ប្រជាកសិករនៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការវិវឌ្ឍទៅរកភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ទោះយ៉ាងណាក្តី ពួកគាត់ នៅតែជួបបញ្ហាប្រឈមមួយចំនួនធំនៅឡើយ ។
តើមានបញ្ហាប្រឈមអ្វីខ្លះដល់ការធ្វើអាជីវកម្ម ផ្នែកកសិកម្មនៅតំបន់ភាគឦសាននោះ?ប្រជាកសិករ ជាជនជាតិដើមភាគតិច នៅភូមិភាគឦសាន នាប៉ុន្មានឆ្នាំក្រោយនេះ បានកែប្រែរបៀបធ្វើស្រែចម្ការរបស់ពួកគាត់មួយចំនួន ដើម្បីឱ្យស្របតាមសម័យបច្ចេកវិទ្យា ។
ទម្លាប់ចាស់ទាំងនោះ គឺមានកសិករខ្លះ បានប្ដូរពីការធ្វើដូចជាចម្ការវិលជុំ និងការដាំដុះផ្សេងទៀតតាមរបៀបពីបុរាណ ដើម្បីគ្រាន់តែចែកគ្នាបរិភោគប្រចាំគ្រួសារនោះ ទៅជាការដាំដុះ តាមបែបបច្ចេកទេសទាន់សម័យ ឬតាមបែបសរីរាង្គដើម្បីផ្គត់ផ្គង់ទីផ្សារធំទូលាយនៅក្នុងមូលដ្ឋាន និងផ្គត់ផ្គង់ដល់ទីផ្សារខាងក្រៅផងដែរដូចជាបញ្ចូនទៅលក់តាមទីផ្សារ នៅទីក្រុងភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ។
កសិករម្នាក់ជាជនជាតិដើមភាគតិចភ្នង (ពូនង) រស់នៅ ភូមិពូច្រា ឃុំប៊ូស្រា ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី លោក រ៉យ ទើប មានប្រសាសន៍ថា ទាំងរូបគាត់ និងអ្នកភូមិផ្សេង បានប្រែទម្លាប់ដាំដុះច្រើនដំណាក់កាល ទម្រាំមកដល់សម័យបច្ចុប្បន្ននេះ ។
សព្វថ្ងៃនេះ លោកសល់ដី ទំហំ ប្រមាណ ៥ ហិកតារ ហើយនៅប្រមាណ៥ឆ្នាំចុងក្រោយនេះ លោកបានកែដីនេះ ពីការដាំដំណាំបន្លែ និងដើមឈើហូបផ្លែផ្សេងៗមួយចំនួនទៀតនោះ មកធ្វើជាចម្ការ កាហ្វេ វិញម្ដង៖ «ចាស់ៗពីដើមមានតែកាប់ចម្ការមួយ ធ្វើចម្ការវិលជុំហ្នឹង ដាំស្រូវ ដាំពោត ដាំបន្លែ តែប៉ុណ្ណឹង តែសម័យឥឡូវ ខុសគ្នា ស្អីក៏គេទិញ ខុសពីសម័យដូនតាពីដើមពីដើម» ។
លោកបន្តថា ការដែលលោកផ្លាស់ប្ដូរមុខដំណាំ និងរបៀបនៃកាដាំដុះលើរបរកសិកម្មនេះ ដោយសារ មានអង្គការក្រៅរដ្ឋាភិបាល ជួយណែនាំបច្ចេកទេសនៃការដាំដុះដែលបានផលច្រើន តាមគោលការណ៍សរីរាង្គ ដែលជួយដល់សុខភាពប្រជាពលរដ្ឋផង និងបានចំណូលជួយដល់ជីវភាពគ្រួសារបានច្រើនជាងមុនផង៖ «គេបង្រៀនការដាំដុះកុំឱ្យប្រើជីគីមីប្រើតែជីកុំប៉ុស អ៊ីចឹងទៅគេចាប់អារម្មណ៍ ដើម្បីប៉ះពាល់សុខភាពប្រជាជនយើង» ។
លោកថា អ្នកភូមិពួកគាត់ នៅខេត្តមណ្ឌលគិរី បច្ចុប្បន្ន និយម ដំណាំធំៗ បែបកសិឧស្សាហ៍កម្ម ដូចជា ស្វាយចន្ទី ម្រេច កាហ្វេ ផ្លែប័រ ឬ ផ្លែអាវូកាដូ ( Avocado) និងដំឡូងមីជាដើម ។
ទីប្រឹក្សាបច្ចេកទេស នៃអង្គការសេដាក (CEDAC) លោក វង្ស សារឿន មានប្រសាសន៍ថា ប្រជាកសិករ ជាជនជាតិដើមភាគតិចនៅភាគឦសាន មានការផ្លាស់ប្ដូរទម្លាប់មួយចំនួនក្នុងការប្រកបរបបចិញ្ចឹមជីវិតតាមរយៈការដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វជាដើម ។ លោកបន្តថា ពួកគាត់បានផ្លាស់ប្ដូរឥរិយាបថចាស់ ហើយទទួលយកនូវគំនិតថ្មី បច្ចេកទេសទាន់សម័យដែលចំណេញពេលវេលា ទទួលបានផលច្រើនជាងមុន៖ «ពួកគាត់ទទួលយកការដាំដុះតាមគោលការណ៍ធម្មជាតិតាមបែបប្រពលវប្បកម្ម សរីរាង្គ ដែលគេហៅថាបវស ឬស្រូវមួយដើម ពីដើមគាត់ធ្វើតាមរបៀបបុរាណ គាត់ប្រើពូជច្រើន ពេលវេលាច្រើន ឥឡូវកសិករគាត់ផ្លាស់ប្ដូរគំនិតហ្នឹងដោយទទួលយករបៀបដាំដុះថ្មី ដោយមានអង្គការក្រៅរដ្ឋាភិបាលជួយណែនាំដល់ពួកគាត់» ។
លោក វង្ស សាវឿន សង្កេតឃើញទៀតថា មានការផ្លាស់ប្ដូរមួយផ្នែកទៀតរបស់ពួកគាត់ គឺគាត់ហ៊ានយកទិន្នផលកសិកម្មរបស់ពួកគាត់ទៅប្រកួតប្រជែងនៅលើទីផ្សារហើយទទួលបានការគាំទ្រច្រើន ពីអ្នកប្រើប្រាស់៖ «គាត់ហ៊ានចូលប្រឡូកក្នុងទីផ្សារ ហើយពួកគាត់បានប្រែក្លាយពីកសិករធម្មតាដែលធ្លាប់ផលិតតិចតួចទៅជាកសិពាណិជ្ជករផលិតបានច្រើនមានគុណភាព និងចេះធ្វើជំនួញថែមទាំងទៀតផង» ។
ទាក់ទងការវិវឌ្ឍផ្នែកវិស័យកសិកម្ម នៅភូមិភាគឦសាននេះដែរ ប្រធានអង្គការជនជាតិដើមភាគតិចកម្ពុជា លោក ប៊ុន ហៀង ទទួលស្គាល់ថា ពិតជាមានការវិវឌ្ឍខ្លះលើការដាំដំណាំ ជាពិសេសប្រភេទដំណាំ យុទ្ធសាស្ត្រ កសិឧស្សាហ៍កម្ម ពីព្រោះដីនៅតំបន់នោះ អំណោយផល លើប្រភេទដំណាំទាំងនេះ ។
តែទោះយ៉ាងណាពួកគាត់នៅ មានបញ្ហាប្រឈមច្រើននៅឡើយ ដូចជាការខ្វះដីដាំដុះ ដោយមានសារមានការរំលោភយកដីធ្លីពួកគាត់ បញ្ហាបច្ចេកទេស ក៏នៅមានកម្រិតទាបនៅឡើយ ពុំមានប្រភព ទឹក និងប្រព័ន្ធ ប្រឡាយស្រោចស្រព គ្រប់គ្រាន់ ដើម្បីបម្រើដល់ការដាំដុះបានពេញមួយរដូវនៅឡើយ៖ «ខ្ញុំសង្កេតឃើញថា ជីវភាពយើងសព្វថ្ងៃរាងធូរធារបន្តិចដោយសារគាត់ដាំស្វាយចន្ទីលក់បានថ្លៃ ប៉ុន្តែមុខរបរនេះវាផុយស្រួយណាស់ ព្រោះគ្មានទីផ្សារច្បាស់លាស់ ព្រោះពេលខ្លះថ្លៃ ពេលខ្លះថោកគ្មានអ្នកទិញ» ។
