តើមូលហេតុអ្វីដែលនាំឲ្យកើតជំងឺមហារីក?
2020.10.08
វេជ្ជបណ្ឌិតជំនាញ ឲ្យដឹងថា មូលហេតុចម្បង ៤យ៉ាង បណ្ដាលឲ្យកើតជំងឺមហារីក រួមមាន កត្តាហ្យីន (Gene) ឬតំណពូជ ការជក់បារី របបអាហារទទួលទាន មិនបានហាត់ប្រាណ ការប៉ះពាល់ក្រោមកម្ដៅថ្ងៃខ្លាំងពេក កត្តាគីមី មេរោគនិងការឆ្លងផ្សេងៗ។
តើគេអាចកាត់បន្ថយហានិភ័យខ្ពស់នៃជំងឺមហារីក បានដែរឬទេ?
ជំងឺមហារីក គឺជាជំងឺកាចសាហាវ ដែលសម្លាប់មនុស្សច្រើនជាងគេបំផុត ក្នុងពិភពលោក។ ក្រុមគ្រូពេទ្យជំនាញ អះអាងថា គេអាចកាត់បន្ថយហានិភ័យខ្ពស់នៃជំងឺមហារីកបាន ប្រសិនបើមនុស្សគ្រប់ៗគ្នា យល់ដឹងច្បាស់ពីមូលហេតុ វិធីបង្ការ និងការពិនិត្យសុខភាពទៀងទាត់ ដើម្បីអាចទទួលសេវាព្យាបាល ឲ្យបានទាន់ពេលវេលា នៅពេលដែលជំងឺមហារីកនេះចាប់ផ្ដើមតំណាក់កាលដំបូងៗ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ខ្មែរ-អាមេរិកាំង ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា និងផ្សព្វផ្សាយពីសារៈសំខាន់នៃសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ មានប្រសាសន៍ក្នុងគណនីហ្វេសប៊ុករបស់លោក អំពីមូលហេតុសំខាន់ៗមួយចំនួន ដែលបណ្ដាលឲ្យកើតជំងឺមហារីក៖ «មហារីកកើតឡើង ទី១ ម្ហូបញ៉ាំមិនល្អ បន្លែមានមេរោគ ម្ហូបញ៉ាំខ្លាញ់ Junk foods ខ្លាញ់មិនល្អយកពីណាមកខ្មៅ។ របស់ដែលធ្វើឲ្យប្រែប្រួលហ្យីនរបស់យើងហ្នឹង ដែលចេញមកពីម្ហូបចម្អិន ក្តៅខ្លាំងពេក ខ្លោចខ្លាំងពេក វាដូរសារធាតុថ្មី ដែលជាតិគីមីបំផ្លាញDNA យើងហ្នឹង ប្រែប្រួល DNA គឺកើតមហារីក...»។
លោកវេជ្ជបណ្ឌិតរូបនេះ មានប្រសាសន៍បន្តថា ក្រៅតែពីប្រភេទអាហារដែលបរិភោគ ការជក់បារី កត្តាគីមី មេរោគនិងកត្តាផ្សេងៗមួយចំនួនទៀត ក៏ជាមូលហេតុបណ្ដាលឲ្យកើតជំងឺមហារីកផងដែរ៖ «ទី៣ គឺមេរោគ ទី៤ កាំរស្មីអ៊ិច (Radiation) ទៅអិចរ៉េ មហារីកមួយទៀតមកពីពន្លឺថ្ងៃ កើតមហារីកមួយទៀត មកពីស្រា បារី ដែលមានសារធាតុមួយធ្វើឲ្យឈាមប្រែប្រួល។ ការទទួលទានសុរា ធ្វើឲ្យកើតមហារីកក ក្បាល បំពង់ក ថ្លើម សុដន់។ ប្រសិនបើអាហារដែលទុកបានយូរវិញ របស់អស់ហ្នឹងគឺមានសារធាតុមហារីកខ្ពស់ណាស់»។
គេហទំព័រសុខភាពនៃសមាគមជំងឺមហារីកនៅសហរដ្ឋអាមេរិក (American Cancer Association) ឲ្យដឹងថា អ្នកដែលកើតជំងឺមហារីក គេអាចសំគាល់នូវរោគសញ្ញាមួយចំនួន ដូចជា អស់កម្លាំងខ្លាំង មានសាច់ដុំរឹងនៅលើស្បែក ឡើង ឬស្រកទម្ងន់ខ្លាំង ស្បែកឡើងស្លេកស្លាំង ឬឡើងក្រហម ផ្លាស់ប្ដូរទម្លាប់បន្ទោរបង់ ក្អកអត់ឈប់ ឬពិបាកដកដង្ហើម ពិបាកលេបអាហារ មានអារម្មណ៍មិនស្រួលខ្លួនក្រោយបរិភោគរួច ឈឺចុកចាប់ក្នុងសាច់ដុំ ឬសន្លាក់ដៃជើង គ្រុនក្តៅ បែកញើសពេលយប់ និងធ្លាក់ឈាម ជាដើម។
គេហទំព័រដដែលបន្តថា អ្នកកើតជំងឺមហារីក ភាគច្រើន មានអាយុ លើសពី៦៥ ឆ្នាំឡើងទៅ ក៏ប៉ុន្តែក៏មានករណីខ្លះ អ្នកកើតជំងឺមហារីកមានវ័យក្មេង ឬជំទង់ក៏មាន។ ដូចនេះការរស់នៅប្រកបដោយផាសុកភាព គឺជាវិធីដ៏ល្អមបំផុតដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃជំងឺមហារីក។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរគួរបរិភោគត្រី សាច់មាន់ និងបន្លែផ្លែឈើឲ្យបានច្រើន សម្រាប់ទ្រទ្រង់សុខភាព និងកាត់បន្ថយការទទួលទានអាហារដែលផ្អាប់ទុកយូរ អាហារបំពង ឬសាច់អាំងរហូតដល់ខ្លោច៖ «ខ្មែរយើងមិនញ៉ាំដូចអាមេរិកាំងទេ ប៉ុន្តែស្រដៀងហ្នឹងដែរ។ ខ្មែរយើងកើតមហារីក មានច្រើនដែរមហារីកដោះ មហារីកស្បូន មានច្រើន។ អ៊ីចឹងសាច់ល្អជាងគេ គឺត្រី សាច់មាន់ សាច់ជ្រូកមធ្យម។ បើត្រីវិញ គេហាមចំពោះស្ត្រីឆ្លងទន្លេ ញ៉ាំត្រីបានតែកុំញ៉ាំត្រីសមុទ្ទ។ ពន្លឺថ្ងៃ ហើយខ្មែរយើងក៏អ៊ីចឹងដែរ ធ្វើស្រែកណ្ដាលថ្ងៃអត់គ្រប ឬពាក់មួក ហើយជនជាតិស្បែកសមួយចំនួន វាចូលចិត្តទៅហាលថ្ងៃនៅសមុទ្រ ដែលនាំឲ្យកើតមហារីកស្បែក ជនជាតិស្បែស កើតច្រើនជាងយើង»។
គេហទំព័រសុខភាពនៃជំងឺមហារីក ឲ្យដឹងបន្ថែមថា ទោះបីជាគ្មានវិធីណាមួយដើម្បីការពារ និងបង្ការជំងឺមហារីក៏ដោយ ក៏ក្រុមគ្រូពេទ្យជំនាញនៃជំងឺមហារីក និងលោកវេជ្ជបណ្ឌិត គួច ម៉េងលី ផ្ដល់ដំបូន្មានដូចគ្នាថា វិធីដ៏ល្អបំផុតដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃជំងឺមហារីក គឺឈប់ជក់បារី ចៀសវាងការប៉ះពាល់នឹងកម្ដៅថ្ងៃខ្លាំងពេក លាបឡេការពារកម្តៅថ្ងៃ ទទួលទានរបបអាហារល្អមានជីវជាតិទ្រទ្រង់សុខភាព ដូចជាបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់គ្មានខ្លាញ់ បរិភោគទឹកឲ្យបានច្រើន និងបន្ថយការទទួលទានសុរាច្រើនហួសហេតុ។ ហាត់ប្រាណដូចជាដើរឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ រក្សាទម្ងន់កុំឲ្យធាត់ជ្រុលហួសហេតុពេក។ បន្ថែមពីនេះ គឺណាត់ជួបជាមួយគ្រូពេទ្យទៀងទាត់ដើម្បីពិនិត្យសុខភាព ដូចជាពិនិត្យមហារីកសុដន់ មហារីកក្រពះ មហារីកសួត និងក្រពេញប្រូស្តាត ព្រមទាំងចាក់ថ្នាំបង្ការដូចជា វ៉ាក់សាំងការពារវីរុសនៃជំងឺរលាកថ្លើមប្រភេទបេ (Hepatitis B) នៃជំងឺមហារីកថ្លើម និងបង្ការមេរោគ HPV សម្រាប់ការពារជំងឺមហារីកមាត់ស្បូនជាដើម។
ចំពោះវិធីព្យាបាលវិញ គឺបណ្ដាលឲ្យមានផលវិបាកជាច្រើន រួមមាន ការឈឺចាប់ក្នុងខ្លួន អស់កម្លាំងខ្លាំងដោយសារវិធីព្យាបាលប្រើ គីមី (chemotherapy) ឬការប្រើវិទ្យុសកម្ម (radiation therapy) មានបញ្ហាផ្លូវដង្ហើម ចង់ក្អួត រាករូស ឬទល់លាមក ប្រកាច់ ងើបដើរពិបាក ខ្លះប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទនិងខួរក្បាល ដែលជាហេតុនាំឲ្យឈឺក្បាលខ្លាំង ជាដើម។ ក្រុមវេជ្ជបណ្ឌិតជំនាញបន្តថា ករណីខ្លះជំងឺមហារីក ទោះបីជាព្យាបាលបានជាហើយក្តី ក៏អាចកើតឡើងវិញដែរ ដោយសារមានកោសិកាមហារីកខ្លះឆ្លងទៅកន្លែងថ្មី។ អាស្រ័យហេតុនេះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។