ការ​ផ្ដន្ទាទោស​ចំពោះ​អំពើ​គំរាម​កំហែង​មិន​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ពេល​មាន​បញ្ហា​គ្រោះថ្នាក់​រងគ្រោះ ឬ​បាន​ដឹង​ហេតុការណ៍​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង ចង់​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន និង​អ្នក​រងគ្រោះ​ដទៃ​ទៀត​ដែល​មាន​បញ្ហា​ដូច​គ្នា។ ប៉ុន្តែ មាន​ពេល​ខ្លះ បែរ​ជា​រួញរា និង​ឈប់​ទៅ​វិញ ដោយសារ​មាន​គេ​បំភ័យ​សម្លុត​មិន​ឲ្យ​ដាក់​ពាក្យ​ប្ដឹង។
ដោយ កែវ និមល
2013-06-06
Share

តើ​ជន​ដែល​សម្លុត​រារាំង​មិន​ឲ្យ​ជន​រងគ្រោះ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នោះ មាន​ទោស​ឬ​ទេ? បើ​មាន​ទោស តើ​គេ​ចោទ​ពី​បទ​អ្វី និង​ត្រូវ​ផ្ដន្ទាទោស​ដូចម្តេច?

មនុស្ស​គ្រប់​រូប កាល​ណា​ទទួល​រង​គ្រោះថ្នាក់ ឬ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ ឬ​រូប​កាយ​ផ្សេងៗ តែង​តែ​ការពារ​ខ្លួន និង​ចង់​ទទួល​បាន​ការ​បញ្ជាក់​នូវ​ភាព​ត្រឹមត្រូវ​របស់​ខ្លួន និង​ទទួល​សំណង។

ប៉ុន្តែ មាន​ប្រជាពលរដ្ឋ​ខ្លះ ទោះ​បី​ជា​ទទួល​រង​គ្រោះថ្នាក់ ការ​រំលោភ​បំពាន ទាំង​សិទ្ធិ និង​រូប​កាយ​ក៏ដោយ ក៏​មិន​ហ៊ាន​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឡើយ ដោយសារ​ទទួល​រង​ការ​សម្លុត​បំភ័យ ការ​ព្រមាន ការ​បំភិត​បំភ័យ ថា​បើ​ហ៊ាន​ប្ដឹង​អាច​កើត​មាន​គ្រោះថ្នាក់​ចំពោះ​ខ្លួន និង​ក្រុម​សាច់​ញាតិ​ជាដើម។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ជុន រស់នៅ​ខេត្ត​កណ្ដាល ធ្លាប់​ទទួល​រង​ការ​ធ្វើ​បាប និង​សម្លុត​ពី​អ្នក​មាន​អំណាច គាត់​យល់​ថា កាល​ណា​គេ​សម្លុត​ហើយ មិន​ងាយ​ប្ដឹង​ឈ្នះ​គេ​ទេ ហើយ​បើ​ហ៊ាន​តតាំង​ខ្លាំង​ជាមួយ​គេ អាច​ទទួល​គ្រោះថ្នាក់​ទៀត​ផង។

លោក ជុន មាន​ចម្ងល់​ថា តើ​ច្បាប់​មាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​ទៅ​លើ​អ្នក​សម្លុត​គំរាម​ជន​រងគ្រោះ​ដែរ​ឬ​ទេ?

ឆ្លើយ​តប​ចំពោះ​ចម្ងល់​មិត្ត​អ្នក​ស្តាប់​នេះ លោក សុក សំអឿន មេធាវី​របស់​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា កាល​ណា​មាន​ទំនាស់ ឬ​គ្រោះថ្នាក់​អ្វី​កើត​មាន​ឡើង ជន​រងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​ប្រចាំ​នៅ​តំបន់​ដែល​កើត​ហេតុ។

លោក​មេធាវី សុក សំអឿន បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាម​សម្លុត​បំភ័យ​មិន​ឲ្យ​ដាក់​ពាក្យ​ប្ដឹង​ក៏ដោយ ក៏​មាន​ពេល​ខ្លះ ពាក្យ​គំរាម​នោះ​មិន​គួរ​ឲ្យ​ខ្លាច​ញញើត​ដែរ ពីព្រោះ​បើ​គ្រប់​ការ​សម្លុត​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​នោះ ប្រហែល​ជា​សង្គម​មនុស្ស​រស់នៅ​លែង​មាន​ការ​គោរព​ច្បាប់ ហើយ​ប្រហែល​ជា​អាជ្ញាធរ​មិន​អាច​បង្ក្រាប​ជន​ល្មើស​បាន​ឡើយ។

ប៉ុន្តែ លោក​មេធាវី សុក សំអឿន បាន​សុំ​ឲ្យ​អ្នក​ដាក់​ពាក្យ​ប្ដឹង​នោះ គិត​ឲ្យ​បាន​ច្រើន​មុន​ពេល​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ បើ​សិន​ជា​រឿង​ខ្លះ​អាច​ដាក់​ពាក្យ​ប្ដឹង​នៅ​ត្រឹម​តែ​ប៉ូលិស​មូលដ្ឋាន។ ពីព្រោះ ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ ត្រូវ​ការ​ចំណាយ​លុយ និង​ពេល​វេលា​ច្រើន។

លោក សុក សំអឿន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ច្បាប់​មាន​ចែង​អំពី​ការ​ការពារ​ចំពោះ​អ្នក​រងគ្រោះ និង​ផ្ដន្ទាទោស​ចំពោះ​អ្នក​ណា​ដែល​សម្លុត​គំរាម​មិន​ឲ្យ​គេ​ដាក់​ពាក្យ​បណ្ដឹង។

មាត្រា​៥២៧ ក្នុង​ក្រម​ព្រហ្មទណ្ឌ​ទាក់ទង​បទ​សម្លុត​កុំ​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង បាន​ចែង​ថា អំពើ​គំរាម​កំហែង​សម្លុត​ដើម្បី​ញុះញង់​ជន​រងគ្រោះ​កុំ​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង ឬ​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល។ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល ប្រសិន​បើ​បទ​ល្មើស​នេះ​សម្ដែង​ចេញ​ជា​លទ្ធផល។

មាត្រា​៥២៩ បាន​ចែង​ថា រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ​ដែល​អាច​នឹង​បង្ការ ឬ​បន្ថយ​អានុភាព​របស់​បទ​ល្មើស​បាន ហើយ​មិន​បាន​ប្ដឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេង​ទៀត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ២​លាន​រៀល។ ប៉ុន្តែ ត្រូវ​លើក​លែង​ឲ្យ​រួច​ផុត​ទោស។ ទី១ បុព្វញាតិ និង​បច្ឆាញាតិ បងប្អូន​ប្រុស​ស្រី​របស់​ចារី ឬ​អ្នក​ដៃ​ដល់ សហ​ចារី អ្នក​ផ្ដើម​គំនិត ឬ​អ្នក​សម​គំនិត​នៃ​បទ​ឧក្រិដ្ឋ។ ទី២ សហព័ទ្ធ ឬ​ប្ដី ឬ​ប្រពន្ធ​របស់​ចារី សហ​ចារី អ្នក​ផ្ដើម​គំនិត ឬ​អ្នក​សម​គំនិត​នៃ​បទ​ឧក្រិដ្ឋ។ ទី៣ បុគ្គល​ដែល​ច្បាប់​តម្រូវ​ឲ្យ​រក្សា​អាថ៌កំបាំង​នៃ​វិជ្ជាជីវៈ។

បើ​លោក​អ្នក​នាង​មាន​ចម្ងល់​ផ្សេងៗ​ទាក់ទង​រឿង​ច្បាប់ លោក​អ្នក​អាច​សាកសួរ​មក​នាទី​ច្បាប់​របស់​វិទ្យុ​អាស៊ីសេរី តាម​លេខ ០១៦ ២៦១ ២៧៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល