ្ឌលឧត្ដមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ គឺដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម និងជួយសម្របសម្រួលការស្រាវជ្រាវ ការអប់រំ និងការបណ្ដុះបណ្ដាលកសិកម្មតាមរយៈកិច្ចសហការ និងការចែករំលែកចំណេះដឹងដែលមានលក្ខណៈល្អប្រសើរ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) មានប្រសាសន៍ថា មូលហេតុសហរដ្ឋអាមេរិក ផ្ដល់ជំនួយបង្កើតឲ្យមានមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភនេះឡើង គឺដើម្បីសហប្រតិបត្តិសិក្សាជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មរបស់កម្ពុជា និងសាកលវិទ្យាល័យកសិកម្មរបស់សហរដ្ឋអាមេរិក ដោយជំរុញឲ្យមានអ្នកជំនាញសហរដ្ឋអាមេរិក និងអ្នកជំនាញខ្មែរបានជួបគ្នាស្វែងយល់បច្ចេកទេសកសិកម្មចម្រុះនៅកម្ពុជា ដែលអាចជំរុញឲ្យកម្ពុជា មានចំនួនអ្នកស្រាវជ្រាវកាន់តែច្រើនជាងមុន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា រូបនេះ ជឿជាក់ថា មជ្ឈមណ្ឌលនេះនឹងជួយពង្រឹងធនធានមនុស្សជំនាញខាងវិស័យកសិកម្ម ដើម្បីជួយដល់កសិករខ្មែរទទួលផលប្រយោជន៍ដោយផ្ទាល់។ ដូច្នេះមជ្ឈមណ្ឌលនេះនឹងជួយបណ្ដុះបណ្ដាលកូនសិស្សខ្មែរជំនាន់ក្រោយពីវិធីសាស្ត្រស្រាវជ្រាវលើវិស័យកសិកម្ម ដើម្បីជួយកសិករឲ្យចេះផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ និងដើម្បីនាំចេញផលិតផលកសិកម្មចម្រុះទៅទីផ្សារអន្តរជាតិបានថែមទៀត៖ «បានជាសហរដ្ឋអាមេរិក ផ្ដល់ជំនួយឧបត្ថម្ភលើមជ្ឈមណ្ឌលនេះ គឺដើម្បីសហប្រតិបត្តិសិក្សាជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលកសិកម្មនៅសហរដ្ឋអាមេរិក។ ឧទាហរណ៍ សាកលវិទ្យាល័យនៅកាលីហ្វ័រញ៉ា (California)… ហើយវាសំខាន់ដើម្បីយកអ្នកជំនាញសហរដ្ឋអាមេរិក និងអ្នកជំនាញកម្ពុជា មានទំនាក់ទំនងគ្នា ដើម្បីពង្រឹង និងបង្កើនអ្នកស្រាវជ្រាវបន្ថែមនៅកម្ពុជា ម្យ៉ាងទៀត អគារនេះនឹងជាមណ្ឌលទំនាក់ទំនងទៅខេត្តទាំង ៦ទៀត ទូទាំងកម្ពុជា សម្រាប់គម្រោងទៅថ្ងៃអនាគត ដើម្បីជួយដល់កសិករខ្មែរទទួលផលប្រយោជន៍ដោយផ្ទាល់»។
ទន្ទឹមគ្នានេះដែរ នាយកទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នកស្រី ប៉ូលី ដុនហ្វត (Polly Dunford) មានប្រសាសន៍ដែរថា កម្ពុជាជាប្រទេសដែលមានសក្ដានុពលផ្នែកកសិកម្ម ព្រោះកម្ពុជា ទទួលអត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ អ្នកស្រីថា អ្វីដែលកម្ពុជា ខ្វះគឺមជ្ឈមណ្ឌល ឬមន្ទីរពិសោធន៍ និងការអនុវត្តកសិកម្មទំនើបនៅតែជាបញ្ហាប្រឈមសម្រាប់ការកែលំអរបស់វិស័យនេះ។ ហេតុនេះ អ្នកស្រីក៏រំពឹងដែរថា មជ្ឈមណ្ឌលនេះនឹងផ្តល់កម្មវិធីពិសោធន៍ថ្មីៗ ដើម្បីជួយជំរុញការអភិវឌ្ឍន៍សន្តិសុខស្បៀង និងជួយពង្រឹងធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា កាន់តែរឹងមាំថែមទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងនាយកទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មានបំណងធ្វើទំនើបកម្មវិស័យកសិកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍការប្រើប្រាស់គ្រឿងយន្តកសិកម្ម ជំនួសឲ្យការធ្វើកសិកម្មបែបប្រពៃណី។ លោកបានស្វាគមន៍ចំពោះការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក ដែលបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះឡើង។
លោក វេង សាខុន បង្ហាញការជឿជាក់ថា តាមរយៈជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក មិនត្រឹមតែជួយជំរុញធនធានមនុស្សប៉ុណ្ណោះទេ វាក៏ជួយជំរុញឲ្យមានបដិវត្តន៍វិស័យកសិកម្មបានឆាប់រហ័សផងដែរ៖ «ការពិសោធគឺផ្សារភ្ជាប់នៅបច្ចេកវិទ្យាថ្មីៗ ដែលចាំបាច់ណាស់ដល់អ្នកកសិករកម្ពុជា ត្រូវទទួលនៅបច្ចេកវិទ្យាថ្មី ធ្វើយ៉ាងណាឲ្យមានបដិវត្តន៍វិស័យកសិកម្ម កុំឲ្យកសិករធន់ហ្នឹងជីវិតកសិករ ហើយឲ្យក្មេងជំនាន់ក្រោយគាត់ចង់ត្រឡប់មកធ្វើជាកសិករវិញ ដូច្នេះការងារជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកពេលនេះ គឺសំខាន់ណាស់ដើម្បីជួយបំប៉នសាកលវិទ្យាល័យកសិកម្មឲ្យមានគុណភាពពេញលេញ ព្រមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត»។
ទាក់ទិននឹងចំណុចនេះដែរ សកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ង៉ោ ប៊ុនថាន ក៏បានបន្ថែមផងដែរថា កន្លងទៅមន្ទីរពិសោធន៍ក្នុងសាកលវិទ្យាល័យ ពុំទានមានលក្ខណៈល្អប្រសើរ ព្រមទាំងនៅមានចំណុចខ្វះខាតច្រើន ទាំងសម្ភារៈ និងបច្ចេកទេស។ ហេតុនេះ មជ្ឈមណ្ឌលដែលជាជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកនេះនឹងផ្ដល់នូវការបណ្ដុះបណ្ដាល ព្រមទាំងគាំទ្រការស្រាវជ្រាវដល់អ្នកជំនាញកសិកម្មកម្ពុជា នៅពេលអនាគត ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ។
មជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភ ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មនេះ ទទួលបានជំនួយថវិកាចំនួន ២,៥លានដុល្លារអាមេរិក របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ មជ្ឈមណ្ឌលនេះ ត្រូវបានមន្ត្រីសហរដ្ឋអាមេរិក អះអាងថា ក៏ជាទីកន្លែងផ្ដល់ការបណ្ដុះបណ្ដាលជូនវិស័យឯកជន បណ្ដាអង្គការក្រៅរដ្ឋាភិបាល និស្សិត និងសាស្ត្រាចារ្យដើម្បីស្វែងយល់ពីវិស័យកសិកម្មបែបទំនើប។
បើទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ បានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តកសិកម្មបែបទំនើបតាមរយៈការអប់រំដល់កសិករពីបច្ចេកទេសកសិកម្មបែបទំនើប បង្រៀនកសិករផ្ដល់សម្ភារៈផ្គត់ផ្គង់ក្នុងការងារកសិកម្ម បើកទូលាយចំពោះការវិនិយោគឯកជនលើវិស័យនេះ ដើម្បីឲ្យកសិករចេះធ្វើកសិកម្មតាមបែបទំនើបដ៏មានប្រសិទ្ធភាព។ ជាងនេះទៀត ក្នុងឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភនោះដែរ មន្ត្រីសហរដ្ឋអាមេរិក នៅតែជំរុញឲ្យកម្ពុជា រៀនសូត្រពីបញ្ហាប្រឈមក្នុងវិស័យកសិកម្មដែលជួបប្រទះកន្លងមក ឈានទៅដោះស្រាយដើម្បីបង្កើនការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា៕