មុខងារ និង​សារសំខាន់​របស់​ច្បាប់

0:00 / 0:00

ច្បាប់ គឺ​ជា​វិធាន​នានា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ និង​អនុវត្ត​ដោយ​រដ្ឋ ក្នុង​គោលដៅ​កម្រិត ឬ​កំណត់​នូវ​របៀប​ដែល​ស្ថាប័ន​រដ្ឋ​ត្រូវ​ប្រតិបត្តិ។ ច្បាប់​កម្រិត​នូវ​ទង្វើ​របស់​មនុស្ស​ក្នុង​សង្គម ក្នុង​គោល​បំណង​រក្សា​របៀប​រៀបរយ។ ច្បាប់ ក៏​មាន​តួនាទី​ជួយ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ផង​ដែរ។

ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ លោក ជី វិតា មាន​សេចក្តី​រាយការណ៍​អំពី​មុខងារ និង​សារសំខាន់​របស់​ច្បាប់៖

មនុស្ស​រស់នៅ​ក្នុង​សង្គម​ចាប់​តាំង​ពី​សង្គម​គ្រួសារ​តូច​មួយ រហូត​ដល់​សង្គម​ជាតិ តែង​តែ​មាន​ការ​ប៉ះ​ទង្គិច​គ្នា។ បរិមាណ​មនុស្ស​ក្នុង​សង្គម​មាន​កាន់​តែ​ច្រើន ការ​ឈ្លោះ​ទាស់ទែង​គ្នា​ក៏​កាន់​តែ​មាន​ច្រើន​ដែរ។ ហេតុ​ដូច្នេះ ច្បាប់​មាន​មុខងារ​ការពារ​ទប់ស្កាត់ និង​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង ទោះ​ក្នុង​ហេតុផល​ណា​ក៏ដោយ។

មាន​ការ​ផ្តល់​និយមន័យ​ច្បាប់​ផ្សេងៗ​គ្នា។ ទោះ​ជា​យ៉ាង​ណា ច្បាប់​មាន​មុខងារ ឬ​វត្ថុ​បំណង​បួន​យ៉ាង​ធំៗ។ ទី​១ ច្បាប់​ជា​វិធាន​ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម។ ទី​២ ច្បាប់​ជា​វិធាន​សម្រាប់​ដោះស្រាយ​ជម្លោះ។ ទី​៣ ច្បាប់​ជា​វិធាន​សម្រាប់​ការពារ​សិទ្ធិ​មនុស្ស និង​ទី​៤ ច្បាប់​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​រាស្ត្រ។ ក្នុង​មុខងារ​នីមួយៗ​តែង​មាន​គុណ​វិបត្តិ និង​គុណ​សម្បត្តិ។ ទោះ​ជា​យ៉ាង​ណា ច្បាប់​តែង​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ដាក់​ពិន័យ ឬ​ទណ្ឌកម្ម នៅ​ពេល​មាន​ការ​បំពារបំពាន។

បើ​ទោះ​ជា​មុខងារ​មួយ​របស់​ច្បាប់ គឺ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ក៏ដោយ ក៏​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​តែង​មាន​ការ​ថ្លឹងថ្លែង​ដោយ​ប្រុង​ប្រយ័ត្ន​រវាង​សណ្ដាប់ធ្នាប់ និង​សេរីភាព​របស់​មនុស្ស។ នៅ​ពេល​ខ្លះ ក្នុង​សង្គម​ជាតិ​ខ្លះ អ្នក​គ្រប់គ្រង​រដ្ឋ​បាន​បង្កើត​ច្បាប់ និង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ធានា​បាន​នូវ​របៀប​រៀបរយ​សង្គម​ពិត​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា ប្រជារាស្ត្រ​ក្នុង​សង្គម​នោះ​រីករាយ​ក្នុង​ចិត្ត​នោះ​ទេ នៅ​ពេល​ដែល​សេរីភាព​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​នោះ។

លោក​សាស្ត្រាចារ្យ​ច្បាប់ កុយ នាម មាន​ប្រសាសន៍​ថា ប្រទេស​ផ្ដាច់​ការ​ខ្លះ​ប្រើ​ច្បាប់​គាប​សង្កត់​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ខ្លួន​ហួស​វិស័យ បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​តវ៉ា ជា​ថ្នូរ​នឹង​អ្វី​ដែល​គេ​ហៅ​ថា ដើម្បី​រក្សា​សន្តិសុខ​ស្ថិរភាព និង​របៀប​រៀបរយ​ក្នុង​សង្គម។

មុខងារ​ទី​ពីរ​របស់​ច្បាប់ គឺ​ដោះស្រាយ​ជម្លោះ។ ប្រសិន​បើ​មនុស្ស​ម្នាក់​រស់នៅ​លើ​កោះ​មួយ​តែ​ម្នាក់​ឯង គាត់​មិន​ចាំបាច់​មាន​ច្បាប់​ទម្លាប់​អី​ទេ។ ពេល​នោះ គាត់​ចង់​ស្លៀក​សម្លៀកបំពាក់​ក៏​បាន គាត់​មិន​ចង់​ស្លៀក​ក៏​បាន។ លើស​ពី​នេះ​ទៀត ការ​រស់នៅ​លើ​កោះ​តែ​ម្នាក់​ឯង មិន​ចាំបាច់​បែង​ចែក​ភោគផល​ធនធាន​ធម្មជាតិ​សម្រាប់​ចិញ្ចឹម​ជីវិត​ជាមួយ​អ្នក​ណា​ទៀត​ផង។ ប៉ុន្តែ នៅ​ពេល​បរិមាណ​មនុស្ស​ចេះ​តែ​កើន​ឡើង ភោគផល​ធនធាន​នៅ​លើ​កោះ​អាច​នឹង​ត្រូវ​បែង​ចែក​គ្នា។ នៅ​ពេល​ចំនួន​មនុស្ស​កាន់​តែ​ច្រើន ភោគផល​ចិញ្ចឹម​ជីវិត​អាច​ថយ​ចុះ ពេល​នោះ​ជម្លោះ​ដណ្ដើម​ភោគផល​ធនធាន​ទ្រព្យ​សម្បត្តិ​ក៏​អាច​កើត​មាន​ឡើង។ ដូច្នេះ ភាព​ចាំបាច់​នៃ​ការ​បង្កើត​ច្បាប់​សម្រាប់​បែង​ចែក​ភោគផល​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​នៅ​លើ​កោះ​ឲ្យ​មាន​សមធម៌ អាច​នឹង​ត្រូវ​ការ ដើម្បី​ជៀសវាង​ការ​ផ្ទុះ​ឡើង​នៃ​ជម្លោះ។ ដូច្នេះ សម្រាប់​អ្នក​ដែល​យល់​ឃើញ​ថា ច្បាប់ គឺ​វិធាន​សម្រាប់​ដោះស្រាយ​ជម្លោះ​នោះ ច្បាប់​ពិត​ជា​សំខាន់​ក្នុង​ការ​ជួយ​កសាង​សន្តិភាព និង​ផ្ទេរ​អំណាច​ដោយ​រលូន។

មុខងារ​ទី​បី​របស់​ច្បាប់ គឺ​ការពារ​សិទ្ធិ​មនុស្ស។ សម្រាប់​អ្នក​យល់​ឃើញ​ថា ច្បាប់​ជា​វិធាន​សម្រាប់​ការពារ​សិទ្ធិ​មនុស្ស តែង​យក​សិទ្ធិ​មនុស្ស​ជា​គោល នៅ​ពេល​តាក់​តែង​ច្បាប់​អ្វី​មួយ។ ក្រោយ​ពី​ប្រទេស​កម្ពុជា ឆ្លង​កាត់​នូវ​សង្គ្រាម​ដ៏​មហា​វិនាស​ព្រាត់ប្រាស និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​គួរ​ឲ្យ​ភ័យ​រន្ធត់ រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ប្រាថ្នា​របស់​ប្រជារាស្ត្រ​ខ្មែរ ចង់​បាន​ច្បាប់​ដែល​បញ្ជាក់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស។ ពេល​នោះ​ហើយ គឺ​ជា​លើក​ទី​១​ដែល​រដ្ឋសភា​កម្ពុជា បាន​បញ្ចូល​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

មុខងារ​ទី​បួន​របស់​ច្បាប់ គឺ​ការ​សម្ដែង​ឆន្ទៈ​របស់​រាស្ត្រ។ រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៤៧ ដែល​ចម្លង​ចេញ​ពី​រដ្ឋធម្មនុញ្ញ​បារាំង ឲ្យ​និយមន័យ​ថា ច្បាប់ គឺ​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​រាស្ត្រ។ ហេតុផល​របស់​អ្នក​ដែល​យល់​ថា ច្បាប់​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​រាស្ត្រ​នោះ គឺ​ដោយសារ​ថា ប្រជារាស្ត្រ​មាន​គ្នា​ច្រើន មិន​អាច​មក​ជួប​ជុំ​គ្នា​បាន​ក្នុង​ពេល​តែ​មួយ ទើប​រាស្ត្រ​បោះ​ឆ្នោត​ឲ្យ​មាន​តំណាង​របស់​ខ្លួន​ដែល​ហៅ​ថា​តំណាង​រាស្ត្រ ឲ្យ​ទៅ​ជួប​ជុំ​គ្នា​ធ្វើ​ការងារ មាន​ការងារ​ធ្វើ​ច្បាប់ និង​ការងារ​តាម​ដាន​សកម្មភាព​របស់​រដ្ឋាភិបាល ជាដើម។

លោក កុយ នាម សាស្ត្រាចារ្យ​ច្បាប់​ពន្យល់​ថា ដោយសារ​តំណាង​រាស្ត្រ​តំណាង​ឲ្យ​ឆន្ទៈ​រាស្ត្រ​ដូច្នេះ តំណាង​រាស្ត្រ​ត្រូវ​គេ​មើល​ឃើញ​ថា ត្រូវ​តែ​ធ្វើ​ច្បាប់​ដែល​ការពារ​ផល​ប្រយោជន៍​រាស្ត្រ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ទស្សនៈ​ខ្លះ​មើល​ឃើញ​ថា ច្បាប់​មិន​ប្រាកដ​ថា​ជា​តំណាង​ឲ្យ​រាស្ត្រ​ទាំង​ស្រុង​នោះ​ទេ។ ប៉ុន្តែ​ច្បាប់​ចេញ​ពី​ឆន្ទៈ​តំណាង​រាស្ត្រ​ដែល​មាន​សំឡេង​ភាគ​ច្រើន និង​ជា​រឿយៗ​ធ្វើ​តាម​បន្ទាត់​នយោបាយ​របស់​គណបក្ស​នយោបាយ​ទៅ​វិញ។

លោក​សាស្ត្រាចារ្យ​ច្បាប់ កុយ នាម មាន​ប្រសាសន៍​ថា ដូច្នេះ​ក្នុង​ភាព​ជាក់ស្តែង ក្រុម​តំណាង​រាស្ត្រ​ដែល​មាន​សំឡេង​ភាគ​តិច អាច​មិន​មាន​សំឡេង​តំណាង​ឲ្យ​ឆន្ទៈ​របស់​រាស្ត្រ​នៃ​មណ្ឌល​របស់​ខ្លួន​នៅ​ក្នុង​ច្បាប់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ សរុប​សេចក្តី​មក ច្បាប់​មាន​មុខងារ និង​សារប្រយោជន៍​ជួយ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី តាម​រយៈ​ការ​បោះ​ឆ្នោត ជៀសវាង​ការ​ដណ្ដើម​អំណាច និង​ក្តាប់​អំណាច​ដោយ​មធ្យោបាយ​ហិង្សា។ ច្បាប់​ជួយ​រក្សា​សន្តិភាព និង​របៀប​រៀបរយ​តាម​រយៈ​ការ​បង្កើត​វិធាន ឬ​បញ្ញត្តិ​នានា ដើម្បី​ជួយ​បញ្ចៀស​ទំនាស់ និង​ដោះស្រាយ​ទំនាស់។ ច្បាប់​ជួយ​ការពារ​ជន​ក្រីក្រ​ទន់​ខ្សោយ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស ប្រសិន​បើ​ច្បាប់​នោះ​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​សកល។

នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ពេល​ងើប​ចេញ​ពី​សង្គ្រាម​ហែកហួរ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​មក កម្ពុជា បាន​ដាក់​បញ្ចូល​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ខ្លួន។ ក្នុង​ចំណោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​សំខាន់ៗ​ដែល​បាន​ក្លាយ​ជា​ច្បាប់​កម្ពុជា ទាំង​នោះ​រួម​មាន កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។