តើអ្វីទៅជាជំងឺផ្តាសាយបក្សី H5N1 និងមានវិធីអ្វីខ្លះដើម្បីបង្ការការឆ្លងមកមនុស្ស?
2023.03.02
អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា នៅថ្ងៃទី១ ខែមីនា បានផ្តល់វ៉ាក់សាំងប្រភេទតាម៊ីវ្លូ (Tamiflu) ចំនួន៣ពាន់ដូស ដែលជាថ្នាំសំរាប់ព្យាបាលជំងឺផ្តាសាយបក្សី H5N1 ដើម្បីការពារកុំឲ្យជំងឺនេះ រីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ការផ្តល់ថ្នាំនេះ ធ្វើឡើងក្រោយពីកុមារីម្នាក់អាយុ១១ឆ្នាំ បានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ដោយសារជំងឺផ្ដាសាយបក្សី H5N1 និងបានឆ្លងទៅមនុស្សមួយចំនួនទៀត រួមទាំងឪពុកបង្កើតរបស់កុមារីរងគ្រោះនេះផង នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
តើអ្វីទៅជាជំងឺផ្ដាសាយបក្សី H5N1? ហើយគេមានវិធីណាខ្លះដើម្បីបង្ការការឆ្លងមកមនុស្ស?
ជំងឺផ្ដាសាយបក្សី H5N1 ហៅថា (Avian influenza ឬ Bird Flu) គឺជាជំងឺឆ្លងគ្រុនផ្តាសាយទៅលើសត្វ បណ្តាលឱ្យប៉ះពាល់ផ្លូវដង្ហើមធ្ងន់ធ្ងរនិងរលាកខួរក្បាល។ ជាធម្មតាជំងឺនេះមិនឆ្លងលើមនុស្សទេ ក៏ប៉ុន្តែ មានករណីខ្លះអាចឆ្លងទៅលើមនុស្សបានដែរ ដោយសារពួកគេប៉ះពាល់ដោយផ្ទាល់ជាមួយសត្វបក្សាបក្សីរស់ ឬស្លាប់ដែលមានមេរោគនេះ។ នៅពេលដែលមេរោគផ្ដាសាយនេះ ឆ្លងទៅមនុស្ស ករណីខ្លះគ្មានចេញរោគសញ្ញានោះទេ និងករណីខ្លះទៀត មានរោគសញ្ញាបន្តិចបន្តួច។ ប្រសិនបើអ្នកជំងឺ មិនទទួលសេវាព្យាបាលទាន់ពេលវេលាទេនោះ មនុស្សដែលឆ្លងជំងឺផ្ដាសាយបក្សី អាចវិវត្តឈឺធ្ងន់ធ្ងរ និងអាចស្លាប់ ដែលនេះ គឺមានអត្រាស្លាប់ខ្ពស់រហូតដល់ទៅ៦០% គឺខ្ពស់ជាងការស្លាប់ ដោយសារជំងឺកូវីដ ១៩ទៅទៀត។
គ្រូពេទ្យជំនាញឯកទេសជំងឺទូទៅ និងរោគកុមារ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់គ្លីនីកមេត្តា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ជំងឺផ្តាសាយបក្សីឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគH5N1 តាមទឹកមាត់ ទឹកសំបោរ និងលាមកសត្វឈឺឬងាប់ និងកន្លែងដែលមេរោគទំលើជាដើម។ លោកវេជ្ជបណ្ឌិតបន្តថា ជំងឺផ្ដាសាយបក្សីនេះ ប្រសិនបើមិនទទួលការព្យាបាលទាន់ពេលវេលាទេ នោះវានឹងបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។
វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «ជំងឺផ្ដាសាយបក្សី បង្កដោយមេរោគផ្ដាសាយជាច្រើនប្រភេទ ប៉ុន្តែខ្មែរយើង ដែលជួបញឹកញាប់ និងផ្ទុះប៉ុន្មានឆ្នាំមុននោះ គឺប្រភេទ H5N1។ អាហ្នឹងវាឆ្លង តាមរយៈការប៉ះពាល់ទៅលើបក្សាបក្សីដែលស្លាប់ ពេលយើងប៉ះពាល់វាទៅ មេរោគវាអាចទុំនៅលើដៃយើង ហើយនៅពេលយើងបរិភោគចំណីអាហារទៅវាឆ្លងចូលតាមមាត់និងច្រមុះ វានាំឲ្យយើងឆ្លង ហើយវាទៅវ៉ៃលុកធ្វើឲ្យរលាកសួត ហើយខ្លាំងនាំរលាកខួរក្បាល បណ្តាលឲ្យស្លាប់។ ហើយវាក៏អាចបន្តឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរ តាមរយៈទឹកមាត់ ទឹកសំបោររបស់អ្នកជំងឺ...»។
អង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា ចំពោះរោគសញ្ញាដំបូងៗនៃជំងឺផ្តាសាយបក្សី H5N1 ដែលឆ្លងទៅមនុស្សវិញ រួមមាន ឈឺពោះ ឈឺទ្រូង រាករូស គ្រុនក្តៅ ៣៩ អង្សាឡើងទៅ ក្អក ហៀរសម្បោរ ឈឺបំពង់ក ឈឺសាច់ដុំ ដង្ហក់ និងពិបាកដង្ហើម។ ជំងឺផ្តាសាយបក្សី គ្មានថ្នាំចាក់បង្ការនោះទេ ប៉ុន្តែអង្គការសុខភាពពិភពលោក ផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ ឬធ្វើជំនួញសត្វ គួរចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយតាមរដូវ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់ នៃការវិវត្តឈឺធ្ងន់ដោយសារការឆ្លងជំងឺផ្តាសាយបក្សី H5N1។
ចំពោះវិធីបង្ការវិញ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ជាពិសេសនៅពេលមុនបរិភោគ ឬក្រោយប៉ះសត្វដូចជាមាន់ ទា ជាដើម ដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីឱ្យនៅឆ្ងាយពីកន្លែងរស់នៅ។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតជំនាញឯកទេសជំងឺទូទៅរូបនេះ ផ្តល់ដំបូន្មានកុំឲ្យទទួលទានសត្វបក្សី ឬមាន់ទា ដែលឈឺឬងាប់ឲ្យសោះ។
វេជ្ជបណ្ឌិត ហ៊ាង រតនា៖ «ទី១ កុំប៉ះឬទៅលេងជិតសត្វ ជាពិសេសក្មេងៗ ព្រោះច្រើនឆ្លងទៅក្មេង កុំប៉ះបក្សីឬមាន់ដែលឈឺឬងាប់។ ទី២ នៅពេលយើងយកបក្សីមកថ្មី ឬទិញមាន់ យកមកត្រូវក្រុងទុក១៤ថ្ងៃសិន ដូចជាចត្តាឡីស័ក ពេលវាកំពុងផ្ទុះ ដើម្បីបញ្ជាក់ច្បាស់ថា សត្វទាំងអស់ហ្នឹងវាអត់មានជំងឺ។ បើយើងទប់ស្កាត់ការឆ្លងរាលដាលពីសត្វទៅសត្វបាន នោះវានឹងកាត់បន្ថយការឆ្លងទៅលើមនុស្ស។ បើសិនសត្វឈឺឬងាប់ បើសង្ស័យថា មានជំងឺ កុំបរិភោគវា ត្រូវយកវាកប់ទៅដុតចោល និងពាក់ស្រោមដៃឲ្យបានត្រឹមត្រូវផង...»។
រហូតមកដល់ថ្ងៃទី១ ខែមីនា ក្រសួងសុខាភិបាល នៅមិនទាន់រកឃើញការឆ្លងវីរុសផ្ដាសាយបក្សី H5N1 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡើយទេ។ លើកលែងតែកុមារីម្នាក់ អាយុ ១១ឆ្នាំ រស់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។ ចំណែកឪពុកបង្កើតរបស់កុមារីរងគ្រោះដែលស្លាប់នេះ ក៏ត្រូវបានវេជ្ជបណ្ឌិតជំនាញ អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ត្រឡប់មកផ្ទះវិញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រោយពីទទួលសេវាព្យាបាល និងលទ្ធផលធ្វើតេស្ដ «អវិជ្ជមាន» ចំនួន៣លើក។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ថា វីរុសផ្ដាសាយបក្សី H5N1 ដែលបណ្តាលឲ្យកុមារីឈឺស្លាប់នោះ គឺជាប្រភេទ វីរុសដែលរកឃើញនៅក្នុងចំណោមបក្សីស្រុក បក្សីព្រៃ ក្នុងប្រទេសកម្ពុជា នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងដដែលឲ្យដឹងដែរថា អំបូរវីរុសផ្ដាសាយបក្សី H5N1 នេះ ខុសពីអំបូរវីរុសផ្ដាសាយបក្សី H5N1 នៅតាមបណ្តាប្រទេសនៅតំបន់ផ្សេងទៀត លើពិភពលោក។
ទាក់ទងនឹងករណីឆ្លងជំងឺផ្ដាសាយបក្សីនៅកម្ពុជាចុងក្រោយនេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងកម្ពុជា (CDC) អំពាវនាវឲ្យប្រជាពលរដ្ឋ ឬអ្នកដែលបានប៉ះពាល់បក្សីឈឺ ឬងាប់ មិនថាបក្សីស្រុក ឬបក្សីព្រៃ ហើយមានចេញរោគសញ្ញាគួរឲ្យសង្ស័យ ត្រូវទៅពិគ្រោះយោបល់ ឬមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យជាបន្ទាន់។
អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា នៅថ្ងៃទី១ ខែមីនា ក៏បានផ្តល់វ៉ាក់សាំងប្រភេទ តាម៊ីវ្លូ (Tamiflu) ចំនួន៣ពាន់ដូស ដែលជាថ្នាំសំរាប់ព្យាបាលប្រឆាំងមេរោគ ដើម្បីការពារកុំឲ្យមានការរីករាលដាលខ្លាំងនៅក្នុងប្រទេស។ ការផ្តល់ថ្នាំនេះ ធ្វើឡើងក្រោយពីអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក៏បានសម្តែងក្តីបារម្ភអំពីការរាលដាលនៃជំងឺផ្តាសាយបក្សី ក្រោយពីមានករណីស្លាប់និងឆ្លងជំងឺនេះ ទៅលើមនុស្សឡើងវិញនៅកម្ពុជា។
នាយកទទួលបន្ទុកត្រៀមរៀបចំ និងបង្ការជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អ្នកស្រី ស៊ីលវី ប្រាយអេន (Sylvie Briand) បានថ្លែងក្នុងសន្និសីទកាសែត កាលពីពេលថ្មី ៗនេះថា វាហាក់ដូចជាឆាប់ពេកក្នុងការអះអាងថា ជំងឺផ្តាសាយបក្សី H5N1 នេះវាឆ្លងពីមនុស្សទៅមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ទាំងក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក កំពុងតាមដានដោយយកចិត្តទុកដាក់ពីលទ្ធភាពរាលដាលនៃជំងឺផ្ដាសាយបក្សី H5N1។
ក្រសួងសុខាភិបាលឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥មក ប្រទេសកម្ពុជា មានករណីជំងឺផ្ដាសាយបក្សីកើតលើមនុស្សចំនួន ៥៨ នាក់ ក្នុងនោះស្លាប់៣៩នាក់ និងរស់រានមានជីវិត១៩នាក់។
ចំណែកស្ថិតិអង្គការសុខភាពពិភពលោកវិញ ឲ្យដឹងដែរថា ជំងឺផ្តាសាយបក្សី H5N1 ដែលឆ្លងទៅមនុស្ស ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺមានចំនួន ៨៧៣នាក់ ក្នុងនោះ ៤៥៨នាក់ បានស្លាប់នៅក្នុងប្រទេសចំនួន ២១ ទូទាំងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។