សំណួរ​ចម្លើយ​ជុំវិញ​ដំណាំ​ដំឡូង​មី និង​ការ​ផលិត​ម្សៅ​មី

លោក សាន សុវិទ្យ សូម​លើក​យក​ប្រសាសន៍​លោក ឈឿន មុនី ទីប្រឹក្សា​ច្បាប់​របស់​ក្រុមហ៊ុន អេស.ប៊ី.អឹម.​-​ស៊ី.ជី. ដែល​ជា​រោងចក្រ​ផលិត​ម្សៅមី នៅ​ភូមិ​អូរល្វា ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​មិត្ត​អ្នក​ស្តាប់ ។

0:00 / 0:00

ក្នុង​ការ​ផ្សាយ​លើក​មុន​នាទី​កសិកម្ម​វិទ្យុ​អាស៊ីសេរី បាន​លើក​យក​សំណួរ​របស់​លោក​គ្រូ អួន ស៊ីឡឹប នៃ​វិទ្យាល័យ​ហ៊ុនសែន​-​បល្ល័ង្ក ខេត្ត​កំពង់ធំ ស្តីពី​ដំណាំ​ដំឡូង​មី ព្រមទាំង​ចម្លើយ​ទៅ​នឹង​សំណួរ​ទាំង​នោះ​ដោយ​លោក ឈឿន មុនី ទីប្រឹក្សា​ច្បាប់​របស់​ក្រុមហ៊ុន អេស.ប៊ី.អឹម.-ស៊ី.ជី. ដែល​ជា​រោងចក្រ​ផលិត​ម្សៅមី​នៅ​ភូមិ​អូរល្វា ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង មក​ជម្រាប ។

លោក​គ្រូ អួន ស៊ីឡឹប មាន​ប្រសាសន៍​ថា នៅ​កំពង់ធំ​កសិករ​ជា​ច្រើន​កំពុង​ងាក​មក​ដាំ​ដំឡូង​មី ហើយ​លោក​ចង់​ដឹង​ពី​ជំងឺ​ដែល​អាច​រំខាន​ដំណាំ​នេះ ៖ «ដំឡូង​ប្រភេទ​ហ្នឹង​តើ​ជំងឺ​ប្រឈម​មុខ​យ៉ាង​ម៉េច ? ព្រោះ​កសិករ​នៅ​កំពង់ធំ​ភាគ​ច្រើន អ្នក​ដែល​ដាំ​ស្វាយ​ចន្ទី ឥឡូវ​គេ​កាប់​ស្វាយ​ចន្ទី​អស់​ហើយ»

ចំពោះ​សំណួរ​ស្តីពី​ជំងឺ​ឬ​សត្វ​ល្អិត លោក ឈឿន មុនី ជម្រាប​ថា​ដំណាំ​នេះ​ពុំ​សូវ​មាន​ជំងឺ​តម្កាត់​សត្វ​ល្អិត​អ្វី​ទេ ៖ «ដូច​ជា​មិន​មាន​សត្វ​ល្អិត​អី​ទេ ព្រោះ​អី​ដំឡូង​វា​មាន​ជាតិ​ពុល​ខ្លះ​ហើយ សត្វ​អី​មិន​អាច​ទៅ​បេះ​បោច​វា​បាន​ទេ ដោយសារ​ថា វា​មាន​ជាតិ​ពុល​ហើយ​មិន​ដឹង​ទេ ព្រោះ​អី​ហូប​មិន​បាន​ផង​ឆៅ»

ស្តីពី​ការ​ដាក់​ជី លោក ឈឿន មុនី កត់សម្គាល់​ថា​ដី​នៅ​តំបន់​ជាយ​ដែន​នៅ​មាន​ជីជាតិ​ល្អ​មិន​បាច់​ដាក់​ជី​ទេ ៖ «ខាង​កំពង់ធំ​បាន​សួរ​មក​ថា តើ​ដី​ហ្នឹង​អាច​ប្រើ​ជី​ឬ​អត់ ? ដី​វា​ខុស​ខេត្ត​គ្នា ប៉ុន្តែ​ដោយឡែក​តំបន់​ខ្ញុំ គឺ​អត់​ដែល​ប្រើ​ជី​ទេៗ ហើយ​មិន​ដឹង​ថា ខាង​កំពង់ធំ ដី​សឹក​រិល​យ៉ាង​ម៉េច​ទេ ខ្ញុំ​មិន​ដឹង​ដែរ ពី​ព្រោះ​អី​ខាង​បាត់ដំបង ជួរ​ព្រំដែន​កម្ពុជា​-​ថៃ​យើង គឺ​ថា​មិន​ដែល​ប្រើ​ជី​ទេ គឺ​យើង​ដាំ​ដោយ​ធម្មជាតិ ។ ប៉ុន្តែ​វិធី​ការពារ ដើម្បី​ដំឡូង​លូត​លាស់​នោះ គឺ​ពី​ដើម​យើង​ត្រូវ​ការ​កម្មករ​ច្រើន​ណាស់ សម្រាប់​ទៅ​បោច​ស្មៅ​ទៅ​អីៗ​ហ្នឹង ប៉ុន្តែ​ឥឡូវ​ហ្នឹង​អត់​ទេ គឺ​ពិធី​ការពារ​ហ្នឹង​ប្រើ​ថ្នាំ ។ ដី​១០​ហិកតា​អាច​ប្រើ​តែ​មនុស្ស​ពីរ​នាក់​បាន​ហើយ សម្រាប់​តែ​បាញ់​ថ្នាំ​សម្លាប់​ស្មៅ បើសិន​ជា​យើង​មិន​សម្លាប់​ស្មៅ​ទេ ស្មៅ​ហ្នឹង​វា​ដុះ វា​រិត​ដំឡូង​មិន​អាច​ឡើង​បាន​ទេ គឺ​ថា​ត្រូវ​ថយ​ចុះ​គុណភាព ការ​ថែទាំ​ហ្នឹង​គឺ​ថា​មើល​ស្មៅ​ហ្នឹង​តែម្ដង ។ បើសិន​ជា​ចង់​ឲ្យ​អស់​លុយ​តិច​មាន​តែ ឧបមាថា​យើង​ដាំ​ហើយ​បាន​ប្រហែល​ជា ១០​ថ្ងៃ ឬ​ក៏​អី​អ៊ីចឹង​ទៅ យើង​ចាប់​ផ្ដើម​បាញ់​ស្មៅ ។ កាលណា​បាញ់​ទៅ​ស្មៅ​វា​អត់​ដុះ​ទាន់​ទេ ដំឡូង​កាលណា​វា​ដុះ​ប្រហែល​ជា ២​-​៣​តឹក​ជា​ដើម​ហើយ គឺ​ថា​លឿន​ណាស់»

ចំពោះ​ការ​ព្រួយ​បារម្ភ​ស្តីពី​ទីផ្សារ​លក់​ដំឡូង​និង​សំណួរ​អំពី​ចំនួន​រោងចក្រ​កិន​ម្សៅ​មី លោក​ទីប្រឹក្សា​រោងចក្រ​ម្សៅមី សំពៅលូន អធិប្បាយ​ដូច្នេះ ៖ «ជា​ទូទៅ​ហើយ សំបូរ​ណាស់​ទីផ្សារ មិន​ពិបាក​អី បារម្ភ​ដូច​ពី​មុន​ទេ ពី​មុន​យើង​ដាំ​បាន​ឲ្យ​ជ្រូក ក៏​ជ្រូក​មិន​ស៊ី​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​មិន​មែន​ដូច​អ៊ីចឹង​ទេ គឺ​ទី​ផ្សារ​ហ្នឹង​វា​ជា​ទី​ផ្សារ​សកល ។ សំណួរ​មួយ​ទៀត​សួរ​ថា រោងចក្រ​នីមួយៗ​តម្រូវ​ការ​ប៉ុន្មាន ? រោងចក្រ​នៅ​ស្រុក​ខ្មែរ​យើង​ឥឡូវ​ហ្នឹង នៅ​ខាង​កំពង់ចាម​ខ្ញុំ​មិន​ដឹង​ថា​ប៉ុន្មាន​ទេ ព្រោះ​ឯកឧត្ដម លោក​ឧកញ៉ា ណា ម៉ារាឌី​ហ្នឹង ដូច​ជា​មាន ២​-​៣​មិន​ដឹង​ទេ មិន​ច្បាស់​ទេ ប៉ុន្តែ​ខាង​បាត់ដំបង គឺ​មាន​តែ​រោងចក្រ​ខ្ញុំ​មួយ​ទេ ។ ប៉ុន្តែ​តម្រូវការ​រោងចក្រ​យើង​មិន​បាច់​គិត​ថា​ប៉ុន្មាន​តោន​អី​ទេ ព្រោះ​កិន​បាន​តែ ៤​ខែ​អស់​ដំឡូង​ទៅ​ហើយ ហើយ​បើសិន​ជា​កសិករ​យើង​លោក​ប្រឹងប្រែង លោក​គិត​ថា បាន​តម្លៃ​ច្រើន​លោក​ដាំ បើ​កិន​បាន​តែ ៨​ខែ​ហ្នឹង មិន​ដឹង​យក​លុយ​ទៅធ្វើ​អី​អស់​ទេ ។ អ៊ីចឹង​ទាំង​អ្នក​ដាំ ទាំង​អ្នក​កិន អាហ្នឹង​ខ្ញុំ​សូម​ជម្រាប​ទៅ​ចុះ ឥឡូវ​ហ្នឹង​នៅ​ខាង​បាត់ដំបង អ្នក​ដែល​ដាំដំឡូង​គាត់​មាន Luxes ជិះ​គ្រប​គ្នា​អស់​ហើយ ។ គាត់​មាន​ជាង​អ្នក​រោងចក្រ​ទៀត ព្រោះ​អី​វា​ឡើង​ថ្លៃ»

បាទ​ក្រៅពី​សំណួរ​របស់​លោក​គ្រូ​នៅ​កំពង់ធំ​ហើយ​ក៏​នៅ​មាន​លោក ឆម លីប៊ុនថេង ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ភ្នំ​ក្រវាញ មាន​ទីតាំង​នៅ​ភូមិ​កណ្តាល ឃុំ​ឫស្សី លើ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ប្រាថ្នា​ចង់​ឲ្យ​សហគមន៍​មាន​សមាជិក​ជាង​១០០​គ្រួសារ​របស់​លោក​ងាក​មក​ដាំ​ដំឡូង​មី ។

លោក ឆម លីប៊ុនថេង បាន​មាន​ប្រសាសន៍​ថា ៖ «សមាជិក​សហគមន៍​របស់​ខ្ញុំ​គាត់​ក្រោយ​ពី​បាន​ស្ដាប់​ប្រសាសន៍​លោក​ប្រធាន ក្រុមហ៊ុន​សំពៅ​លូនហ្នឹង ហើយ​គាត់​មាន​ការ​ចាប់​អារម្មណ៍ ចង់​ដាំ​ដំឡូង​ដែរ ហើយ​អាស៊ីសេរី​ថា ទីផ្សារ​ដំឡូង​កំពុង​តែ​ត្រូវ​ប៉ាន់ ហើយ​សហគមន៍​ខ្ញុំ​មាន​ដី​ប្រមាណ​ជា ៣០០​ហិកតា»

លោក ឈឿន មុន្នី ឆ្លើយ​តប​ទៅ​នឹង​សំណួរ លោក លី ប៊ុនថេង ដូច្នេះ ៖ «និយាយ​តាម​វិទ្យុ​តាម​អី​ហ្នឹង គ្រាន់​តែ​ជា​ដំណឹង​ទេ ប៉ុន្តែ​ការ​ពិស្ដារ​នោះ លោក​គួរ​តែ​ស្កាត់​ជួប​ក្រុមហ៊ុន​ទៅ ព្រោះ​អី​ពី​ហ្នឹង​មក​ដូច​ជា​មិន​ឆ្ងាយ​ទេ ។ ឥឡូវ​ខាង​ពោធិ៍សាត់​យើង មាន​ផ្លូវ​ពី​កោះកុង​ហ្នឹង​មក​ស្រុក​វាលវែង ឥឡូវ​ហ្នឹង​រដ្ឋាភិបាល​កំពុងតែ​ធ្វើ​ផ្លូវ​ហើយ​ល្អ​អស់​ហើយ ដូច​ជា​មិន​មាន​អី​ឲ្យ​ពិបាក​សម្រាប់​យើង​ទាក់ទង​ទេ ។ ហើយ​លោក​សួរ​ពី​រឿង​ដី​អី ដូច​ខ្ញុំ​ជម្រាប​មិញ​ខាង​កំពង់ធំ​ដូច​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ ហើយ​ខ្ញុំ​ក៏​មិន​អាច​ជម្រាប​បាន​ដែរ ។ លោក​ប្រាកដ​ជា​ដាំ​បាន​ទាល់​តែ​មាន​លក្ខខណ្ឌ​ប៉ុន្មាន​យ៉ាង​ដូច​ខ្ញុំ​ជម្រាប​ខាង​កំពង់ធំ​អម្បាញ់មិញ​អ៊ីចឹង ថា ទី​មួយ​យ៉ាង​ហោច​ណាស់​ដី​ហ្នឹង​ត្រូវ​តែ​មាន​ល្បាយ​ខ្សាច់ ឬ​ក៏​អាចម៍​ដី​ក្រហម​ដូច​នៅ​ខាង​កំពង់ចាម ហើយ​ដី គេ​ហៅ​ថា​ដី​មមៀល​ក្រូច កាលណា​ដី​មាន​ដក់​ទឹក​ដក់​អី​លោក​មិន​អាច​ដាំ​បាន​ទេ ឬ​ក៏​ដី​ហ្នឹង​មាន​ជាតិ​ថ្ម​ច្រើន​ក៏​លោក​មិន​អាច​ដាំ​បាន​ដែរ ។ សហគមន៍​ខេត្ត​ណា​ក៏​ដោយ ឲ្យ​តែមាន​បំណង​ចង់​មក​រៀន​សូត្រ​ខាង​សំពៅលូន ខ្ញុំ​នឹង​ឲ្យ​បុគ្គលិក​ខ្ញុំ​ជូន​អស់​លោក ដោយ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​កម្រៃ​គិត​អី​ទេ ហើយ​អាច​ជួយ​ជា​វិភាគទាន ដូចជា​បាយ​ទឹក​នៅ​ក្នុង​រោងចក្រ​ហ្នឹង អាច​ជួយ​ដើម្បី​ឲ្យ​បាន​ប្រយោជន៍​ហ្នឹង​ពាំនាំ​ទៅ​មូលដ្ឋាន​របស់​អស់​លោក​វិញ ។ លោក​អាច​អញ្ជើញ​មក​ថ្ងៃ​ណា​ក៏បាន​ដែរ យើង​ស្វាគមន៍​ព្រោះ​អី​ឥឡូវ​ហ្នឹង​យើង​កំពុង​តែ​ដាំ ។ ហើយ​ឆ្នាំង​នេះ​នៅ​ខាង​បាត់ដំបង ចាប់​ពី​ម៉ាឡៃ មក​សំពៅលូន ភ្នំព្រឹក្ស កំរៀង ហ្នឹង​គឺ​ដាំ​ច្រើន​មែនទែន ៩០% ហើយ​ដាំ​ដំណាំ​អី​ផ្សេងៗ​តែ ១០% ទេ ។ ហើយ​ទី​ផ្សារ​ខាង​ខ្មែរ​យើង​ដែល​លោក​រស់​នៅ កាណាដា​នោះ​ក៏​មក​ទាក់ទង​ជាមួយ​ខ្ញុំ​ដែរ មក​ដាក់​ភាគហ៊ុន​អី​ដើម្បី​វិនិយោគ​លើ​វិស័យ​ដំឡូង​មី​នេះ ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា កសិករ​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​ក្នុង​ការ​ដាំ ។ ការ​ដែល​ជឿ​គេ​ពេក​ក៏​មិន​ជា​ការ​ល្អ​អី​ប៉ុន្មាន​ដែរ ទាល់​តែយើង​បាន​ឃើញ​ខ្លួន​យើង​សិន មក​មើល​សិន​ទៅ មក​រោង​ចក្រ​ខ្ញុំ»