ចំណូលពលរដ្ឋជិតពាក់កណ្ដាលត្រូវបាត់បង់ ហើយផលិតផលធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩
2020.11.15
សង្គមស៊ីវិល ធ្វើការផ្ដោតលើបញ្ហាកសិកម្ម និងជីវភាពកសិករ និងអង្គការមួយចំនួនទៀតបានរកឃើញថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ ដោយរាប់ពីខែមករា ដល់ពាក់កណ្តាលឆ្នាំ២០២០នេះ កសិករ នៅតាម បណ្តាខេត្តមួយចំនួន បានបាត់បង់ប្រាក់ចំណូល ជិតពាក់កណ្ដាល ចំណែកផលិតផលក៏ធ្លាក់ចុះដែរ ក៏ប៉ុន្តែការចំណាយបានកើនឡើងទៅវិញ។
របាយការណ៍មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា សេដាក (CEDAC) អង្គការ វេទិកាអនាគត(Future Forum) និងក្រុមហ៊ុន អង្គរស្រាវជ្រាវ(Angkor Research) រកឃើញថា ក្នុងឆ្នាំ២០២០នេះ វិស័យកសិកម្មនៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយចូលរួមបានប្រមាណ២២ភាគរយ នៅក្នុងផលទុនសរុប(GDP) និងបានផ្តល់ការងារប្រមាណ ១ភាគ៣ នៃកម្លាំងពលកម្មក្នុងប្រទេស។
អនុក្រមនៃលទ្ធផលសង្ខេបទិន្នន័យជុំទី១ នៅឧសភា ឆ្នាំ២០២០ ដែលសិក្សាស្រាវជ្រាវ និងវិភាគ ដោយក្រុមហ៊ុនអង្គស្រាវជ្រាវ(Angkor Research) សហការជាមួយ អង្គការវេទិកាអនាគត (Future Forum)ទើបចេញផ្សាយនៅពេលថ្មីនេះ បានកត់សម្គាល់ឃើញថា ចាប់តាំងពីមុនពេលនៃការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩មកនោះ ការរីកចម្រើននៃវិស័យកសិកម្មបានធ្លាក់ចុះ ដែលជាការធ្លាក់ចុះដំបូងក្នុងរយៈពេល១៥ឆ្នាំ ចុងក្រោយ ចាប់តាំងពីឆ្នាំ២០១៩មក។
ចំណុចលទ្ធផលសង្ខេបនៃរបាយការណ៍ដដែលឲ្យដឹងថាជារួម ចំណូលពីកសិកម្មបានធ្លាក់ចុះ៣០% ឬថយចុះពី២៨៣ដុល្លារ ក្នុងខែមករា មកត្រឹម១៩៥ ដុល្លារ ក្នុងខែមេសា ឆ្នាំ២០២០។ ក្នុងរបាយការណ៍បញ្ជាក់ថា ការធ្លាក់ចុះនេះកើតឡើងស្ទើរគ្រប់ប្រភេទផលិតកម្ម និងគ្រប់តំបន់ដែលបានសិក្សា ហើយលទ្ធផលទិន្នន័យជុំទី១នេះ បានបង្ហាញពីនិន្នាការមួយគួរឲ្យព្រួយបារម្ភ ពីព្រោះគ្រួសារកសិករមួយចំនួនបានផ្លាស់ប្ដូរពីការផលិតសម្រាប់លក់ មកជាការផលិតសម្រាប់តែបរិភោគប្រចាំថ្ងៃប៉ុណ្ណោះ។
ចំពោះ គ្រួសារដែលបន្តលក់ផលិតផលគ្រួសាររបស់ពួកគេនោះ អ្នកស្រាវជ្រាវរកឃើញថា៖ ចំណូល និងប្រាក់ចំណេញជាមធ្យម ដែលបានពីសកម្មភាពកសិកម្មរបស់កសិករបានធ្លាក់ចុះគ្រប់ប្រភេទ លើកលែងតែការចិញ្ចឹមសត្វ និងដំណាំស្រូវ។ ជាមធ្យមចំណូលដុលពីកសិកម្មបានធ្លាក់ចុះ៥៥% នៅចន្លោះខែមករា និងមេសា ចំណែក ប្រាក់ចំណេញបានធ្លាក់ចុះ៥៩%ក្នុងអំឡុងដូចគ្នា។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម អ្នក ស្រី តុង ចាន់ធាង ទទួលស្គាល់ថា ស្ថានភាពកសិករពិតជាមានការប្រែប្រួលទៅរកភាពដុនដាប ឬក្រលំបាកខ្លាំងជាងមុន ក្រោយពីមានវិបត្តិកូវីដ១៩។
អ្នកស្រីឲ្យដឹងថា ក្រុមការងារ អង្គការសេដាក ក៏បានសិក្សាពីផលប៉ះពាល់លើកសិករក្រោយមានការឆ្លងរាលដាលជំងឺកូវីដ១៩នេះដែរ ដោយពិនិត្យមើលចំណូលចំណាយ និងផលិតកម្មរបស់កសិករនៅតាមខេត្តជាគោលដៅចំនួន៥ ដូចជាខេត្ត តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងខេត្តកំពង់ចាមជាដើម ឃើញថា លទ្ធផលឃើញប្រហាក់ហែលនឹងអង្គការផ្សេងទៀតដែរ៖ «គឺប្រាក់ចំណូលថយចុះ តែចំណាយកើនឡើង មូលហេតុសំខាន់ៗនោះឃើញថា ផលិតផលរបស់គាត់មួយចំនួនធ្លាក់ចុះ ទីផ្សារត្រូវការតិចជាងមុនលក់បានថោក សមាជិកវិលមករស់ជុំវិញគ្នាវិញធ្វើឲ្យចំណាយច្រើនជាងចំណូល»។
