ក្រុមវេជ្ជបណ្ឌិតជំនាញស្នើឲ្យពលរដ្ឋវ័យ ៤៥ឆ្នាំឡើងទៅឆ្លុះពិនិត្យពោះវៀនធំ
2021.09.09
ពលរដ្ឋក្រីក្រជាច្រើននៅប្រទេសកម្ពុជា មិនបានទៅឆ្លុះពិនិត្យពោះវៀនធំនៅពេលអាយុ ចាប់ពី៥០ឆ្នាំឡើងទៅនោះទេ ដោយសារតែគ្មានប្រាក់បង់តម្លៃសេវា។ បញ្ហានេះហើយដែលជាមូលហេតុចំបង នាំឲ្យអ្នកជំងឺខ្លះបាត់បង់ជីវិត ដោយសារជំងឺមហារីកពោះវៀននេះ វិវត្តទៅជាធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យមិនអាចជួយព្យាបាលនិងជួយសង្គ្រោះជីវិតបានឡើយ។
តើជំងឺមហារីកពោះវៀន បង្ហាញរោគសញ្ញាអ្វីខ្លះ ហើយគេអាចមានវិធីណា ដើម្បីបង្ការឬកាត់បន្ថយអត្រាស្លាប់?
វេជ្ជបណ្ឌិតជំនាញសុខភាពនៅប្រទេសកម្ពុជា ឲ្យដឹងថា ពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ ភាគច្រើនមិនបានទៅឆ្លុះពិនិត្យពោះវៀនធំ (Colonoscopy) នោះទេ បើទោះបីជាមានរោគសញ្ញាខ្លះៗ ដូចជា ឧស្សាហ៍ចុកពោះ ទល់លាមក លាមកពណ៌ខ្មៅ ឬមានឈាមក្នុងលាមកក៏ដោយ។
ម្ចាស់គ្លីនីកមេត្តា នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុនេះហើយ នៅពេលអ្នកជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនីកឯកជន គឺហួសពេលទៅហើយ ដោយសារជំងឺមានលក្ខណៈធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យមិនអាចជួយព្យាបាលឲ្យជា និងជួយសង្គ្រោះជីវិតបានឡើយ៖ «ចំពោះនៅស្រុកខ្មែរ គឺជាទូទៅអត់មានទេ មិនសូវមានអ្នកណាទៅពិនិត្យមុន ដើម្បីស្វែងរកជំងឺមុន ឬឲ្យដឹងជំងឺនៅដំណាក់កាលដំបូងទេ ពីព្រោះជីវភាពពលរដ្ឋនៅមានកម្រិត។ ជាទូទៅ ពួកគាត់ទៅពិនិត្យ នៅពេលដែលមានបញ្ហាចេញរោគសញ្ញារួចហើយ។ ចំណែកអ្នកមានលុយវិញ ពួកគេទៅពិនិត្យនៅប្រទេសថៃ ឬវៀតណាម។ ប៉ុន្តែអ្នកមកពិនិត្យនៅក្នុងប្រទេស ភាគច្រើនបំផុត គឺដោយសារគាត់មានជំងឺរួចទៅហើយ ដូចជា ទល់លាមក ធ្លាក់ឈាមតាមបាត ឬចុកពោះជាដើម...»។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បន្តថា ការឆ្លុះពិនិត្យពោះវៀននេះ មានសារៈសំខាន់ណាស់ដើម្បីពិនិត្យរកមើលជំងឺរលាកពោះវៀន ស្ទះពោះវៀន ដុះសាច់ ឬមហារីកពោះវៀន។ លោកថា ការឆ្លុះពិនិត្យពោះវៀនធំនៅតាមគ្លីនិកឯកជន គឺតម្លៃសេវា ចន្លោះពី ២រយ ទៅ៥រយដុល្លារ ប៉ុន្តែនៅតាមមន្ទីរពេទ្យឯកជនធំ និងទំនើបខ្លាំង គឺអាចថ្លៃជាងហ្នឹង។ ចំណែកនៅមន្ទីរពេទ្យរដ្ឋវិញ ក៏គេយកតម្លៃពី៥០ដុល្លារ ទៅ១៥០ដុល្លារ នៅពេលឆ្លុះពិនិត្យម្តងៗ។ បញ្ហាតម្លៃសេវាខ្ពស់នេះហើយ ដែលជាមូលហេតុចំបងនាំឲ្យពលរដ្ឋក្រីក្រ គ្មានលទ្ធភាពពិនិត្យក្នុងពោះវៀនជាមុន ដែលករណីខ្លះបណ្តាលឲ្យបាត់បង់ជីវិត ដោយមិនដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃការស្លាប់នោះទៀតផង។
លោកវេជ្ជបណ្ឌិតជំនាញសុខភាពទូទៅរូបនេះ មានប្រសាសន៍ថា គេអាចកត់សំគាល់រោគសញ្ញាមួយចំនួននៃជំងឺមហារីកពោះវៀន ដូចជា ឧស្សាហ៍ឈឺពោះ បត់ជើងធំមិនទៀងទាត់ ទល់លាមក លាមកមានឈាម ស្រកទម្ងន់ដោយគ្មានមូលហេតុ និងច្រើនអស់កម្លាំងល្ហិតល្ហៃ ជាដើម៖ «ចំពោះការពិនិត្យពោះវៀននេះគេអាចរកឃើញជំងឺច្រើន ហើយជំងឺនីមួយៗ គឺមានរោគសញ្ញាខុសៗគ្នា។ ចំពោះរោគសញ្ញានៃជំងឺមហារីក គឺនាំឲ្យអ្នកជំងឺរាគរូសជាប្រចាំ ឬពេលខ្លះទល់លាមក ពិបាកបត់ជើង ដោយសារមានដុំសាច់ដុះធំស្ទះ ហើយធ្លាក់ឈាមតាមបាត ឬលាមកខ្មៅក៏មាន។ មហារីកពោះវៀននេះ ភាគច្រើនកើតចំពោះមនុស្សចាស់ៗអាយុ ពី៥០ឆ្នាំទៅ៦០ឆ្នាំឡើងទៅ...»។
ស្ថិតិជំងឺមហារីក របស់ក្លូបូខេនឆ្នាំ២០២០ (Globocan 2020) នៃអង្គការសុខភាពពិភពលោក បង្ហាញថា ប្រជាពលរដ្ឋខ្មែរ ចំនួនជាង ១ម៉ឺន ៨ពាន់នាក់ (១៨.៣៧៥) នៅក្នុងប្រទេសកម្ពុជា បានទទួលសេវាព្យាបាលជំងឺមហារីក នៅអំឡុងឆ្នាំ២០២០ ក្នុងនោះអ្នកជំងឺជាង ១ម៉ឺន ២ពាន់ (១២.៦៣៨) បានស្លាប់ ដោយសារជំងឺមហារីកថ្លើម សម្លាប់ច្រើនជាងគេ (២.៩៤៦) បន្ទាប់មកមហារីកសួត (១.៦៥៤) ទី៣ មហារីកសុដន់ (៧៩៣) ទី៤ គឺមហារីកស្បូន (៦៤៣) និងទី៥ ស្លាប់ដោយសារមហារីកពោះវៀនធំ មានជាង៥រយនាក់ (៥០៨)។ ចំណែកអ្នកកើតមហារីកពោះវៀនធំករណីថ្មីវិញ ក្នុងឆ្នាំ២០២០ គឺមានសរុប ជិត ១ពាន់ ៦រយនាក់ (១.៥៩០)។
រីឯនៅសហរដ្ឋអាមេរិកនេះវិញ ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកពោះវៀន (Colon Cancer) មានចំនួនជិត ៥ម៉ឺន ៣ពាន់នាក់ (៥៣.០០០) ក្នុងអំឡុងឆ្នាំ២០២០ ក្នុងនោះក៏មានអ្នកស្លាប់ អាយុក្រោម៥០ឆ្នាំផងដែរ។ បញ្ហានេះហើយ ទើបក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកសេវាកម្មបង្ការជំងឺនៅសហរដ្ឋអាមេរិក (USPSTF) ថ្មីៗនេះ បានផ្តល់ដំបូន្មានឲ្យទាំងបុរសនិងស្ត្រី ត្រូវទៅឆ្លុះពិនិត្យមើលពោះវៀនធំ (Colonoscopy) នៅពេលអាយុ៤៥ឆ្នាំ មិនមែន៥០ឆ្នាំ ដូចពីមុននោះឡើយ បើទោះបីជាគ្មានរោគសញ្ញា ឬក៏គ្មានប្រវត្តិក្រុមគ្រួសារកើតជំងឺមហារីក ក៏ដោយ។
គ្រូពេទ្យជំនាញផ្នែកជំងឺទូទៅខ្មែរ-អាមេរិកាំង លោកវេជ្ជបណ្ឌិត សៀង សេង ដែលបានចូលនិវត្តន៍និងកំពុងផ្សព្វផ្សាយអប់រំសុខភាព នៅលើទំព័រហ្វេសប៊ុក របស់លោក មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ពីរដ្ឋកាលីហ្វរនីញ៉ា (California) ថា ការឆ្លុះពិនិត្យពោះវៀនទៀងទាត់និងទាន់ពេលវេលា វេជ្ជបណ្ឌិតជំនាញអាចមានលទ្ធភាពព្យាបាលឲ្យជាសះស្បើយ និងអាចជួយសង្គ្រោះជីវិតបាន៖ «ហេតុផលដោយសារគេរកឃើញថា អ្នកកើតមហារីកពោះវៀនធំ នៅអាយុក្មេងៗនៅឡើយ។ ដូចនេះហើយបានគេផ្លាស់ប្ដូរអនុសាសន៍ចាប់ផ្តើមពិនិត្យ (Screening) ពីអាយុ៤៥ឆ្នាំឡើងទៅ។ ប៉ុន្តែ ប្រសិនបើមានឪពុកម្ដាយ ឬក្រុមគ្រួសារមានជំងឺមហារីកពោះវៀនធំ គេឲ្យពិនិត្យមុនអាយុ ៤៥ឆ្នាំទៀត។ ភាគច្រើនពេលទៅពិនិត្យអត់មានមហារីកទេ ប៉ុន្តែប្រសិនបើជាមានវិញ គេអាចជួយសង្គ្រោះបាន...»។
គេហទំព័រសុខភាពក្រុមគ្រូពេទ្យជំនាញ WebMD ឲ្យដឹងថា ជំងឺមហារីកពោះវៀនធំ ចំនួន៩០% ច្រើនកើតចំពោះ អ្នកមានវ័យលើសពី៥០ឆ្នាំឡើងទៅ អ្នកធ្លាប់មានដុំសាច់ក្នុងពោះវៀនធំ (Polyps) អ្នកមានប្រវត្តិក្រុមគ្រួសារធ្លាប់កើតជំងឺមហារីក ឬមហារីកពោះវៀនធំ អ្នកធាត់ខ្លាំងចុកខ្លាញ់ អ្នកជក់បារី អ្នកទទួលទានសុរាច្រើនហួសហេតុពេក និងអ្នកមានទម្លាប់ទទួលទានរបបអាហារមិនល្អ ដូចជាសាច់ក្រហម អាហារបំពង និងជាតិខ្លាញ់ ជាដើម។
ទាំងលោកវេជ្ជបណ្ឌិត ហ៊ាង រតនា និងលោកវេជ្ជបណ្ឌិត សៀង សេង យល់ស្របដូចគ្នាថា វិធីដ៏ល្អបំផុត ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនធំ គឺ ត្រូវឆ្លុះពិនិត្យពោះវៀនធំ ក្រោយពីអាយុ៤៥ឆ្នាំឡើងទៅ ដើម្បីរកមើលកោសិកាដុះរីកធំខុសពីធម្មតា ឬមានដុំសាច់ (Polyps) ពីព្រោះមហារីកពោះវៀនធំ មិនបង្ហាញរោគសញ្ញាអ្វីទេ នៅពេលកើតឡើងដំបូងៗ។ ដុំសាច់ខ្លាញ់នៅក្នុងពោះវៀនធំ (Polyps) ភាគច្រើនគ្មានគ្រោះថ្នាក់អ្វីទេ ហើយគ្រូពេទ្យជំនាញនឹងផ្តល់យោបល់ឲ្យធ្វើតេស្តឆ្លុះពោះវៀនធំ រៀងរាល់៥ឆ្នាំម្តង ប្រសិនបើរកឃើញថា ជាដុំសាច់ធម្មតា។ ក៏ប៉ុន្តែមានករណីដុំសាច់ខ្លះ អាចក្លាយជាមហារីក ដែលនាំឲ្យកកើតកាន់តែធំឡើងៗ នៅជាប់នឹងជញ្ជាំងពោះវៀន ប្រសិនបើមិនបានវះកាត់យកចេញទាន់ពេលវេលា។ ចំណែកអត្រាអ្នករស់រានជីវិត វិញ គឺអាស្រ័យទៅលើដំណាក់កាលរបស់ជំងឺមហារីក។ ប្រសិនបើមហារីកពោះវៀនធំ កើតនៅដំណាក់កាលដំបូងៗ គឺអត្រារស់រានមានជីវិតមានកម្រិតខ្ពស់ គឺចន្លោះពី៨៧% ទៅដល់ ៩២%។
បន្ថែមលើនេះ លោកវេជ្ជបណ្ឌិត ផ្តល់ដំបូន្មាន ឲ្យទទួលទានរបបអាហារទ្រទ្រង់សុខភាព ដូចជាបរិភោគត្រី បន្លែ ផ្លែឈើ និងអាហារដែលមានជាតិ fiber ច្រើន បន្លែបៃតង និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ក៏អាចជួយកាត់បន្ថយហានិភ័យ ក្នុងការកើតជំងឺមហារីកពោះវៀនធំបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។