តើការប្រើប្រាស់បារីអេឡិចត្រូនិចប៉ះពាល់អ្វីខ្លះដល់សុខភាព?
2022.07.13
ក្រសួងសុខាភិបាល និងក្រសួងអប់រំ កាលពីពេលថ្មីៗនេះ អំពាវនាវដល់យុវជននិងពលរដ្ឋ ឲ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-cigarette) ពីព្រោះវាបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាចឈានដល់ការបាត់បង់ជីវិត។ តើបារីអេឡិចត្រូនិច មានប្រើប្រាស់សារធាតុអ្វីខ្លះ ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព?
បារីអេឡិចត្រូនិច (E-cigarette) មានដាក់សារធាតុគីមី និងជាតិនីកូទីន (Nicotine) នៅពេលអ្នកប្រើប្រាស់ បឺតស្រូបជាតិផ្សែងចូលទៅក្នុងរាងកាយ គឺវាចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បញ្ហានេះវាបង្កឲ្យកើតជំងឺសួតរ៉ាំរ៉ៃ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Strokes) និងជំងឺគាំងបេះដូង (Heart attacks) ជាដើម។
ម្ចាស់គ្លីនីកមេត្តានៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិច មានផលវិបាកធ្ងន់ធ្ងរដល់សុខភាព ដូចជាអ្នកជក់បារីផងដែរ។ លោកបន្តថា សារធាតុដែលប្រើក្នុងបារីអេឡិចត្រូនិច បណ្តាលឲ្យអ្នកប្រើប្រាស់ញៀន និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗមួយចំនួនទៀត៖ «នៅពេលដែលយើងបឺតផ្សែងបារី ការផ្លាស់ប្តូរអ៊ុកស៊ីហ្សែននៅក្នុងគ្រាប់ឈាមអត់បានល្អ ទី១។ ម្យ៉ាងទៀត សារធាតុកាបោនមូណូអ៊ុកស៊ីដ (Carbon monoxide) នៅក្នុងសារធាតុផ្សែងបារី គឺវារំខានដល់ការចាប់យកគ្រាប់ឈាមក្នុងអ៊ុកស៊ីហ្សែន។ អ៊ីចឹងខួរក្បាលយើងត្រូវការអ៊ុកស៊ីហ្សែនគឺអត់ទទួលបានគ្រប់គ្រាន់ទេ មិនថាចិញ្ចឹមខួរក្បាល បេះដូង និងសរីរាង្គផ្សេងៗ អត់គ្រប់គ្រាន់ទេ។ ដូចនេះ វាប៉ះពាល់ដល់ការចង់ចាំ ប៉ះពាល់ដល់ការលូតលាត់ បញ្ញាស្មារតី ដល់អារម្មណ៍និងធ្វើឲ្យកើតជំងឺថប់អារម្មណ៍...»។
ក្រសួងសុខាភិបាល និងក្រសួងអប់រំ កាលពីថ្ងៃទី២៤ ខែមិថុនា អំពាវនាវដល់យុវជននិងពលរដ្ឋ ឲ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-cigarette) ជាបន្ទាន់។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃអ្នកប្រើប្រាស់ ជាពិសេស យុវជនក្មេងៗ និងសិស្សនៅតាមសាលារៀនរដ្ឋនិងឯកជន។
ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ខួរក្បាល មានអារម្មណ៍ឆាប់មួរម៉ៅ ឆាប់ខឹង បាត់បង់ការចងចាំ និងមានជំងឺថប់អារម្មណ៍ ជាដើម។ បន្ថែមពីនេះ ពួកគេនឹងបន្តញៀនជក់បារី និងប្រើប្រាស់គ្រឿងញៀន នៅពេលពួកគេធំដឹងក្តីឡើង។
កាលពីឆ្នាំ២០១៤ ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ពីការប្រើប្រាស់ និងការធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិចនេះ និងចេញសេចក្តីប្រកាសណែនាំបន្ថែម កាលពីឆ្នាំ២០២១ ជុំវិញគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិច (E-cigarette) ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមានជនឆ្លៀតឱកាសមួយចំនួន បន្តផ្សព្វផ្សាយលក់ផលិតផល អេច ធី ភី (HTPs) ឬ (e-cigarette) នៅលើបណ្ដាញសង្គម ដែលក្រសួងសុខាភិបាលចាត់ទុកការផ្សព្វផ្សាយនេះ ថា ជាទង្វើល្មើសច្បាប់។
គ្រូពេទ្យជំនាញឯកទេសទូទៅ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បន្តថា ការប្រើប្រាស់បារីអេឡិចត្រូនិច ពីដើមដំបូង គឺគេប្រើសំរាប់ជួយផ្តាច់ការជក់បារី។ ក៏ប៉ុន្តែក្រោយៗមក ក្រុមហ៊ុនអាជីវកម្មផលិតបារីអេឡិចត្រូនិក បានប្រើសារធាតុគីមី និងជាតិនីកូទីន ដោយបង្កើតគ្រប់ពណ៌និងទំរង់រូបភាព ដើម្បីទាក់ទាញអ្នកប្រើប្រាស់៖ «មួយរយៈចុងក្រោយនេះ មានការពេញនិយមមែនទែន ឃើញថា ក្មេងៗនាំគ្នាប្រើច្រើននៅតាមសាលារៀន។ តាមពិតបារីអេឡិចត្រូនិក ហ្នឹងពីដើមឡើងគេធ្វើសំរាប់ជួយផ្តាច់អ្នកជក់បារី ហើយ ក្រោយមក គឺនាំឲ្យប៉ះពាល់សុខភាព។ ធម្មតា គេជក់វា គេដាក់ទឹកថ្នាំ យើងឃើញថា សារធាតុហ្នឹង គឺមានជាតិញៀន នីកូទីន សារធាតុថ្នាំពណ៌ សារធាតុរក្សាទុកហ្នឹង ក៏វាប៉ះពាល់ដល់សុខភាព។ ម្យ៉ាងវិញទៀត បារីហ្នឹងគឺផ្សែងច្រើន អញ្ចឹងធ្វើឲ្យផ្សែងហ្នឹងចូលពុលពេញសួតតែម្តង ធ្វើឲ្យបបូរមាត់ស្ងួត មានដំបៅ គឺមានផលប៉ះពាល់ច្រើន ដូចបារីធម្មតាដែរ...»។
លោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់មាតាបិតា ឬអាណាព្យាបាល ត្រូវតាមដានសកម្មភាពកូនៗ និងការប្រែប្រួលអាកប្បកិរិយារបស់ពួកគេ។ លោកមានប្រសាសន៍ថា ប្រសិនបើក្មេង ឬយុវជន ប្រើប្រាស់បារីអេឡិចត្រូនិក ពួកគេនឹងអាចឈានដល់ការប្រើប្រាស់គ្រឿងញៀនផ្សេងទៀត ដូចជាកញ្ឆា ឬអាភៀន ជាដើម៖ «យើងឃើញថា ក្មេងៗមិនទាន់គ្រប់អាយុ ប្រើវេព (Vaping) ឬប្រើប្រាស់បារីអេឡិចត្រូនិក អ៊ីចឹងក្នុងនាមជាអាណាព្យាបាល ត្រូវតាមដានមើលកូនផង។ ជាពិសេស បើក្មេងចេះប្រើប្រាស់បារីអេឡិចត្រូនិក គាត់ជាក្មេងអត់ល្អទេ ប្រាកដជាគេចសាលាហើយ ហើយវាអាចត្រូវប្រើប្រាស់គ្រឿងញៀន ផ្សេងទៀត។ បើឃើញកូនប្រើវេព ត្រូវតាមដាន និងទូន្មានណែនាំពីការសេពគប់មិត្តភ័ក្ត្ររបស់កូនៗឲ្យបានល្អ និងយកចិត្តទុកដាក់កូនៗ...»។
ចំណែកក្រសួងអប់រំវិញ ក៏បានចេញសេចក្តីណែនាំពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល នៅតាមគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជនផងដែរ។ ក្រសួងអប់រំណែនាំដល់អង្គភាពចំណុះក្រសួង មន្ទីរអប់រំរាជធានី-ខេត្ត និងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រើប្រាស់បារីអេឡិចត្រូនិច ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា ព្រមទាំងហាមដាច់ខាតការប្រើប្រាស់ ការចែកចាយ ការជួញដូរ និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាព ទាំងក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។ ក្រសួងក៏បានអំពាវនាវ ដល់មាតាបិតា អាណាព្យាបាល បុគ្គលិកអប់រំ និងអ្នកសិក្សា ត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីចាត់វិធានការជាបន្ទាន់ ប្រសិនបើរកឃើញមុខសញ្ញា ទីតាំងចែកចាយ ការជួញដូរ និងការប្រើប្រាស់បារីអេឡិចត្រូនិច។
ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អ្នកជក់បារី គឺត្រូវមានអាយុលើសពី១៨ឆ្នាំ។ អង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា ការជក់បារី និងប្រើថ្នាំជក់ បណ្តាលឲ្យមនុស្សស្លាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដែលនាំឲ្យខាតបង់ចំណូលសេដ្ឋកិច្ចប្រចាំឆ្នាំ ប្រមាណជាង ៦រយលានដុល្លារ (US$ 663 million) នៅប្រទេសកម្ពុជា ។ ការស្រាវជ្រាវរកឃើញថា នៅកម្ពុជា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ចំនួន ១ម៉ឺន ៥ពាន់នាក់ (១៥.០០០) ក្នុងចំណោមអ្នកប្រើប្រាស់ សរុបជាង២លាននាក់។ បន្ថែមពីនេះ កម្ពុជា ចំណាយថវិកាជាង ១៦០លានដុល្លារ (160 millions) សំរាប់សេវាព្យាបាលជំងឺរ៉ាំរ៉ៃទូទៅ ដែលជាប់ពាក់ព័ន្ធនឹងការជក់បារី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។