ខណៈដែលតម្លៃអង្ករលើផ្សារអន្តរជាតិកំពុងហក់ឡើងខ្ពស់១ជា២ជា៣ដូចសព្វថ្ងៃនេះ នាទីកសិកម្មវិទ្យុអាស៊ីសេរី ចង់ឃើញកសិករខ្មែរសម្រុកដាំស្រូវពូជល្អៗដើម្បីនាំចេញទៅលក់បរទេសយករូបិយប័ណ្ណខ្លាំងទុកក្នុងឃ្លាំង ។
ក្នុងពេលជាមួយគ្នានេះដែរដំឡូងមីក៏នៅតែជាដំណាំដែលមានសក្តានុពលខ្ពស់ គួរដល់ការយកចិត្តទុកដាក់ដដែល ។ ថ្ងៃនេះខ្ញុំសុំស្លេះរឿងដំណាំស្វាយ សូមលើកយកបញ្ហាដាំដំឡូងមីមកជជែកម្តងទៀត ទាំងដែលធ្លាប់រៀបរាប់ច្រើនលើកច្រើនសាណាស់មកហើយ ទាំងនេះព្រោះតែនៅបន្តមានសំណួរពីមិត្តអ្នកស្តាប់ដែលពុំមានលទ្ធភាពប្រើប្រព័ន្ធអ៊ិនថ័រណិត ។
សម្រាប់បងប្អូនមិត្តអ្នកស្តាប់ដែលមានកុំព្យូទ័របើប្រាថ្នាចង់ជ្រាបព័ត៌មានស្តីពីការដាំដុះ ឬក៏ទីផ្សារដំឡូងមីនោះ លោកអ្នកអាចស្វែងរកព័ត៌មានចាស់ក្នុងទំព័រវ៉ឹបសៃថ៍របស់វិទ្យុអាស៊ីសេរីបាន ។ តែចំពោះបងប្អូនដែលស្តាប់វិទ្យុមិនថា ប៉ុស្តិ៍អេហ្វ.អឹម. ឬស្ហតវេប បើចង់ស្តាប់រឿងអ្វីមួយឡើងវិញក៏ជាការលំបាកពុំអាចរីផ្លេយឬរាវរកបើកឡើងវិញបានតាមចិត្តប្រាថ្នាឡើយ ។
ដូច្នេះខ្ញុំសុំអនុញ្ញាតលើកយករឿងដំឡូងមីមកជម្រាបជាការឆ្លើយតបទៅនឹងសំណួររបស់មិត្តអ្នកស្តាប់ពីខេត្តកំពង់ធំនិងខេត្តកោះកុង ។
លោកគ្រូ អួន ស៊ីឡឹប នៃវិទ្យាល័យហ៊ុនសែន-បល្ល័ង្កខេត្តកំពង់ធំ បានសាកសួរមកដូច្នេះ ៖ «ខ្ញុំបានចាប់អារម្មណ៍ចំពោះការដាំដំឡូងមី ខ្ញុំចង់ឲ្យខាងបងជួយរបៀបដាំដំឡូងមី នៅស្រុកខ្ញុំគេហៅដំឡូងគអាហ្នឹង ។ ខ្ញុំកំពុងតែកាប់ចម្ការចោល ចម្ការស្វាយចន្ទី ខ្ញុំឮថាកន្លងមកខាងយើងហ្នឹងគេដឹកលក់សម្បើមណាស់ដំឡូងហ្នឹង ហើយមានផលច្រើន តែពួកខ្ញុំអត់ដឹងថា តើរបៀបដាំយ៉ាងម៉េច?» ។
យើងខ្ញុំបានសុំលោក ឈឿន មុនី ទីប្រឹក្សាច្បាប់របស់ក្រុមហ៊ុនអេស.ប៊ី.អឹម.-ស៊ី.ជី. ដែលជារោងចក្រផលិតម្សៅមី នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងមកឆ្លើយតបព្រោះលោកមានបទពិសោធន៍ស្តីពីការដាំដំឡូងមីជាច្រើនឆ្នាំមកហើយ ។
ជាបឋមលោក ឈឿន មុនី បញ្ជាក់ថាដំឡូងមីមិនមែនដំឡូងគ ៖ «លោកអម្បាញ់មិញបានសួរពីខាងកំពង់ធំហ្នឹង គឺថាលោកសួរទី១ សួរថារបៀបដាំយ៉ាងម៉េច ? ជម្រាបលោកវិញដែរថា ការដែលដាំដំឡូងមីបច្ចុប្បន្ននេះមិនមែនយើងដាំដំឡូងប្រភេទ ចាស់បុរាណថាដំឡូងគនោះ គឺយើងអត់ដាំទេ គឺពូជដំឡូងមីនេះ មកពីស្រុកថៃ ពីម៉ាឡេស៊ី ឥណ្ឌូណេស៊ី មកពីវៀតណាម ។ ពូជទាំងអស់ហ្នឹងហើយ ដែលយើងទិញពីគេមក» ។
លោកគ្រូ អួន ស៊ីឡឹប ពីខេត្តកំពង់ធំ មានសំណួរមួយទៀត ៖ «មួយទៀតគឺប្រភេទដី ។ ប្រភេទដី ពួកខ្ញុំមានដីខ្សាច់ស ខ្សាច់ខ្មៅ និងដីក្រហម តើដីប្រភេទមួយណាដែលផ្ដល់ទិន្នផលច្រើន?» ។
លោក ឈឿន មុនី នៃរោងចក្រម្សៅមីនៅសំពៅលូនឆ្លើយតបដូច្នេះ ៖ «បើតាមខ្ញុំធ្លាប់ពិសោធន៍ដីខ្សាច់សហ្នឹងដូចជាដាំមិនបានទេ ប៉ុន្តែខ្ញុំមិនដែលពិសោធទៅខាងកំពង់ធំដែរ ខ្ញុំដាំតែខាងបាត់ដំបង ហើយខាងបាត់ដំបងនេះមានតែដីល្បាយខ្សាច់ និងដីក្រហម ។ ដីពីរប្រភេទហ្នឹងនៅខាងបាត់ដំបងយើងខ្ញុំហ្នឹងគឺថា យើងដាំបានមួយហិកតារហូតទៅដល់ ៤០តោន ទៅដល់៥០តោនឯណោះ ក្នុងមួយហិកតា» ។
ក្រៅពីនេះដីល្អសម្រាប់ដាំដំឡូងមីគឺជាដីមិនលិចទឹក ៖ «ដីទួលល្មមៗ ឬគេហៅថា ដីមមៀលក្រូច ។ ដីមមៀលក្រូចហ្នឹងអាចដាំបានហើយ លើកលែងតែដីហ្នឹងមានដក់ទឹក ដក់អីយើងមិនអាចដាំបានទេ ព្រោះអីការដែលយើងដាំទៅវារលួយមើមអស់ វាមិនអាចទទួលផលបានទៅតាមសេចក្ដីត្រូវការ» ។
ម្តងនេះលោក ឈឿន មុនី សូមអធិប្បាយពីវិធីដាំដំឡូងមីដែលកសិករនៅខាងបាត់ដំបងក្នុងតំបន់ជាប់ព្រំដែនខ្មែរ-ថៃ គេនិយមប្រើម៉ាស៊ីនជំនួសការប្រើដៃ ៖ «ដំបូងគេភ្ជូរដី គេហាលដីសិន គេហាលប្រហែលជាមួយអាទិត្យទៅ រួចហើយបើអាចទុកបាន ១០ថ្ងៃ ឬកន្លះខែកាន់តែល្អដីហាលហ្នឹង ។ រួចហើយគេទៅភ្ជួរពូនរង ព្រោះនៅខាងបាត់ដំបងឥឡូវហ្នឹងគេមិនប្រើដៃទេ គេប្រើម៉ាស៊ីនទាំងអស់ គេប្រើម៉ាស៊ីនភ្ជួរពូនរងវិញ ប្រហែលជា ៨តឹក គម្លាតពីគ្នាប្រហែលជា ៨តឹក ក្នុងជួររងនីមួយៗហ្នឹង រួចទៅគេកាប់ដើមដំឡូងមីស្រស់ហ្នឹង គេកាប់ឲ្យត្រង់មិនបញ្ឆិតទេ ហើយគេកាប់ប្រហែលជា ៣តឹក អ្នកខ្លះគេអាចកាត់ដល់ ៣-៥តឹកទៀត អ្នកដែលគេសំបូរពូជនោះ តែអ្នកមិនសូវសំបូរពូជនោះ គេកាប់ប្រហែលជា ៣តឹក ។ អ៊ីចឹងគេយកទៅដោតចំរងដែលពូនហើយហ្នឹង ចំកណ្ដាលទៅ រួចគម្លាតគ្នាហ្នឹងក៏ប្រហែលជា ៤-៥តឹកក្នុងមួយគុម្ព អ៊ីចឹងមួយហិកតាដីហ្នឹង គេអាចដាំបាន ១ម៉ឺន៦ពាន់គុម្ព ហើយ១ម៉ឺន ៦ពាន់គុម្ពហ្នឹង ផលិតផលគេគិតមធ្យមតែ ៣គីឡូទេក្នុងមួយគុម្ព ។ អ៊ីចឹងយើងគិតឃើញថាអាចបានដល់ទៅ ៣០-៤០តោនឯណោះក្នុងមួយហិកតាដី» ។
លោក ឈឿន មុនី តឿនថាមុននឹងចាប់ផ្តើមដាំដំឡូងមី គួរសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ជាពិសេសគួរតែអញ្ជើញទៅមើលចម្ការដំឡូងនិងរោងចក្រកិនដំឡូងឲ្យបានច្បាស់លាស់សិន ៖ «មុននឹងដាំទី១ គឺថាស្វែងរកប្រភពដើម ទីពីរសិក្សាអំពីដី ហើយទី៣ គឺថាត្រូវមើលមែនទែន ។ ជួនណាយើងដាំទៅ គេតម្រូវឲ្យយើងដាំខែ ៤ យើងដាំពីខែ២ អត់មានភ្លៀងអីទៅ ។ បើនៅខាងស្រុកថៃ ខាងម៉ាឡេស៊ីហ្នឹងគេស្រោចទឹក គេយកកំសៀវហ្នឹងទៅស្រោចទឹក មួយគុម្ពមួយច្រូចៗ ដល់ពេលវាដុះបានឈប់ស្រោច ។ តែនៅស្រុកយើងដូចជាមិនបានស្រោចបានអីទេ គឺថាពឹងផ្អែកទៅលើធម្មជាតិ គឺថាលើភ្លៀងលើអីហ្នឹងហើយ ។ ហើយក្រែងលោបងប្អូនឮសូរបានផលច្រើន ចេះតែនាំគ្នាទៅដាំ វាខុសរដូវខុសអីគេក៏មិនកើតដែរ ។ ហើយដំឡូងមី ដែលពួកខ្ញុំដាំរាល់ថ្ងៃនេះ គឺថាចាប់ពី៦ខែទៅ បានយើងអាចទទួលផលបាន គិតចាប់ពីថ្ងៃដោតដល់ដី ចាប់ពី៦ខែឡើងទៅ បានមានម្សៅមានគុណភាពបានអាចទទួលយកបាន» ៕