ហេតុដូចម្តេច​បាន​ជា​ស្ត្រី​និង​យុវតី ភាគ​ច្រើន​ខ្វះ​ជាតិ​ដែក?

ដោយ ម៉ៅ សុធានី
2024.10.03
ហេតុដូចម្តេច​បាន​ជា​ស្ត្រី​និង​យុវតី ភាគ​ច្រើន​ខ្វះ​ជាតិ​ដែក?
RFA

កង្វះ​ជាតិ​ដែក​បណ្តាល​ឲ្យ​ស្លេកស្លាំង​ដោយសារ​ខ្វះ​ឈាមក្រហម អាច​ប៉ះពាល់​ដល់​ដំណេក ការគិត ថាមពល និង​សតិអារម្មណ៍​ជាដើម​។ អ្នក​ដែល​ប្រថុយប្រថាន​ខ្ពស់​ខ្វះ​ជាតិ​ដែក​រួមមាន ស្ត្រី​ស្ថិតក្នុង​វ័យ​បន្ត​ពូជ ស្ត្រី​អស់​រដូវ ស្ត្រី​មក​រដូវ​ច្រើន និង​ស្ត្រី​ដែល​បង្អត់​អាហារ​ខ្លួនឯង​ដោយ​ចង់​ស្គម​ជាដើម

តើ​ជំងឺ​ខ្វះ​ឈាមក្រហម​មាន​រោគសញ្ញា​អ្វីខ្លះ​? តើ​គេ​អាចមាន​វិធី​ណាខ្លះ​ដើម្បី​បង្ការ​ជំងឺ​មួយ​នេះ?

កង្វះ​គ្រាប់​ឈាមក្រហម (Anemia) គឺជា​ជំងឺ​មួយ​បណ្តាលមកពី​កង្វះ​ជាតិ​ដែក ដែល​ភាគច្រើន​កើត​លើ​ស្ត្រី​និង​យុវតី​។ គ្រាប់​ឈាមក្រហម​មានមុខ​ងារ​សំខាន់ នាំ​អុកស៊ីហ្សែន​សម្រាប់​ទៅ​ផ្គត់ផ្គង់​គ្រប់​សរីរាង្គកាយ​របស់​មនុស្ស​។ កង្វះ​គ្រាប់​ឈាមក្រហម បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត។

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​សុខភាព ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ដែក​រួមមាន ស្លេកស្លាំង​ខុស​ពី​ធម្មតា ហេវ​ហត់ ខ្សោយ​អស់​កម្លាំង ដង្ហក់ ឆាប់​ហត់ ហ៊ឹង​ត្រចៀក ស្រវាំងភ្នែក វិលមុខ ឈឺក្បាល ញ័រ​ដើមទ្រូង ចុក​ទ្រូង បេះដូង​លោត​ញាប់ មួរ​ម៉ៅ​ខឹង​ច្រើន មិនសូវ​ចង់​ទទួល​ទាន​អាហារ និង​ស្ពឹក ឬ​ស្រពន់​ដៃជើង។

ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​ជា​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ជំងឺ​កុមារ លោក​វេជ្ជបណ្ឌិត តាន់ សុង មានប្រសាសន៍ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​រដ្ឋកាលីហ្វរនីញ៉ា (California) ថា បញ្ហា​ខ្វះ​ឈាមក្រហម​នេះ អាច​បណ្តាលមកពី​កត្តា​ពូជ ការ​ទទួល​ទាន​របប​អាហារ​ខ្វះ​ជីវជាតិ និង​បញ្ហា​ស្ត្រី​ធ្លាក់ឈាម​ច្រើន​ពេក ពេល​មក​រដូវ ហើយ​មាន​ស្ត្រី​ខ្លះទៀត មក​រដូវ​មិន​ទៀងទាត់ រហូត​ដល់ ២​ដង​ក្នុង​មួយ​ខែក៏​មាន។

វេជ្ជបណ្ឌិត តាន់ សុង៖ «បាទ​ដោយសារ​បាត់បង់​ឈាម​ដោយ​រដូវ​វា​ច្រើន​ហួសហេតុ​។ ឈាមរដូវ​មាន​បញ្ហា​អកម៉ូន ឬ​បញ្ហា​ស្បូន។ ដូច្នេះ​ប្រភព​បញ្ហា​បណ្តាលមកពី​បាត់បង់ ឬ​ខ្វះ​ឈាម គេ​ត្រូវ​ការបញ្ចូល​ឈាម​ប្រសិនបើ​ខ្វះ​ខ្លាំងពេក បើ​មិន​ខ្វះ​ខ្លាំង​គេ​គ្រាន់តែ​ឲ្យ​ថ្នាំលេប​ជាតិ​ដែក ដើម្បី​ឲ្យ​ខ្លួន​ផលិត​ឈាម​ក្រហមឡើង​វិញ»

ការ​សិក្សា​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០២៣ បង្ហាញ​ថា ៤០% នៃ​ស្ត្រី​និង​យុវតី អាយុ​ចន្លោះ​ពី ១២ ទៅ​២១​ឆ្នាំ ខ្វះ​ជាតិ​ដែក និង​៦% មាន​ជំងឺ​ស្លេកស្លាំង​ខ្វះ​ឈាមក្រហម​។ អ្នក​ដែល​រងគ្រោះ​ខ្លាំង ដោយសារ​បញ្ហា​ខ្វះ​ជាតិ​ដែក​រួមមាន ស្ត្រី​ធ្លាក់ឈាម​ច្រើនពេក​ពេល​មក​រដូវ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាល​ទារក​ថ្មីៗ ស្ត្រី​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ និង​ស្ត្រី​ទទួលទាន​របប​អាហារ​មិន​ត្រឹមត្រូវ​ពីព្រោះ​ចង់​ស្គម និង​អ្នក​ទទួលទាន​របប​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់ ខ្វះ​ជាតិ​ដែក ខ្វះ​ជាតិ​អាស៊ីដហ្វូលីក (folic acid) និង​ខ្វះ​វីតាមីន​បេ​១២។ បន្ថែម​ពីនេះ អ្នកមាន​ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ពី​កំណើត ធ្វើអោយ​គ្រាប់​ឈាម​មិនមាន​គុណភាព និង​ករណី​ខ្លះទៀត បណ្តាលមកពី​មាន​ជំងឺ​ខ្សោយតម្រងនោម (Kidney failure) ជំងឺមហារីក​គ្រាប់​ឈាម និង​ជំងឺមហារីក​ផ្សេងៗ។

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្វះ​ជាតិ​ដែក អាច​បណ្តាល​ឲ្យ​ទារក​កើតមក​មិន​គ្រប់​ខែ មាន​ទំងន់​ទាប​ខុសពី​ធម្មតា ហើយ​ករណី​ខ្លះទៀត អាច​បណ្តាល​ឲ្យ​រលូត​កូន​ក៏មាន​។ វិធី​តែមួយ​គត់​ដើម្បី​ដឹង​ពិត​ប្រាកដថា ខ្លួន​ប្រាណ​ខ្វះ​ជាតិ​ដែក គឺ​ការធ្វើ​តេស្ត​ឈាម​។ សរីរាង្គកាយ​របស់​មនុស្ស​មិន​ថា ស្ត្រី​ឬ​ប្រុស ក្មេង​ឬ​ចាស់ ត្រូវការ​ជាតិ​ដែក ដើម្បី​បង្កើត​កោសិកា​ក្រហម កោសិកា​សាច់ដុំ និង​មូលេគុល​ផ្សេងៗ​ទៀត​ក្នុង​ខ្លួន។

លោក​វេជ្ជបណ្ឌិត តាន់ សុង ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ ដែល​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ជំនាញ​និង​គិលានុប្បដ្ឋាយិកា​រាប់រយ​នាក់​ពី​សហរដ្ឋអាមេរិក ទៅ​បំពេញ​បេសកកម្ម​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ នៅ​ប្រទេស​កម្ពុជា​រៀងរាល់​ឆ្នាំ ឲ្យ​ដឹង​បន្ថែម​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ច្រើន​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក។ បញ្ហា​ខ្វះ​ជាតិ​ដែក​នេះ បណ្តាល​ឲ្យ​ស្លេកស្លាំង ខ្សោយ​អស់​កម្លាំង​ល្ហិតល្ហៃ ដង្ហក់ និង​ឆាប់​ហត់

វេជ្ជបណ្ឌិត តាន់ សុង៖ «ខ្វះ​ឈាម​ដោយសារ​ជាតិ​ដែក​សំខាន់​ជាងគេ ហ្នឹង​យើង​អាច​ព្យាបាល​បាន ប៉ុន្តែ​ខ្វះ​ឈាម​ដោយសារ​ជំងឺ​តពូជ ហ្នឹង​មិនអាច​ព្យាបាល​បាន​ទេ។ ករណីខ្លះ កូន​ហ្នឹង​កើតមក​ត្រូវ​បញ្ចូល​ឈាម​មួយជីវិត បើ​មិន​អ៊ីចឹង​ទេ ពោះ​ឡើង​ធំ កើត​អណ្តើក នៅ​ស្រុក​យើង​ឃើញ​កើត​ច្រើន​ណាស់។ ដូច្នេះ​រឿង​ឈាម​នេះ​សំខាន់​ណាស់​ត្រូវ​ញ៉ាំ​ម្ហូបអាហារ​ឲ្យ​គ្រប់គ្រាន់​ឲ្យ​មាន​ជាតិ​ដែក​។ ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​យើង​ខ្សោយ ធ្វើការ​អ្វី​ឆាប់​ហត់ ហើយ​ជាតិ​ដែក​សំខាន់​ណាស់​...»

របាយការណ៍​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា បរិមាណ​ជាតិ​ដែក​ដែល​ត្រូវការ គឺ​អាស្រ័យ​លើ​អាយុ ភេទ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ស្ត្រី​និង​យុវតី​ដែល​ធ្លាក់​ឈាម​ច្រើន​ពេល​មក​រដូវ ឬ​មាន​បញ្ហា​បេះដូង គ្រូពេទ្យ​ជំនាញ​នឹង​តម្រូវ​ឲ្យ​បញ្ចូល​កោសិកា​ឈាមក្រហម ឬ​ក៏​បញ្ចូល​ជាតិ​ដែក ដើម្បី​ខ្លួន​ប្រាណ​អាច​ផ្ទុក​ជាតិ​ដែក​បាន​គ្រប់គ្រាន់។ បន្ថែម​ពី​នេះ ពួកគេ​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ដែក ឬ​ថ្នាំ​បំប៉ន​ជាតិ​ដែក​បន្ថែម ប្រមាណ​ពី ៤៦ ទៅ​៦៥មីលីក្រាម ក្នុង​មួយថ្ងៃៗ​។ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ស្ត្រី​ឬ​យុវតី មិន​មាន​បញ្ហា​ជំងឺ​ខ្វះ​ជាតិ​ដែក តម្រូវការ​ប្រចាំថ្ងៃ​គឺ​ចន្លោះ​ពី ៨​ទៅ ១៨​មីលីក្រាម តាមរយៈ​ការទទួល​ទាន​អាហារ​សំបូរ​ជាតិ​ដែក រួម​មាន​នៅក្នុង​សណ្តែក​គ្រប់​មុខ ផ្លែ​ឈើ ដូចជា​ស្ត្រូប៊រី ល្ហុង ផ្លែ​ប៊រ ស៊ុត សាច់គោ សាច់ជ្រូក ត្រីសាល់​ម៉ុង តៅកួរ និង​បន្លែ​បៃតង ជាដើម។

លោក​វេជ្ជបណ្ឌិត តាន់ សុង ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ នៅតាម​តំបន់​ជនបទ ដែលមាន​ដី​នៅ​ជុំវិញ​លំនៅឋាន គួរតែ​ឧស្សាហ៍​ដាំ​បន្លែ​គ្រប់មុខ ដើម្បី​ទទួល​ទាន​ប្រចាំថ្ងៃ ជាពិសេស​គឺ​បន្លែ​ស្លឹក​បៃតង ដូចជា​ខាត់ណា ស្ពៃ ត្រកួន ប្រក​ហ្គឺ​លី និង​សណ្តែកកួរ ជាដើម។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការទទួល​ទាន​បន្លែ​ធម្មជាតិ​គ្មាន​ជាតិគីមី សាច់មាន់ ត្រី និង​ផ្លែឈើ​គ្រប់មុខ ក៏​អាចជួយ​បង្កើត​ជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់ ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​សុខភាព​ល្អ

វេជ្ជបណ្ឌិត តាន់ សុង៖ «រឿង​ជាតិ​ដែក ខ្ញុំ​ចង់​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់ គឺ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យ​គ្រប់គ្រាន់ ជាពិសេស​នៅ​ស្រុក​យើង​ច្រើន​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក បន្លែ​បៃតង សំបូរ​ជាតិ​ដែក​ច្រើនណាស់ សាច់​ក៏​ច្រើនណាស់ ដូចជា​ឈាមជ្រូក​ក៏​ច្រើន​ដែរ ហើយ​ផ្លែឈើ​ខ្លះ ក៏​ច្រើន​ដែរ​។ ដូចនេះ​ម្ហូបអាហារ​ត្រូវតែមាន​ជីវជាតិ មាន​វីតាមីន​ដេ ខ្មែរ​យើង​ពី​ដើម ចង់​ញាំ​បាយ​ស ហ្នឹង​ខ្វះ​វីតាមីន​ដេ ធ្វើ​ឲ្យ​ស្ពឹក​ដៃ​ស្ពឹក​ជើង មាន​ជាតិ​ដែក មាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ទើប​មាន​សុខភាព​ល្អ​...»

ស្ថិតិ​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹងថា ជំងឺ​ខ្វះ​ឈាម​ក្រហម ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​ពាន់ ៦​រយ​លាន​នាក់ ឬ​ប្រមាណ​ជិត​២៥% នៃ​ពលរដ្ឋ​សរុប​ទាំងអស់​ក្នុង​ពិភពលោក​។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ពុំមាន​ស្ថិតិ​បង្ហាញ​ពី​អ្នកជំងឺ​ខ្វះ​ឈាមក្រហម​នោះទេ។

បញ្ហា​ខ្វះ​ឈាមក្រហម​នេះ ក៏​ជា​មូលហេតុ​បណ្ដាលឱ្យ​ប៉ះទង្គិច​ដល់​ជីវភាព​គ្រួសារ​ទាំងមូល​ដែរ ពីព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព និង​ការងារ​របស់​ស្ត្រី ជាហេតុ​នាំ​ឲ្យ​កាត់បន្ថយ​ផលិតភាព​ការងារ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ដោយសារ​មិន​អាច​ធ្វើការ​ងារ​បាន​ពេញ​លេញ។ បន្ថែម​ពីនេះ ស្ត្រី​ដែល​កើត​ជំងឺ​ខ្វះ​ឈាមក្រហម ប៉ះពាល់​ដល់​សតិអារម្មណ៍​ពួកគេ ដោយសារ​មិន​អាចផ្ចង់​អារម្មណ៍បាន​ល្អ ខឹង​មួរម៉ៅ​ច្រើន និង​អស់កម្លាំង​ល្ហិតល្ហៃ ជាដើម។ អាស្រ័យ​ហេតុ​នេះ គ្រូពេទ្យ​ផ្ដល់​ដំបូន្មាន​ថា ស្ត្រី​ឬ​យុវតី ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ តាមរយៈ​ការធ្វើ​តេស្ត​ឈាម ដើម្បី​ឈាន​ទៅរកការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​និង​ឆាប់រហ័ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។