ចំណែកបញ្ហាទីផ្សារ នៅតែជាក្តីកង្វល់ធំ សម្រាប់ ពួកគាត់នៅឡើយ សព្វថ្ងៃនេះ ទិន្នផលដំណាំពួកគាត់ពេលខ្លះ មានអ្នកទិញ ពេលខ្លះគ្មានអ្នកទិញ ឬឈ្មួញបង្អាប់តម្លៃថោក ដែលធ្វើឱ្យពួកគាត់ខាតបង់ថ្ងៃដើម ។ បញ្ហានេះនាំឱ្យពួកគាត់ផ្លាស់ប្ដូរ មុខដំណាំញឹកញាប់ ដូចជាប្ដូរពីការដាំស្វាយចន្ទី មកដំឡូងមី ប្ដូរពីដំឡូងមី ទៅម្រេចជាដើម ហើយការប្តូរម្តងៗត្រូវចំណាយខាតបង់ប្រាក់ច្រើនព្រោះត្រូវកាប់ដំណាំមួយចោល មុនដំណាំថ្មីនៅលើផ្ទៃដីតែមួយនោះ៖ «បញ្ហាទីផ្សារលក់កសិផលនៅតែជួបការលំបាកគ្រប់ទីកន្លែងជាពិសេសនៅតំបន់ជនជាតិដើមភាគតិច ព្រោះជាតំបន់ឆ្ងាយពីទីផ្សារផ្លូវក៏លំបាក ហើយរដ្ឋាភិបាលក៏ពុំមានប្រព័ន្ធជួយពួកគាត់ក្នុងការដើរចូលទីផ្សារលក់កសិផលបានទូលំទូលាយដែរមាន័យថា ការចូលឬចេញពីទីផ្សារណាមួយគឺគាត់ប្រឹងស្វែងរកដោយខ្លួនឯង ហើយគ្មានការចង្អុលបង្ហាញណាមួយច្បាស់លាស់ថាពួកគាត់ត្រូវធ្វើអី ដាំដំណាំអីដែលអាចមានទីផ្សារយូរអង្វែងនោះ» ។
ជនជាតិដើមភាគតិចព្នង ជាម្ចាស់ចម្ការ កាហ្វេ ខេត្តមណ្ឌលគិរី លោក រ៉យ ទើបក៏បានបញ្ជាក់ដែរ ថា បញ្ហាទីផ្សារនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់កសិករទូទៅ ពីព្រោះតម្លៃកសិផលសព្វថ្ងៃ គឺស្ថិតនៅលើបបូរមាត់ឈ្មួញជាអ្នកកំណត់ ដូច្នេះគ្មានអ្វីជាទៀងទាត់ឡើយ៖ «យើងអត់មានទីផ្សារច្បាស់ឈ្មួញគេចេះតែថាឱ្យយើងអញ្ចេះអញ្ចុះ ដូចចន្ទីម្រេចអី អត់មានទីផ្សារច្បាស់លាស់ទេ ជួនគេទិញជួនអត់ តម្លៃស្រេចតែគេថា ប៉ុណ្ណេះប៉ុណ្ណោះអីអញ្ចឹងទៅ» ។
មន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយគិតគូរ អំពីបញ្ហាទីផ្សារធ្វើយ៉ាងណាឱ្យមានលំនឹង និងត្រូវមានជំនួយបច្ចេកទេសបន្ថែមទៀតដល់ពួកគាត់ ទើបអាចជួយឱ្យមុខរបរកសិកម្មនៅតំបន់ភូមិភាគឦសាន និងតំបន់ផ្សេងទៀតមានការរីកចម្រើនទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។