តើជំងឺរបេងសួត មានរោគសញ្ញាអ្វីខ្លះ ហើយគេអាចការពារដោយវិធីណាខ្លះ?
2021.02.18
ជំងឺរបេង (Tuberculosis-TB) គឺជាជំងឺឆ្លងបណ្តាលមកពីមេរោគបាក់តេរីមួយប្រភេទ ដែលវាយប្រហារទៅលើសួត ហើយក៏អាចឆ្លងរាលដាលទៅសរីរាង្គផ្សេងទៀត ដូចជា ខួរក្បាលនិងឆ្អឹងខ្នង។
មេរោគជំងឺរបេងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយតំណក់ទឹកមាត់ល្អិតៗហើរប៉ើងតាមខ្យល់ តាមរយៈការក្អក កណ្ដាស់ ខាកស្ដោះ និងនិយាយជាដើម។
តើជំងឺរបេងសួតមានរោគសញ្ញាអ្វីខ្លះ ហើយគេអាចការពារដោយវិធីណាខ្លះ?
រោគសញ្ញានៃជំងឺរបេងភាគច្រើន គឺក្តៅខ្លួនស្ទេញៗ គ្រុនព្រឺរងា បែកញើសនៅពេលយប់ ហេវហត់អស់កម្លាំង មិនសូវឃ្លានបាយ ស្រកទម្ងន់ ពិបាកដកដង្ហើម ឈឺចាប់ក្នុងទ្រូង ក្អកមានស្លេះ រយៈពេលជាង៣សប្ដាហ៍ និងករណីខ្លះក្អកធ្លាក់ឈាម ក៏មាន។
គ្រូពេទ្យជំនាញផ្នែកជំងឺទូទៅខ្មែរ-អាមេរិកាំង លោក វេជ្ជបណ្ឌិត សៀង សេង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ប្រសិនបើមានរោគសញ្ញាណាមួយ សង្ស័យថា មានជំងឺរបេងត្រូវមកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីជួសស្បែកមើល ពិនិត្យឈាម និងថតឆ្លុះពិនិត្យសួត៖ «គេជួសដៃ ហៅPPD។ កាលណាជួសដៃទៅ វាលើសពី១០ទៅ ១៥មីលីលីត្រ គេសង្ស័យថា មានរបេង ដូច្នេះដើម្បីឱ្យដឹងពិតប្រាកដ គឺត្រូវការធ្វើតេស្តមួយទៀត គឺស្ដោះទឹកមាត់ ព្រលឹមឡើង ដើម្បីយកទៅចិញ្ចឹម ដើម្បីពិនិត្យមើលរកមេរោគរបង។ ហើយតេស្តទី៣ គឺពិនិត្យឈាម ប៉ុន្តែគ្រាន់តែដឹងថា តើមានរបេងឬអត់ ប៉ុន្តែ អត់ដឹងថា កំពុងមានរបេងឬមានពីមុន...»។
គេហទំព័រសុខភាពវ៉ឹបអឹមឌី (WebMD) ឱ្យដឹងថា ជំងឺរបេងសួត ចែកចេញជាពីរប្រភេទ គឺ ជំងឺរបេងសំងំ (Latent TB) និងជំងឺរបេងសកម្ម (Active TB)។ ជំងឺរបេងសំងំ មិនបង្ហាញរោគសញ្ញាអ្វីទេ ហើយក៏មិនឆ្លងទៅអ្នកដទៃដែរ។ បាក់តេរីនេះ វាសំងំក្នុងខ្លួន ដោយសារប្រព័ន្ធការពារខ្លួនខ្លាំង (Immune System) គឺវាជួយការពារមិនឱ្យបាក់តេរីនោះ រាលដាលទៅផ្នែកផ្សេងនៃសរីរាង្គ។ ក៏ប៉ុន្តែនៅពេលប្រព័ន្ធការពារខ្លួនចុះខ្សោយ របេងសំងំនោះ ក៏ក្លាយជារបេងសកម្ម ហេតុនេះ គ្រូពេទ្យនឹងផ្តល់ការព្យាបាលបង្ការ រយៈពេល ពី៦ ខែទៅ ៩ខែ កុំឱ្យឆ្លងបន្តទៀត។
ចំណែក ជំងឺរបេងសកម្មវិញ គឺបាក់តេរីនោះវាបំប្លែងនិងរាលដាល បណ្ដាលឱ្យអ្នកជំងឺរបេងធ្លាក់ខ្លួនឈឺ រួមមានហេវហត់អស់កម្លាំង ពិបាកដកដង្ហើម ឈឺចាប់ក្នុងទ្រូង ក្អកមានស្លេស ឬក្អកធ្លាក់ឈាម ហើយនឹងឆ្លងទៅអ្នកដទៃ។ ៩០%នៃអ្នកជំងឺរបេងសកម្ម បណ្តាលមកពីការវិវត្តន៍ពីប្រភេទរបេងសំងំ ប្រសិនបើមិនទទួលការព្យាបាលត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិតសៀង សេង បន្តថា មេរោគជំងឺរបេង គឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការស្រូបខ្យល់ ឬ ផ្លូវដង្ហើមរបស់អ្នកកើតរបេង តាមរយៈការក្អក កណ្ដាស់ និយាយឬច្រៀង ជាដើម។ មេរោគនេះ វាអាចស្ថិតនៅក្នុងខ្យល់អាកាសរយៈពេលពី ២ទៅ ៣ម៉ោង។ លោកថា បច្ចុប្បន្នគេអាចព្យាបាលជំងឺរបេងឱ្យជាសះស្បើយវិញបាន ដោយ ប្រើថ្នាំអង់ទីប៊ីយូទីក (Antibiotics) រយៈពេលពី៦ ខែទៅ៩ខែ៖ «ឆ្លងតាមប្រព័ន្ធដកដង្ហើម ដូចជាជំងឺកូវីដ១៩ដែរ។ កាលណាតេស្តទឹកមាត់ គេអាចដឹងភ្លាមៗ គេយកចិញ្ចឹមទៅមេរោគ គេឃើញយើងមានមេរោគរបេង គេប្រាប់យើងដោយឱ្យប្រើថ្នាំរបេង ឬនៅតែខ្លួនឯង កុំឱ្យឆ្លងទៅអ្នកដទៃ ដូចនេះ គេអាចបញ្ឈប់ជំងឺនេះបាន ដោយឱ្យយើងប្រើថ្នាំរយៈពេល ពី៦ ខែ ទៅ៩ខែ»។
តើអ្នកណាអាចមានហានិភ័យខ្ពស់នៃការឆ្លងជំងឺរបេង?
អ្នកដែលប្រថុយប្រថានខ្លាំងនៃការឆ្លងជំងឺរបេង គឺក្រុមគ្រួសារ ឬមិត្តភ័ក្ដិ ដែលរស់នៅឬធ្វើការជាមួយអ្នកកើតជំងឺរបេងសកម្ម កង្វះអាហារូបត្ថម្ភ និងរស់នៅក្នុងទីប្រជុំជនគ្មានអនាម័យ។ បន្ថែមពីនេះ អ្នកមានប្រព័ន្ធការពារខ្លួនចុះខ្សោយ ដូចជាអ្នកផ្ទុកជំងឺអេដស៍ ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺមហារីក ឬអ្នកជក់បារី ក៏ងាយឆ្លងមេរោគរបេងដែរ។
នៅកម្ពុជា អង្គការខាណា (KHANA) ដែលសហការជាមួយមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និង ហង់សិន បានប៉ាន់ប្រមាណថា អ្នកជំងឺរបេងនៅកម្ពុជា សរុបប្រមាណជា ៤ម៉ឺននាក់ ក្នុងឆ្នាំ២០២០។
នាយកប្រតិបត្តិអង្គការខាណា លោក ជួប សុខចំរើន មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈថា ក្នុងចំណោមអ្នកកើតជំងឺរបេងទាំងនោះ គឺមានអ្នកជំងឺរបេងប្រមាណជា ១ម៉ឺននាក់ បានបាត់ពីប្រព័ន្ធតាមដាន ដោយសារពួកគេមិនបានមកទទួលសេវាត្រួតពិនិត្យ និងព្យាបាល ស្របពេលដែលកម្ពុជានិងពិភពលោក កំពុងប្រឈមបញ្ហា ជំងឺរាតត្បាតសកល កូវីដ១៩ (Covid-19)។
លោក ជួប សុខចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានអការៈសង្ស័យថា មានរោគរបេង គប្បីមកទទួលរោគវិនិច្ឆ័យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យនានា ព្រោះការព្យាបាលជំងឺរបេង ពុំមានបង់ថ្លៃសេវា នោះឡើយ៖ «ជាទិន្នន័យដែលយើងមានកន្លងមក គឺអ្នកមានជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ប្រមាណ៤ម៉ឺននាក់។ កន្លងទៅនេះ អ្នកមកចុះបញ្ជី ទទួលសេវារោគវិនិច្ឆ័យ ស្រាវជ្រាវ និងទទួលសេវាព្យាបាល ក្នុងមួយឆ្នាំគឺ ប្រហែលជា ៣ម៉ឺននាក់។ ប្រមាណជា ១ម៉ឺននាក់ផ្សេងទៀត យើងមិនដឹងថា គាត់ទៅទទួលការព្យាបាលកន្លែងផ្សេង ឬយ៉ាងម៉េចទេ បាត់អត់ឃើញមក»។
ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និង ហង់សិន លោក វេជ្ជបណ្ឌិត ហួត ចាន់យុដា ថ្លែងក្នុងគម្រោងផ្ដួចផ្ដើមបញ្ចប់ជំងឺរបេង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ទោះបីកម្ពុជា មានអត្រាអ្នកឆ្លងនិងបាត់បង់ជីវិត ដោយសារជំងឺរបេងបានថយចុះយ៉ាងណាក្តី ក៏អ្នកជំងឺរបេងប្រមាណមួយភាគបី ដែលកំពុងឈឺ នៅមិនទាន់បានទទួលការថែទាំ ការធ្វើរោគវិនិច្ឆ័យនិងសេវាព្យាបាលទាន់ពេលវេលា ដែលបញ្ហានេះជាហានិភ័យលើការបន្តចម្លង ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គម។
របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ២០២០ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៣០ ក្នុងពិភពលោក ដែលមានបន្ទុកជំងឺរបេងខ្ពស់នៅឡើយ (High Burden TD)។ របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២០ ក្នុងចំណោមមនុស្សមួយសែននាក់នៅកម្ពុជា គឺគេរកឃើញអ្នកកើតជំងឺរបេងចំនួន ២៨៧នាក់ ដែលថយចុះពីចំនួន ៣០២នាក់ កាលពីឆ្នាំ២០១៩ ហើយអត្រាអ្នកស្លាប់វិញគឺមាន១៧នាក់ ក្នុងចំណោមអ្នកកើតជំងឺរបេង ១សែននាក់ ក្នុងឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។