វិធីទុកដាក់ស្រូវឲ្យបានល្អក្រោយពេលច្រូតកាត់
2016.12.18
ខណៈរដូវប្រមូលផលស្រូវរបស់កសិករចូលមកដល់ អង្គការផ្នែកកសិកម្ម បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ ទុកដាក់ស្រូវឲ្យបានល្អក្រោយពេលច្រូតកាត់។ ហេតុអ្វីបានជាអង្គការផ្នែកកសិកម្ម ចង់ឲ្យកសិកររក្សាទុកដាក់ស្រូវឲ្យបានល្អ? តើរបៀបទុកដាក់ស្រូវក្រោយពេលច្រូតកាត់មានអ្វីខ្លះ?
អ្នកជំនាញកសិកម្ម និងកសិករដែលមានបទពិសោធន៍ជោគជ័យក្នុងវិស័យកសិកម្ម ចាត់ទុកការថែរក្សាគ្រាប់ស្រូវឲ្យល្អ គឺជារឿងចាំបាច់ ដើម្បីថែរក្សាបរិមាណ និងគុណភាពគ្រាប់ឲ្យបានយូរទាំងការបរិភោគ និងលក់ចេញបានតម្លៃថ្លៃ។
ដោយសម្លឹងឃើញពីសារសំខាន់នៃការរក្សាទុកដាក់ស្រូវ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោក សម វិទូ បានប្រាប់វិទ្យុអាស៊ីសេរីថា កន្លងមកមានកសិករមួយចំនួននៅមានភាពខ្វះចន្លោះ មិនទាន់បានគិតគូរយកចិត្តទុកដាក់ស្រូវក្រោយពេលច្រូតកាត់ឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមខ្លួនជាស្រេចនារដូវវស្សាឆ្នាំក្រោយនៅឡើយទេ។ លោកថា នៅពេលកសិករទុកដាក់គ្រាប់ស្រូវមិនបានត្រឹមត្រូវ ដោយចេតនា ឬអចេតនាក្តី វានឹងនាំឲ្យប្រឈមនឹងទទួលបានពូជស្រូវមិនសុទ្ធ និងងាយស្រួលឲ្យឈ្មួញបន្ទាបតម្លៃស្រូវ៖ «ប្រសិនបើពូជដែលកសិករទុកដាក់មិនសុទ្ធល្អ មានន័យថា គាត់ចង់ទុកស្រូវផ្ការំដួល ឬផ្កាម្លិះ ប៉ុន្តែបើគាត់ទុកមិនសុទ្ធល្អ យើងរកឃើញថា ពូជរបស់គាត់អាចមិនសុទ្ធរហូតជិតដល់ ១០ភាគរយ ហើយជាទូទៅបើពូជមិនសុទ្ធ ២ ទៅ ៣ភាគរយដែលយើងឃើញមាន គឺមិនល្អផង បញ្ហានេះកំពុងជំរុញឲ្យស្រូវគាត់លក់បានថោក»។
លោកបន្តថា នៅប្រទេសកម្ពុជា មានអ្នកចិញ្ចឹមជីវិតដោយមានមុខងារជាអ្នកធ្វើស្រែជាង ១លានគ្រួសារ។ លោកថា គោលបំណងរបស់អ្នកធ្វើស្រែ គឺធ្វើយ៉ាងណាបានផលស្រូវច្រើន និងលក់ស្រូវបានថ្លៃ។ លោកបានណែនាំថា ដើម្បីសម្រេចនូវគោលបំណង កសិករចាំបាច់ត្រូវជ្រើសរើសកន្លែងណាដែលស្រូវលូតលាស់ល្អសម្រាប់ច្រូតទុកជាពូជ រើសយកកួរមិនសុទ្ធល្អ និងកួរខ្លីចេញ ដោយសម្រាំងទុកតែកួរដែលវែង ហើយសុទ្ធល្អ ត្រូវប្រឡេះយកស្មែងស្រូវខាងលើ និងស្មែងខាងក្រោមចេញ ដោយទុកតែស្មែងកណ្ដាល។
ក្រោយមក ត្រូវយកកួរស្រូវដែលរើសបានមកប្រឡេះ ឬបែននឹងជើង ដើម្បីយកគ្រាប់ទុកជាពូជ ហើយយកល្អមែនទែន កសិករគួរប្រឡេះដោយដៃ ហើយជៀសវាងការបោកដោយដៃ និងការបោកដោយម៉ាស៊ីន។ លោកបន្តថា បន្ទាប់មកត្រូវយកគ្រាប់ពូជស្រូវហាលឲ្យស្ងួត ហើយរក្សាទុកឲ្យបានល្អ តែគួរឧស្សាហ៍យកវាចេញមកហាល ដើម្បីរក្សានូវភាពស្ងួតឲ្យបានល្អ។
ប្រធានអង្គការសេដាករូបនេះបញ្ជាក់ថា ប្រសិនបើកសិករអនុវត្តការទុកដាក់ស្រូវបានល្អក្រោយច្រូតកាត់ វាមិនត្រឹមតែបង្កើនចំណូលគ្រួសារប៉ុណ្ណោះទេ កសិករនឹងចំណេញទិន្នផលស្រូវចាប់ពី ២០% សម្រាប់ការដាំដុះនៅរដូវក្រោយ៖ «កាលណាយើងផលិតសម្រាប់ទីផ្សារ យើងគួរតែផលិតដោយសម្រិតសម្រាំង តែភាគច្រើនយើងឃើញកសិករកម្ពុជា ផលិតសម្រាប់ទីផ្សារ និងទុកហូប គាត់ធ្វើដូចគ្នា។ ចឹងហើយទីផ្សារភាគច្រើនគេត្រូវការតែស្រូវណាសុទ្ធល្អប៉ុណ្ណោះ»។
ទន្ទឹមគ្នានេះ ឯកសារណែនាំរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CADI) ស្ដីពីការទុកដាក់ស្រូវ ឲ្យដឹងថា គ្រាប់ស្រូវអាចខូចខាតបរិមាណ និងគុណភាព បើសិនយើងមិនយកចិត្តទុកដាក់លើបរិក្ខារ និងប្រព័ន្ធទុកដាក់នោះទេ។ ជាទូទៅ ចំពោះស្រូវចំណី គួរតែទុកដាក់ក្នុងទម្រង់ជាគ្រាប់ស្រូវប្រសើរជាងអង្ករ ដោយសារសម្បកស្រូវ (អង្កាម) អាចការពារប្រឆាំងពីការបំផ្លាញរបស់សត្វល្អិត និងជួយការពារពីការខូចគុណភាព។
ឯកសារដដែលឲ្យដឹងថា ការទុកដាក់ស្រូវមាន ២ប្រភេទ គឺការទុកដាក់ស្រូវបិទជិត និងការទុកដាក់ស្រូវដោយចំហ។
១. តើការទុកដាក់ស្រូវដោយបិទជិតមានលក្ខណៈដូចម្តេច?
ប្រព័ន្ធទុកដាក់បិទជិតដែលមានដូចជា ធុងជ័រ ដែក ឬច្រកក្នុងស្បោងប្លាស្ទិកដោយបិទមាត់ជិត វិធីនេះអាចកាត់បន្ថយការបាត់បង់បរិមាណ និងគុណភាពស្រូវ ជួយថែរក្សាអត្រាសំណើមដើមរបស់គ្រាប់ស្រូវមិនឲ្យប្រែប្រួល ជួយទប់ស្កាត់ការបំផ្លាញពីសត្វល្អិតចង្រៃដោយមិនប្រើថ្នាំគីមី តាមរយៈការថយចុះនូវកម្រិតអុកស៊ីសែនរហូត ១០% ដល់ ១៥% រក្សាដំណុះគ្រាប់ពូជឲ្យនៅខ្ពស់រហូតដល់ ៨ ទៅ ១០ខែ (ចំនួននេះខ្ពស់ជាង ១៩ភាគរយធៀបនឹងការទុកដាក់ធម្មតា)។ ជារួម ការទុកដាក់របៀបនេះ ក៏អាចរក្សាគុណភាព ពិសេសពណ៌ ក្លិន និងរសជាតិពេលចម្អិន។
២. តើការទុកដាក់ស្រូវដោយចំហអាចកើតមានអ្វីខ្លះ?
ឯកសារដដែលបញ្ជាក់ថា ការទុកដាក់របៀបនេះ បើកសិករទុកដាក់ស្រូវក្នុងជង្រុកមិនសមស្រប មិនមានប្រព័ន្ធការពារពីសត្វកកេរ និងសត្វស្លាប ឬបាំងការពារទឹកភ្លៀងនោះទេ សំណើមគ្រាប់ស្រូវអាចមានការប្រែប្រួលឡើងចុះ អាស្រ័យសំណើមបរិយាកាស ធ្វើឲ្យកើតមានផ្សិត និងសត្វល្អិតចង្រៃ ពិសេសប្រភេទខ្មូត ដែលជាហេតុបង្កឲ្យខូចគុណភាពគ្រាប់ ជាពិសេសដំណុះគ្រាប់ពូជ និងថយចុះយ៉ាងឆាប់រហ័ស។ ជាងនេះទៀត វិធីនេះនឹងថយចុះអត្រាអង្ករដើមតិចជាង ១០ភាគរយ បើធៀបនឹងទុកដាក់បិទជិត ហើយគ្រាប់អង្ករមានពណ៌ស្អាប់ ក្លិនមិនល្អ និងបាត់រសជាតិ។
បន្ថែមពីនេះ ការទុកដាក់បែបនេះ អាចទទួលរងនូវកត្តាចង្រៃផ្សេងៗទៀតដូចជា លាមកសត្វ ទឹកនោម និងរោមសត្វដែលអាចបង្កជាមេរោគសម្រាប់អ្នកប្រើប្រាស់។
ឯកសារណែនាំរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បញ្ជាក់ថា ក្នុងអំឡុងពេលទុកដាក់ គឺជាការសំខាន់ ត្រូវធានាថាមិនត្រូវទុកឲ្យត្រូវទឹកភ្លៀង និងត្រូវដាក់សំណាញ់ជុំវិញការពារកណ្ដុរ និងសត្វស្លាប កែសម្រួលជើងជង្រុក ត្រួតពិនិត្យ និងការពារកុំឲ្យពពួកសត្វល្អិតកើតមានក្នុងពេលទុកដាក់។
ទាក់ទិនការទុកដាក់ស្រូវក្រោយច្រូតកាត់នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវកុំឲ្យកសិករលក់ស្រូវទាំងសើម។ លោក ហ៊ុន សែន អះអាងថា ទិន្នផលស្រូវរបស់កសិករនឹងបន្តធ្លាក់ចុះ និងទទួលបានតម្លៃថោក ហើយឈ្មួញកណ្ដាលនឹងបន្តទម្លាក់តម្លៃថែមទៀត ប្រសិនបើកសិករប្រញាប់លក់ស្រូវទាំងសើម។
លោក ហ៊ុន សែន ក៏បានជំរុញឲ្យកសិករអត់ធ្មត់ដោយរក្សាស្រូវទុកមួយរយៈ និងខិតខំធ្វើយ៉ាងណាឲ្យស្រូវមានគុណភាពល្អ ដើម្បីទុកលក់ពេលស្រូវឡើងថ្លៃ ទើបទទួលបានផលចំណេញច្រើន។
ករណីនេះ អ្នកជំនាញកសិកម្ម ជំរុញឲ្យរដ្ឋាភិបាលគួរបញ្ជូនអ្នកជំនាញទៅជួយផ្តល់បច្ចេកទេសពីការទុកដាក់ស្រូវដល់ប្រជាកសិករក្រោយពេលច្រូតកាត់ ដើម្បីផលចំណេញដល់សេដ្ឋកិច្ច ជួយរក្សាកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា ជួយលើកទឹកចិត្តកសិករឡើងវិញ ពិសេសរួមចំណែកសំខាន់ឈានទៅកាត់បន្ថយការចំណាកស្រុករបស់ប្រជាកសិករនៅជនបទផងដែរ៕