ក្នុងពុទ្ធសាសនាមានវិន័យបញ្ញត្តិជាច្រើនប្រការទាក់ទងនឹងការនិមន្តគោចរបិណ្ឌបាត ដែលជាកិច្ចវត្តរបស់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា ដើម្បីស្វែងរកអាហារភោជនយកមកទ្រទ្រង់ជីវិត។ តើការយល់ដឹងនូវបញ្ញត្តិទាំងនោះមានប្រយោជន៍យ៉ាងណាដែរ ចំពោះពុទ្ធបរិស័ទ និងសង្គម?
«ភ្លេងពិណពាទ្យ»
ដូនតាខ្មែរបានណែនាំអប់រំកូនចៅតៗជំនាន់ អំពីការប្រព្រឹត្តក្នុងជីវិតរស់នៅថា «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ» ដែលមានជាប់ជាសុភាសិតបុរាណរហូតមកដល់សព្វថ្ងៃនេះ។
សេចក្តីមួយផ្នែករបស់ពាក្យ «វិន័យ» បានដល់ច្បាប់បញ្ញត្តិ ឬច្បាប់អនុញ្ញាតសម្រាប់បព្វជិត អ្នកបួសក្នុងពុទ្ធសាសនា។ ន័យផ្សេងទៀតនៃពាក្យនេះ គឺសំដៅដល់ការដឹកនាំទៅរកផ្លូវល្អ ច្បាប់ប្រដៅឲ្យប្រព្រឹត្តត្រឹមត្រូវ ច្បាប់ប្រដៅឲ្យសង្រួមកាយវាចាឲ្យត្រឹមត្រូវ និងឲ្យមានសណ្ដាប់ធ្នាប់ល្អជាអាទិ៍។
ក្នុងពុទ្ធសាសនា ត្រង់សេចក្តីណែនាំឲ្យមានការសង្រួមនេះ អាចារ្យបង្រៀននៅពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ក្រុងបាត់ដំបង ភិក្ខុ បញ្ញាវឌ្ឍនោ វី សុវិជ្ជា មានថេរដីកាអំពីពុទ្ធបញ្ញត្តិចំពោះភិក្ខុក្នុងការនិមន្តបិណ្ឌបាត ដែលជាគុណប្រយោជន៍ចំពោះបព្វជិត ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជនទាំងឡាយដែលបានធ្វើទានជាចង្ហាន់បិណ្ឌបាតដោយក្តីគោរពជ្រះថ្លា៖ « ពរ ! ការបិណ្ឌបាតនេះមានសារសំខាន់ច្រើនសម្រាប់អនុគ្រោះដល់ភិក្ខុសង្ឃខ្លួនព្រះអង្គ គឺព្រះអង្គបានបំពេញនូវបុណ្យកុសល គឺដូចជានាំបុណ្យដល់ញាតិញោម។ លោកនិមន្តទៅបិណ្ឌបាតដោយសង្រួមកាយសង្រួមវាចា សង្រួមចិត្តដ៏ល្អសមជាបដិគ្គាហក អ្នកទទួល ហើយនិមន្តទៅជាការអនុគ្រោះ មិនមែនជាការបង្ខិតបង្ខំ ឬចង់បានរបស់របរទាំងនោះ ដើម្បីសម្រាប់ជាតណ្ហាសម្រាប់បម្រើឲ្យទោសៈ លោភៈ មោហៈ ទេ គឺព្រះភិក្ខុសង្ឃនិមន្តទៅទទួលចង្ហាន់ គ្រាន់តែឆាន់ទៅ ដើម្បីទ្រទ្រង់ជីវិតប្រព្រឹត្តព្រហ្មចរិយធម៌តែប៉ុណ្ណឹង ពរ !»។
ទាក់ទងនឹងវិន័យបញ្ញត្តិក្នុងការនិមន្តត្រាច់បិណ្ឌបាតរបស់ព្រះភិក្ខុសង្ឃ អ្នកកាន់កម្មវិធី «ឧបាសកឧបាសិកាផ្កាឈូក» នៃវិទ្យុព្រះពុទ្ធសាសនា ក្នុងក្រុងសៀមរាប លោកគ្រូធម្មាចារ្យ លាវ សុមនោ អធិប្បាយអំពីចំណុចសំខាន់ៗភ្ជាប់ជានិច្ចនូវវិន័យដ៏តឹងរ៉ឹង ក្នុងការស្វែងរកអាហារភោជនពីសប្បុរស ដើម្បីឆាន់ទ្រទ្រង់រាងកាយដែលមានលក្ខណៈខុសប្លែកពីពពួកស្មូមយាចក៖ « នៅក្នុងសេចក្តីនេះ ទាក់ទងនឹងការត្រាច់នៅក្នុងស្រុក មានសិក្ខាបទហាមមិនឲ្យលោកមើលឆ្ងាយ ដោយសេចក្តីថា ភិក្ខុគប្បីពិចារណាថា អាត្មាអញមិនសម្លឹងមើលហួសពី ១ជួរនឹម គឺស្មើនឹង ៤ហត្ថ។ គឺលោកមិនសម្លឹងមើលហួសពីហ្នឹងទេ វារតែមានអន្តរាយដូចជាមានសត្វសាហាវអីហ្នឹង ទើបលោកអាចមើលពីហ្នឹង ឬក៏ថាលោកឈរឲ្យត្រង់ស្ងៀម លោកអាចមើលបាន។ បាទ ! ចំពោះការសូមរបស់ភិក្ខុទាំងឡាយក៏មានឈ្មោះថាសូមដែរ ប៉ុន្តែការសូមនេះ គឺត្រាច់ទៅឈរនៅនឹងផ្ទះរបស់អ្នកស្រុក មិនឆ្ងាយពេក មិនជិតពេក ហើយឈរនឹង គឺសូម្បីតែម្ចាស់ ( ផ្ទះ ) គេមិនឃើញក៏ដោយ គឺលោកមិនចេញស្រដីពាក្យសូមវត្ថុអីណាមួយនោះទេ »។
ចំពោះវិន័យបញ្ញត្តិ «មិនចេញស្រដី ឬពាក្យសូមវត្ថុអ្វីមួយនេះ» ក្នុងការនិមន្តគោចរបិណ្ឌបាត ប្រសិនបើកូនសិស្ស ឬលោកអាចារ្យដែលត្រាច់ទៅតាមភិក្ខុសង្ឃ ហើយអំពាវនាវស្រែកប្រាប់ម្ចាស់ផ្ទះ សូមចង្ហាន់បិណ្ឌបាត តើបានដែរឬទេ? លោកគ្រូធម្មាចារ្យ លាវ សុមនោ បញ្ជាក់អំពីប្រការនេះ៖ « បាទ ! នេះគឺជារឿងកូនសិស្ស កុំឲ្យតែលោកប្រាប់កូនសិស្សឲ្យស្រែកប្រាប់គេ គឺជាការមិនមានក្នុងលក្ខណៈត្រឹមត្រូវរបស់ភិក្ខុត្រាច់ចរទៅបិណ្ឌបាតទេ។ មិនបរិសុទ្ធនៅក្នុងលក្ខណៈនៃការសូមរបស់ភិក្ខុ គឺជាវត្តមួយដែរ ក្នុងបណ្ដាវត្តទាំង១៤ ខន្ធកវត្ត គឺត្រាច់ចរដើម្បីបិណ្ឌបាតមិនឲ្យមានចេញសំឡេងឲ្យគេឮទេ។ គឺនិមន្តទៅកាន់ស្រុកហ្នឹងដោយសន្សឹមៗ ទោចូលផ្ទះហ្នឹង គឺកុំឲ្យឆាប់ពេក កុំឲ្យយូរពេកដែរ។ បើសិនម្ចាស់ ( ផ្ទះ ) គេរវល់ គឺលោកគប្បីនិមន្តសន្សឹមៗ តែបើសិនជាគេឃើញហើយ គេមិនយកចិត្តទុកដាក់ទេ ក៏និមន្តធម្មតាទៅ »។
វិន័យ គឺជាធម្មនុញ្ញ ជាគោលការណ៍គ្រឹះ ជារបាំងការពារដ៏ប្រសើរ ជួយទ្រទ្រង់សីលធម៌គុណធម៌របស់ភិក្ខុសង្ឃ ដែលពុទ្ធបរិស័ទតែងគោរពបូជា ជាតំណាងព្រះពុទ្ធសាសនា មិនឲ្យធ្លាក់ចុះចាកឧត្តមភាព។
ចំពោះសំណួរថា តើពុទ្ធបរិស័ទជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ គប្បីសិក្សាស្វែងយល់អំពីវិន័យរបស់ភិក្ខុសាមណេរដែរឬទេ? សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជំនួយការស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សួន ឱសថ បញ្ជាក់ថា គឺជាការសំខាន់ណាស់ដែលបរិស័ទគប្បីមានការយល់ដឹងពីវិន័យទាំងនោះ ដោយភ្ជាប់ជាមួយឧទាហរណ៍ក្នុងការដាក់បាត្រ និងបូជាទានផ្សេងៗ៖ « សំណួរនេះល្អ ព្រោះថាពុទ្ធបរិស័ទអ្នកដែលផ្គត់ផ្គង់ព្រះសង្ឃ ជាពិសេសអ្នកដែលគ្រប់គ្រងផ្ទះហ្នឹង គឺថាចាំបាច់ណាស់ត្រូវដឹងវិន័យរបស់អ្នកបួស ព្រោះថាដើម្បីទី១ ឲ្យមានការអនុគ្រោះក្នុងការដែលយើងប្រាស្រ័យទាក់ទងជាមួយលោក ដូចជាការថ្វាយទាន ប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃ តើត្រូវប្រគេនយ៉ាងម៉េចគួរដល់ព្រះសង្ឃរួចចាកទោសបាននោះ យើងត្រូវប្រគេនទៅតាមហត្ថបាស បានន័យថា ឲ្យត្រូវហត្ថបាសក្នុងការប្រគេន។ មួយទៀតនោះ កាលណាយើងដឹងវិន័យរបស់អ្នកបួស លោកអ្នកបួសនឹងមានសេចក្តីព្យាយាមធ្វើចិត្តគេចឲ្យផុត ពីព្រោះថាអាបត្តិដោយសារវិន័យហ្នឹង ពុទ្ធបរិស័ទគេដឹងថា ធ្វើយ៉ាងនេះខុស ធ្វើយ៉ាងនេះត្រូវ ដូច្នេះអាត្មាអញមិនគប្បីធ្វើឲ្យកន្លងទេ »។
សេចក្តីនៅក្នុងគម្ពីរដីកាផ្នែកពុទ្ធសាសនាគូសបញ្ជាក់ថា គ្រប់វិន័យទាំងអស់ទាល់តែមានហេតុកើតឡើងជាមុន ទើបព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់បញ្ញត្តិចំពោះភិក្ខុសង្ឃជាក្រោយ។ ភិក្ខុមហាធម្មលង្ការោ ចាន់ សុជន គង់នៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានថេរដីកាអំពីការចូលរួមរបស់ពុទ្ធបរិស័ទនាសម័យពុទ្ធកាល ដែលជាដើមហេតុឲ្យមានវិន័យបញ្ញត្តិជាច្រើនប្រការជាប់រហូតមកដល់សព្វថ្ងៃនេះ៖ « នៅក្នុងរឿងគ្រហស្ថដែលជាពុទ្ធបរិស័ទ គឺគួរតែដឹង គួរតែរៀន គួរតែសិក្សានៅក្នុងព្រះវិន័យ ជាពិសេសទាក់ទងនឹងអគោចរឋានកន្លែងដែលភិក្ខុសង្ឃមិនគួរនិមន្តទៅ ជាពិសេសគឺត្រាច់ចរបិណ្ឌបាតនេះ។ ដែលត្រូវតែដឹងហ្នឹង ត្រង់ថាពុទ្ធបរិស័ទជាភ្នែកជាត្រចៀកសម្រាប់ជួយដល់ព្រះសង្ឃ។ អាត្មាឃើញចំណុចមួយ ឧបាសិកាវិសាខាគាត់ឈ្លាសក្នុងវិន័យ សូម្បីតែរឿងអគោចរឋាន កន្លែងដែលភិក្ខុសង្ឃមិនគួរនិមន្តត្រាច់ចរទៅហ្នឹង ក៏បណ្ដាលមកពីឧបាសិកាវិសាខាហ្នឹងដែរ ជាដើម ដែលធ្វើឲ្យរឿងរ៉ាវទាំងឡាយហ្នឹងមិនគួរគប្បី មិនជាទីតាំងនៃសេចក្តីជ្រះថ្លារបស់បរិស័ទទូទៅ បានជាដឹងដំណឹងហ្នឹងទៅដល់ព្រះសម្មាសម្ពុទ្ធ ព្រោះហេតុដូច្នេះទើបព្រះអង្គបញ្ញត្តិសិក្ខាបទហ្នឹងមក »។
ភិក្ខុមហាធម្មលង្ការោ ចាន់ សុជន មានថេរដីការំឭកអំពីការពោលសរសើររបស់ព្រះសម្មាសម្ពុទ្ធចំពោះបុគ្គលទាំងឡាយណា ដែលបានប្រាប់នូវទោសកំហុសដល់អ្នកដទៃ ថាជាការបង្ហាញនូវកំណប់ទ្រព្យដ៏ប្រសើរ ព្រោះបានរំឭកដល់បុគ្គលដែលធ្វើខុសឲ្យបានដឹង ហើយកែតម្រង់នូវសេចក្តីឆ្គាំឆ្គងនោះ។
តាមពុទ្ធបញ្ញត្តិមាន ៦កន្លែងដែលភិក្ខុមិនគប្បីនិមន្តទៅបិណ្ឌបាត គឺទី១ កន្លែងអាស្រ័យនៅរបស់ស្ត្រីពេស្យា ឬស្ត្រីផ្កាមាស។ ទី២ កន្លែងស្ត្រីមេម៉ាយ។ ទី៣ គឺកន្លែងស្ត្រីដែលនៅក្រមុំ។ ទី៤ កន្លែងខ្ទើយ។ ទី៥ កន្លែងភិក្ខុនី និងទី៦ កន្លែងលក់សុរា។ ក្រៅពីទីតាំង ៦ នោះ នៅមានកន្លែងជាច្រើនទៀតរួមមាន កន្លែងហ្វឹកហាត់បន្ទាយទាហាន កន្លែងសាស្ត្រាវុធ ទីផ្សារលក់សម្លៀកបំពាក់ ត្រីសាច់ ជាដើម ដែលភិក្ខុគប្បីចៀសវាងក្នុងការនិមន្តបិណ្ឌបាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។