សិទ្ធិមានមេធាវី មានចែងនៅក្នុងច្បាប់កំពូលរបស់ជាតិ និងច្បាប់អន្តរជាតិនានា ដែលកម្ពុជា ទទួលស្គាល់។ សិទ្ធិមានមេធាវី ចាប់ផ្ដើមមានតាំងតែពីពេលជនណាម្នាក់ ត្រូវនគរបាលយុត្តិធម៌ឃាត់ខ្លួន ជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើសច្បាប់ណាមួយ។
តើហេតុអ្វីបានជាច្បាប់តម្រូវឲ្យជនសង្ស័យមានមេធាវី?
រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការពារសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា។ សិទ្ធិទាំងនោះរួមមាន សិទ្ធិទទួលបានមេធាវីផងដែរ។
នៅក្នុងរបបប្រជាធិបតេយ្យដែលយកច្បាប់ជាធំ មេធាវីមានមុខងារសំខាន់ក្នុងការការពារជនសង្ស័យ ឬជនជាប់ចោទពីការរំលោភបំពានសិទ្ធិស្របច្បាប់របស់ពួកគេពីភ្នាក់ងាររដ្ឋ។ នេះជាយន្តការមួយដើម្បីបញ្ចៀសនូវអំពើរំលោភអំណាចរបស់អាជ្ញាធរមានសមត្ថកិច្ច។ ជារួម សិទ្ធិមានមេធាវី គឺជាការធានានូវតុល្យភាពរវាងការប្រើប្រាស់អំណាចរដ្ឋរបស់នគរបាល និងការប្រើប្រាស់សិទ្ធិស្របច្បាប់របស់ពលរដ្ឋ ដែលជាប់សង្ស័យពីបទល្មើសណាមួយ។
លោក គង់ សំអុន ដែលជាមេធាវី និងជាសាស្ត្រាចារ្យច្បាប់ ពន្យល់ថា មេធាវីមានតួនាទីធានាដល់ជនសង្ស័យនូវសិទ្ធិនានាដែលមានចែងក្នុងនីតិវិធីនៃច្បាប់របស់រដ្ឋ បន្ទាប់ពីនគរបាលយុត្តិធម៌ឃាត់ខ្លួន៖ «ជនសង្ស័យ ឬជនជាប់ចោទ មិនយល់ពីច្បាប់ និងនីតិវិធីរបស់តុលាការទេ ដូច្នេះគាត់ត្រូវការមេធាវី ដើម្បីជួយ ពីព្រោះមេធាវីមានជំនាញខាងច្បាប់»។
ច្បាប់អនុញ្ញាតឲ្យជនដែលត្រូវនគរបាលឃាត់ខ្លួនមានសិទ្ធិនៅស្ងៀមស្ងាត់ មិនឆ្លើយតបទៅនឹងសំណួរទាំងឡាយរបស់នគរបាល។ លោកមេធាវី គង់ សំអុន បញ្ជាក់បន្ថែមអំពីសិទ្ធិរក្សាភាពស្ងៀមស្ងាត់របស់ជនសង្ស័យ៖ «នៅពេលចាប់ ឬឃាត់ខ្លួនជនសង្ស័យ នគរបាលអាចតាំងសំណួរ ហើយឲ្យជនសង្ស័យឆ្លើយ ប៉ុន្តែនគរបាលត្រូវប្រាប់ទៅជនសង្ស័យថា គាត់មានសិទ្ធិឆ្លើយក៏បាន មិនឆ្លើយក៏បាន ដោយរង់ចាំមេធាវីមកតំណាងការពារឲ្យខ្លួន។ ប៉ុន្តែបើជនសង្ស័យឆ្លើយចម្លើយរបស់គាត់ អាចត្រូវបាននគរបាលយកទៅប្រើដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ»។
លោក គង់ សំអុន បន្តថា វត្តមានរបស់មេធាវីមានសារសំខាន់ផងដែរ ក្នុងការបញ្ចៀសការគាបសង្កត់ណាមួយពីសំណាក់នគរបាលទៅលើជនសង្ស័យ ឬជនជាប់ចោទ ដើម្បីធានានូវភាពត្រឹមត្រូវនៃការអនុវត្តនីតិវិធីច្បាប់៖ «ប្រសិនបើនគរបាលធ្វើអ្វីខុសច្បាប់ទៅលើជនសង្ស័យ ឧទាហរណ៍ គំរាមកំហែង ឬធ្វើទារុណកម្ម មេធាវីអាចប្ដឹងនគរបាលទាំងនោះ»។
ទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញខ្មែរ ធានាការពារនូវជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋកម្ពុជា។ ការចោទប្រកាន់ ការចាប់ខ្លួន និងការឃាត់ខ្លួនជនណាម្នាក់ មិនទាន់អាចបញ្ជាក់បានថា ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ពិតជាមនុស្សប្រព្រឹត្តខុសច្បាប់ ឬជាជនល្មើសនោះឡើយ ដរាបណាតុលាការមិនទាន់កាត់សេចក្តីចប់សព្វគ្រប់ទេនោះ។ ដូច្នេះ លោកមេធាវី គង់ សំអុន បញ្ជាក់ថា ប្រសិនបើនគរបាលចាប់ខ្លួន ឬឃាត់ជនណាម្នាក់ ជននោះគ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ៖ «កាលណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ប្រជាពលរដ្ឋទាំងនោះ ទោះជាជនសង្ស័យក្តី ជនជាប់ចោទក្តី ត្រូវគេសន្មតថាជាមនុស្សគ្មានទោស ជាមនុស្សធម្មតាដូចពលរដ្ឋដទៃទៀតដែរ រហូតដល់តុលាការកាត់សេចក្តីរួចជាស្ថាពរ ហើយបើតុលាការរកឃើញថាមានទោស សម្រេចដាក់ពន្ធនាគារ ដែលពេលនោះទើបគាត់បាត់បង់សេរីភាពដើរហើរ»។
មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
បើទោះជាការធានាឲ្យមានការគោរព និងការអនុវត្តមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញនេះ គឺជាតួនាទីរបស់អ្នកអនុវត្តន៍ច្បាប់គ្រប់ភាគីក៏ដោយ មេធាវីការពារជនសង្ស័យ ឬជនជាប់ចោទ មានកាតព្វកិច្ច និងបន្ទុកក្នុងការធានាឲ្យមាត្រា៣៨ នៃច្បាប់កំពូលនេះ កើតមានដល់កូនក្តីរបស់ខ្លួន។ លើសពីនេះទៀត ក៏នៅមានសិទ្ធិស្របច្បាប់នានាដទៃទៀត ដែលមេធាវីត្រូវការពារនៅក្នុងដំណើរការរកយុត្តិធម៌ឲ្យកូនក្តីរបស់ខ្លួនដែរ។
ប្រសិនបើពលរដ្ឋណាម្នាក់ដែលត្រូវបានរដ្ឋអំណាចចោទប្រកាន់ពីបទល្មើសច្បាប់ណាមួយ មិនមានមេធាវីតំណាងឲ្យខ្លួនទេនោះ បុគ្គលរូបនោះនឹងទទួលរងនូវការភ័យរន្ធត់ ខណៈស្ថិតក្នុងការឃុំគ្រងរបស់នគរបាល និងព្រះរាជអាជ្ញា ដែលជាភ្នាក់ងាររដ្ឋមានគ្នាច្រើន និងមានអំណាចខ្លាំងក្លា។ លើសពីនេះ ការរំលោភច្បាប់ពីភ្នាក់ងាររដ្ឋ និងអំពើអយុត្តិធម៌ក៏ងាយនឹងកើតមាន។ ហេតុដូច្នេះហើយ ទើបសិទ្ធិមានមេធាវីកំណត់នៅក្នុងច្បាប់ជាតិផង និងអន្តរជាតិផង ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ជនសង្ស័យ ឬជនជាប់ចោទក្នុងបំណងឲ្យមានតុល្យភាព ក្នុងបេសកកម្មស្វែងរកយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។