អ្វី​ទៅ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ?

ដោយ មួង ណារ៉េត
2019.04.17
ដាហ្គ អេរ៉ិចសិន (Doug Erickson) ហ៊ុន សែន សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) (ឆ្វេង) ជួប​លោក ហ៊ុន សែន នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

របប​លោក ហ៊ុន សែន ​ចំណាយ​លុយ​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ជួល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ​ថ្នាក់ក្រោម​ជាតិ​នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត​ម្នាក់ គឺ​លោក ដាហ្គ អេរ៉ិចសិន (Doug J. Ericksen)  ដើម្បី​ពិគ្រោះ​យោបល់ និង​ការងារ​បញ្ចុះបញ្ចូល​ផ្សេងៗ ឲ្យ​របប​នេះ។ ប្រព័ន្ធ​ឃោសនា និង​មន្រ្តី​របប​លោក ហ៊ុន សែន មួយ​ចំនួន​ផង​ផ្សាយ​ និង​បកស្រាយ​ ដែល​អាច​ឲ្យ​មានការ​ភាន់​ច្រឡំ ជុំវិញ​តួនាទី​របស់​សមាជិកព្រឹទ្ធសភា​រូប​នេះ ទៅ​នឹង​តួនាទី​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​ជាតិ។

តើ​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​ក្រោម​ជាតិ និង​សមាជិក​ព្រឹទ្ធ​សភា​ថ្នាក់​ជាតិ នៅ​សហរដ្ឋ​អាមេរិក​មាន​តួនាទី​ខុសគ្នា​យ៉ាង​ដូច​ម្ដេច?

សហរដ្ឋអាមេរិក គឺ​ជា​ប្រទេស​មួយ ដែល​បង្កើត​ឡើង​ ដោយ​បណ្ដុំ​រដ្ឋ​ចំនួន ៥០បញ្ចូល​គ្នា។ រដ្ឋ​នីមួយៗ មាន​រចនាសម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ ដោយ​​ស្វយ័ត​របស់​ខ្លួន។ បើ​និយាយ​ឲ្យ​ងាយ​ស្តាប់ រដ្ឋ​នីមួយៗ មាន​ស្ថាប័ន​នីតិប្រតិបត្តិ (រដ្ឋាភិបាល) ស្ថាប័ន​នីតិបញ្ញត្តិ (សភា) និង​តុលាការ​របស់​ខ្លួន​រៀងៗ ខ្លួន។

នៅ​ក្នុង​រដ្ឋ​នីមួយៗ មាន​ស្ថាប័ន​សភា​ពីរ​ថ្នាក់​ គឺ​សភា​ជាន់​ទាប (គឺ​រដ្ឋសភា​ថ្នាក់​រដ្ឋ​ ឬ State House of Representatives) និង​សភា​ជាន់​ខ្ពស់ (ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ State Senate)។ ចំនួន​សមាជិក​ព្រឹទ្ធសភា​របស់​រដ្ឋ​នីមួយ មាន​តិច ឬ​ច្រើន ទៅតាម​របាយ​ប្រជាជន។ ឧទាហរណ៍ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) ដែល​លោក ដាហ្គ អេរ៉ិចសិន (Doug J. Ericksen) រស់​នៅ​នោះ មាន​ប្រជាជន​សរុប​ជាង ៧,៥ លាន​នាក់ (7.536 million [2018]) ដែល​ចែក​ចេញ​ជា ៤៩ស្រុក ឬ មណ្ឌល។ ស្រុក​នីមួយៗ មាន​សមាជិកព្រឹទ្ធសភា តែ​ម្នាក់​ប៉ុណ្ណោះ។

ដូច្នេះ នៅរដ្ឋ Washington State នោះ​មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ដល់ទៅ ៤៩នាក់។ លោក ដាហ្គ អេរ៉ិចសិន (Doug J. Ericksen) តំណាង​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ទី៤២ ដែល​គ្រប​ដណ្ដប់​ទីក្រុង ហ្វ៊ើនដេល (Ferndale) ក្នុង​សង្កាត់​វត្ត​ខំ (Whatcom County) និង ​មាន​ពលរដ្ឋ​ជាង ១,៤ សែន​ នាក់​ (146,619 [2010]) រស់នៅ​។

សង្កាត់​វត្តខំ​នេះ ស្ថិត​នៅ​ចុង​ប៉ូច​ ប៉ែក​ពាយ័ព្យ (ខាង​ជើង​​ឆៀង​ខាង​លិច) នៃ​សហរដ្ឋ​អាមេរិក ជាប់​ទីក្រុង​ វ៉ែនឃូវើ (Vancouver) របស់​ប្រទេស​កាណាដា។ នៅ​ក្នុង​មួយ​ស្រុកៗ មាន​សមាជិក​សភា​ជាន់​ទាប​ថ្នាក់​រដ្ឋ​ពីរ​រូប។ ដូច្នេះ សភា​ជាន់​ទាប ឬ​រដ្ឋសភា​ថ្នាក់ក្រោម​ជាតិ​នេះ មាន​តំណាងរាស្រ្ត​សរុប​ ៩៨នាក់។ ជា​រួម នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ស្តេត បើ​បូក​ទាំង​សមាជិក​រដ្ឋសភា និង ព្រឹទ្ធសភា គឺ​ទាំង​អស់​មាន​ ១៤៧ នាក់។ វិមាន​រដ្ឋសភា​ប្រចាំ​រដ្ឋ​នេះ គឺ​ស្ថិត​នៅ​ទីក្រុង អូលីមភា (Olympia)

សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​នីមួយៗ តំណាង​ឲ្យ​តែ​ប្រយោជន៍​អ្នក​បោះ​ឆ្នោត​នៃ​មណ្ឌល​គាត់ នៅ​កម្រិត​ថ្នាក់​រដ្ឋ​នោះ។ ពួកគាត់​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ច្បាប់​ផ្សេងៗ ក្នុង​កម្រិត​ថ្នាក់​រដ្ឋ​របស់​ពួក​គាត់​នោះ។ ប៉ុន្តែ គ្មាន​ឥទ្ធិពល អ្វី​ដល់​កម្រិត​ថ្នាក់​ជាតិ​នោះ​ទេ។

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​នោះ ទទួល​ប្រាក់​ខែ​តែ​ជាង ៤ពាន់​ដុល្លារ (,០៦០ ដុល្លារ) ប៉ុណ្ណោះ ក្នុង​មួយ​ខែ។ ប្រាក់​ខែ​ប៉ុណ្ណេះ ត្រូវ​បាន​ស្ថាប័ន​សន្និសីទ​ជាតិ ផ្នែក​សមាជិក​សភា​ថ្នាក់​រដ្ឋ​ ចាត់​ទុក​ថា ជា​ប្រាក់​ខែ​ទាប ដែល​មិន​គ្រប់​គ្រាន់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ។ ដូច្នេះ ពួក​គាត់​អាច​រក​ការងារ​ខាង​ក្រៅ​បន្ថែម ដើម្បី​បំពេញ​បង្គ្រប់​ការ​ខ្វះខាត​នេះ។

ដូច​ក្នុង​ករណី​លោក ដាហ្គ អេរ៉ិចសិន (Doug J. Ericksen) លោក​អាច​បើ​ក​ក្រុមហ៊ុន​ឯកជន​បាន ប៉ុន្តែ​កិច្ចការ​ក្រុមហ៊ុន​នោះ គឺ​មិន​ត្រូវ​ឡូកឡំ​គ្នា​ជាមួយ​កិច្ចការ​ ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​នោះ​ទេ។ ជា​ឧទាហរណ៍ លោក ដាហ្គ អេរ៉ិចសិន បើក​ក្រុម​ហ៊ុន​មួយ​ឈ្មោះ ផែករិម ប្រ៊ិចជឹះស៍ (PacRim Bridges LLC) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ពិគ្រោះ​យោបល់។

ក្រុមហ៊ុន​នេះ​ លោក​បើក​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ពោល​គឺ​បើក​ជាង​មួយ​ឆ្នាំ ក្រោយ​លោក​​ទៅ​ស្រុក​ខ្មែរ​លើក​ដំបូង។ ក្រោយ​លោក​​ទៅ​ស្រុក​ខ្មែរ​បាន​បី​ដង និង​និយាយ​សរសើរ​របប​លោក ហ៊ុន សែន រាល់​ដង​នោះ របប​លោក ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន​លោក ក្នុង​មួយ​ឆ្នាំ​កន្លះ​លាន​ដុល្លារ (៥០០,០០០ ដុល្លារ) ឬ មួយ​ខែ​ជាង ៤ម៉ឺន​ដុល្លារ (៤១,៦៦៦ ដុល្លារ) ដើម្បី​ជួយ​ពិគ្រោះ​យោបល់ និង ជំនួយ​ផ្នែក​ច្បាប់ ចំណេញ​ដល់​របប​លោក ហ៊ុន សែន។ កិច្ចសន្យានោះ ធ្វើ​នៅ​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ២០១៩។ នៅ​ក្នុង​ឯកសារ​កិច្ច​សន្យា​នោះ គឺ​លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ជា​អ្នក​ចុះ​ហត្ថលេខា តំណាង​ឲ្យ​ភាគី​កម្ពុជា។ ថ្លៃ​ដែល​របបលោក ហ៊ុន សែន ជួលលោក ដាហ្គ  អេរ៉ិចសិននេះ គឺលើសប្រាក់ខែ​លោកដល់ទៅ ១០ ដង​ក្នុង​មួយខែ។

ទោះ​ជា​ច្បាប់​មិន​ហាម​ឃាត់​ពលរដ្ឋ​អាមេរិក​ ក្នុង​ការ​ចុះ​បញ្ជី​ជា​ភ្នាក់ងារ​បរទេស ដើម្បី​ស៊ីឈ្នួល​ក្នុង​ការ​ផ្តល់​សេវា​នោះ ដល់​រដ្ឋ​បរទេស​ក៏​ដោយ​ ក៏​លោក​អាច​ធ្វើ​បាន​ក្នុង​នាម​ជា​បុគ្គល​ឯកជន​ប៉ុណ្ណោះ។ លោក​មិន​អាច​យក​តួនាទី ជា​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត នោះ ទៅ​បញ្ចុះបញ្ចូល​សមាជិក​សភា​ដទៃ​ទៀត​ក្នុង​រដ្ឋ​នោះ ដើម្បី​ប្រយោជន៍​របប​លោក ហ៊ុន សែន បាន​នោះ​ឡើយ។

នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ស្តេត សភា​មិន​ធ្វើការ​ពេញ​មួយ​ឆ្នាំ​នោះ​ទេ។ ដូច្នេះ​សមាជិក​សភា ឬ សមាជិក​ព្រឹទ្ធសភា​នៅ​រដ្ឋ​នោះ​ អាច​រក​ការងារ​ក្រៅ​ធ្វើ​បាន។

សព្វ​ថ្ងៃ​នេះ នៅ​ទូទាំង​សហរដ្ឋអាមេរិក​ មាន​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​ថ្នាក់ក្រោម​ជាតិ ឬ​ថ្នាក់​រដ្ឋ​នេះ ចំនួន ៧.៣៨៣នាក់។

ប៉ុន្តែ នៅ​ថ្នាក់​ជាតិ​ឯ​ណោះ គឺ​មាន​តែ​សមាជិក​សភា​ជាតិ (US Congressmen US Congresswomen) ចំនួន ៤៣៥នាក់ និង​សមាជិក​ព្រឹទ្ធសភា​ជាតិ (US Senators) ១០០នាក់​ប៉ុណ្ណោះ។ អ្នក​ទាំង​នេះ តំណាង​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំង​អស់ ដែល​មាន​ចំនួន​ជិត ៣៣០លាន​នាក់ (៣២៧,២លាន​នាក់)

វិមាន​រដ្ឋសភា​ថ្នាក់​ជាតិ ដែល​ពួក​គាត់​ធ្វើ​ការ​ មាន​ទីតាំង​នៅ United States Capitol the Capital Building ស្ថិតនៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន (Washington D.C) ដែល​ជា​បេះដូង នៃ​សហរដ្ឋអាមេរិក។

សមាជិក​ព្រឹទ្ធសភា​ជាតិ​ទាំង ១០០នាក់​នេះ តំណាង​ឲ្យ ៥០រដ្ឋ ដោយ​ពីរ​នាក់​តំណាង​ឲ្យ​មួយ​រដ្ឋ។ បច្ចុប្បន្ន សមាជិក​ព្រឹទ្ធសភា​ថ្នាក់​ជាតិ​ទាំង​ពីរ​រូប ដែល​តំណាង​ឲ្យ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត គឺ​ជា​ស្រ្តី​ទាំង​ពីរ​រូប​ មួយ​រូប​ឈ្មោះ​អ្នកស្រី ម៉ារៀ អេឡែន ខែនធ៍វ៉ែល (Maria Elaine Cantwell) និង​មួយ​រូប​ទៀត អ្នកស្រី ផែធី មួរ៉េ (Patty Murray)

សមាជិក​សភា​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​ជាតិ សុទ្ធ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ច្បាប់ កម្រិត​ថ្នាក់​ជាតិ និង ទំនាក់ទំនង​អន្តរជាតិ ដែល​ផ្ទុយ​ពី​សមាជិកសភា និង ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ ដែល​មាន​សិទ្ធិ​ស្នើ​ច្បាប់​ ដើម្បី​ប្រយោជន៍​តែ​ក្នុងមណ្ឌល ឬ រដ្ឋ​របស់​ខ្លួន​ប៉ុណ្ណោះ។

សមាជិក​ព្រឹទ្ធសភា​ជាតិ​មួយ​ចំនួន​ ដែល​សកម្ម​ក្នុង​ការ​ស្នើ​ច្បាប់​កម្រិត​ជាតិ និង​ទំនាក់​ទំនង​​អន្តរជាតិ រួមមាន សមាជិកព្រឹទ្ធសភា​ថ្នាក់​ជាតិ​លោក Ted Cruz (តំណាង​រដ្ឋ Texas ទាំង​មូល មាន​ប្រជាជន​ 28.7 million (2018) និង លោក​សមាជិក​ព្រឹទ្ធសភា​អាមេរិក Chris Coons (តំណាង​រដ្ឋ​ Delaware ទាំង​មូល ដែល​ដាក់​ស្នើ​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩ ឬ the Cambodia Trade Act, 2019, ឲ្យ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ពី​កម្ពុជា។ សេចក្ដី​ស្នើ​ច្បាប់​ S.34 នេះ កំពុង​រង់ចាំ​ការ​អនុម័ត។

សមាជិក​សភា​ជាតិ​មួយ​ចំនួន ដែល​សកម្ម​ក្នុង​រឿង​នេះ​ដែរ រួម​មាន លោក អាឡែន ឡូវ៉ិនហ្សល (Alan Lowenthal) និង លោក អិត រ័យស៍ (Ed Royce) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ លោក ថិត យ៉ូហូ (Ted Yoho) នៃ​រដ្ឋ​ហ្វ្ល័ររីដា និង​លោក ស្ទីវ ឆាបុត (Steve Chabot) នៃ​រដ្ឋ​អូហៃយ៉ូ ជា​ដើម។

ប្រាក់​ខែ​ជា​មធ្យម​របស់​សមាជិក​សភា​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​ជាតិ​ គឺ ១៤.៥០០ដុល្លារ​ក្នុង​មួយ​ខែ។ ពួកគាត់​ត្រូវ​ធ្វើការ​ពេញម៉ោង ដោយ​មិន​អាច​ធ្វើការ​ងារ​ក្រៅ​បាន​ឡើយ។ ប្រាក់ខែ​របស់​ពួកគាត់ គឺ​លើស​ប្រាក់​ខែ​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ រហូត​ដល់​ទៅ​ជិត​បួន​ដង។

របប​លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ និង​ឥតប្រយោជន៍ ក្នុង​ការ​ជួល​លោក ដាហ្គ អេរ៉ិកសិន ដែល​ជា​សមាជិកព្រឹទ្ធសភា​ថ្នាក់​ក្រោម​ជាតិ​មួយ​រូប ដែល​គ្មាន​តួនាទី​អ្វី​ក្នុង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ទាល់តែ​សោះ​នោះ​ ព្រោះ​តួនាទី​លោក គឺ​ប្រហាក់ប្រហែល​តួនាទី​ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់ គឺ​លោក មុំ រ៉ាឌី​ ដែល​ជាប់​ជា State Representative ​​តំណាងឲ្យ​ស្រុក​ទី១៨ (18th Middlesex District) នៅ​ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត ដែល​មាន​ពលរដ្ឋ​ជាង ៤ម៉ឺន​នាក់ (៤៤.៨១៧ នាក់) រស់​នៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។