មហារីក​ប្រស្ដេត

គ្រូពេទ្យ​មាន​ប្រសាសន៍​ថា ចំពោះ​មហារីក​ប្រស្តេត​គឺ​មាន​បៀប​ដើម្បី​នឹង​តាម​រក​មើល​ឲ្យ​ទាន់​ពេល​វេលា។
ដោយ ឃឹម សារ៉ង
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា មហារីក​ប្រស្តេត​ជា​មហារីក​ចំពោះ​បុរស។ បុរស​ទាំង​ឡាយ​អាច​ជួប​គ្រោះថ្នាក់​កើត​មហារីក​ប្រស្តេត ដោយសារ​មាន​កត្តា​មួយ​ចំនួន​រួម​ចំណែក​បង្កើន​គ្រោះថ្នាក់​មហារីក​នេះ ជា​ពិសេស​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។ កត្តា​ទាំង​នេះ រួម​មាន​អាយុ​កាន់​តែ​ចាស់ ប្រវត្តិ​គ្រួសារ​មាន​មហារីក​ប្រស្តេត និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។

យោង​តាម​អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក គឺ​មាន​ជិត​២​សែន​ករណី​បាន​ត្រូវ​រក​ឃើញ​ក្នុង​ឆ្នាំ​២០០៩ ហើយ​កាល​ពី​ឆ្នាំ​២០០៨ មាន​បុរស​ជាង​២៨.០០០​នាក់​ស្លាប់​ដោយ​ជំងឺ​មហារីក​ប្រស្តេត។

អំពី​ការ​ពិនិត្យ​រក​មើល​មហារីក​ប្រស្តេត ៖ គ្រូពេទ្យ​បាន​មាន​ប្រសាសន៍​ថា មិន​មែន​គ្រប់​តែ​វេជ្ជបណ្ឌិត​ឯកទេស​យល់​ស្រប​ដូចៗ​គ្នា​ថា ការ​ពិនិត្យ​រក​មើល​មហារីក​ប្រស្តេត​អាច​សង្គ្រោះ​ជីវិត​បុរស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​​​បាន​នោះ​ឡើយ។ មាន​វិធី​២​យ៉ាង​ក្នុង​ការ​ធ្វើ​តេស្ត​គឺ វិធី​ហៅ​ថា Digital Rectal Exam (DRE) និង​វិធី​ពិនិត្យ​កម្រិត​សារធាតុ​ម្យ៉ាង​ឈ្មោះ Prostate Specific Antigen (PSA)។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា មាន​មហារីក​ច្រើន​ប្រភេទ​អាច​កើត​ក្នុង​ខ្លួន​មនុស្ស។ ក៏​ប៉ុន្តែ​មធ្យោបាយ​ពិនិត្យ​រក​មើល​មហារីក គឺ​តិច​តួច​ណាស់។ ចំពោះ​មហារីក​ប្រស្តេត​វិញ គឺ​មាន​វិធី​សម្រាប់​រក។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ដូច្នេះ ៖ «សំណាង​ល្អ ប្រូស្តេត​នេះ​គឺ​មាន​របៀប​ដើម្បី​នឹង Screening  រក​ឲ្យ​ទាន់​ពេល​វេលា Lucky ទទួល​ស្គាល់។ ប៉ុន្តែ​មហារីក​ខ្លះ​ ទាល់​តែ​កើត​ហើយ​បាន​ធ្វើ Screen test តាម​វា។ ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ Prostate specific antigen ហ្នឹង គឺ​យើង​អាច​រក តើ​អ្នក​ជំងឺ​ហ្នឹង​កើត​មហារីក ឬ​អត់​កើត? គឺ​សំណាង​ដែរ មនុស្ស​ប្រុស​យើង​កន្លែង​ហ្នឹង​ហើយ។ ចាប់​ពី​អាយុ​៥០​ឆ្នាំ​ទៅ​នៅ​សហរដ្ឋ​អាមេរិក​នេះ គឺ​ច្បាប់​គេ គេ​ឲ្យScreen ពីព្រោះ​មហារីក​ប្រូស្តាត​ហ្នឹង គឺ​អត់​ដូច​ប្រូស្តាត​រីក​ទេ ខុស​គ្នា អាហ្នឹង​អត់​ធ្វើ​ទុក្ខ​ទេ រឿង​មហារីក គឺ​អត់​ធ្វើ​ទុក្ខ​តែម្ដង ព្រោះ​វា​តូច តែ​តូច​គឺ​វា​លេង​យើង​ដែរ។ តូច​មួយ​នៅ​ក្នុង​ហ្នឹង គឺ​ចាប់​ផ្តើម​លេង​មែន​ទែន​តែម្ដង គឺ​គេ​រកPSA level វា បើ​វា​មាន​គឺ​យើង​តាម​ដាន​តាម​ចំនួន​របស់​វា​តិច​ឬ​ច្រើន ហើយ​និង​យើង​ត្រូវ​ធ្វើ​អី​ទៀត? ត្រូវ​បញ្ជូន​ទៅ​អ្នក​ជំនាញ ឬ​ក៏​យើងOrder អី​ទៀត? ខ្ញុំ​មិន​ជម្រាប​ទេ គឺ​ចូល​បច្ចេកទេស»

