ជំងឺគាំងបេះដូង
2013.03.28
ជំងឺស្ទះសរសៃឈាមបេះដូង គឺជាជំងឺមួយដែលអាចបណ្ដាលឱ្យអ្នកជំងឺស្លាប់ភ្លាមៗ ព្រោះតែបេះដូងគាំង។ អ្នកជំនាញខាងបេះដូង ឱ្យដឹងថា មានមនុស្សរាប់លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
តើជំងឺនេះមានស្ថានភាពយ៉ាងណាខ្លះ?
ជំងឺគាំងបេះដូង ត្រូវបានគ្រូពេទ្យចាត់ទុកថា ជាឃាតកកំពូលសម្លាប់មនុស្សនៅលើពិភពលោកជារៀងរាល់ថ្ងៃ។
គ្រូពេទ្យជំនាញវះកាត់បេះដូងនៃមន្ទីរពេទ្យ តាន់ តុក សេង នៅប្រទេសសិង្ហបុរី គឺលោកវេជ្ជបណ្ឌិត អេឌ្រៀន វីសេងវែ (Adrian Ooi Seng Wae) បង្ហាញតួលេខថា ក្នុងចំណោមជំងឺ ១០មុខដែលសម្លាប់មនុស្សច្រើនជាងគេបំផុតនៅលើពិភពលោក ហើយឈរនៅលំដាប់ទីមួយ គឺជំងឺសរសៃឈាមបេះដូង។ លោកវេជ្ជបណ្ឌិត អេឌ្រៀន បង្ហាញថា ករណីស្លាប់ដោយសារជំងឺសរសៃឈាម និងបេះដូង នៅក្នុងសកលលោកក្នុងមួយឆ្នាំៗមានចំនួន ៧លាន ២សែននាក់។ លោកវេជ្ជបណ្ឌិត ថ្លែងបន្តថា ការដែលពលរដ្ឋឆាប់ស្លាប់ច្រើននៅក្នុងវ័យចន្លោះ ៤០ ទៅ ៥០ឆ្នាំ ដោយមិនបានដល់អាយុ ៧០ឆ្នាំ នឹងនាំឱ្យប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេស។
មូលហេតុ៖
ចំពោះមូលហេតុដែលនាំឱ្យមានបញ្ហាគាំងបេះដូង ត្រូវបានលោកវេជ្ជបណ្ឌិត អេឌ្រៀន វីសេងវែ បញ្ជាក់ថា បណ្ដាលមកពីសរសៃឈាមរបស់បេះដូងស្ទះ ដោយសារខ្លាញ់កក។ ម្យ៉ាង ដោយសារអ្នកជំងឺមិនបានយល់ដឹងអំពីការថែទាំសុខភាព និងបញ្ហាបេះដូងរបស់ខ្លួនឯង ហើយមិនបានទៅពិគ្រោះជាមួយគ្រូពេទ្យ។ ដូច្នេះ នៅពេលណាបញ្ហាបេះដូងកើតឡើងធ្ងន់ធ្ងរ អាចបណ្ដាលឱ្យស្លាប់ភ្លាម។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា មានកត្តាមួយចំនួនទៀតដែរ ដែលនាំឱ្យមានបញ្ហាដល់សរសៃឈាមបេះដូង។ កត្តាសំខាន់មួយ គឺរបបអាហារ ដែលយើងទទួលទានមិនបានត្រឹមត្រូវ។
ទាក់ទងនឹងរបបអាហារទទួលទាននេះដែរ លោកវេជ្ជបណ្ឌិត អេឌ្រៀន ពន្យល់ថា កាលណាយើងទទួលទានច្រើន ជក់បារី ហើយមិនបានហាត់ប្រាណ យើងនឹងមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ហើយជាតិខ្លាញ់កូលេស្ទើរ៉ល (Cholesterol) កកស្ទះនៅក្នុងសរសៃឈាម។
ករណីគាំងបេះដូងខ្លះ មានភ័ព្វវាសនាអាចនៅរស់បាន ប៉ុន្តែបើគ្មានភ័ព្វទេ នឹងស្លាប់។
តើរោគសញ្ញា និងអាការៈនៃជំងឺគាំងបេះដូងមានដូចម្ដេចខ្លះ?
លោកវេជ្ជបណ្ឌិត អេឌ្រៀន មានប្រសាសន៍ថា មានរោគសញ្ញា និងអាការៈសំខាន់ៗមួយចំនួន ដែលមានជាអាទិ៍ គឺចុកក្នុងទ្រូង។ ក្រៅពីនេះ គឺឈឺនៅក ស្មា ឬក៏ខ្នង។ លោកវេជ្ជបណ្ឌិតណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរោគសញ្ញា និងអាការៈឈឺទាំងនេះ ដែលកើតមានលើមនុស្សប្រឈមនឹងជំងឺបេះដូងមួយចំនួន។
ការព្យាបាល៖
រីឯការព្យាបាលវិញ លោកវេជ្ជបណ្ឌិត អេឌ្រៀន ពន្យល់ថា គ្រូពេទ្យនឹងព្យាបាលអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង ដោយវិធីប្រើថ្នាំ ការដាក់ឧបករណ៍សុង និងការវះកាត់។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា នៅក្នុងករណីស្ទះសរសៃឈាមបេះដូងប្រមាណ ១០% ទៀត ដែលមានខ្លាញ់កកធ្ងន់ធ្ងរ ហើយថ្នាំមិនអាចជួយបាន គឺប្រើវិធីដាក់ឧបករណ៍សុង។
លោកវេជ្ជបណ្ឌិតរំឭកថា អ្នកដែលមានជំងឺសរសៃឈាមបេះដូងយូរមកហើយ ហើយមិនបានទៅជួបគ្រូពេទ្យ មិនគ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ មិនបានគ្រប់គ្រងកម្រិតជាតិខ្លាញ់ កូលេស្ទើរ៉ល ឱ្យបានត្រឹមត្រូវ ហើយមិនឈប់ជក់បារី អ្នកនោះនឹងមានជំងឺបេះដូងធ្ងន់ធ្ងរ។
វិធីបង្ការ៖
លោកវេជ្ជបណ្ឌិតណែនាំថា ដើម្បីបង្ការ ឬកាត់បន្ថយឱកាសកុំឱ្យមានជំងឺគាំងបេះដូង មនុស្សម្នាក់ៗគប្បីហាត់ប្រាណជាប្រចាំ និងទទួលទានអាហារឱ្យបានត្រឹមត្រូវ៖ «កុំទទួលទានច្រើនពេក។ ទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន។ កុំទទួលទានប្រៃ ស្ករ ឬខ្លាញ់ច្រើនពេក។ ត្រូវរក្សាទម្ងន់ខ្លួនឱ្យសមស្របនឹងខ្លួនយើង កុំឱ្យលើសទម្ងន់»។
ប្រសិនបើយើងមិនបានអនុវត្តតាមការណែនាំនេះទេ ហើយមានអាការៈ ឬរោគសញ្ញាចុកក្នុងទ្រូង ពិបាកដកដង្ហើម ឬឈឺនៅក ថ្គាម ស្មា និងដៃ គឺត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដោយមិនត្រូវនៅអែអង់ឡើយ ពីព្រោះសញ្ញា និងអាការៈទាំងនេះ បញ្ជាក់ថា លោកអ្នកអាចមានបញ្ហាគាំងបេះដូងហើយ។
ចំណុចសំខាន់មួយ គឺបញ្ឈប់ការជក់បារី ឬមិនត្រូវជក់បារីទេ ប្រសិនបើមិនទាន់ចេះជក់។ ចំពោះសំណួរដែលសួរថា តើការទទួលស្រាទំពាំងបាយជូរក្រហម ជួយដល់បេះដូងឬទេ? លោកវេជ្ជបណ្ឌិត អេឌ្រៀន បញ្ជាក់ថា អាចជួយខ្លះដែរ ពីព្រោះសម្បកផ្លែទំពាំងបាយជូរមានសារធាតុជួយដល់បេះដូង។ ក៏ប៉ុន្តែ ការទទួលទានស្រាក្រហមច្រើនពេក នាំឱ្យខូចសុខភាពទៅវិញ ជាពិសេសថ្លើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។