ផល​វិបាក​អាក្រក់​នៃ​ការ​ជក់​បារី​ទៅ​លើ​សុខភាព (ភាគ​២)

នៅ​ក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​កាល​ពី​ថ្ងៃ​៣១ ឧសភា ឆ្នាំ​២០១០ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ចំនួន​អ្នក​ជក់​បារី​នៅ​ទូទាំង​ពិភពលោក​មាន​ជាង​មួយ​ពាន់​លាន​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​រាយការណ៍​ថា មាន​ជាង ៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​ក្នុង​នោះ ចំនួន​១​លាន​៥​សែន​នាក់​ជា​ស្រ្តី ដែល​ស្ថិតិ​នេះ​បង្ហាញ​ពី​ការ​គំរាម​កំហែង​សុខភាព​ធ្ងន់ធ្ងរ និង​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អង្គការ​សុខភាព​ពិភពលោក។

ស្ថិតិ​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១០ បង្ហាញ​ថា មាន​អ្នក​ជក់​បារី​ជា​បុរស ៤៨% ស្រ្តី ៣,៦% ហើយ​អ្នក​ចុក​ថ្នាំ​ជា​បុរស ១% ស្រ្តី ១៧%។

តើ​ផ្សែង​បារី​មាន​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​របស់​អ្នក​ជក់?

បារី​ត្រូវ​បាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ស្គាល់​គ្រប់ៗ​គ្នា​តាម​រយៈ​ការ​មើល​ឃើញ កាន់ ជក់ និង​រស់​នៅ​ក្នុង​សហគមន៍​ដែល​ខ្លួន​បាន​កើត​មក។ មិន​តែ​ប៉ុណ្ណោះ មាន​អ្នក​ជក់​បារី​ខ្លះ​បាន​និយាយ​ថា បារី​ជា​អាហារ​ផ្សែង​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​មិន​អាច​អត់​បាន ព្រោះ​តែ​ជាប់​សារជាតិ​ញៀន។ ក៏​ប៉ុន្តែ​បារី​ត្រូវ​បាន​គ្រូពេទ្យ​ចាត់​ទុក​ថា ជា​ឃាតករ​លាក់​មុខ ពីព្រោះ​ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ប្រមាណ ៥​លាន​នាក់​បាន​ស្លាប់​ដោយសារ​ឥទ្ធិពល​ជាតិ​ពុល​របស់​វា។

នៅ​ក្នុង​ឯកសារ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព​កម្ពុជា ស្តី​អំពី​គ្រោះថ្នាក់​នៃ​ការ​ជក់​បារី​បាន​សរសេរ​ថា នៅ​ក្នុង​ផ្សែង​បារី​ដែល​អ្នក​ជក់​ស្រូប​ចូល​ទៅ​ក្នុង​សួត គឺ​មាន​ផ្ទុក​ដោយ​សារជាតិ​គីមី​ជាង ៤​ពាន់​ប្រភេទ។ ជាតិ​គីមី​សំខាន់ៗ មាន​ដូច​ជា ជ័រថា ដែល​ជា​ជាតិ​ជ័រ​ខ្មៅ​ស្អិត​ម្យ៉ាង​ដូច​កៅស៊ូ​ចាក់​ថ្នល់ ជាតិ​នីកូទីន ជា​សារជាតិ​គីមី​ធ្វើ​ឱ្យ​ញៀន ឧស្ម័ន​កាបូនម៉ូណូអុកស៊ីត ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ផ្សែង​រថយន្ត អាម៉ូញាក់ មាន​នៅ​ក្នុង​ផលិតផល​លាង​ឥដ្ឋ និង​ជាតិ​អាសេនិក ដែល​មាន​នៅ​ក្នុង​ថ្នាំ​បំពុល​កណ្ដុរ។

លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ជា​ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ថ្លែង​បញ្ជាក់​ថា សារជាតិ​គីមី​ទាំង​នេះ​បាន​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ ៖ «យើង​ដឹង​ទាំង​អស់​គ្នា​ថា ក្នុង​ផ្សែង​បារី​មាន​សារធាតុ​ច្រើន ជា​សារជាតិ​ពុល ដែល​ធ្វើ​ឱ្យ​កើត​មហារីក​នៅ​សរីរាង្គ​ផ្សេងៗ ជា​ពិសេស​នៅ​សួត នៅ​ខួរ​ក្បាល នៅ​ក្រពះ នៅ​ពោះវៀន​អី​ហ្នឹ»

តើ​សារជាតិ​គីមី​ពុល​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ជក់ ឬ​ផ្សែង​បារី នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ខ្លួន​មនុស្ស? ក្នុង​ចំណោម​សារធាតុ​ពុល​ជាង​បួន​ពាន់​មុខ​ដែល​មាន​នៅ​ក្នុង​ផ្សែង​បារី សុទ្ធតែ​បាន​បង្ក​ការ​ប៉ះពាល់​សរីរាង្គ​កាយ​របស់​មនុស្ស​ផ្សេងៗ​គ្នា។ ឧទាហរណ៍ ជាតិ​នីកូទីន គឺ​ជា​សារជាតិ​នាំ​ឱ្យ​ញៀន​ជាតិ​ថ្នាំ​ជក់ ឬ​បារី។ សារជាតិ​នីកូទីន និង​កាបូន​កាបូនម៉ូណូអុកស៊ីត ធ្វើ​ឱ្យ​សង្វាក់​បេះ និង​សម្ពាធ​ឈាម​កើន​ឡើង ជាហេតុ​ធ្វើ​ឱ្យ​បេះដូង និង​សរសៃ​ឈាម​ប្រឹង​ធ្វើការ​ហួស​កម្រិត។ នៅ​ពេល​ដែល​បេះដូង និង​សរសៃ​ឈាម​ប្រឹង​ធ្វើការ​ហួស​កម្រិត​ដូច្នេះ វា​ជា​មូលហេតុ​អាច​បណ្តាល​ឱ្យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ការ​ដាច់​សរសៃ​ឈាម​វា​នឹង​បន្ថយ​ចរន្ត​ឈាម ហើយ​បន្ថយ​ការ​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ដៃ​ជើង ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្លាប់​ដៃ​ជើង។ អ្នក​ជក់​បារី​មួយ​ចំនួន​អាច​ឈាន​ទៅ​ដល់​ការ​កាត់​អវយវៈ ឬ​ដៃ​ជើង​ដែល​ស្លាប់ ដោយសារ​តែ​ចរន្ត​ឈាម​ពុំ​បាន​នាំ​ជីវជាតិ​អាហារ និង​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ទី​នោះ​បាន​គ្រប់​គ្រាន់។

ជាតិ​ជ័រថា​ពណ៌​ខ្មៅ​នៅ​ក្នុង​ផ្សែង​បារី​បណ្តាល​ឱ្យ​កើត​ជំងឺ​មហារីក។ ជាតិ​ជ័រថា​វា​នឹង​ទៅ​រុំ​សួត​ដូច​ជា​ម្រែង​ភ្លើង​នៅ​ក្នុង​បំពង់​ផ្សែង​រថយន្ត​ដូច្នោះ​ដែរ។

ចំពោះ​សារជាតិ​កាបូន​ម៉ូណូអាស៊ីត ដែល​គេ​ឃើញ​មាន​នៅ​ក្នុង​ផ្សែង​រថយន្ត​វា​នឹង​ធ្វើ​ឱ្យ​ដុះ​ដុំ​សាច់ ដែល​ធ្វើ​ឱ្យ​ខួរ​ក្បាល​និង​កោសិកា​សព៌ាង្គកាយ​ខ្វះ​អុកស៊ីហ្សែន និង​ជា​ហេតុ​ធ្វើ​ឱ្យ​សព៌ាង្គកាយ​ទាំង​មូល ជា​ពិសេស​បេះដូង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើងៗ។ ការ​ដែល​បេះដូង​ធ្វើការ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យូរៗ​ទៅ​រលាក​ផ្លូវ​ដង្ហើម និង​ធ្វើ​ឱ្យ​ខ្យល់​ចូល​ទៅ​ក្នុង​សួត​កាន់​តែ​តិច​ទៅៗ។

ការ​ជក់​បារី​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​រលាក​ទង​សួត​ញឹកញាប់ ហើយ​ធ្វើ​ឱ្យ​សួត និង​បេះដូង​ចុះ​ខ្សោយ​ទ្រុឌទ្រោម។

ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ថ្លែង​ថា សព្វថ្ងៃ​នេះ​អ្នក​ជំងឺ​សួត​ភាគ​ច្រើន​ដែល​លោក​បាន​ទទួល គឺ​ទាក់ទង​នឹង​បារី។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «យើង​បាន​ទទួល​ជំងឺ​កន្លង​មក គឺ​ថា ជំងឺ​មហារីក​សួត​មាន​ច្រើន ហើយ​សឹង​តែ ៩០% អ្នក​មាន​មហារីក​សួត​ហ្នឹង គឺ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ជក់​បារី។ ជំងឺ​ទី​ពីរ​ដែល​ជួប​ច្រើន​ដែរ​ដោយសារ​ផល​ប៉ះពាល់​នៃ​ការ​ជក់​បារី​ហ្នឹង គឺ​ហៅ​ថា ជំងឺ​ត្បៀត​ទង​សួត​រ៉ាំរ៉ៃ ដែល​ភាសា​អង់គ្លេស​ហៅ​ថា COPD (Chronic obstructive pulmonary disease»

អ្នក​ជំងឺ​ជក់​បារី​ច្រើន​ម្នាក់​ដែល​កំពុង​ព្យាបាល​ជំងឺ​សួត​របស់​គាត់​ថ្លែង​ថា ៖ «បារី​ហ្នឹង​វា​បង្កើត​ឱ្យ​សួត​ខ្ញុំ​ទៅ​ជា​ដុះ​សាច់ ដល់​អ៊ីចឹង​គ្រូពេទ្យ​ស៊ក​សុង​កាត់​ដុំ​សាច់​តូចៗ​ពីរ​ដង»

អំពី​ការ​វិភាគ​រក​ជំងឺ​មហារីក​សួត ៖ ដើម្បី​វិភាគ​រក​ជំងឺ​មហារីក​សួត គ្រូពេទ្យ​ច្រើន​ច្រឹប​យក​សាច់​ដែល​សង្ស័យ​យក​ទៅ​ពិសោធ។

ភ្ជាប់​ទៅ​នឹង​ករណី​របស់​អ្នក​ជំងឺ​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច មាន​ប្រសាសន៍​បញ្ជាក់​អំពី​បច្ចេកទេស​ដូច្នេះ ៖ «សំខាន់​យើង​ត្រូវ​ធ្វើ​ការ​រក​រោគ​វិនិច្ឆ័យ។ យើង​ពឹង​ផ្អែក​ទៅ​លើ​ការ​ឆ្លុះ​ទង​សួត ដោយ​ដាក់​ទុយោ​កាមេរ៉ា​មួយ​ចូល​ទៅ​ក្នុង​ទង​សួត​ទៅ ហើយ​ពេល​នោះ​យើង​បាន​ឃើញ​មាន​ដុំ​មួយ​នៅ​ត្បៀត​ទង​សួត​ផ្នែក​ខាង​ឆ្វេង​ខាង​លើ។ រោគ​វិនិច្ឆ័យ​បាន​មក​ដោយសារ​ការ​វិភាគ​កោសិកា​ដែល​យើង​ច្រឹប​នៅ​ក្នុង​ទង​សួត​បង្ហាញ​ថា គាត់​មាន​ជំងឺ​មហារីក»

ផលវិបាក​នៃ​ការ​ជក់​បារី​មួយ​ចំនួន​ត្រូវ​បាន​ឯកសារ​ពេទ្យ​បង្ហាញ​ថា បណ្តាល​ឱ្យ​ជ្រុះ​សក់ ភ្នែក​ឡើង​បាយ ស្បែក​ជ្រួញ អន់​ត្រចៀក មហារីក​ស្បែក ពុក​ធ្មេញ ពុក​ឆ្អឹង ហើម​សួត មាន​ជំងឺ​បេះដូង ដំបៅ​ក្រពះ មហារីក​ស្បូន និង​រលូត​កូន ខូច​ទឹក​កាម​បន្ត​ពូជ ដំបៅ​រលួយ Gangrene ឬ​អ្នក​ខ្លះ​ហៅ​ថា ពិស​ធ្យូង និង​មហារីក​ផ្សេងៗ​ទៀត។

ចំពោះ​ជំងឺ​ត្បៀត​ទង​សួត​ដែល​បណ្តាល​មក​ពី​ការ​ជក់​បារី​ដែរ លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច បាន​លើក​ករណី​ម្នាក់​ទៀត​ដែល​ជក់​បារី​ជាង​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ តាំង​ពី​កំលោះ​រហូត​មក​ដល់​អាយុ​ជាង ៦០ ដូច្នេះ​ថា ៖ «គាត់​មក​សម្រាក​នៅ​កន្លែង​យើង ដោយសារ​គាត់​ហត់​ជា​ប្រចាំ គាត់​ត្រូវការ​ពាក់​អុកស៊ីហ្សែន​ជាប់។ យើង​ថត​សួត​គាត់​ឃើញ​ថា សាច់​សួត​គាត់​មាន​បញ្ហា គាត់​មាន​ដក់​ថង់​ខ្យល់ ពីព្រោះ​ការ​ជក់​បារី​ហ្នឹង​ធ្វើ​ឱ្យ​សាច់​សួត​ហ្នឹង​ដាច់​រយះ​ប្រហោង​ថង់​ខ្យល់ អ៊ីចឹង​ទៅ​ខ្យល់​អុកស៊ីហ្សែន​មិន​អាច​ធ្វើ​បន្ធូរ​ឧស្ម័ន​កន្លែង​ថង់​ហ្នឹង​បាន ធ្វើ​ឱ្យ​គាត់​ខ្វះ​អុកស៊ីហ្សែន។ យើង​មើល​ទៅ​គាត់ មាត់​គាត់ ដៃ​គាត់​ឡើង​ញ័រ»

ទាក់ទង​នឹង​ការ​ព្យាបាល ត្រូវ​លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ថ្លែង​ថា ៖ «កាល​មុន​យើង​ថា របេង​ច្រើន ប៉ុន្តែ​ឥឡូវ​ហ្នឹង​មហារីក​សួត​ក៏​ច្រើន ច្រើន​មែន​ទែន! ហើយ​អ្នក​ជំងឺ COPD ក៏​មាន​ច្រើន​ដែរ។ គឺ​ជា​ជំងឺ​វា​ពិបាក​ព្យាបាល ហើយ​ធ្វើ​ខាត​បង់​ថវិកា​អ្នក​ជំងឺ​ខ្លួន​ឯង​ផ្ទាល់ ហើយ​ចុង​ក្រោយ​ជា​បន្ទុក​ធ្ងន់»

ចំពោះ​ករណី​អ្នក​ជំងឺ​ដែល​លោក​លើក​ឡើង​នេះ លោក​បញ្ជាក់​ដូច្នេះ ៖ «ការ​ព្យាបាល​យើង​គ្រាន់តែ​ទប់ៗ​គាត់​ទេ គ្មាន​វិធី​ព្យាបាល​ណា​ឱ្យ​គាត់​ជា​ទេ»

អត្រា​អ្នក​ស្លាប់​ដោយសារ​មហារីក​សួត​ត្រូវ​បាន​គេ​កត់ត្រា​ថា មាន​ចំនួន ១០​ដង​ច្រើន​ជាង​អ្នក​ដែល​មិន​ជក់​បារី។

ដើម្បី​ចៀស​វាង​ផល​វិបាក​ពី​ការ​ជក់​បារី លោក​វេជ្ជបណ្ឌិត វ៉ាន់ មិច ផ្តល់​ឱវាទ​ថា មាន​តែ​ការ​បញ្ឈប់​ការ​ជក់​បារី​ជា​បន្ទាន់៕