អ្នកស្រីបន្តថា បើស្ថានភាពកូវីដនៅតែបន្ត គឺជាក្តីបារម្ភមួយធំទៅលើជីវភាពកសិករ ធ្វើឲ្យពួកគាត់ជួបការលំបាកកាន់តែខ្លាំងថែមទៀត ដោយបាត់បង់ចំណូល នឹងគ្មានប្រាក់សងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារឡើយ៖ «បើពន្យារពេលទៅឲ្យគាត់បានពេលបង្កបង្កើនផលអាចរកចំណូលបានជាការដោះបន្ទុកពួកគាត់ និងមានពេលសងទៅធនាគារ»។
ចំណែកសមាគមបណ្ដាញកសិករកម្ពុជា ក៏សង្កេតឃើញដូចគ្នានេះដែរ។ ប្រធានសមាគមនេះ លោក ថេង សាវឿន ប្រាប់អាស៊ីសេរីនូវមូលហេតុមួយចំនួនថា នៅពេលមានវិបត្តិកូវីដ ធ្វើឲ្យកសិករមិនបានធ្វើការពេញលេញ ផលដំណាំមួយចំនួនលក់ដូរបានទូលំទូលាយដូចពេលមុនៗឡើយ ជាពិសេសទីផ្សារក្រៅស្រុកត្រូវកកស្ទះមួយផ្នែកធំ៖ «ដូចនេះអ្វីដែលពួកគាត់លក់ដូរបាននោះ គឺទីផ្សារក្នុងស្រុក បើមិនមានការជួយសម្រួលដល់ពួកគាត់ទេ នឹងជួបបញ្ហាធ្ងន់ធ្ងរចំពោះជីវភាពរបស់កសិករ…»។
លោកបន្តថា ការធ្លាក់ចុះមួយផ្នែកទៀត ដោយសារតាមបណ្ដាខេត្តមួយចំនួនកសិករខ្វះបច្ចេកទេស គ្រាប់ពូជ និងប្រព័ន្ធស្រោចស្រពជាដើម។
ជាមួយគ្នានេះ លោក ថេង សាវឿនបានផ្តល់នូវមតិយោបល់មួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ដោយផ្នែកទៅខាងក្រុមកសិករផ្ទាល់ និងមួយផ្នែកទៀតជាភារកិច្ចរបស់រដ្ឋាភិបាល ឬក្រសួងកសិកម្មផ្ទាល់តែម្ដង។
សម្រាប់កសិករ លោកអំពាវនាវឲ្យក្រុមកសិករ ធ្វើការរួមគ្នាដោយចងក្រងជាសហគមន៍នៅតាមទីជនបទ ឬជាក្រុមផលិត ដើម្បីស្វែងរកការគាំទ្រផ្នែកទីផ្សារ បច្ចេកទេសនៃការដាំដុះ និងបញ្ហាផ្សេងៗទៀត។ ការអំពាវនាវយ៉ាងដូច្នេះ ដោយលោកមើលឃើញថា បើកសិករនៅតែធ្វើការដាច់ដោយឡែកពីគ្នា ឬជាលក្ខណៈគ្រួសារតូចៗនោះ នឹងមិនទទួលជោគជ័យឡើយ ហើយផលលំបាកនៅតែកើតមានឡើងជាបន្តបន្ទាប់។ ម្យ៉ាងស្ថាប័នរដ្ឋ ឬអង្គការម្ចាស់ជំនួយជាដើម គឺគេតែងតែគាំទ្រដល់សហគមន៍ ដែលជាក្រុមផលិតមានគោលដៅច្បាស់លាស់ និងមានកម្លាំងផលិតធំ មានផលិតផលអាចផ្គត់ផ្គង់ទីផ្សារបានឋិតថេរ។
ចំពោះសំណើទៅខាងរដ្ឋាភិបាលវិញ លោកសូមឲ្យជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងជួយអន្តរាគមន៍ទៅខាងធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ធ្វើយ៉ាងណាឲ្យកសិករទទួលបានប្រាក់កម្ចីការប្រាក់ទាប ដើម្បីយកធ្វើដើមទុនបង្កបង្កើនផល៖ «បើមិនមានការសម្រួលបែបនេះទេ កសិករនឹងមិនអាចដោះស្រាយការលំបាកបានទេ ហើយរដ្ឋគួរដាក់លុយបន្ថែមទៀតដើមជួយដល់អាជីវកម្មដល់កសិករ»។
អាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីក្រសួងកសិកម្ម ដើម្បីសុំការឆ្លើយតបនឹងរបាយការណ៍ស្តីពីការធ្លាក់ចុះចំណូលកសិករ និងផលិតកសិកម្ម និងសំណើរបស់សង្គមស៊ីវិលនោះបានទេនៅថ្ងៃទី១៣ វិច្ឆិកា។
ក្រុមហ៊ុនអង្គរស្រាវជ្រាវ និងអង្គការវេទិកាអនាគតបានឲ្យដឹងថា អនុក្រមនៃលទ្ធផលសង្ខេបទិន្នន័យជុំទី១ដែលសិក្សាពីផលប៉ះពាល់ លើកសិករក្រោយមានការឆ្លងរាលដាលជំងឺកូវីដ១៩នេះ គឺក្នុងគោលដៅផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងការធ្វើគោលនយោបាយ អភិវឌ្ឍពាក់ព័ន្ធនឹងវិស័យកសិកម្ម និងបញ្ហាផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។