តើសហគមន៍កសិកម្មកិច្ចសន្យាចំណេញអ្វីខ្លះដល់កសិករខ្នាតតូច?
2016.11.06
កិច្ចសន្ទនាពហុភាគីស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស បារម្ភថា បញ្ហាចោទរបស់កសិករខ្នាតតូច នឹងបន្តប៉ះពាល់ដល់សន្តិសុខស្បៀង ដើម្បីឆ្លើយតបនឹងកំណើនប្រជាជនក្នុងប្រទេស និងផលិតឲ្យលើសសម្រាប់ការនាំចេញ។ ទន្ទឹមគ្នានេះ ទាំងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន បានជំរុញឲ្យបង្កើតសហគមន៍កសិកម្មកិច្ចសន្យាគាំទ្រដល់កសិករខ្នាតតូច ដើម្បីផ្តល់អំណាចទីផ្សារលក់ផលិតផលដល់កសិករកម្ពុជា។
តើសហគមន៍កសិកម្មកិច្ចសន្យា ផ្តល់ផលចំណេញអ្វីខ្លះដល់កសិករខ្នាតតូចនៅកម្ពុជា?
ភាគីពាក់ព័ន្ធសំខាន់ៗប្រមាណជាង ៧០នាក់មកពីផ្នែកឯកជន វិស័យសាធារណៈ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀតបង្កើតសហគមន៍កសិកម្មកិច្ចសន្យាគាំទ្រកសិករខ្នាតតូច ដើម្បីការអភិវឌ្ឍវិស័យកសិកម្មដែលជាសសរស្ដម្ភទីមួយ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ភាគីពាក់ព័ន្ធសំខាន់ៗក៏យល់ថា វិបត្តិសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូចនៅកម្ពុជា ដែលបណ្ដាលមកពីបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ក៏បានក្លាយជាបញ្ហាចោទជំរុញឲ្យកសិករមួយចំនួនធំ ក្លាយជាកូនបំណុលរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលត្រូវប្រឈមខ្វះប្រាក់បង្វិលសងម្ចាស់បំណុល ឬនឹងអាចត្រូវធនាគាររឹបអូសទ្រព្យបញ្ចាំពីការខ្ចីប្រាក់ក៏មាន។ មិនតែប៉ុណ្ណោះ បញ្ហាប្រឈមនៅក្នុងវិស័យកសិកម្មនេះហើយ ក៏បានជំរុញឲ្យចំនួនប្រជាជនកម្ពុជា ដែលធ្វើការក្នុងវិស័យកសិកម្ម កំពុងថយចុះគួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការលើកឡើងរបស់ភាគីពាក់ព័ន្ធសំខាន់ៗប្រមាណជាង ៧០នាក់នៅពេលនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធស្ដីពីកសិពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក្រោមប្រធានបទ «ធុរកិច្ច និងសិទ្ធិមនុស្ស ជំរុញការប្រតិបត្តិកសិពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា» កាលពីថ្ងៃទី៣ ខែតុលា។
លើសពីនេះ ភាគីពាក់ព័ន្ធក៏យល់ថា មានតែបង្កើតសហគមន៍កសិកម្ម ឬផលិតកម្មកិច្ចសន្យាទេ ទើបអាចដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មបាន។
ករណីនេះ ត្រូវបាននាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ថ្លែងក្នុងវេទិកានោះថា កសិករខ្នាតតូចនៅកម្ពុជា ប្រឈមបញ្ហាជាច្រើនក្នុងវិស័យកសិកម្ម ដូចជាតម្លៃកសិផលកសិកម្មទាប ទុន ការចំណាយលើធាតុចូលកសិកម្មខ្ពស់ គោលនយោបាយ ភាពខ្វះខាតនៅក្នុងការគ្រប់គ្រងតម្លៃទីផ្សារសម្រាប់ផលិតផលកសិកម្ម កំពុងក្លាយជាមូលហេតុចម្បងដែលជំរុញឲ្យកសិករខ្នាតតូច មិនចង់បន្តការងារកសិកម្ម។
ហេតុនេះ លោកថាការលើកទឹកចិត្តតាមរយៈសហគមន៍កសិកម្មកិច្ចសន្យា ជាកត្តាសមស្របជួយសម្រួលដល់កសិករក្នុងការពង្រឹងលទ្ធភាពផលិត។
ប៉ុន្តែលោកយល់ថា ដើម្បីឲ្យការអនុវត្តសហគមន៍កសិកម្មកិច្ចសន្យាមានប្រសិទ្ធភាពទៅបាន អ្នកវិយោគទាំងក្នុងស្រុក និងក្រៅស្រុក សហគ្រាសធុនតូច និងមធ្យម ផ្នែកឯកជន ត្រូវចូលរួមដោយមានការទទួលខុសត្រូវផ្នែកសង្គមផងដែរ ដើម្បីធានាឲ្យបាននូវនិរន្តរភាពក្នុងការអភិវឌ្ឍសហគមន៍កសិកម្មកិច្ចសន្យានេះ។
ទន្ទឹមគ្នានេះ ជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករ អេមរុ រ៉ាយ (AMRU RICE) និងជាក្រុមហ៊ុនមួយដែលបានបង្កើតសហគមន៍កសិកម្មកិច្ចសន្យាជាមួយគ្រួសារកសិករជាង ៣.០០០គ្រួសារនៅខេត្តព្រះវិហារ។ លោក សុង សារ៉ន សង្កេតឃើញថា កម្ពុជា ចាប់ផ្តើមអនុវត្តសហគមន៍កសិកម្មកិច្ចសន្យាច្រើនជាងមុន ដោយសារកម្ពុជា មានច្បាប់កិច្ចសន្យាកសិកម្ម មានសហគមន៍ ខណៈផលិតផលកសិកម្មកម្ពុជា មួយចំនួន ត្រូវបានទទួលស្គាល់លើទីផ្សារអន្តរជាតិជាងមុន។
លោកគាំទ្រចំពោះការជំរុញឲ្យបង្កើតសហគមន៍កិច្ចសន្យា ព្រោះដើម្បីជំរុញដល់ការនាំចេញផលិតផលកសិកម្ម ជួយលើកស្ទួយជីវភាពកសិករកម្ពុជា ពិសេសជួយបញ្ចៀសឱនភាពសេដ្ឋកិច្ចជាតិ៖ «យើងទាមទារឲ្យមានការបណ្តុះបណ្តាលទៅទាំងបច្ចេកទេសទៅគាត់ ធ្វើយ៉ាងណាផ្តល់ទំនុកចិត្ត ផ្តល់ភាពស្និទ្ធស្នាលទៅកសិករ ដើម្បីធានាឲ្យគាត់ធ្វើអ្វីដែលត្រឹមត្រូវ សំដៅឲ្យគាត់ផលិតបានខ្ពស់»។
ប៉ុន្តែលោកថា ដើម្បីឲ្យការបង្កើតសហគមន៍កសិកម្មកិច្ចសន្យាជោគជ័យ អាចឆ្លើយតបតម្រូវការរបស់កសិករបាន ទាមទារឲ្យមានការអត់ធ្មត់ លើកទឹកចិត្តកសិករឲ្យចេះផលិត។ ជាងនេះ ខណៈកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ លោកស្នើឲ្យបណ្ដាក្រុមហ៊ុននាំចេញដែលអនុវត្តផលិតកម្មកិច្ចសន្យាទាំងអស់ ត្រូវធ្វើការរួមគ្នាផ្សព្វផ្សាយ និងធានាទីផ្សារជូនសហគមន៍កសិករដែលកំពុងអនុវត្តផលិតកម្មកិច្ចសន្យា។
បន្ថែមពីនេះទៀត លោកក៏យល់ថា ដើម្បីឲ្យការអនុវត្តផលិតកម្មកិច្ចសន្យានៅកម្ពុជា ទទួលជោគជ័យ លោកស្នើឲ្យរដ្ឋាភិបាលត្រូវត្រៀមកញ្ចប់ថវិកាវិនិយោគបន្ថែមដល់សហគមន៍កសិករដែលកំពុងខ្វះខាត៖ «គឺត្រូវមានកញ្ចប់មួយ ដើម្បីវិនិយោគដល់សហគមន៍កសិកម្ម។ យើងអាចវិនិយោគលើឡសម្ងួត។ យើងមើលបច្ចេកទេសដាំ ត្រូវការទំនើបកម្មកសិកម្ម ព្រោះបច្ចុប្បន្ន កម្ពុជា យើងកម្លាំងពលកម្មថយចុះ។ ហេតុនេះ យើងត្រូវការទំនើបកម្មដែលលឿន។ យើងត្រូវការទឹក ព្រោះបើអត់ទឹក តើគាត់ធ្វើអីកើត»។
កិច្ចសន្ទនាពហុភាគីស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស ក្រសួងកសិកម្ម ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានសហគមន៍កសិកម្មជាង ៨០០សហគមន៍ ដែលគាំទ្រដោយក្រសួងកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាល។ ភាគច្រើន សហគមន៍កសិកម្មទាំងនោះនៅមានភាពកម្សោយ មិនទាន់យល់ច្បាប់ និងគណនេយ្យភាព ហើយចំនួននេះនៅមានកម្រិត និងមិនទាន់សមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កសិករខ្នាតតូចនៅឡើយ។
និយាយពីផលចំណេញរបស់សហគមន៍កសិកម្មតាមកិច្ចសន្យានេះដែរ កសិករឆ្នើមរបស់អង្គការសេដាក (CEDAC) នៅខេត្តកំពង់ស្ពឺ លោក ស៊ឹម រ៉ុម និយាយថា សហគមន៍កសិកម្មកិច្ចសន្យាពិតជាមានផលប្រយោជន៍ច្រើនដល់កសិករខ្នាតតូច ព្រោះធ្វើឲ្យកសិករចំណាយដើមទុនតិច ទទួលបានចំណេះដឹងថ្មីៗ អាចដាំដំណាំត្រូវនឹងទីផ្សារត្រូវការ គេចផុតពីការបន្ទាបតម្លៃកសិផលពីឈ្មួញ ពិសេសជួយដោះស្រាយភាពតានតឹងនានាក្នុងអាជីពកសិករ។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន មានប្រសាសន៍ថា រដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម ចាត់ទុកសហគមន៍កសិកម្មតាមកិច្ចសន្យា គឺជាវិធីសាស្ត្រតែមួយគត់ដែលជួយកសាងទំនុកចិត្តដល់ការធ្វើធុរកិច្ច និងសិទ្ធិមនុស្សក្នុងវិស័យកសិកម្មកម្ពុជា ពិសេសផ្តល់អំណាចដល់កសិករក្នុងការចរចាតម្លៃលក់ផលិតផលរបស់ខ្លួន។
ជាងនេះទៀត លោកថា បញ្ហាទិន្នផលធ្លាក់ថ្លៃ និងចុះថោក ដូចជា ស្រូវ ដំឡូង កៅស៊ូ ល្ពៅ និងទិន្នផលកសិកម្មមួយចំនួនទៀត ក៏បណ្ដាលមកពីកង្វះការអនុវត្តសហគមន៍កសិកម្មតាមកិច្ចសន្យាផងដែរ៖ «នេះជាវិធីសាស្ត្រតែមួយគត់ផ្តល់ភាពទុកចិត្តដល់កសិករ ដែលបានចងក្រងជាទម្រង់សហគមន៍ បានន័យថា យើងបានផ្តល់ភាពទុកចិត្តដល់គាត់ គឺគាត់ផលិត ហើយមានអ្នកចាំទិញ។ គាត់ដឹងគាត់ផលិតអីខ្លះ អ្នកទិញគេហ៊ានទិញ ដោយទុកចិត្តគ្នាទៅវិញមក»។
បន្ថែមពីនេះ លោក ហ៊ាន វណ្ណហន បានជំរុញឲ្យអ្នកធុរកិច្ច វិស័យឯកជន និងបណ្ដាក្រុមហ៊ុននាំចេញផ្នែកកសិកម្មទាំងអស់ គួរតែប្រតិបត្តិកសិកម្មតាមកិច្ចសន្យាប្រកបដោយភាពស្មោះត្រង់ ដើម្បីធានាទាំងសេដ្ឋកិច្ច បរិស្ថាន សង្គម និងសិទ្ធិមនុស្សដល់សហគមន៍កសិករ ពិសេសបញ្ចៀសបញ្ហាប្រឈមក្នុងវិស័យកសិកម្ម៖ «អ្វីដែលជាការខូចខាតកន្លងមកដែលធ្វើឲ្យទិន្នផលរបស់គាត់គ្មានអ្នកទិញ ពួកគាត់នឹងខិតខំរួមគ្នាផលិត និងរួមគ្នាបង្កើតសហគមន៍កសិកម្មកិច្ចសន្យានេះ»។
របាយការណ៍ស្ដីពីការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគាំទ្រកសិករដែលមានដីតូចតាចប្រចាំឆ្នាំ២០១៦ របស់អង្គការវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ក៏បានបង្ហាញដែរថា ពលរដ្ឋដែលប្រកបរបរកសិកម្ម ពិសេសកសិករខ្នាតតូចនៅកម្ពុជា ប្រឈមបញ្ហារួមមាន បញ្ហាទីផ្សារ ប្រសិទ្ធភាពនៃតម្លៃផលិតផលកសិកម្ម ចំណេះដឹងបច្ចេកទេស សមត្ថភាពកែច្នៃផលិតផលកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញប្រព័ន្ធធារាសាស្ត្រ ដើមទុន និងការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាង និងក្នុងតំបន់ ការរំលោភដីធ្លី សិទ្ធិទទួលបានប្រើប្រាស់ និងគ្រប់គ្រងដីកសិកម្ម។
របាយការណ៍នេះ ក៏ជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្ម តាមរយៈសហគមន៍កសិកម្មកិច្ចសន្យា ធ្វើយ៉ាងណាសំដៅគាំពារជនក្រីក្រ ដើម្បីទប់ទល់នឹងបញ្ហាអសន្តិសុខស្បៀង និងផលប៉ះពាល់នៃវិបត្តិនានា។
ជាមួយគ្នានេះដែរ កិច្ចសន្ទនាពហុភាគីស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស ដៃគូពាក់ព័ន្ធ បានលើកឡើងដែរថា កសិករខ្នាតតូចនៅកម្ពុជា ប្រឈមបញ្ហាជាច្រើនក្នុងវិស័យកសិកម្ម ដូចជាតម្លៃកសិផលកសិកម្មទាប ទុន ការចំណាយលើធាតុចូលកសិកម្មខ្ពស់ គោលនយោបាយ ភាពខ្វះខាតនៅក្នុងការគ្រប់គ្រងតម្លៃទីផ្សារសម្រាប់ផលិតផលកសិកម្ម កំពុងក្លាយជាមូលហេតុចម្បងដែលជំរុញឲ្យកសិករខ្នាតតូចមិនចង់បន្តការងារកសិកម្ម។
កិច្ចសន្ទនានោះបន្តថា ទោះជារដ្ឋាភិបាលកម្ពុជា មានវិធានការ ឬគោលនយោបាយលើកស្ទួយវិស័យនេះក្តី ក៏គោលនយោបាយនេះនៅតែអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅឡើយ។ ហេតុនេះ ការលើកទឹកចិត្តតាមរយៈសហគមន៍កសិកម្ម ជាកត្តាសមស្របជួយសម្រួលដល់កសិករក្នុងការពង្រឹងលទ្ធភាពផលិត។
យ៉ាងណាក៏ដោយ ទាំងកសិករខ្នាតតូច និងដៃគូពាក់ព័ន្ធដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គាំទ្រសហគមន៍កសិកម្មកិច្ចសន្យាដែលមានស្រាប់ និងបង្កើតសហគមន៍កសិកម្មកិច្ចសន្យាថ្មីបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពកសិករ និងលើកមុខលើកមាត់ផលិតផលកសិកម្មកម្ពុជា៕