ការស្រាវជ្រាវបង្ហាញថា របបអាហារជាប់ទាក់ទងនឹងជំងឺវង្វេងវង្វាន់នៅវ័យចាស់
2021.07.29
ការស្រាវជ្រាវនៅសហរដ្ឋអាមេរិក បង្ហាញថា របៀបរបបរស់នៅប្រកបដោយសុខភាពល្អប្រចាំថ្ងៃ គឺមានជាប់ពាក់ព័ន្ធទៅនឹងជំងឺវង្វេងវង្វាន់ (Alzheimer) នៅពេលវ័យកាន់តែចាស់។ តើមនុស្សម្នាក់ៗ គួរអនុវត្តអ្វីខ្លះ ដើម្បីឲ្យមានសុខភាពល្អ នៅពេលចាស់ឡើង?
ជំងឺវង្វេងវង្វាន់ ដែលភាសាអង់គ្លេសហៅថា អាល់ហ្សាយម៊ើរ (Alzheimer) គឺប៉ះពាល់ធ្ងន់ធ្ងរដល់ការចងចាំ ការគិត និងការសម្រេចចិត្តអ្វីមួយ ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ។
វិទ្យាស្ថានជាតិសំរាប់មនុស្សចាស់ នៅសហរដ្ឋអាមេរិក (NIH) ឲ្យដឹងថា ជំងឺវង្វេងវង្វាន់ មិនមែនដោយសារការវិវត្តន៍របស់មនុស្សកាល ឬវ័យកាន់តែចាស់នោះទេ ក៏ប៉ុន្តែកត្តាហានិភ័យចំបងមួយចំនួន ដែលបណ្តាលឲ្យកើតជំងឺវង្វេងវង្វាន់ រួមមាន បរិយាកាសរស់នៅ បញ្ហាគេងមិនគ្រប់គ្រាន់ ទម្លាប់បរិភោគម្ហូបអាហារមិនល្អ មិនទ្រទ្រង់សុខភាព និងតំណពូជ ជាដើម។
ក្រុមអ្នកវេជ្ជសាស្ត្រឲ្យដឹងថា ជំងឺវង្វេងវង្វាន់ គឺជាជំងឺរ៉ាំរ៉ៃក្នុងខួរក្បាល ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើប្រព័ន្ធប្រសាទ និងកោសិកាប្រព័ន្ធផ្នែកចងចាំ នៅក្នុងខួរក្បាល។ ជំងឺមួយនេះ គឺគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយបានឡើយ ហើយវិវត្តកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងមួយជីវិតរស់នៅរបស់អ្នកជំងឺ ដោយពុំអាចធ្វើកិច្ចការអ្វីបានឡើយ សូម្បីតែបរិភោគដោយខ្លួនឯង។
ការសិក្សាស្រាវជ្រាវចុងក្រោយកាលពីឆ្នាំ២០១៧ របស់វិទ្យាស្ថានជាតិសំរាប់មនុស្សចាស់ បង្ហាញច្បាស់ថា របៀបរបបរស់នៅប្រកបដោយសុខភាពល្អ កាត់បន្ថយជំងឺវង្វេងវង្វាន់បាន៦០% ។ បន្ថែមពីនេះ នៅមានផលប្រយោជន៍ជាច្រើនទៀត រួមមានបង្កើនភាពរឹងមាំនៃប្រព័ន្ធការពារខ្លួន រក្សាទំងន់បានល្អមិនឲ្យធាត់ពេក កាត់បន្ថយភាពតានតឹងក្នុងចិត្ត មានអារម្មណ៍ល្អ ខួរក្បាលជ្រះថ្លា និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ នានា ដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ជាដើម។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះធ្វើឡើង ទៅលើក្រុមមនុស្សចាស់ ចំនួនជិត ៣ពាន់នាក់ ដែលមានអាយុលើសពី ៦៥ឆ្នាំ ឡើងទៅ ដោយប្រមូលទិន្នន័យពីភាពសកម្មរបស់រាងកាយ មិនជក់បារី ទទួលទានសុរាតិចតួចឬមធ្យម ទទួលទានម្ហូបអាហារល្អ និងភាពសកម្មនៃការគិតជាដើម។
នាយកវិទ្យាស្ថានជាតិសំរាប់មនុស្សចាស់ លោក វេជ្ជបណ្ឌិត រីចឆឺរដ ហូដស៍ (Richard J. Hodes) ឲ្យដឹងថា អ្នកដែលគេងមិនគ្រប់គ្រាន់ ដោយគេងបានតិចជាង៥ម៉ោង ក្នុងមួយយប់ អាចប្រថុយប្រថាន កើតជំងឺវង្វេងវង្វាន់ ជាងអ្នកដែលគេងបានចន្លោះពី៧ ទៅ៨ម៉ោងក្នុងមួយយប់។ លើសពីនេះទៀត ក្រុមអ្នកស្រាវជ្រាវរកឃើញទំនាក់ទំនងរវាងបញ្ហារំខានដល់ដំណេកនិងបញ្ហាគេងមិនឆ្អែតគ្រប់គ្រាន់ មានហានិភ័យដល់ការស្លាប់ទៀតផង។
គ្រូពេទ្យជំនាញផ្នែកជំងឺទូទៅខ្មែរ-អាមេរិកាំង លោក វេជ្ជបណ្ឌិត សៀង សេង ដែលបានចូលនិវត្តន៍និងកំពុងផ្សព្វផ្សាយអប់រំសុខភាព នៅលើទំព័រហ្វេសប៊ុក របស់លោក មានប្រសាសន៍ប្រាប់អាស៊ីសេរី ពីរដ្ឋកាលីហ្វរនីញ៉ា (California) ថា របៀបរបបរស់នៅល្អ មិនត្រឹមតែជួយកាត់បន្ថយជំងឺវង្វេងវង្វាន់ទេ ប៉ុន្តែក៏អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺគាំងបេះដូង និងជំងឺកកសរសៃ ឈាមក្នុងខួរក្បាល ជាដើម៖ «ការញ៉ាំម្ហូបអាហារត្រឹមត្រូវ ដូចជាពិសារម្ហូបផ្អែមពេក ឬខ្លាញ់ច្រើនពេក ឬមិនហាត់ប្រាណឲ្យបានញឹកញាប់ បញ្ហាទាំងអស់នេះហើយ បណ្តាលឲ្យកើតជំងឺជាច្រើន ដូចជាជំងឺវង្វេង។ បន្ថែមពីនេះ នាំឲ្យកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺខ្លាញ់ក្នុងឈាមដែរ។ ដើម្បីឲ្យមានសុខភាពល្អ ត្រូវញ៉ាំម្ហូបអាហារឲ្យបានត្រឹមត្រូវ ហាត់ប្រាណឲ្យបានទៀងទាត់ កុំពិសារបារី និងស្រា...»
លោកវេជ្ជបណ្ឌិត សៀង សេង មានប្រសាសន៍បន្តថា នៅពេលវ័យកាន់តែចាស់ ខ្លួនប្រាណនិងអារម្មណ៍ មានការប្រែប្រួលច្រើន ហើយការឈឺថ្កាត់វិញក៏មានច្រើនដែរ។ របបអាហារដែលបរិភោគរាល់ថ្ងៃ ត្រូវមានបន្លែស្រស់ ផ្លែឈើ ឲ្យបានច្រើន និងសាច់សុទ្ធ កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ។ សំខាន់ជាងនេះ គឺគ្រប់គ្រងទម្ងន់ កុំឲ្យធាត់ខ្លាំងពេក បញ្ឈប់ការទទួលទានបារី និងទទួលទានស្រាច្រើនហួសហេតុពេក៖ «ខ្ញុំជឿថា បងប្អូនយើងទាំងអស់ដឹងហើយ កាលណាយើងញ៉ាំឆា ឬញ៉ាំចៀនច្រើន ញ៉ាំខ្លាញ់ច្រើនពេក ហ្នឹងធ្វើឲ្យខ្លាញ់ច្រើនក្នុងឈាម ឬ ញ៉ាំផ្អែមឬបង្អែមច្រើនពេក នាំឲ្យមានជាតិស្ករច្រើន។ ដូចនេះកត្តាទាំងពីរហ្នឹងនាំឲ្យមានសុខភាពមិនល្អ។ បញ្ហាមួយទៀត យើងកុំនៅស្ងៀម ត្រូវហាត់ប្រាណកុំឲ្យខ្លួនធាត់ តែធាត់ហើយសុខភាពមិនល្អដែរ...»។
បន្ថែមពីការលើកឡើងរបស់លោកវេជ្ជបណ្ឌិតជំនាញរូបនេះ ការស្រាវជ្រាវដដែលក៏បានកត់សម្គាល់នូវចំណុចសំខាន់ៗ៥យ៉ាង ដែលជួយឲ្យមានសុខភាពល្អផ្នែករាងកាយនិងខួរក្បាល។ ចំណុចសំខាន់ទាំងនោះ រួមមាន យ៉ាងហោចណាស់ត្រូវដើរឲ្យបាន៣០នាទី ក្នុងមួយថ្ងៃ ឬ១៥០ម៉ោងក្នុងមួយសប្តាហ៍ ពីព្រោះការហាត់ប្រាណ ក៏ជាផ្នែកមួយដ៏សំខាន់នៃការវិវត្តរបស់មនុស្សចាស់។ ការទទួលទាន ស្រាក្រហម ឬ Red wine បន្តិចបន្តួចឬមធ្យម អាចជួយដល់សុខភាពខួរក្បាល ឬការគិត។ បញ្ឈប់ការជក់បារី ដើម្បីកាត់បន្ថយជំងឺមហារីកសួត ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ការទទួលទានអាហារូបត្ថម្ភសំរាប់ទ្រទ្រង់សុខភាព ឬហៅថា របបអាហារមេឌីទែរ៉ាណេ (Mediterranean Diets) រួមមានបន្លែ ផ្លែឈើ គ្រប់មុខ គ្រាប់ធញ្ញជាតិ សណ្តែក ប្រេងអូលីវ សាច់ត្រី និងសាច់មាន់ គឺអាចជួយកាត់បន្ថយជំងឺលើសឈាម និងជំនួយដល់ខួរក្បាលថែមទៀតផង។ បន្ថែមពីនេះ ត្រូវគ្រប់គ្រងជំងឺលើសឈាម ជំងឺខ្លាញ់ក្នុងសរសៃឈាម (Cholesterol) និងជំងឺទឹកនោមផ្អែម ដោយត្រូវជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យប្រចាំគ្រួសារឲ្យបានទៀងទាត់។
សំខាន់មួយទៀត គឺត្រូវកុំនៅដេកស្ងៀម ព្យាយាមបង្កើនទំនាក់ទំនងជាមួយអ្នកដទៃ ដោយចូលរួមសកម្មភាពនានា ដូចជាដំណើរកំសាន្ត ដើម្បីធ្វើឲ្យអារម្មណ៍ល្អ និងសប្បាយចិត្ត។ ការស្រាវជ្រាវបង្ហាញថា ការងារស្ម័គ្រចិត្ត ឬចូលចិត្តរាំលេង ការអានសៀវភៅនិងការសរសេរជាដើម គឺជួយច្រើនដល់ខួរក្បាល ដើម្បីធ្វើឲ្យជីវិតមនុស្សចាស់រស់នៅបានល្អប្រសើរឡើង ដូចជាមានទំនុកចិត្តលើខ្លួនឯង ឬក៏កាត់បន្ថយភាពតានតឹងក្នុងចិត្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។