អ្នក​ជំនាញ​កសិកម្ម​ចង់​ឃើញ​រដ្ឋាភិបាល​មាន​ជំហរ​រឹងមាំ​ទប់ស្កាត់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង

ដោយ សុជីវី
2021.02.19
អ្នក​ជំនាញ​កសិកម្ម​ចង់​ឃើញ​រដ្ឋាភិបាល​មាន​ជំហរ​រឹងមាំ​ទប់ស្កាត់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វ៉េង សាខុន។
រូប​ពី​ហ្វេសប៊ុក

កសិករ និង​អ្នក​ជំនាញ​កសិកម្ម ចង់​ឃើញ​រដ្ឋាភិបាល មាន​ជំហរ​រឹងមាំ​ក្នុង​ការ​ទប់ស្កាត់ ទំនិញ​នាំចូល​ពី​ប្រទេសជិតខាង ជាពិសេស​មុខទំនិញ ដែល​ជា​ផលិតផល​កសិកម្ម មាន​ដូចជា​ត្រី សាច់ បន្លែ​ជាដើម ដើម្បី​ទុក​ឱកាស​ទីផ្សារ​ដល់​កសិករ​ក្នុងស្រុក​ពង្រឹង​សមត្ថភាព និង​អាជីវកម្ម​របស់​ខ្លួន។

ពួកគាត់​ថា ភាព​មិន​ច្បាស់លាស់​របស់​រដ្ឋាភិបាល ជាមួយ​ប្រទេស​ជិតខាង ជា​ពិសេស​ជាមួយ​ប្រទេស​វៀតណាម​នោះ​នឹង​ធ្វើ​ឱ្យ​កសិករ ម្ចាស់​អាជីវកម្ម​ក្នុងស្រុក នឹង​ខាតបង់​ដើមទុន​ច្រើន និង​មិន​អាច​ដោះ​បំណុល​ធនាគារ​បានទេ ដោយសារ​មិន​អាច​ប្រជែង​ទីផ្សារ​ជាមួយ​ផលិតផល​នាំចូល។

សមាគម​កសិករ និង​អ្នក​ជំនាញ​ខាង​កសិកម្ម មើល​ឃើញ​ថា​៖ កសិករ​ខ្មែរ​សព្វថ្ងៃ​នៅតែ​ជួប​វិបត្តិ ខ្វះ​ទីផ្សារ​លក់​ផលិតផល និង​បច្ចេកទេស​នៃ​ការផលិត ដើម្បី​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ជាមួយ​នឹង​ប្រទេស​ជិតខាង។

បញ្ហា​នេះ​បាន​រុញច្រាន​កម្ពុជា ក្លាយ​ជា​ទីផ្សារ​លក់​ផលិតផល​របស់​ប្រទេសជិតខាង ដោយ​ក្នុង​មួយ​ថ្ងៃៗ​ទំនិញ​រាប់​សែន​តោន​ត្រូវ​ហូរ​ចូល​មក​លក់​ក្នុង​ប្រទេស​នេះ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​។​

អ្នកឯកទេស​កសិកម្ម លោក​បណ្ឌិត យ៉ង់ សាំង​កុមារ ឱ្យ​ដឹង​ថា តាម​ការ​កត់ត្រា​មិន​ផ្លូវការ​កន្លង​មកពី​ក្រុម​អ្នក​ធ្វើ​ការងារ​សង្គម​ផ្នែក​ខាង​កសិកម្ម បាន​បង្ហាញ​ថា ផលិតផល​ចំណីអាហារ កសិកម្ម ដែល​នាំ​មក​ពី​វៀតណាម មាន​បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាដើម បាន​ស្រូប​ទាញ​ចំណែក​ទីផ្សារ​ក្នុងស្រុក គិត​ជា​ទឹកប្រាក់ អាច​មាន​ចំនួន​ជាង​មួយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក​បណ្ឌិត យ៉ង់ សាំងកុមារ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បន្ត​ថា បញ្ហា​នេះ គឺជា​សំពាធ​មួយ​ធ្ងន់​ធ្ងន់​សម្រាប់​កសិករ​ខ្មែរ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កសិករ​របស់​ប្រទេស​ជិតខាង​ដែល​គេ​មាន​រចនាសម្ព័ន្ធ​រឹងមាំ​ខាង​វិស័យ​កសិកម្ម​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ៖ «ការ​ខ្វះ​ព័ត៌មាន ខ្វះ​ខាត់​ការគ្រប់គ្រង​នៃ​ការ​នាំ​ចូល និង​ការ​នាំចូល​ជំនួស​ឱ្យ​ការផលិត​ក្នុងស្រុក​នេះ ជា​បញ្ហា​ប្រឈម​នៅ​កម្ពុជា»

ការ​លើក​បែបនេះ​របស់​អ្នក​ជំនាញ​កសិកម្ម ក្រោយ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ បាន​លុបចោល​នូវ​បម្រាប់​របស់​ខ្លួន​ភ្លាមៗ ដោយ​អនុញ្ញាត​ឱ្យ​នាំចូល​ផល ផលិតផល​ជលផល ជាពិសេស​ត្រី​ចំនួន ៤​ប្រភេទ មាន ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ តាម​តម្រូវការ​ជាក់ស្ដែង​នៅ​ក្នុង​ស្រុក​ឡើងវិញ ដោយ​ផ្អែក​តាមច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្តិ​ជា​ធរមាន។

ក៏ប៉ុន្តែ​នៅមុន​នេះ​ប្រហែល​មួយ​ខែ គឺ​កាលពី​ថ្ងៃ​ទី​៨ មករា ក្រសួង​កសិកម្ម​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​នាំចូល​ផលិតផល​ជលផល​ចំនួន​៤​មុខ​នេះ ពី​ក្រៅ​ប្រទេស ក្នុង​គោលបំណង​ជុំវិញ​ផលិតផល​ក្នុងស្រុក និង​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ក្នុង​ប្រទេស ស្រប​ពេល​ដែល​សេដ្ឋកិច្ច​សង្គម​នៅ​បន្ត​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ​១៩។

ការ​សម្រេច​នេះ ត្រូវ​បាន​លុបចោល​ទៅវិញ ក្រោយ​ពី​មាន​សំណើ​ពី​ខាង​ភាគី​វៀតណាម​ដែល​សូម​ឱ្យ​កម្ពុជា​ពិចារណា​ឡើង​ចំពោះ​បម្រាម​របស់​ខ្លួន ដោយ​លើកឡើង​ថា ការ​ហាម​នាំចូល​ត្រី ៤​ប្រភេទ​របស់​ភាគី​កម្ពុជា អាច​ប្រឆាំង​នឹង​ស្មារតី សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ប្រទេស​ទាំងពីរ​ជា​សមាជិក។

លោក បណ្ឌិត យ៉ង់ សាំងកុមារ មើល​ឃើញ​ថា ការសម្រេច​ឱ្យ​ផ្អាក​នាំចូល​បណ្ដោះអាសន្ន ហើយ​សម្រេច​បើក​ឱ្យ​នាំចូល​វិញ​ដោយសារ​មានការ​តវ៉ា​ពី​ភាគី​វៀតណាម​នេះ បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​មាន​គោលនយោបាយ និង​ពុំ​មាន​គោលជំហរ​ច្បាស់លាស់ ក្នុង​ការ​លើកស្ទួយ​ផលិតផល​ក្នុងស្រុក ហើយ​ហាក់​ពុំបាន​ទុក​ឱកាស​ឱ្យ​កសិករ​របស់​ខ្លួន​ក្នុង​ការ​កសាង​សមត្ថភាព ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ឡើយ៖ «ចាប់ពី​ឥឡូវ​ទៅ យើង​មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ ព្រោះ​យើង​ត្រូវ​ចេះ​ការពារ​ផលិត និង​អ្នក​ផលិត​ក្នុងស្រុក ឱ្យ​គាត់​មាន​សមត្ថភាព ប្រកួតប្រជែង​ជាមួយ​ការ​នាំ​ចូល និង​នាំចេញ ព្រោះ​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី សមត្ថភាព​ប្រកួតប្រជែង​គឺជា​រឿង​សំខាន់​ណាស់»

ចំណែក ខាង​សមាគម​កសិករ​វិញ ក៏​មើល​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា​(CCFC) លោក ថេង សាវឿន មាន​ប្រសាសន៍​ថា បញ្ហា​នេះ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល មិន​មាន​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្លួនឯង ដូច​ជា​ការ​រក្សាទុក​ទីផ្សារ​ក្នុងស្រុក​សម្រាប់​ប្រជាកសិករ​របស់​ខ្លួន​ជា​អាទិភាព​នោះ​ទេ។

លោក​បន្ត​ថា បើ​នៅតែ​បើកឱកាស​ឱ្យ​ប្រទេសជិតខាង​យក​ទំនិញ​របស់​គេ​មក​លក់​ច្រើន​ទៀត​នោះ ជីវភាព​របស់​កសិករ​ក្នុងស្រុក​កាន់តែ​ជួប​ការ​លំបាក ដូចជា​ការខាតបង់​ដើមទុន​ក្នុង​អាជីវកម្ម និង​ជំពាក់​បំណុល​ធនាគារ​គ្មាន​អ្វី​សង​កាន់​ធ្ងន់ធ្ងរ​ថែម​ទៀត៖ «ក្រសួង​ធ្វើ​ចំណាត់​ការ​មិន​ច្បាស់លាស់​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល អ៊ីចឹង​យើង​ចង់​ឱ្យ​ក្រសួង​មាន​យន្តការ​ច្បាស់លាស់​ដើម្បី​គាំទ្រ​ការ​ផលិត​ក្នុងស្រុក ការពារ​ទីផ្សារ​ជូន​ពួកគាត់»

អាស៊ីសេរី មិន​ទាន់​សុំ​ការ​ពន្យល់​អំពី​រឿង​នេះ​ពី​មន្ត្រី​ពាក់ព័ន្ធ​មាន​ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម​បាន​នៅ​ឡើយ​ទេ។

ក៏ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​កាល​ពី​ពេល​ថ្មី​នេះ​ថា​៖ ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​នាំចូល​ផលិតផល​ជលផល​ពី​ក្រៅ​ស្រុក គឺ​ដោយសារ​ផលិតផល​ពី​វិស័យ​វារីវប្បកម្ម​ក្នុងស្រុក​មានការ​កើន​ឡើង ហើយ​ពលរដ្ឋ​កម្ពុជា កំពុង​ចាប់​ផ្តើម​ប្រកប​របរ​វារីវប្បកម្ម​ក៏​មាន​ចំនួន​កើន​ឡើង​ដែរ។

លោក​បន្ត​ថា ភាគី​វៀតណាម​មិន​គួរ​យក​បញ្ហា​ការ​ផ្អាក​នាំចូល​ត្រី​ចំនួន​៤​ប្រភេទ ចូល​មក​ប្រទេស​កម្ពុជា​នេះ ជា​រឿង​ធំ​នោះ​ឡើយ៖ «អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដែល​ប្រជាជន​យើង​កំពុង​ប្រឈម​ព្រោះ​អ្នក​ចិញ្ចឹម​ទាំ​អស់​បាន​ខ្ចី​លុយ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ម្នាក់​៥​ម៉ឺន ១០​ម៉ឺន ខ្លះ​២០​ម៉ឺន​ដុល្លារ យក​មក​ធ្វើ​អាជីវកម្ម ហើយ​បើ​យើង​មិន​ដោះស្រាយ​ទេវា​នឹង​ខាតបង់​ទៅវិញ ហើយ​ធ្វើ​ឱ្យ​ខាតបង់​ធនធាន ថវិកា​ជាតិ ដែល​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម បាន​ចេញ​ជួយ​គាត់ ទី​២ នឹង​ធ្វើ​ឱ្យ​ពួកគាត់​បាក់​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម ដោយឡែក​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ត្រី​៤​មុខ​នោះ វា​មាន​បរិមាណ​តិចតួច​ណាស់ ដែល​មិន​គួរ​មិត្តភ័ក្ដិ​ជិត​ខាងយើង​យក​មក​ជា​​ត្រីមុខ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នឹង​ទេ»

លោក​បន្ត​ថា ផលិតផល​ត្រី​ចិញ្ចឹម​បាន​កើន​ឡើង​ច្រើន​លើស​ការ​រំពឹង​ទុក ហើយ​អ្នក​ចិញ្ចឹម​កើន​ឡើង​ជាង ២ ៦០០​គ្រួសារ​ក្នុង​ចុង​ឆ្នាំ​២០២០។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០២០ របស់​ក្រសួង​កសិកម្ម​ថា វិស័យ​វារីវប្បកម្ម​កម្ពុជា​ទទួល​បាន​ទិន្នផល​៤០​ម៉ឺន​តោន កើន​ឡើង​ក្នុង​អត្រា ៣០% លើស​ឆ្នាំ​២០១៩ ដែល​ទទួល​បាន​៣០​ម៉ឺន​តោន។

ក្រុម​អ្នក​ចិញ្ចឹម​ត្រី នៃ​សមាគម​វារីវប្បករ​កម្ពុជា ខ្វាយខ្វល់​រឿង​មិន​អាច​បញ្ចេញ​ត្រី​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក​បាន ក្រោយ​ក្រសួង​កសិកម្ម​អនុញ្ញាត​ឱ្យ​ឈ្មួញ​អាច​នាំ​ត្រី​ពី​ក្រៅ​ស្រុក​បាន​ឡើងវិញ ក្រោយពី​ផ្អាក​បាន​១​ខែ។

ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ត្រី​ឆ្ដោ នៅ​ឃុំ​ក្អមសំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល លោក ហោង គ្រី ឱ្យ​ដឹង​ថា រយៈពេល​១​ឆ្នាំ​មកនេះ លោក​និង​អ្នក​ចិញ្ចឹម​ត្រី​ជាច្រើន​នាក់​ទៀត មិន​ទាន់​ឃើញ​អាជីវករ​ណា ចុះទៅ​ទិញ​ត្រី​គាត់ ដែល​ចិញ្ចឹម​ក្នុង​ស្រះ យក​ទៅ​លក់​នៅឡើយ ដោយសារតែ​ត្រី​នាំចូល​ពី​ប្រទេស​វៀតណាម​មាន​តម្លៃ​ថោក​ជាង​ត្រី​ក្រុង​ស្រុក ព្រោះ​គេ​នាំចូល​គេច​ពន្ធ​នៅ​តាម​ព្រំដែន៖ «ធម្មតា​ការ​ចិញ្ចឹម​នៅ​ប្រទេស​របស់​គេ ការ​ធ្វើ​ពូជ​ក៏​ថោក ហើយ​ចំណី​ត្រី​របស់​គេ វា​អាច​វាយលុក​នៅ​ប្រទេស​របស់​យើង​បាន។ តែ​ប្រសិនជា​ពន្ធ​ទៅ​តាម​កម្រិត​វិញ គឺ​ពិបាក​ប្រដំ​ត្រសង​គ្នា គឺ​ប្រហាក់ប្រហែល​គ្នា​ទេ»

ចំណែក​ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា លោក សុខ រ៉ាដែន មាន​ប្រសាសន៍​ថា ពេល​បើក​ឱ្យ​នាំ​ត្រី​ចូល​បែប​នេះ ក្រសួង​កសិកម្ម គួរ​ដាក់​ចេញ​ចំណាត់ការ​ថ្មី​មួយ​ដើម្បី​រឹតត្បិត​ចំនួន​ត្រី​ដែល​នាំចូល​ពី​វៀតណាម និង​ត្រួត​ពិនិត្យមើល​ឱ្យ​បាន​ត្រឹមត្រូវ អំពី​គុណភាព​ប្រភេទ​ត្រី​នីមួយៗ ថា​តើ​មាន​សារ​ធាតុគីមី​ក្នុង​សាច់​ត្រី ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ដែរ​ឬ​ទេ។

ប្រធាន​សមាគម​រូប​នេះ ទទូច​ស្នើសុំ​ក្រសួង​កសិកម្ម ជួយ​ណែនាំ​អាជីវករ ដែល​នាំចូល​ត្រី​ពី​វៀតណាម​ទាំងអស់ ឱ្យ​ងាក​មក​ប្រមូល​ទិញ​ត្រី ពី​វារីវប្បករ​ក្នុងស្រុក​ឱ្យ​អស់​សិន រួច​ចាំ​បន្ត​នាំចូល​ពី​វៀតណាម ចំពោះ​ប្រភេទ​ត្រី​ណា​ដែល​ខ្វះ​នៅ​ទីផ្សារ។

ពួកគាត់​ថា បើក​ឱ្យ​នាំ​ត្រី​ចូល​លក់​ក្នុង​ប្រទេស​ឡើងវិញ​នោះ រដ្ឋាភិបាល​ត្រូវតែ​មាន​វិធានការណ៍​ច្បាស់​លាស់​ក្នុង​ការ​កំណត់​ពន្ធ​តាមច្បាប់ និង​ពិនិត្យ​គុណភាព​ត្រី​ឱ្យ​បាន​ត្រឹមត្រូវ មុន​អនុញ្ញាត​ឱ្យ​នាំចូល​តាម​ច្រក​ព្រំដែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។