តើការលួចទាំងនោះ ក្រមព្រហ្មទណ្ឌថ្មី ឆ្នាំ២០០៩ មានចែងផ្ដន្ទាទោសយ៉ាងណាខ្លះ?
លោក កែវ និមល សូម ជម្រាបជូនលោកអ្នកស្ដាប់អំពីការផ្ដន្ទាទោសទាំងនោះដូចតទៅ៖
អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិត នូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃតាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
លោក សុក សំអឿន ជាមេធាវី និងជានាយកអង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានពន្យល់ អំពីនិយមន័យនៃការលួច តាមក្រមព្រហ្មទណ្ឌ និងបានឲ្យដឹងថា នៅក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩នេះ ក្រៅពីចែងឲ្យមានការផ្ដន្ទាទោសអំពីការលួចទូទៅច្បាប់នេះ មានចែងអំពីការលួចថាមពលអគ្គិសនីផងដែរ «កន្លងមកយើងឮថាលួចអគ្គិសនី លួចថាមពលអគ្គិសនី អីយើងមិនដឹងថា លួចយ៉ាងម៉េចណា! ក៏ប៉ុន្តែ នៅក្នុងមាត្រា ៣៥៤ នេះគេបញ្ជាក់ថា អាលួចថាមពល ដើម្បីយកមកប្រើប្រាស់ដោយទុច្ចរិតហ្នឹង ហើយបណ្ដាលឲ្យខូចប្រយោជន៍អ្នកដទៃ ក៏ចាត់ទុកជាអំពើលួចដែរ ហើយចំពោះការលួចធម្មតា អាចមានទោសជាប់ពន្ធនាគារពី ៦ ខែ ទៅ ១ ឆ្នាំ ហើយពិន័យពី ១ លានទៅ ៦ លានរៀល។ តាមមាត្រា ៣៥៦»។
លោកមេធាវី សុក សំអឿន បានមានប្រសាសន៍ថា ក្រមព្រហ្មទណ្ឌថ្មីនេះ មិនមានកំណត់ផ្តន្ទាទោស ចំពោះការលួច ដែលកើតមាននៅក្នុងរង្វង់គ្រួសារទេ «តែមានចំណុចមួយគេបញ្ជាក់ដែរ ត្រង់និយាយថា ប៉ុន្តែបើលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ មានន័យថា លួចទ្រព្យសម្បត្តិរបស់ឪពុក ឬរបស់កូនអីជាដើម អាហ្នឹងមិនចាត់ថា ជាការលួចទេ។ ហើយការលួចទ្រព្យសម្បត្តិរបស់សហព័ទ្ធ គឺរបស់ប្ដី ឬប្រពន្ធអីជាដើម ក៏គេមិនចាត់ទុកថា ជាការលួចដែរ។ ហេតុអ្វី? និយាយរួមទៅចំណុចនោះ គឺនិយមន័យនៃការលួច គឺយើងយកទ្រព្យសម្បត្តិអ្នកដទៃ។ ក៏ប៉ុន្តែ យើងជាកូន ជាឪ ជាប្ដីប្រពន្ធ អីជាដើម គឺទ្រព្យសម្បត្តិទាំងអស់នោះ ជាទ្រព្យសម្បត្តិរួមគ្នាណា។ ម៉្លោះហើយក្នុងន័យនោះ គេមិនចាត់ទុកថាជាការលួចទេ»។
លោក មេធាវី សុក សំអឿន មានប្រសាសន៍ឲ្យដឹងថា ក្នុងក្រមព្រហ្មទណ្ឌថ្មីឆ្នាំ ២០០៩ ថ្មីនេះ មិនមានបទចោទ ប្រើពាក្យថា ប្លន់ ទេ។ គឺគេប្រើពាក្យថា អំពើលួចទាំងអស់ ដូចជាពាក្យថា អំពើលួច ដោយមានប្រើហិង្សា អំពើលួច ដោយប្រើទារុណកម្ម ឬអំពើឃោរឃៅជាដើម។ សៀវភៅវចនានុក្រមច្បាប់ ចំពោះបទល្មើសអាជ្ញារបស់លោក ហ៊ីង ធីឫទ្ធិ ចៅក្រមតុលាការកំពូល បានពន្យល់ថា បទលួចខុសពីបទប្លន់ ត្រង់ជនល្មើស យកទ្រព្យសម្បត្តិគេ ដោយលាក់បាំងមិនឲ្យម្ចាស់ឃើញ។
ឯបទប្លន់វិញ គឺជនល្មើស បានយកទ្រព្យសម្បត្តិគេ ដោយចំហគ្មានការបិទបាំង ហើយជនល្មើស មិនខ្លាចក្រែងម្ចាស់ទ្រព្យឃើញទេ។ ក្នុងក្រមព្រហ្មទណ្ឌ បានចែងថា អំពើលួច ត្រូវជាប់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលទៅ ៦ លានរៀល។ បើអំពើលួចនោះ ប្រព្រឹត្តឡើងមុនពេល ឬក្រោយពេលប្រើហិង្សា ឬអំពើលួចនោះប្រព្រឹត្តដោយមានការកាប់គាស់ទម្លុះទម្លាយ ការផ្ដន្ទាទោស ត្រូវកើនជាងមុន គឺត្រូវដាក់ពន្ធនាគារពី ៣ ឆ្នាំទៅ ១០ ឆ្នាំ។
ម៉្យាងទៀត ចំពោះអំពើលួច ដែលប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលប្រើអំពើហិង្សា ដែលនាំឲ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍នោះ តាមមាត្រា ៣៥៨ បានកំណត់ឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារពី ១០ ឆ្នាំទៅ ២០ ឆ្នាំ។
អំពើលួច ដែលបានប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេល ប្រើទារុណកម្ម ឬអំពើឃោរឃៅ ត្រូវផ្ដន្ទាទោសអ្នកប្រព្រឹត្ត ដោយដាក់ពន្ធនាគារពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ។ ចំពោះអំពើលួច ដែលប្រើអំពើហិង្សា ដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយមិនមានចេតនាសម្លាប់ តាមមាត្រាទី ៣៦០ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោសអ្នកប្រព្រឹត្ត ដោយដាក់ពន្ធនាគារពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ។
លោកចៅក្រម ហ៊ីង ធីឫទ្ធិ ពន្យល់ថា អំពើលួច មានធាតុផ្សំចំនួន ៤ គឺទី១ ការយកវត្ថុគេ ទី២ មានចេតនាទុច្ចរិត ទី៣ វត្ថុដែលយកនោះ មានជាសង្ហារិម ឬចលនវត្ថុ ដែលអាចយកតាមខ្លួនបាន ដូចជា កង់ ម៉ូតូ រថយន្ត នាឡិកាជាដើម ទី៤ វត្ថុដែលយកនោះ ជាទ្រព្យរបស់អ្នកដទៃ។
លោកមេធាវី សុក សំអឿន បានឲ្យដឹងថា កាលណាចាប់បានអ្នកលួច ឬភាសាសាមញ្ញ ហៅថា ចោរនោះ ប្រជាពលរដ្ឋត្រូវបញ្ជូនជននោះ ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ដូចជា ប៉ូលិសជាដើម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឲ្យផ្ដន្ទាទោសតាមច្បាប់ «ធម្មតាប្រជាពលរដ្ឋធម្មតា ក្នុងករណីបទល្មើសជាក់ស្ដែង អាហ្នឹងយើងអាចចាប់បានដូចគ្នា។ មានន័យថា ច្បាប់អនុញ្ញាតឲ្យយើងចាប់បាន។ ក៏ប៉ុន្តែ គឺទី១ ចំណុចសំខាន់គឺកុំប្រើកម្លាំងហួសហេតុ។ មានន័យថា បើយើងចាប់គេបានហើយ កុំវៃគេឲ្យសោះ នេះជាចំណុច១។ បើសិនជាមានរបួសអីទៅវិញទៅ វាអាចមានបញ្ហាទៅវិញ។ ទី២ ក្រោយពេលចាប់ហើយនោះ មិនត្រូវឃុំទុកគេទេ។ គឺត្រូវបញ្ជូនទៅនគរបាលជាបន្ទាន់ភ្លាម។ ប្រជាពលរដ្ឋមួយរូប ឈ្មោះ ជា តារា មានប្រសាសន៍ថា ការផ្ដន្ទាទោសអំពើលួច តាមក្រមព្រហ្មទណ្ឌថ្មីនេះ ដោយដាក់ពន្ធនាគារចាប់ពី ៦ ខែ ទៅ ៣០ ឆ្នាំនោះ មានលក្ខណៈធ្ងន់ធ្ងរណាស់ ហើយអ្នកច្បាប់ គួរកំណត់បែងចែកឲ្យបានច្បាស់ ទោសពីបទលួច និងបទប្លន់ បើពុំនោះទេ ចៅក្រមតុលាការងាយកែប្រែបទចោទ ក្នុងពេលសវនាការជាមិនខាន ដែលអាចធ្វើឲ្យអ្នកមានទោសស្រាល ទៅជាធ្ងន់វិញក៏មាន។ លោក ជា តារា «ចំណុចទី១ យើងកុំប្រើពាក្យថា លួច គឺយើងប្រើពាក្យថា ប្លន់ ទៅវិញទៅ។ ស្រួលយើងមានបញ្ហាអីទៅ កុំឲ្យវាមានការលំបាក។ ជួនកាលលួចរបស់ស្រាលតិចតួចទៅ គ្នាអ្នកអត់មានខ្នងបង្អែកអីនឹង។ ខាងតុលាការខាងប៉ូលិសនោះ គេបានដៃ គេចោទ គេបន្ថែមសំណុំរឿងនោះ ទៅជាករណីធ្ងន់ធ្ងរវិញ»។
លោកអ្នកនាងជាទីមេត្រី! បើសិនជាលោកអ្នក មានចម្ងល់ផ្សេងៗ ទាក់ទងជាមួយបញ្ហាច្បាប់ សូមហៅទូរស័ព្ទសាកសួរតាមលេខ ០១២ ៩៩ ៧០ ៥៤៕