រោគសញ្ញា និង​វិធី​ការពារ​ព្រម​ទាំង​ព្យាបាល ជំងឺ​ទឹក​នោម​ផ្អែម

ដោយ ម៉ៅ សុធានី
2019-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ គឺជា​ឃាតក​រ សម្លាប់​ជីវិត​មនុស្ស​ដោយ​ស្ងៀមស្ងាត់ ដែល​ក្នុង​នោះ​ជាង ៨០% នៃ​អ្នក​ស្លាប់​ គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប ឬ​មធ្យម។

តើ​មូលហេតុ​អ្វី​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​តើ​មាន​វិធី​ណា​អាច​ការពារ​ជំងឺ​ប្រភេទ​នេះ​បាន?

លោក បណ្ឌិត គង់ សេងលី អ្នក​ស្រាវជ្រាវ​កម្មវិធី​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម នៃ​សកលវិទ្យាល័យ កូណិតទីខាត់ (Connecticut) មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា មូលហេតុ ២យ៉ាង ដែល​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ទី១ គឺ​ដោយសារ​ពូជ​អំបូរ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ​តាំង​ពី​កំណើត​មក និង​ទី២ គឺ​ដោយសារ​របៀប​របប​នៃ​ការ​រស់​នៅ រួម​មាន​ការ​ហូប​ចុក ការ​ហាត់​ប្រាណ និង​ការ​សម្រាន្ត​ជា​ដើម។

លោក​បណ្ឌិត គង់ សេងលី ដែល​បច្ចុប្បន្ន​រស់​នៅ ក្នុង​ក្រុង ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋ​អាមេរិក លើក​ឡើង​អំពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ដែល​កើត​ចំពោះ​កុមារ ឬ​យុវជន អាយុ​ក្រោម ១៨ឆ្នាំ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ (Diabetes Type 2) កើត​ចំពោះ​មនុស្ស​ចាស់។ ចំណែកប្រភេទទី៣វិញ គឺ​កើត​ឡើង​ចំពោះ​អ្នក​មាន​ផ្ទៃពោះ៖«ជំងឺ​ទឹក​នោម​ផ្អែម មាន ៣ប្រភេទ ហើយ​ប្រភេទ​ដែល​សំខាន់ គឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ ប៉ុន្តែ​ប្រភេទ​១ ភាគ​ច្រើន​កើត​ចំពោះ​កុមារ ឬ​យុវជន​វ័យ​ក្មេង ដែល​គាត់​កើត​ឡើង លំពែង​គាត់​មិន​ផលិត​ជាតិ​អ៊ីនសូលីន (Insulin) ហើយ​ទឹក​នោម​ផ្អែម​ប្រភេទ២ បណ្ដាល​មក​ពី​ពូជពង្ស ឬ​ដូនតា​ ដែល​មាន​ទឹក​នោម​ផ្អែម ឬ​ការ​រស់​នៅ​មិន​ប្រកាន់​យក​របៀប​របប​រស់​នៅ​ឲ្យ​មាន​សុខភាព​ល្អ។ ហើយ​ប្រភេទ៣ គឹ​សម្រាប់​អ្នក​ទម្ងន់ ឬ​អ្នក​ឆ្លង​ទន្លេ ពេល​នោះ​គាត់​អាច​កើត​ទឹក​នោម​ផ្អែម​ផង​ដែរ»

ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន បាន​រក​ឃើញ​ថា រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ និង​ទី២ គឺ​ស្រដៀង​គ្នា រួម​មាន កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ បត់​ជើង​តូច​ញឹកញាប់ ឧស្សាហ៍​ស្រេក​ទឹក ឃ្លាន​ឥត​ឈប់​ឈរ ស្រក​ទម្ងន់​ឬ​ឡើង​ទម្ងន់ ភ្នែក​ស្រវាំង និង​មាន​អាការៈ​ខ្សោយ និង​ឆាប់​នឿយ​ហត់​អស់​កម្លាំង។ ចំណែកអ្នកកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២វិញ គឺ​ដោយសារ​លំពែង មិន​អាច​បង្កើត អាំងស៊ូលីន ឬ អ៊ិនសូលីន (Insulin) បាន​ទេ ហើយ​អ្នក​ជំងឺ​ភាគ​ច្រើន គឺ​លើស​ទម្ងន់​ហួស​ហេតុ ដោយសារ​តែ​គ្មាន​ការ​ហាត់​ប្រាណ ឬ​រូបរាង​កាយ​អសកម្ម។

 

លោក បណ្ឌិត គង់ សេងលី អ្នក​ស្រាវជ្រាវ​កម្មវិធី​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម អះអាង​ថា ជំងឺ​ទឹក​នោម​ផ្អែម មិន​អាច​ព្យាបាល​ជា​ដាច់​បាន​ទេ ក៏​ប៉ុន្តែ គេ​អាច​គ្រប់គ្រង​វា​បាន ដោយ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង តាម​រយៈ​ការ​លេប​ថ្នាំ ការ​ចាក់​អាំងសូលីន និង​សំខាន់​បំផុត គឺ​ជម្រើស​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព៖ «វិធីសាស្ត្រ​ការពារ​ល្អ​បំផុត គឺ​ការ​កែប្រែ​នូវ​ទម្លាប់​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​យើង ដូច​ជា ការ​បរិភោគ ជា​ពិសេស​សំដៅ​ការ​ទទួល​ទាន​បាយ​រាល់​ថ្ងៃ និង​ភេសជ្ជៈ​ជាតិ​ផ្អែម។ បាយ​អង្ករ​សំរូប​កាន់​តែ​ល្អ តែ​បើ​ញ៉ាំ​បាយ​ស គឺ​បន្ថយ​ឲ្យ​តិច​ត្រឹម​មួយ​ចាន​ចង្កឹះ តាម​ការ​ផ្ដល់​យោបល់ អ្នក​ឯកទេស​ផ្នែក​ទឹក​នោម​ផ្អែម ហាត់​ប្រាណ​ជា​ប្រចាំ ហើយ​គេង​ឲ្យ​បាន​យ៉ាង​តិច​ពី ៦ទៅ ៧ម៉ោង»

ការស្រាវជ្រាវ​ដដែល ក៏បាន​រក​ឃើញ​ផង​ដែរ​ថា បច្ចុប្បន្ន ​ប្រជាពលរដ្ឋ​ភាគ​ច្រើន មាន​ទំនោរ​ទៅ​រក​ការ​ទទួល​ទាន​​របប​អាហារ ដែល​មាន​ចំនួន​កាឡូរី​ខ្ពស់ អាហារ​មាន​ជាតិ​ស្ករ ជាតិ​ខ្លាញ់ ជាតិ​អំបិល អាហារ​កែច្នៃ​មួយ​ចំនួន អាហារ​ខ្ចប់​វេច អាហារ​កំប៉ុង នំ​ផ្អែម ទឹក​ភេសជ្ជ​ផ្អែម មាន​កូកាកូឡា (Coca Cola) ជាដើម និង​អាហារ​ចម្អិន​ភ្លាមៗ ទាន់​ចិត្ត ដែល​ប្រើ​ខ្លាញ់​ច្រើន ឬ​បំពង ដូចជា ហែមប៊ើហ្គឺ (Hamburger) និង​ភីហ្សា (Pizza) ។ល។

ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ដែល​និយម​ចូល​ចិត្ត​បរិភោគ​បាយ​វិញ លោក បណ្ឌិត គង់ សេងលី ក៏​បាន​ពន្យល់​អំពី​ភាព​ខុស​គ្នា​នៃ​ការ​បរិភោគ​អង្ករ​សម្រូប និង​អង្ករ​ស។ លោក​បន្ត​ថា ដើម្បី​ជៀសវាង និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ប្រជាពលរដ្ឋ​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​បាយ​ច្រើន មក​ញ៉ាំ​តិច​វិញ និង​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ស្រស់ៗ ឲ្យ​បាន​ច្រើន៖ «តាម​ពិត​បាយ​អង្ករ​សម្រូប និង​អង្ករ​ស មួយ​ចាន មាន​បរិមាណ​ជាតិ​ស្ករ​ដូច​គ្នា។ ប៉ុន្តែ អ្វី​ដែល​ខុស​គ្នា គឺ​អង្ករ​សម្រូប​មាន​ជាតិ​សរសៃ (Fiber) ហើយ​ហ្វាយប័រ (Fiber) មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជា​ពិសេស កាត់​បន្ថយ​ការ​ហូរ​គំហុក​នៃ​ជាតិ​ស្ករ ឬ​ម្ហូប​អាហារ​ចូល​ក្នុង​ឈាម។ កាល​ណា​ជាតិ​ស្ករ​ហូរ​ដោយ​គំហុក វា​ជា​ហេតុ​ធ្វើ​ឲ្យ​សព៌ាង្គ​កាយ​មួយ​ចំនួន​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​កាត់​បន្ថយ​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​របស់​យើង»

លោក​បណ្ឌិត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដូន​តា​ពី​ដើម​មក គាត់​ពិសា​បាយ​ច្រើន​មែន ប៉ុន្តែ​គាត់​ទម្លាប់​ជិះ​កង់ ឬ​ដើរ​រាប់​សិប​គីឡូម៉ែត្រ ប្រើប្រាស់​កម្លាំង​បាយ​ខ្លាំង​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ និង​ដំណាំ​កសិកម្ម ហើយ​ដែល​សកម្មភាព​ទាំង​នេះ​នាំ​ឲ្យ​បែក​ញើស ដុត​រំលាយ​ជាតិ​កាឡូរី ឬ​ជាតិ​ខ្លាញ់ ឬ​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បច្ចុប្បន្ន ម្នាក់ៗ​ ប្រើប្រាស់​យានយន្ត មាន​ម៉ូតូ ឡាន ហើយ​កត្តា​មួយ​ទៀត គឺ​និយម​ជក់បារី និង​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (World Health Organization-WHO) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០១៨ ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​បណ្តាល​មក​ពី​លំពែង មិន​អាច​បង្កើត អាំងសូលីន គ្រប់គ្រាន់ ឬ​ក៏​សរីរាង្គ​របស់​យើង​មិន​អាច​ប្រើប្រាស់ ជាតិ​អាំងសូលីន ដែល​ផលិត​នោះ ទៅ​ចិញ្ចឹម​ដល់​កោសិកា​ផ្សេងៗ។ អាំងសូលីន ឬ អ៊ិនសូលីន គឺ​ជា​ប្រភេទ​អ័រម៉ូន​ម្យ៉ាង ដែល​គ្រប់គ្រង ឬ​រំលាយ​ជាតិ​ស្ករ នៅ​ក្នុង​ឈាម ហើយ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃ បណ្តាល​ឲ្យ​ខ្វាក់​ភ្នែក តម្រង​ទឹក​មូត្រ (Kidney តម្រង​នោម) មិន​ដំណើរ​ការ ជំងឺ​គាំង​បេះដូង (Heart Attack) ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល (Stroke) និង​ការ​តម្រូវ​ឲ្យ​កាត់​ចុង​ដៃ ឬ​ជើង។

អង្គការ​សុខភាព​ពិភព​លោក បារម្ភ​ពី​ការ​កើន​ឡើង​នៃ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម (Diabetes) នៅ​កម្ពុជា និង​នៅ​ក្នុង​ពិភព​លោក ដែល​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ជាង ៤២៥លាន​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង​ខ្លាំង បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ១៩៨០ ដែល​មាន​ចំនួន ១០៨លាន​នាក់ នៅ​ទូទាំង​ពិភព​លោក។ របាយការណ៍​បន្ត​ថា ពលរដ្ឋ​ប្រមាណ​ជិត ២លាន​នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម កាល​ពី​អំឡុង​ឆ្នាំ២០១៦។

ចំណែក​នៅ​កម្ពុជា​វិញ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បង្ហាញ​ថា នៅ​ឆ្នាំ២០១៦ អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ដែល​មាន​អាយុ​ចន្លោះ ពី ២៥ឆ្នាំ ទៅ ៦៤ឆ្នាំ គឺ​កើន​ឡើង​ដល់​ចំនួន ៥,% បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ ២០១០ ដែល​មាន​ចំនួន ២,% ។ នេះ​មាន​ន័យ​ថា ពលរដ្ឋជាង៩សែននាក់ បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម (Diabetes) ក្នុង​ឆ្នាំ២០១៦ ដែល​ស្ថិតិ​កាល​ពី​ឆ្នាំ២០១០ គឺ​មាន​ចំនួន ជាង ២សែន​នាក់។

របាយការណ៍​ដដែល​បន្ត​ថា ពលរដ្ឋ​ដែល​រស់​នៅ​ទីក្រុង គឺ​ប្រឈម​មុខ​នឹង​បញ្ហា​កើត​ជំងឺ​ទឹកនោមផ្អែម ច្រើន​ជាង​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ជនបទ​ស្រុកស្រែ​ចម្ការ ហើយ​ដើម្បី​ការពារ និង​កាត់​បន្ថយ​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម បុគ្គល​ម្នាក់ៗ ត្រូវ​រក្សា​ទម្ងន់​ខ្លួន​កុំ​ឲ្យ​ឡើង ឬ​ធាត់​ពេក ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ យ៉ាង​ហោច​ណាស់ ៣០នាទី​ក្នុង​មួយ​ថ្ងៃ បរិភោគ​អាហារ​ទ្រទ្រង់​សុខភាព ចៀសវាង​ការ​ញ៉ាំ​ជាតិ​ស្ករ ឬ​ផ្អែម​ច្រើន កុំ​បរិភោគ​ជាតិ​ខ្លាញ់ និង​ចៀសវាង​ការ​ជក់​បារី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល