ជំងឺ​ដែល​ងាយ​ឆ្លង​ពេល​មាន​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា

ដោយ សិរីមុនី
2015-09-29
Share
ទឹក​ជំនន់ កំពត ៦២០ ទឹក​ជន់​លិច​ផ្លូវ​ចូល​វត្ត​ទឹកវិល ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥
RFA/Uon Chhin

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

ទឹក​ជំនន់ បាន​ជន់​លិច​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា ដែល​ហេតុ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខូចខាត​ផល​ដំណាំ។ ក្រៅ​ពី​នេះ អ្នក​ភូមិ​នៅ​តំបន់​ដែល​មាន​ទឹក​លិច អាច​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ជាច្រើន។ ទាក់ទង​ករណី​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល ពន្យល់​ថា ការ​ទទួល​ទាន​ទឹក​មាន​សុវត្ថិភាព (ទឹក​ឆ្អិន) និង​អនាម័យ​ត្រឹមត្រូវ ជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​ការពារ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ។

តើ​មាន​ជំងឺ​ឆ្លង​អ្វី​ដែល​លោក​អ្នក​អាច​ប្រឈម​មុខ ពេល​មាន​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា?

ទឹក​ជំនន់​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​មួយ​ចំនួន ដូចជា ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម គ្រុន​ពោះវៀន រាករូស អាសន្នរោគ ផ្ដាសាយ ផ្ដាសាយ​ធំ និង​ជំងឺ​ឆ្លង​ដទៃ​ផ្សេង​ទៀត ដែល​ទាមទារ​ឲ្យ​លោក​អ្នក​ត្រូវ​មាន​វិធានការ​ការពារ និង​ត្រូវ​មាន​អនាម័យ​គ្រប់​ពេលវេលា។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​អាច​បណ្ដាល​ឲ្យ​ប្រឈម​នឹង​ជំងឺ​ឆ្លង​ទាំងអស់​នេះ?

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ទឹក​ជំនន់​ម្តងៗ ប្រជាពលរដ្ឋ​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​នៃ​ជំងឺ​គ្រុនចាញ់។ ជំងឺ​គ្រុនចាញ់ ដែល​អាច​ឆ្លង​តាម​រយៈ​មូស​ដែកគោល​ញី​ខាំ។ មូស​ដែកគោល​ញី ដែល​តែង​ខាំ​ពេល​ល្ងាច ជាពិសេស​ក្នុង​រដូវ​វស្សា និង​ពេល​លោក​អ្នក​ធ្វើ​ដំណើរ​ក្នុង​ព្រៃ។ លោក​អ្នក​ត្រូវ​ពាក់​អាវ​ក្រាស់ និង​ជិត​ល្អ ត្រូវ​គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ និង​មិន​ត្រូវ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ដោយ​ខ្លួន​ឯង​ជា​ដាច់ខាត។ ជា​ប្រការ​ប្រសើរ លោក​អ្នក​នាង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ៖ «កុំ​សាកល្បង​ព្យាបាល​ដោយ​ខ្លួន​ឯង និង​ជាមួយ​អ្នក​ចាក់​ថ្នាំ ព្រោះ​គាត់​មិន​ជំនាញ​ច្បាស់លាស់»

គ្រុន​ឈាម​ជា​ជំងឺ​ឆ្លង ដែល​ឆ្លង​តាម​រយៈ​មូស​ខ្លា​ញី​ខាំ​អ្នក​មាន​ផ្ទុក​មេរោគ​គ្រុន​ឈាម បន្ទាប់​មក​ខាំ​លោក​អ្នក​ដែល​គ្មាន​ផ្ទុក​មេរោគ​គ្រុន​ឈាម។ មូស​ខ្លា​ញី​ច្រើន​ខាំ​ពេល​ថ្ងៃ យប់ កន្លែង​ងងឹត និង​កន្លែង​ព្រៃ​ស៊ុបទ្រុប។ មូស​ខ្លា​ញី​កើត​ចេញ​ដង្កូវ​ទឹក។ ដង្កូវ​ទឹក​ដែល​ភាគ​ច្រើន​កើត​ចេញ​ពី​ទឹក​ដក់​នៅ​ក្នុង​កង់​ឡាន កំប៉ុង​ទឹក​ដោះ​គោ ទឹក​ពាង​ដែល​មិន​បាន​លាង​សម្អាត​ទៀងទាត់ ជាដើម។

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ប្រចាំ​កម្ពុជា លោក​វេជ្ជបណ្ឌិត លាង ឫទ្ធា មាន​ប្រសាសន៍​ថា នៅ​ពេល​ពលរដ្ឋ​សង្ស័យ​ថា​មាន​ជំងឺ​គ្រុន​ឈាម ពួក​គាត់​បាន​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​គ្រុន​ឈាម​នៅ​មណ្ឌល​សុខភាព​តាម​ស្រុក​នីមួយៗ ដែល​ជា​ដំណោះស្រាយ​សម្រាប់​ក្រសួង​សុខាភិបាល អាច​សរុប​ទិន្នន័យ​ងាយ​ស្រួល និង​ម្យ៉ាង​ដោយសារ​កម្ពុជា កំពុង​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង៖ «ទឹក​ពាង​ដែល​មិន​ប្រើប្រាស់​ត្រូវ​លាង​ផ្កាប់ ទឹក​ពាង​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ត្រូវ​គ្រប ថូ​ផ្កា​ឧស្សាហ៍​ដូរ​ឲ្យ​បាន​ញឹកញាប់ ក្មេងៗ ប្អូនៗ កូន​តូចៗ ត្រូវ​ពាក់​អាវ​ដៃ​វែង​គ្រប់​ពេល ហើយ​ក្មេងៗ​មិន​ត្រូវ​លេង​ក្នុង​ទី​ងងឹត​ទេ ព្រោះ​អាច​ប្រឈម​នឹង​មូស​ខ្លា​ញី​ខាំ។ កំប៉ុង​ស្រាបៀ ទឹក​ថ្លុក កង់​ឡាន ត្រូវ​លុប​ចោល​កុំ​ឲ្យ​មាន​ដង្កូវ​ទឹក ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​មូស​ខ្លា​ញី ហើយ​ខាំ​យើង​បាន»

កុមារី​ម្នាក់​ដែល​ធ្លាប់​កើត​ជំងឺ​គ្រុន​ឈាម និយាយ​ថា រូប​គេ​ធ្លាប់​កើត​ជំងឺ​នេះ​កាល​ពី​អាយុ ១០​ឆ្នាំ ដោយ​ចូល​ចិត្ត​ដើរ​លេង​ច្រើន និង​មិន​គេង​ក្នុង​មុង៖ «ក្តៅ​ខ្លួន ហត់ ចង់​តែ​ដេក ហើយ​ពេល​យើង​ក្ដៅ​ខ្លួន​ខ្លាំង​ចង់​តែ​បិទ​ភ្នែក»

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់​ថា នៅ​ក្នុង​រដូវ​វស្សា និង​មាន​ទឹក​ជំនន់ លោក​អ្នក​នាង​អាច​ប្រឈម​មុខ​នឹង​ជំងឺ​រលាក​ពោះវៀន ឬ​គ្រុន​ពោះវៀន។ ជំងឺ​គ្រុន​ពោះវៀន អាច​ឆ្លង​តាម​រយៈ​ចំណី​អាហារ​មិន​ស្អាត ចំណី​អាហារ​ឆៅ ទឹក​មិន​ស្អាត ទឹក​ដោះ​គោ​ឆៅ ប៊័រ ទឹក​កក​ដែល​ធ្វើ​ពី​ទឹក​មិន​ស្អាត ឬ​វត្ថុ​ធាតុ​ដើម​មិន​មាន​អនាម័យ​ល្អ។ ជំងឺ​គ្រុន​ពោះវៀន អាច​ឆ្លង​តាម​រយៈ​លៀស​ហាល គ្រំ ងាវ ខ្យងខ្ចៅ ក្តាម ជាដើម។ ជំងឺ​នេះ ក៏​អាច​ឆ្លង​តាម​រយៈ​ស៊ុត​ទា ស៊ុត​មាន់ ដែល​ចៀន ស្ងោរ អាំង មិន​ឆ្អិន​ល្អ ឬ​នៅ​ជ័រ​ព្នៅ។ ជំងឺ​នេះ​អាច​ឆ្លង​ដែរ​តាម​រយៈ​លាមក​មនុស្ស សត្វ ដែល​បន្ទោបង់​ចោល​នៅ​ក្នុង​ទឹក ឬ​លើ​ដី ហើយ​ពេល​មាន​ទឹក​ភ្លៀង​បណ្ដាល​ឲ្យ​មេរោគ​បាក់តេរី​ក្នុង​ទឹក​បឹង អូរ ស្ទឹង ត្រពាំង ឬ​អាច​ក្នុង​អណ្ដូង ដែល​ទឹក​លិច​ដោយ​ទឹក​ជំនន់។ ការ​ទទួល​ទាន​ទឹក​មិន​មាន​សុវត្ថិភាព និង​មិន​មាន​អនាម័យ​ល្អ សុទ្ធតែ​អាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​នៃ​ជំងឺ​គ្រុន​ពោះវៀន៖ «ទឹក​ថ្លា​ម៉េច​ក៏ដោយ តែ​មេរោគ យើង​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ទេ។ ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ​យ៉ាង​តិច ៥​នាទី»

ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាស​ធាតុ សម្រាប់​វិស័យ​ធនធាន​ទឹក​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បញ្ជាក់​ថា កាល​ណា​ល្បឿន​ទឹក​ហូរ​យឺត នោះ​វា​បង្ក​ឲ្យ​មាន​កម្រិត​បាក់តេរី និង​សមាសធាតុ​គីមី​ខ្ពស់​នៅ​ក្នុង​ទឹក បើ​ទោះ​ជា​កករ​បាន​រង​ចុះ​ទៅ​បាត​ដី​ក៏ដោយ ប៉ុន្តែ​គុណភាព​ទឹក​កាន់​តែ​អាក្រក់​ឡើងៗ ព្រោះ​ថា សារធាតុ​ពុល​កាន់​តែ​បម្លែង​ខ្លួន​តូច​ទៅៗ​នៅ​ក្នុង​ទឹក។

លោក​វេជ្ជបណ្ឌិត លាន សុភ័ក្រ ឯកទេស​ថ្លើម ក្រពះ ពោះវៀន និង​ឫសដូង​បាត បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​បារាំង និង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់​ថា ទឹក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព​មនុស្ស​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ទឹក​ក៏​ជា​ប្រភព​នៃ​មេរោគ​ដែរ បើ​សិន​ទឹក​នោះ​មិន​ស្អាត និង​គ្មាន​សុវត្ថិភាព។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា នៅ​ពេល​ទឹក​ឡើង វា​នឹង​មាន​សំរាម កម្ទេចកម្ទី បាក់តេរី​ជាច្រើន ហើយ​បើ​ទឹក​នោះ​មាន​លាមក​សត្វ និង​មនុស្ស​ទៀត វា​គឺ​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេរោគ​ឆ្លង​ផ្សេងៗ៖ «ទឹក​មាន​មេរោគ មេរោគ​វា​ចូល​ទៅ​ក្នុង​ខ្លួន​យើង ចូល​ទៅ​ក្នុង​ឈាម​យើង ហើយ​ចូល​ទៅ​ផ្លូវ​រំលាយ​អាហារ​យើង វា​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស ទី​១។ ទី​២ ធម្មតា​លាមក​មនុស្ស​យើង និង​សំរាម វា​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ និង​ប៉ារ៉ាស៊ីត និង​សត្វ​ល្អិត ហើយ​សត្វ​ល្អិត​ហ្នឹង​វា​បង្ក​បញ្ហា​ច្រើន​ដល់​សុខភាព។ យើង​មាន​មេរោគ​ក្រពះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមាណ ៦០% ទៅ ៧០% ជាពិសេស​នៅ​ប្រទេស​កម្ពុជា ហើយ​មេរោគ​ក្រពះ​វា​ឆ្លង​តាម​រយៈ​មិន​ស្អាត​ហ្នឹង​ឯង»

ព័ត៌មាន​ស្ដីពី​សុខភាព​សាធារណៈ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល បញ្ជាក់​ថា ការ​ទទួល​ទាន​ទឹក​មិន​ស្អាត គឺ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រាករូស រាក​មួរ អាសន្នរោគ ជាដើម។ ការ​ដែល​ត្រូវ​ទឹក​ភ្លៀង ឬ​សើម​សម្លៀកបំពាក់​ខ្លួន​ប្រាណ​ជាប់​ជា​ប្រចាំ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើ​ស្បែក​មួយ​ចំនួន​ដែរ ជាអាទិ៍ កន្ទាលត្រអាក កម​រមាស់ និង​ជំងឺ​ស្រែង ជាដើម។

ទឹក​ជំនន់​ជន់​លិច​នៅ​ភូមិ​កំពង់ក្រែង ឃុំ​កំពង់ក្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៥
ទឹក​ជំនន់​ជន់​លិច​នៅ​ភូមិ​កំពង់ក្រែង ឃុំ​កំពង់ក្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៥
LICADHO Photo

ប្រធាន​គ្លីនិក​សើ​ស្បែក​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក​វេជ្ជបណ្ឌិត ថៃ គា ពន្យល់​ថា ទឹក​កខ្វក់​ដែល​ជន់ គឺ​អាច​មាន​ផ្ទុក​មេរោគ​បាក់តេរី និង​ផ្សិត ជាដើម។ មេរោគ​បាក់តេរី  ប៉ារ៉ាស៊ីត និង​ផ្សិត​ទាំង​នោះ បង្ក​ឲ្យ​លោក​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​សើ​ស្បែក។ ទឹក​ជំនន់ អាច​ជា​ហេតុផល​បណ្ដាល​ឲ្យ​អ្នក​នាង​ប្រឈម​មុខ​ជំងឺ​ភ្នែក​ក្រហម។ ជំងឺ​ភ្នែក​ក្រហម បណ្ដាល​មក​ពី​ការ​យក​ទឹក​មិន​ស្អាត​ទៅ​លុប​មុខ និង​ឆ្លង​មេរោគ​នៃ​ផ្សេងៗ​ចូល​ទៅ​ក្នុង​ភ្នែក។ នេះ បើ​តាម​ការ​បញ្ជាក់​ពី​អនុប្រធាន​មន្ទីរពេទ្យ​អង្គឌួង លោក គង់ ពិសិទ្ធ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាង​ថា ក្នុង​រដូវ​វស្សា និង​មាន​ទឹក​ជំនន់ អាច​ជា​ហេតុផល​មួយ​បណ្ដាល​ឲ្យ​លោក​អ្នក​នាង​ប្រឈម​មុខ​នឹង​ផ្ដាសាយ ផ្ដាសាយ​ធំ។ ជំងឺ​ផ្ដាសាយ​ធម្មតា គឺ​កើត​ឡើង​ដោយសារ​ការ​អាល្លែកហ្ស៊ី​នឹង​ធាតុ​អាកាស​ត្រជាក់ និង​ផ្លាស់ប្ដូរ​ទីតាំង​នៃ​កា​រស់នៅ។ ជំងឺ​ផ្ដាសាយ​ធម្មតា អាច​ជា​ទៅ​វិញ​លឿន និង​មិន​បង្ក​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។ រីឯ​ជំងឺ​ផ្ដាសាយ​ធំ គឺ​មាន​អាការៈ​ក្តៅ​ខ្លួន ហៀរ​សំបោរ ឈឺ​ក្បាល និង​អស់​កម្លាំង។ នៅ​ពេល​មាន​ជំងឺ​ផ្ដាសាយ​ធំ អាច​ទទួល​ទាន​ថ្នាំពេទ្យ​បាន ដូចជា​ថ្នាំ​ប៉ារ៉ាសេធមល (Paracetamol)។ លោក​អ្នក​នាង​អាច​ទទួល​ទាន​ទឹក​ក្តៅ ទឹក​តែ ទឹក​ខ្ញី និង​ហូប​អាហារ​ដែល​មាន​សារជាតិ​បំប៉ន​ឲ្យ​ច្រើន​តាម​ចិត្ត​ចង់ ដោយ​មិន​ចាំបាច់​តម​អ្វី​ទេ៖ «លើក​ទឹក​ចិត្ត​ឲ្យ​ហូប​អាហារ​ឲ្យ​បាន​ច្រើន ទាំង​ត្រី ទាំង​សាច់ ទាំង​ផ្អក ដែល​យើង​ចូល​ចិត្ត និង​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ទឹក​ភេសជ្ជៈ និង​ទឹក​ដូង ជាដើម»

តើ​នៅ​ពេល​មាន​ជំងឺ​ផ្ដាសាយ​ធំ លោក​អ្នក​គួរ​ប្រើ​ថ្នាំ​ផ្សះ​បាន​ដែរ​ឬ​ទេ?

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «ទីណា​គ្មាន​វេជ្ជបណ្ឌិត» សរសេរ​ដោយ ដេវីឌ វ័រណឺ ត្រង់​ទំព័រ​ទី​១៩ បញ្ជាក់​ថា ថ្នាំ​អង់ទីប៊ីយ៉ូទីក មាន​ដូច​ជា ប៉េនីស៊ីលីន តេត្រាស៊ីគ្លីន គឺ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ដែល​បណ្ដាល​មក​ពី​បាក់តេរី។ ថ្នាំ​អង់ទីប៊ីយ៉ូទីក មិន​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​បាន​ឡើយ ជាអាទិ៍ ជំងឺ​គ្រុន​ផ្តាសាយ សាឡាទែន កញ្ជ្រិល និង​អុតស្វាយ នោះ​ទេ។ ថ្នាំ​អង់ទីប៊ីយ៉ូទីក មិន​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្ដាសាយ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ថែម​ទៀត​ផង។ ជា​មធ្យោបាយ​ល្អ​ប្រសើរ ដើម្បី​ការពារ​សុខភាព​ពេល​មាន​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា លោក​អ្នក​ត្រូវ​ដាំ​ទឹក​ហូប បើ​ទោះ​បី​ទឹក​នោះ​មើល​ទៅ​ថ្លា​ស្អាត​ក៏ដោយ ត្រូវ​ចម្អិន​ចំណី​អាហារ ត្រី​សាច់ បន្លែ និង​ម្ហូប​អាហារ​ផ្សេង​ទៀត ឲ្យ​ឆ្អិន​បាន​ល្អ​មុន​ទទួល​ទាន៖ «ចំណី​អាហារ​យើង​ត្រូវ​តែ​គ្រប ដើម្បី​កុំ​ឲ្យ​សត្វ​រុយ​មក​ទំ និង​ឧស្សាហ៍​លាង​ដៃ​ជាមួយ​សាប៊ូ»

លោក​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​សង្ស័យ​ថា ក្តៅ​ខ្លួន​ខ្លាំង ក្អក ឈឺ​ក និង​ហត់ៗ​ខុស​ធម្មតា។ សូម​កុំ​បង្អង់​ដោយ​បន់ស្រន់​អារុក្ខអារក្ខ​អ្នកតា ឬ​ព្យាបាល​ដោយ​ខ្លួន​ឯង​ជា​ដាច់ខាត ព្រោះ​អាច​បង្ក​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ លោក​អ្នក​មិន​ត្រូវ​ទទួល​ទាន​ថ្នាំ​ដែល​ទិញ​ពី​ឱសថស្ថាន​ដោយ​ខ្លួន​ឯង ឬ​គេ​ផ្សំ​ឲ្យ​នោះ​ទេ ព្រោះ​វា​ពិត​ជា​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សរីរាង្គ​ដទៃ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល