វេជ្ជបណ្ឌិតជំនាញលើកឡើងថា ការបរិភោគអាហារទៀងទាត់ ៣ពេលក្នុងមួយថ្ងៃ និងការជ្រើសរើសប្រភេទអាហារត្រឹមត្រូវ សម្រាប់ទទួលទានប្រចាំថ្ងៃ នឹងជួយច្រើនដល់ប្រព័ន្ធរំលាយអាហារ ដូចជា កាត់បន្ថយជំងឺក្រពះ និងពោះវៀនជាដើម។
វេជ្ជបណ្ឌិតជំនាញ ឱ្យដឹងថា ផលប៉ះពាល់ដល់សុខភាព បណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ រួមមាន ហើមពោះ ចុកឆ្អល់ពោះ ញ័រទ្រូង ពិបាកដកដង្ហើម ច្រាលជាតិអាស៊ីដ រាករូស និងទល់លាមកជាដើម។
លោកវេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ ម្ចាស់គ្លីនីក នៅទីក្រុងលីន (Lynn) នៅរដ្ឋម៉ាស្សាឈូសេត (Massachusetts) មានប្រសាសន៍ថា ការពិនិត្យមើលពីគុណភាពអាហារ ដែលទទួលទានរាល់ថ្ងៃ និងការថែទាំប្រព័ន្ធរំលាយអាហារ នឹងអាចជួយកាត់បន្ថយបញ្ហាជំងឺក្រពះ ពោះវៀន និង សរីរាង្គផ្សេងៗ ទៀត។ លោកថា មានអាហារខ្លះ ដូចជាសាច់ឆៅ អាហារផ្អាប់ទុកយូរ ឬប្រភេទបន្លែ និងផ្លែឈើខ្លះ គឺក្រោយពេលទទួលទានរួចហើយ នាំឲ្យមានប្រតិកម្មដល់ប្រព័ន្ធរាងកាយ៖ « គាត់ឧស្សាហ៍មានបញ្ហាឈឺក្រពះ ឈឺក្រពះ មានច្រើនយ៉ាង។ អ្នកខ្លះដូចជា ញ័រទ្រូង អ្នកខ្លះភើច្រើន ភាគច្រើនមានបញ្ហារំលាយអាហារ វាមិនធ្វើទុក្ខ និងឱ្យគ្រោះថ្នាក់ដល់ជីវិតទេ តែវាធ្វើឱ្យពិបាកក្នុងខ្លួន ឧទាហរណ៍អ្នកមាន Heartburn ដូចជា អ្នកមានជាតិអាស៊ីដច្រើន នៅក្នុងក្រពះ នាំឲ្យចេះតែច្រាលឡើងលើ នាំឱ្យពិបាកដកដង្ហើម ហើយខ្លះទៀត វានាំឲ្យយើងទៅជាក្អក »។
តើអ្វីទៅជាប្រព័ន្ធរំលាយអាហារ?
គេហទំព័រសុខភាពនៅសហរដ្ឋអាមេរិក WebMD បង្ហាញថា ប្រព័ន្ធរំលាយអាហារ (Digestive system) គឺជាដំណើរការស្មុគស្មាញមួយ ដើម្បីបំប្លែងម្ហូបអាហារដែលយើងបរិភោគ ទៅជាឋាមពល ដែលរាងកាយត្រូវការប្រចាំថ្ងៃ ដើម្បីរស់រានមានជីវិត។ ប្រព័ន្ធរំលាយអាហារនេះ ក៏មានការចូលរួមចំណែកពីសរីរាង្គខាងក្នុងជាច្រើន ដែលមានតួនាទីខុសៗ គ្នា ដើម្បីស្រូបយកជីវជាតិ និងភាពចាំបាច់នានា យកទៅចិញ្ចឹមរាងកាយ និងបំប្លែងទៅជាកាកសំណល់ សម្រាប់ការបញ្ចេញមកខាងក្រៅផងដែរ។
បំពង់រំលាយអាហារ (Digestion Track) ផ្ដើមចេញពីដំបូង គឺមាត់ទំពាអាហារ ដែលបញ្ចេញក្រពេញទឹកមាត់ (Salivary Gland) រួចលេបចុះតាមបំពង់អាហារ (Esophagus) ទៅដល់ក្រពះ។ ក្រពះ (Stomach) ជាថង់មួយមានជញ្ជាំងសាច់ដុំខ្លាំង ជាកន្លែងបញ្ចេញជាតិអាស៊ីដ និងជាកន្លែង សម្រាប់កិនរំលាយអាហារ។ សរីរាង្គជាច្រើនទៀត ដូចជា ថ្លើម (Liver) លំពែង (Pancreas) ពោះវៀនតូច និងធំ មានតួនាទីផ្សេងៗ គ្នា ដើម្បីបំប្លែងជីវជាតិអាហារទាំងនោះ ទៅជាជាតិស្ករ ជាតិដែក វីតាមីន ជាតិទឹក និងជាកាកសំណល់ជាដើម។
គេហទំព័រ WebMD ដដែលបន្តថា នៅពេលពោះវៀនមានសុខភាពល្អ គឺជាលិកាស្រទាប់ខាងក្នុងពោះវៀនមានកម្លាំងខ្លាំង និងមានបាក់តេរីល្អសម្រាប់ទ្រទ្រង់សុខភាព។ អ្នកដែលមានពោះវៀនល្អ និង ប្រព័ន្ធការពាររាងកាយរឹងមាំល្អ គឺជួយប្រយុទ្ធប្រឆាំងនឹងមេរោគ ក្នុងពេលកើតជំងឺ និងមិនអាចកើតជំងឺរលាកពោះវៀន និងជំងឺគ្រុនពោះវៀននោះទេ។
លោក វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ មានប្រសាសន៍ថា នៅពេលបរិភោគអ្វីមួយមិនថា បន្លែផ្លែឈើ ឬសាច់ឆៅជាដើម គឺត្រូវកត់សំគាល់ខ្លួនឯងថា តើអាហារដែលបរិភោគនោះ នាំឲ្យរំខានដល់ប្រព័ន្ធរំលាយអាហារដែរឬទេ? ប្រសិនបើកត់សំគាល់ឃើញមានអ្វីប្លែក ដូចជា បរិភោគទៅ ធ្វើឲ្យមានបញ្ហារាករូស ឬក្អួតចង្អោរ ត្រូវបញ្ឈប់ការទទួលទាននោះ៖ « គេណែនាំថា ពេលញ៉ាំម្ហូបអាហារ ត្រូវពិនិត្យមើល តើម្ហូបអាហារនោះវាធ្វើទុក្ខ ឬនាំឲ្យប៉ះពាល់សុខភាពយើង គឺយើងត្រូវផ្លាស់ប្ដូរ ឧទាហរណ៍ យើងញ៉ាំរបស់ឆៅ ឬបន្លែណាមួយ។ កុំញ៉ាំញាប់ពេក ទំពាឲ្យម៉ត់ត្រឹមត្រូវមុនលេប។ បើសិនជាជក់បារី ត្រូវកាត់បន្ថយ។ បើញ៉ាំជាតិកាហ្វេអ៊ីន ច្រើនអាចពិបាកឲ្យក្រពះពិបាកកិនអាហារ។ ហើយ បើអ្នកមានអាស៊ីដច្រើន គេឲ្យញ៉ាំថ្នាំ ដើម្បីជួយកុំឲ្យធ្វើទុក្ខក្រពះ »។
លោកវេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ មានប្រសាសន៍ផងដែរថា ប្រសិនបើលោកអ្នកតែងជួបបញ្ហាហើមពោះ ចុកឆ្អល់ ច្រាលទឹកអាស៊ីដ ថប់ដង្ហើម និង រាករូសញឹកញាប់នេះ គឺជាតម្រុយនៃរោគសញ្ញាបង្ហាញពីភាពមិនប្រក្រតីនៃប្រព័ន្ធរំលាយអាហារ។ លោកវេជ្ជបណ្ឌិតបន្តថា ប្រសិនបើរោគសញ្ញានោះ នៅតែបន្តកើតមាន គឺត្រូវទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីទទួលបានថ្នាំព្យាបាល និងការណែនាំពីប្រភេទអាហារទទួលទាន និងរបៀបរបបរស់នៅប្រចាំថ្ងៃ។
តើលោកអ្នកត្រូវធ្វើដូចម្ដេចខ្លះ ដើម្បីជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ?
គេហទំព័រសុខភាពប្រចាំថ្ងៃ (Everydayhealth.com) ឲ្យដឹងថា វិធីសាស្ត្រមួយចំនួន ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយឲ្យក្រពះ ពោះវៀន ល្អប្រសើរឡើង រួមមាន៖ បរិភោគ ទឹកបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ប្រសិនបើមិនទទួលទានទឹកគ្រប់គ្រាន់ទេ នោះនឹងនាំឲ្យទល់លាមក (Constipation)។ ទទួលទានអាហារ រួមមានបន្លែផ្លែឈើ ដែលមានជាតិសរសៃច្រើន (Fibers) ដើម្បីជួយកាត់បន្ថយបញ្ហារលាកក្រពះ ការចាល់ទឹកអាស៊ីដ (Acid influx) និងជំងឺឫសដូងបាត (hemorrhoids)។ ទទួលទានអាហារដែលមានជាតិខ្លាញ់ អូមេហ្គា៣ ច្រើន ដូចជា នៅក្នុងគ្រាប់ធញ្ញជាតិ និងត្រីសាលម៉ុង ជាដើម គឺអាចជួយកាត់បន្ថយការរលាកក្រពះ ពោះវៀន ប៉ុន្តែកាត់បន្ថយអាហារមានជាតិខ្លាញ់ច្រើន។ កាត់បន្ថយការទទួលទានអាហារកំប៉ុង ឬផ្អាប់ទុកយូរ ព្រមទាំងចៀសវាង អាហារដែលបណ្ដាលឲ្យមានប្រតិកម្ម។ បន្ថែមពីនេះ គឺឈប់ជក់បារី កាត់បន្ថយការញ៉ាំសុរា និងកាហ្វេច្រើនហួសហេតុ។
សំខាន់បំផុតគឺ កាត់បន្ថយភាពតានតឹងក្នុងចិត្ត (Stress) និងគេងឱ្យបានគ្រប់គ្រាន់ ព្រោះវិធីទាំងនេះ គឺជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ។ បរិភោគអាហារ ឱ្យបានទៀងទាត់ និងមានតុល្យភាព គឺកុំឲ្យបរិភោគច្រើនហួសហេតុពេក រហូតដល់ហល់ ឬក៏តមអាហារមិនបរិភោគសោះ ដោយសារខ្លាចធាត់ ឬជាប់រវល់ភ្លេចទទួលទាន។ គេហទំព័រដដែល ក៏ផ្ដល់ដំបូន្មានដែរថា ក្រោយបរិភោគរួច កុំគេងសម្រាកភ្លាម គួរដើរហាត់ប្រាណ ដើម្បីជួយដល់ការរំលាយអាហារ។ ចំពោះអ្នកដែលមានប្រតិកម្មនឹងអាហារ ត្រូវយកចិត្តទុកដាក់ ពិនិត្យមើលពីគ្រឿងផ្សំរបស់វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។