លោក​វេជ្ជបណ្ឌិត រ៉ូប៊ឺត ហ្កេតហ្សេនប៊ើក (Robert Getzenberg) នាយក​ការ​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ម៉ូត្រសាស្ត្រ Brady, សកល​វិទ្យាល័យ Johns Hopkins សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ៖ “កម្រិត​សារធាតុ PSA កើន​ឡើង​ទៅ​តាម​កំណើន​អាយុ។ ការ​ដែល​វា​កើន​ឡើង​ទៅ​តាម​អាយុ តាម​ជាក់​ស្តែង​ទៅ គឺ​មិន​ទាក់​ទង​នឹង​មហារីក​ប្រស្តេត​ទេ ក៏​ប៉ុន្តែ​វា​ទាក់ទង​នឹង​ជំងឺ​ដែល​គេ​ហៅ​ថា ប្រស្តេត​រីក"

លោក​វេជ្ជបណ្ឌិត​បន្ត​ថា លោក​គិត​ថា បុរស​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​តេស្ត​រក​មើល​កម្រិត PSA ចាប់​ពី​អាយុ​៤០​ឆ្នាំ​ទៅ គឺ​អាច​ធ្វើ​តេស្ត​៥​ឆ្នាំ​ម្តង បន្ទាប់​មក​២​ឆ្នាំ​ម្តង ឬ​ក៏​៤-​៥​ឆ្នាំ​ម្តង ហើយ​ប្រសិន​ណា​បើ​អត្រា PSA កើន​ឡើង​ច្រើន​នោះ​គឺ​ត្រូវ​ធ្វើ​តេស្ត​១​ឆ្នាំ​ម្តង។

អំពី​រោគ​សញ្ញា៖  មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​មាន​ការ​ខុស​គ្នា​រវាង​បុរស​ម្នាក់​ទៅ​បុរស​ម្នាក់​ទៀត។ បុរស​ខ្លះ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់​ក៏​មាន។ មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ពិបាក​ពេល​ផ្តើម​បត់​ជើង​តូច​ឬ​នោម។ បត់​ជើង​តូច​ខ្សោយ អាក់ៗ នោម​ញឹក​ញាប់ ជា​ពិសេស​ពេល​យប់។ ពិបាក​មិន​ដឹង​ថា អស់​ទឹក​នោម​ពី​ប្លោក​នោម ឈឺ​ចុក​ផ្សា​ពេល​នោម មាន​ឈាម​ក្នុង​ទឹក​នោម ឬ​ក្នុង​ទឹក​កាម ចុក​ចាប់​ខ្នង ត្រគាក​ឬ​ឆ្អឹង​ត្រគាក ឈឺ​ជាប់ ឈឺ​ចាប់​ពេល​បញ្ចេញ​ទឹក​កាម។

លោកស្រី​វេជ្ជបណ្ឌិត ដូមីកា ម័រ (Donica Moore) និពន្ធ​នាយក​ទស្សនាវដ្តី  Women 's Health For Life មាន​ប្រសាសន៍​ក្នុង​បណ្តាញ​ព័ត៌មាន ABC ថា ៖ "រោគ​សញ្ញា​ទាំង​នោះ​ទាក់​ទង​នឹង​ជំងឺ​នៅ​ប្រស្តេត។ ជា​ដំណឹង​ល្អ​គឺ​ជំងឺ​ទាក់​ទង​ប្រស្តេត​ភាគ​ច្រើន​គេ​ព្យាបាល​ជា។ ជា​ដំណឹង​ល្អ​ទៀត​គឺ ករណី​ស្មុគស្មា្ញញ​ជា​ច្រើន​ទាក់​ទង​នឹង​ប្រស្តេត​មិន​មែន​ជា​មហារីក​ទេ ហើយ​ជា​ដំណឹង​មិន​ល្អ​វិញ​នោះ​គឺ​ករណី​ស្មុគស្មា្ញញ​ជា​ច្រើន​ទាក់ទង​នឹង​ប្រស្តេត​ជា​មហារីក”

តើ​គ្រូពេទ្យ​ព្យាបាល​មហារីក​ប្រស្តេត​បាន​ជា​ឬ​ទេ?

លោក​វេជ្ជបណ្ឌិត ដូណាល្ដ ទ្រុម្ភ (Donald Trump) នាយក​វិទ្យាស្ថាន​ជំងឺ​មហារីក Roswell Park នៅ​អាមេរិក​មាន​ប្រសាសន៍​ថា ៖ "ដូច​ជំងឺ​មហារីក​មួយ​ចំនួន​ដែរ ការ​រក​ឃើញ​ថា មាន​មហារីក​ប្រស្តេត​ក្នុង​ដំណាក់​កាល​ដំបូង គឺ​ប្រាកដ​ណាស់​គេ​អាច​ព្យាបាល​បាន​ជា។ ប្រសិន​បើ​ដុំ​ពក​មហារីក​មិន​ទាន់​រីក​រាល​ចេញ​ពី​ក្រពេញ​ប្រស្តេត​ទេ​នោះ ការ​ព្យាបាល​ដោយ​កាំរស្មី Radiation therapy  ឬ​ក៏​វះ​កាត់​ដុំ​មហារីក​ចេញ​នោះ មាន​ករណី​ច្រើន​ណាស់​ដែល​មហារីក​អាច​នឹង​ជា​ស្បើយ​ទៅ​បាន”

លោកស្រី​វេជ្ជបណ្ឌិត ដូមីកា ម័រ (Donica Moore) មាន​ប្រសាសន៍​បន្ត​ថា ៖ “ជា​ដំណឹង​ល្អ​នោះ​គឺ បុរស​អាមេរិកាំង​ជាង​២​លាន​នាក់​ដែល​រស់​នៅ​ជាមួយ​មហារីក​ប្រស្តេត ឬ​រស់​រាន​មាន​ជីវិត​ក្រោយ​ពី​ទទួល​ការ​ព្យាបាល​ដោយ​ជោគជ័យ​ហើយ​នោះ។ ស្ត្រី​ដែល​ជា​ដៃ​គូ​របស់​អ្នក​ទាំង​នោះ ក៏​រស់​រាន​មាន​ជីវិត​ផង​ដែរ”

ចំពោះ​ការ​ព្យាបាល​មហារីក​ប្រស្តេត​វិញ​នោះ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា ត្រូវ​វះ​កាត់​ជាប​ន្ទាន់ ៖ «ខុស​គ្នា​ស្រឡះ​គឺ​ថា ប្រូស្តាត​ដែល​រីក​ហ្នឹង​គឺ​មិន​ទាន់​ពេល​ត្រូវ​វះ​កាត់​អី​ទេ ប្រើ​ថ្នាំ។ ថ្នាំ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង គឺ​មាន​២​មុខ ថ្នាំ​ពេទ្យ​យើង​មាន​២​Group​ធំ ហើយ​និង​ថ្នាំ​ឫស​ឈើ សំបក​ឈើ ស្លឹក​ឈើ​ស្អីៗ​អស់​ហ្នឹង​ឯង​សំខាន់​ណាស់ ប្រើ​អស់​ហ្នឹង​ទៅ​បាន​ស្រួល យើង​ស្រួល បើ​មិន​បាន​ស្រួល​ទេ​សឹម​យើង​គិត​ទៀត។ ព្យាបាល​តាម​ប្រើ​ថ្នាំ​ឬ​ប្រើ​ឬស​ឈើ ស្លឹក​ឈើ​អ៊ីចឹង​ឯង​បើ​អត់​បាត់ ហ្នឹង​ទាល់​តែ​វះ​កាត់​ហើយ។ បើ​រឿង Cancer វិញ អត់​ទុក​យូរ​បាន​សោះ តែ​ឃើញ​គឺ​វះ​ភ្លាម​នឹង​បញ្ចាំងRadiation therapy ហើយ​និង​វះ​ទាំង​អស់​តែម្ដង​ដក​ចេញ​ទាំង​អស់ អត់​មាន​ពេល​ថា ចាំ​ថ្ងៃ​ណា​ទេ អត់​ទេ។ ដូចCancerដទៃ​ទៀត​ដែរ បើ​សិន​ជា​យើង​ឃើញ​ដឹង​ថា Cancer​ហើយ គឺ​ចាប់​ព្យាបាល​ភ្លាម គឺ​មាន​ការ​វះ​កាត់​ហើយ​និង​មាន​ការ​ធ្វើ Radiation»

សូម​រំឭក​ថា ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ប្លោក​នោម​ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល