ក្រសួង​កសិកម្ម​កម្ពុជា​និង​ក្រុមហ៊ុន​ចិន​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​កសិឧស្សាហកម្ម

ដោយ អ៊ុំ រង្សី
2016.10.25
ផ្សារ​ណាត់​កសិផល​ធម្ម កំពង់ស្ពឺ ២០១៦ ៨៥៥ ផ្សារ​ណាត់​សហគមន៍​កសិផល​ធម្មជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​អង្គការ​សេដាក (CEDAC) និង​កសិករ​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Um Raingsey
RFA/Um Raingsey

ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន​ចិន ឈ្មោះ ធាន រូយ (Tian Rui Agriculture Coorperation) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី «កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម»។ ស្ថាប័ន​ទាំង​ពីរ​នេះ​អះអាង​ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ព្រម​ទាំង​រួម​គ្នា​អភិវឌ្ឍ​កសិឧស្សាហកម្ម​កម្ពុជា។

ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន ធាន រូយ (Tian Rui Agriculture Coorperaation) អះអាង​ថា កិច្ចព្រមព្រៀង​ស្ដីពី «កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម» គឺ​ដើម្បី​បង្ហាញ​ការ​អនុវត្ត​គោល​នយោបាយ​ក្នុង​ការ​នាំ​ចេញ បង្កើន​គុណភាព​ផលិតផល​កសិកម្ម​តាម​រយៈ​កសិឧស្សាហកម្ម សំដៅ​បង្កើន​ទំនុក​ចិត្ត​ដល់​អ្នក​បរិភោគ ព្រម​ទាំង​ទាក់ទាញ​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ (MOU) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា នោះ​រួម​មាន ៦​ចំណុច​សំខាន់ៗ៖

  • ចូលរួម​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម
  • បង្កើត​ឃ្លាំង​ស្តុក​ផលិតផល​កសិកម្ម
  • បង្កើន​ម៉ាស៊ីន​វេច​ខ្ចប់​ផលិតផល​កសិកម្ម​សម្រាប់​នាំ​ចេញ
  • បង្កើត​បណ្ដាញ​ពិសេស​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ
  • គាំទ្រ និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ ឬ​ដែល​មាន​សុវត្ថិភាព​ដល់​អ្នក​បរិភោគ
  • និង​រៀបចំ​ផ្សារ​ណាត់ ការ​តាំង​ពិព័រណ៍ ការងារ​ជួយ​សង្គម សិក្ខាសាលា សន្និសីទ និង​វេទិកា​នានា។

 

ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាស​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​២០ ខែ​តុលា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​សេចក្តី​ប្រកាស​នេះ​ថា នេះ​គឺ​ជា​កិច្ចព្រមព្រៀង​មាន​សារសំខាន់ ជួយ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ការ​ផលិត ការ​កែច្នៃ ការ​វេច​ខ្ចប់ ការ​ទុក​ដាក់ និង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​នៅ​កម្ពុជា ដែល​មាន​គុណភាព​ខ្ពស់។

លោក​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពិសេស​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​ទឹក​ចិត្ត​ដល់​កសិករ។

ទន្ទឹម​គ្នា​នេះ ប្រធាន​ក្រុមហ៊ុន ធាន រូយ (Tian Rui Agriculture Coorperaation) លោក ស៊ិន ជិន (Sain Chin) ឲ្យ​ដឹង​ដែរ​ថា អនុស្សរណៈ​ថ្មី​នេះ​មិន​ត្រឹម​តែ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ព្រម​ទាំង​រួម​គ្នា​អភិវឌ្ឍ​កសិឧស្សាហកម្ម​កម្ពុជា ប៉ុណ្ណោះ​ទេ អនុស្សរណៈ​នេះ​ក៏​ជួយ​ទាក់ទាញ​វិនិយោគិន​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក ឲ្យ​ធ្វើ​ការ​វិនិយោគ​ឲ្យ​បាន​កាន់​តែ​ច្រើន​នៅ​កម្ពុជា ថែម​ទៀត។

បន្ថែម​ពី​នេះ​ទៀត អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ចិន លោក ឈឺ ទុងអឺ (Chhu Toung Eu) លើក​ឡើង​ទៀត​ថា ក្រសួង​កសិកម្ម​ចិន នឹង​ជួយ​ក្រសួង​កសិកម្ម​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​ស្ដីពី​ការ​ធ្វើ​ទំនើបកម្ម​នៃ​កសិឧស្សាហកម្ម នៅ​ក្នុង​គោល​បំណង​ជំរុញ​ការ​វិនិយោគ​លើ​ផ្នែក​នេះ សំដៅ​បង្កើត​ប្រាក់​ចំណូល​ដល់​ប្រជា​កសិករ​ក្នុង​ស្រុក និង​ផ្គត់ផ្គង់​ផលិតផល​កម្ពុជា សំខាន់ៗ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ «កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម មាន​ប្រសិទ្ធភាព ស្ថាប័ន​ទាំង​ពីរ​បាន​ប្ដេជ្ញា​ក្នុង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​ការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ឲ្យ​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់»

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ទៀត​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​កែច្នៃ ដូចជា​ឃ្លាំង​ស្តុក ប្រព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ​ជាង​មុន រោងចក្រ​កែច្នៃ​ទំនើប និង​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព។

មិន​តែ​ប៉ុណ្ណោះ ភាគី​ទាំង​ពីរ​ក៏​កត់​សម្គាល់​ពី​សារសំខាន់​នៃ​គោល​នយោបាយ​ឧស្សាហកម្ម​កម្ពុជា ក្នុង​ការ​គាំទ្រ​វិស័យ​កសិកម្ម តាម​រយៈ​ការ​បង្កើន​ដល់​ការ​ផលិតផល​កសិកម្ម សំដៅ​ជំរុញ​ឲ្យ​កើន​ឡើង​នូវ​ប្រាក់​ចំណូល​ដល់​ប្រជា​កសិករ និង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

ទាក់ទិន​នឹង​ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន​ចិន ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​អភិវឌ្ឍ​កសិឧស្សាហកម្ម​កម្ពុជា នៅ​ពេល​នេះ​ដែរ ត្រូវ​បាន​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្រោយ​កសិករ​រិះគន់​រដ្ឋាភិបាល ថា​គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ក៏​គាំទ្រ​ចំពោះ​ខ្លឹមសារ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ប្រសិន​បើ​ស្ថាប័ន​ទាំង​ពីរ​ពិត​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ហើយ​មិន​មែន​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​គ្រាន់​តែ​ល្អ​មើល និង​ធ្វើ​ឲ្យ​កសិករ​កាន់​តែ​ក្រីក្រ​ដោយសារ​តែ​ក្រុមហ៊ុន​សម្បទាន​ដី​នោះ​ទេ៖ «ក្រោយ​ពេល​ចុះ​កិច្ចព្រមព្រៀង​រួច ស្ថាប័ន​ទាំង​ពីរ​ត្រូវ​តែ​មាន​ផែនការ​ជាក់លាក់​បន្ថែម​ទៀត គាំទ្រ​ដល់​កសិករ​ខ្នាត​តូច ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​កសិករ​ខ្នាត​តូច​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​រវាង​ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន​ចិន នេះ»

ការ​ចុះ​កិច្ចព្រមព្រៀង​របស់​ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន​ចិន នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) មក​កាន់​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ។ កាលណោះ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព លោក ស៊ី ជីនពីង និង​លោក ហ៊ុន សែន ក៏​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ពិធីសារ​ចំនួន ៣១ ទាក់ទង​ការ​សាងសង់​ផ្លូវ មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ កសិកម្ម វារីអគ្គិសនី និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាដើម។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ទៀតសោត លោក ស៊ី ជីនពីង ក៏​បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ការ​អភិវឌ្ឍ​នៅ​កម្ពុជា មិន​អាច​កាត់​ផ្តាច់​ពី​ចិន បាន​ទេ។ ហេតុ​នេះ ចិន នឹង​ជួយ​កម្ពុជា ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។

ទោះ​ជា​យ៉ាង​ណា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន ធាន រូយ (Tian Rui Agriculture Coorperaation) មិន​បាន​បញ្ជាក់​ច្បាស់​ពី​រយៈពេល និង​ទំហំ​ទឹកប្រាក់​ច្បាស់លាស់ ដើម្បី​អនុវត្ត​ដំណើរ​ការ​នៃ​អនុស្សរណៈ​នៅ​ឡើយ។

យ៉ាង​ណា កសិករ សង្គម​ស៊ីវិល និង​អ្នក​វិភាគ​សង្គម ធ្លាប់​លើក​ឡើង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​កម្ពុជា នៅ​តែ​ជួប​បញ្ហា និង​ពិបាក​ប្រកួត​ប្រជែង​ទីផ្សារ​ប្រទេស​ជិត​ខាង​បាន មក​ពី​កង្វះ​គោល​នយោបាយ​លើក​ទឹក​ចិត្ត​កសិករ ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ ថវិកា​ជាតិ ចំណាយ​មិន​ចំ​គោលដៅ និង​មិន​មាន​ការ​បែងចែក​អំណាច​ដល់​ថ្នាក់​មូលដ្ឋាន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។