ម្ចាស់សំណួរដែលសុំមិនឲ្យប្រាប់អត្តសញ្ញាណបានប្រាប់ពីប្រវត្តិរឿងរ៉ាវត្រួសៗថា ប្តីរបស់គាត់បានចាកចេញពីប្រទេសកម្ពុជា ចំនួនពីរបីឆ្នាំកន្លងមកហើយ ដើម្បីទៅលេងបងប្អូននៅសហរដ្ឋអាមេរិក ប៉ុន្តែចាប់តាំងពីពេលនោះមកមិនបានត្រឡប់មកវិញឡើយ ហើយតាមរយៈសាច់ញាតិបងប្អូនសាក្សីខ្លះបានប្រាប់ថា ប្តីរបស់គាត់បានរបស់នៅជាមួយស្ត្រីថ្មីនៅសហរដ្ឋអាមេរិកនោះ និងគ្រោងរៀបការជាប្តីប្រពន្ធទៀតផង។ ដូច្នេះគាត់ចង់ដឹងថា តើគាត់អាចប្តឹងប្តីគាត់ពីបទផិតក្បត់បានដែរ ឬ ទេ? ហើយត្រូវធ្វើដូចម្តេច?
នៅក្នុងសំណួរនេះ លោកមេធាវី ស សូវាន បានមានប្រសាន៍ពន្យល់តាមការសាកសួររបស់ លោក ផាន សូផាត។
ផាន សូផាត ៖ ជម្រាបសួរលោកមេធាវី ! តើនៅក្នុងករណីនេះ គាត់ដែលនៅស្រុកខ្មែរនេះ តើអាចប្ដឹងប្ដីគាត់ទាក់ទងទៅនឹងអំពើផិតក្បត់បានដែរ ឬ ទេ?
ស សូវាន ៖ ចម្លើយរបស់ខ្ញុំគឺថា គឺអាចប្ដឹងបាន។ ឯកពន្ធភាពជាបទល្មើសអាជ្ញា ដូច្នេះត្រូវជាប់គុក បានយើងថាបទល្មើសអាជ្ញា ឬមួយបទល្មើសព្រហ្មទណ្ឌ។ ប៉ុន្តែយើងសួរថា នៅក្នុងរាល់បទល្មើសវាមានកត្តា ៣បូកផ្សំបានក្លាយទៅជាបទល្មើស។ គឺថាមានកត្តាច្បាប់ គ្មានបទល្មើសណាដែលច្បាប់មិនបានចែងទេ បញ្ហានេះដោះស្រាយពីព្រោះច្បាប់គេបានចែងថ្មីៗ យើងដឹងទាំងអស់គ្នា ដែលហៅថាច្បាប់ឯកពន្ធភាព។ ដូច្នេះកត្តាច្បាប់ហ្នឹងវាគ្រប់គ្រាន់ហើយ ព្រោះថាខ្មែរយើងមានអាហ្នឹង ពីមុនអត់មានទេ។
កត្តាទី២ កត្តាសម្ភារៈ។ សួរថាគាត់ទៅឯណា? ហ្នឹងនៅក្រៅស្រុកខ្មែរ នៅស្រុកអាមេរិក ឬមួយស្រុកណា? អ្នកដែលប្រព្រឹត្តហ្នឹងជាជនជាតិខ្មែរ ប៉ុន្តែគាត់មិននៅស្រុកខ្មែរ យើងសួរថាទៅប្ដឹងនៅឯណា? យើងមានលទ្ធភាពប្ដឹងពីរកន្លែង។ យើងប្ដឹងនៅអាមេរិកក៏បាន យើងប្ដឹងនៅស្រុកខ្មែរក៏បាន។ យើងសួរថាតើព្រះរាជអាជ្ញាគាត់អាចមានសមត្ថកិច្ចទេ? ...ថាគាត់មានសមត្ថកិច្ច វានៅសល់កត្តាច្បាប់។ ច្បាប់ស្រុកខ្មែរគេដាក់ទណ្ឌកម្មមនុស្សណាប្រព្រឹត្តល្មើសនឹងច្បាប់ឯឝពន្ធភាព។ ឥឡូវហ្នឹងមានតែកត្តាច្បាប់ទេ ឯចារី អ្នកដែលប្រព្រឹត្តនៅអាមេរិក។ អ្នកសម្ភារៈហ្នឹងគឺថាគាត់ប្រព្រឹត្តគាត់នៅជាមួយស្រី គាត់ក្បត់ប្រពន្ធនៅអាមេរិក។ ឥឡូវយើងប្ដឹងទៅព្រះរាជអាជ្ញា យើងប្ដឹងបាន ព្រះរាជអាជ្ញាទទួលពាក្យ ព្រះរាជអាជ្ញាគេត្រូវទំនាក់ទំនងជាមួយអាជ្ញាធរអាមេរិក តើអង្កេតយ៉ាងម៉េចៗ ហ្នឹងជម្រើសមួយ។ គាត់អាចប្ដឹងផ្ទាល់នៅស្រុកអាមេរិក បើគាត់មានលុយមានកាក់។ នេះចម្លើយរបស់ខ្ញុំខ្លីប៉ុណ្ណឹង។
ផាន សូផាត ៖ ចំណុចនេះខ្ញុំចង់បញ្ជាក់លោកមេធាវីម្ដងទៀត បានន័យថាស្រ្ដីហ្នឹងគាត់អាចប្ដឹងអំពីប្ដីគាត់បានទាំងពីរប្រទេស បានន័យថាគាត់ប្ដឹងនៅតុលាការស្រុកខ្មែរក៏បាន ប្ដឹងនៅសហរដ្ឋអាមេរិកក៏បានអ៊ីចឹងទេ?
ស សូវាន ៖ បាទ! គាត់អាចប្ដឹងបាននៅតុលាការស្រុកខ្មែរ ប្ដឹងព្រះរាជអាជ្ញាខ្មែរ ឬមួយគាត់អាចប្ដឹងនៅសហរដ្ឋអាមេរិក។ ពីព្រោះដូចយើងរៀបរាប់អ៊ីចឹងថា គាត់ជនជាតិខ្មែរ មានច្បាប់ខ្មែរអ៊ីចឹងទៅ ប្រាប់គេទៅ អាជ្ញាធរអាមេរិកគេនឹងដោះស្រាយ។ ឥឡូវហ្នឹងគឺថាគាត់មានជម្រើស។ បើថាប្ដឹងនៅតុលាការខ្មែរ ព្រះរាជអាជ្ញាគាត់មានតែកត្តាច្បាប់ទេ គាត់ទៅរកចារី រកអ្នកប្រព្រឹត្តហ្នឹង ប្ដីគាត់ទៅអាមេរិក គាត់ទំនាក់ទំនងទៅតាមរយៈទូតអាមេរិកនៅនោះអីទៅ ឲ្យគេអង្កេតថាព្រឹត្តិការណ៍ហ្នឹងមានមែនទេ? វាចូលក្នុងបទអាជ្ញាទេ? វាអាចអង្កេតទៅវាអត់ដែរ បើអត់ទៅគាត់ក៏រួចខ្លួនទៅ។
បើគាត់ទៅប្ដឹងនៅនោះ ក៏គាត់ប្ដឹងរបៀបអ៊ីចឹងដែរ គាត់យកលេសថាជាច្បាប់ខ្មែរ ប៉ុន្តែគេនោះ ក៏គេយល់ដែរ គេថាឥឡូវហ្នឹងកត្តាព្រឹត្តិការណ៍ហ្នឹងជនជាតិខ្មែរ ស្រ្តីនោះទោះបីនរណាក៏ដោយ ប៉ុន្តែកត្តាសម្ភារៈនៅលើដីអាមេរិកាំង ហើយមនុស្សហ្នឹងនៅលើអាមេរិកាំង ដូច្នេះគេថាច្បាប់ព្រហ្មទណ្ឌអន្តរជាតិអាមេរិកាំងហ្នឹង ក៏មានសមត្ថកិច្ចនឹងដោះស្រាយរឿងហ្នឹង គេទំនាក់ទំនងមកប្រពន្ធឯណេះ គេសួរអាពាហ៍ពិពាហ៍ គេសួរកត្តាច្បាប់ទាំងអស់ ព្រោះយើងប្ដឹងជាមួយគេ។
ផាន សូផាត ៖ ចុះបើសិនជានៅសហរដ្ឋអាមេរិកមិនមានច្បាប់ឯកពន្ធភាពហ្នឹង មិនមានការដាក់ទោសទៅលើអំពើផិតក្បត់ហ្នឹង តើតុលាការនឹងអាចទទួលបណ្ដឹងហ្នឹងចាត់ការរឿងហ្នឹងដែរទេ?
ស សូវាន ៖ ច្បាប់ព្រហ្មទណ្ឌអន្តរជាតិវាជាច្បាប់របស់ប្រទេសនីមួយៗ អាមេរិកក៏គេមើលអ៊ីចឹងដែរ ថាតើចៅក្រមគេមានសមត្ថកិច្ច ឬអត់? ពីព្រោះស្រុកគេ គេអត់មានច្បាប់ឯកពន្ធភាពហ្នឹង។
ផាន សូផាត ៖ ប៉ុន្តែក្នុងករណីនេះ បើសិនជាម្ចាស់ខ្លួនហ្នឹងមិនមានលទ្ធភាព មិនមានមធ្យោបាយប្ដឹងទៅក្រៅស្រុក បានន័យថាកិច្ចការហ្នឹងមិនអាចដោះស្រាយតាមរយៈស្ថាប័នណាទៀតបានទេ?
ស សូវាន ៖ ខ្ញុំឲ្យយោបល់ គាត់អត់ត្រូវទៅប្ដឹងនៅអាមេរិកទេ វាអស់សោហ៊ុយ ហើយមិនច្បាស់ត្រង់ថាច្បាប់គេចែងយ៉ាងម៉ែច? យើងមានកត្តាច្បាប់មួយនៅលើដីខ្មែរថាច្បាប់ឯកពន្ធភាព យើងប្ដឹងព្រះរាជអាជ្ញាទៅ បើសិនគាត់យល់ថាអាចទទួលបាន គាត់អាចសរសេរទៅទូតអាមេរិកាំង ទៅទូតខ្មែរនៅអាមេរិក ថាតើប្ដីហ្នឹងគាត់មានអ៊ីចឹងមែន ឬទេ? ហើយបើសិនជាមែន តុលាការឯណេះ... គេដាក់គាត់ដោយកំបាំងមុខ ព្រោះគាត់ម៉េចនឹងមក។ ដល់កំបាំងមុខអ៊ីចឹង គាត់មានមេធាវីគាត់ឲ្យតវ៉ាទៅ ប៉ុន្តែកាលណាគាត់កំបាំងមុខ គាត់មិនតវ៉ា គាត់ជាន់ដីខ្មែរ គឺគាត់ជាប់គុក ព្រោះទៅប្ដឹងអាមេរិកមិនច្បាស់ថាច្បាប់គេចែងយ៉ាងម៉េច អស់សោហ៊ុយទៀត។ នៅនេះយើងធ្វើពាក្យទៅព្រះរាជអាជ្ញាអត់បង់លុយមួយរៀល ពីព្រោះបើរឿងរដ្ឋប្បវេណីបានយើងបង់លុយ ព្រះរាជអាជ្ញាត្រូវអត់មានមេធាវីក៏ទៅបានដែរ ពីព្រោះគាត់រងគ្រោះ។
ផាន សូផាត ៖ ទាក់ទងទៅនឹងសកម្មភាព និងទោសនៃអំពើផិតក្បត់នេះ ខ្ញុំបាទសូមលើកយកមាត្រាខ្លះមកជម្រាបមកជម្រាបជូន ដើម្បីឲ្យបានជ្រាបថាតើអ្នកបានប្រព្រឹត្តិល្មើសនឹងមានទោសយ៉ាងណាទៅ?
នៅក្នុងច្បាប់ស្តីពីឯកពន្ធភាពមាត្រា៧ បានចែងថា ៖ ត្រូវចាត់ទុកថាផិត គឺការរួមសេវនកិច្ច រវាងប្តីដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬ ការរួមសេវនកិច្ចរវាងប្រពន្ធដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយបុរស ដទៃក្រៅពីប្តីរបស់ខ្លួន។
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត ៖ បុរសណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្ត្រីផ្សេងទៀត។ ស្រ្តីណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត។ ហើយនៅចុងក្រោយ ចំពោះទោសនៅក្នុងរឿងនេះវិញ មាត្រា១០ នៃច្បាប់ឯកពន្ធភាពបានចែងថា ៖ជនណាប្រព្រឹត្តល្មើសមាត្រា៧ នេះ នឹងត្រូវផ្តន្ទាទោសដាក់គុកពីមួយខែដល់មួយឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០រៀល (ពីររយពាន់រៀល) ដល់ ១.០០០.០០០រៀល (មួយលានរៀល) ឬ ផ្តន្ទាទោសណាមួយនៃទោសទាំងពីរ៕