អ្នកជំនាញខាងជំងឺរបេង ចាត់ទុកថា បន្ទុកជំងឺរបេងនៅលើពិភពលោក នៅតែជាបញ្ហាធំ និងពិបាកដោះស្រាយនៅឡើយ បើទោះជាជំងឺនេះបានថយហើយក្ដី។ រីឯប្រទេសកម្ពុជា វិញ ត្រូវបានមន្ត្រីសុខាភិបាល ផ្នែកជំងឺរបេង បញ្ជាក់ថា ក៏នៅតែមានច្រើនករណីដែរ ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅផ្ដុំគ្នាច្រើន។
នៅក្នុងការបង្ហាញលទ្ធផលស្រាវជ្រាវជំងឺរបេងសកម្ម និងពន្លឿនការធ្វើរោគវិនិច្ឆ័យជំងឺរបេងក្នុងតំបន់ក្រីក្ររបស់គម្រោង TB REACH ឆ្នាំទី២ នៅចុងខែមិថុនា ឆ្នាំ២០១៤ នេះ អ្នកជំនាញឱ្យដឹងថា អ្នកផ្ទុកមេរោគរបេងនៅរាជធានីភ្នំពេញ នៅតែមានអត្រាខ្ពស់។
ប្រធានកម្មវិធីស្រាវជ្រាវជំងឺរបេង នៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម លោកវេជ្ជបណ្ឌិត ជួន គឹមចេង បង្ហាញលទ្ធផលបណ្ដោះអាសន្ននៃការស្រាវជ្រាវជំងឺរបេងនៅរាជធានីភ្នំពេញ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះថា អត្រាអ្នកជំងឺរបេងនៅតែមានច្រើនករណីនៅភាគខាងត្បូង គឺសង្កាត់ចាក់អង្រែក្រោម និងខាងលិចរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០១៣ ដល់ខែឧសភា ឆ្នាំ២០១៤ គម្រោង TB REACH ស្រាវជ្រាវករណីរបេងបានចំនួនជិត ៧០០ករណី (៦៦៨)។
ប្រៀបធៀបទៅនឹងការស្រាវជ្រាវកាលពីឆ្នាំទី១ គឺពីដើមឆ្នាំ២០១២ ដល់ដើមឆ្នាំ២០១៣ ក្រុមអ្នកស្រាវជ្រាវរកឃើញអ្នកមានមេរោគរបេងគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ចំនួនជាង ៧០០ករណី (៧៣៣) ក្នុងនោះ ភាគច្រើនបំផុត (៦៨៧ករណី) កើតជំងឺរបេងសួត។ តួលេខនេះបង្ហាញថា ករណីរបេងដែលរកឃើញចុងក្រោយនេះ ថយចុះចំនួន ៦៥ករណី។
របាយការណ៍ក្នុងឆ្នាំ២០១១ បង្ហាញថា នៅលើពិភពលោក មានករណីជំងឺរបេងថ្មីជិត ៩លាននាក់ (៨,៧លាននាក់) ក្នុងនោះ ៥សែននាក់ជាកុមារ។ អ្នកស្លាប់ដោយសារជំងឺរបេង ជាមនុស្សចាស់មានចំនួន ១លាន ៤សែននាក់ និងកុមារ ៦ម៉ឺន ៤ពាន់នាក់។ ករណីស្លាប់ដោយសារជំងឺរបេងជាង ៩០% គឺនៅប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍។ រីឯប្រទេសកម្ពុជា វិញ ត្រូវបានមន្ត្រីសុខាភិបាលផ្នែកជំងឺរបេង បញ្ជាក់ថា ក៏នៅតែមានច្រើនករណីដែរ។
នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន គឺលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ថ្លែងថា ករណីជំងឺរបេងនៅលើពិភពលោក និងនៅប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានអត្រាថយចុះជាបណ្ដើរៗ។ អ្នកឈឺស្លាប់ដោយសារជំងឺរបេងនៅលើពិភពលោក និងនៅប្រទេសកម្ពុជា បច្ចុប្បន្ននេះ ក៏មានមានអត្រាថយចុះដែរ។
លោកថា បច្ចុប្បន្ននេះ ក្នុងចំណោមពលរដ្ឋ ៦.២០០លាននាក់នៅលើពិភពលោក មានមនុស្សចំនួន ២ពាន់លាននាក់កើតជំងឺរបេង មានន័យថា ក្នុងចំណោម ៣នាក់ មានម្នាក់កើតជំងឺរបេង។ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ គឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣៥ ពិភពលោក មានទិសដៅកាត់បន្ថយអត្រាឈឺស្លាប់ដោយសារជំងឺរបេងឱ្យបានពី ៩០% ទៅ ៩៥%។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ករណីជំងឺរបេងនៅប្រទេសកម្ពុជា នៅតែមានអត្រាខ្ពស់ជាងគេក្នុងពិភពលោក បើទោះជាប្រទេសនេះជាប់ជាជើងឯកក្នុងការកាត់បន្ថយអត្រាជំងឺរបេង តាមទិសដៅកំណត់របស់អង្គការសុខភាពពិភពលោកក្ដី។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បញ្ជាក់ទៀតថា សព្វថ្ងៃនេះមានអ្នកស្ម័គ្រចិត្តចំនួន ៣ម៉ឺននាក់ ដែលធ្វើការស្រាវជ្រាវជំងឺរបេងនៅតាមសហគមន៍ទូទាំងប្រទេសកម្ពុជា។
លោកណែនាំដល់អ្នកពាក់ព័ន្ធ និងអ្នកស្រាវជ្រាវជំងឺរបេងថា ករណីដែលសង្ស័យលើអ្នកណាម្នាក់មានមេរោគរបេង គប្បីបញ្ជូនអ្នកនោះទៅទទួលការពិនិត្យ និងទទួលការព្យាបាលដោយឥតគិតថ្លៃ។ លោកថា នៅមន្ទីរពេទ្យឯកជននៅប្រទេសខ្លះ ការធ្វើតេស្ដដោយម៉ាស៊ីនទំនើបថ្មីនេះ នឹងត្រូវចំណាយប្រាក់ពី ៤០ ទៅ ៥០ដុល្លារ។
លោកមានប្រសាសន៍ថា ការស្រាវជ្រាវរកជំងឺរបេងនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺគ្រូពេទ្យមិនផ្ដោតលើតែរោគសញ្ញាក្អករ៉ាំរ៉ៃតែមួយមុខទេ។
លោកវេជ្ជបណ្ឌិត ជួន គឹមចេង ថ្លែងថា នៅក្នុងការស្រាវជ្រាវរកអ្នកជំងឺរបេងសម្រាប់ព្យាបាល គឺក្រុមអ្នកជំនាញជួបការលំបាកមួយចំនួន ទាំងពេលវេលា និងកិច្ចសហការរបស់អ្នកជំងឺ។
ទោះជាមានការលំបាក និងឧបសគ្គដូច្នេះក្ដី ក្រុមអ្នកស្រាវជ្រាវនឹងត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីៗ ដើម្បីឱ្យទាន់ទិសដៅកំណត់ ដោយការស្រាវជ្រាវសកម្មរកឱ្យឃើញជំងឺរបេងទាន់ពេលវេលា រកអ្នកជំងឺរបេងដែលឈឺរ៉ាំរ៉ៃ តែព្យាបាលមិនត្រឹមត្រូវ និងរកឱ្យឃើញអ្នកជំងឺរបេង ដែលស៊ាំថ្នាំច្រើនមុខ ដើម្បីតាមដាននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។