ការនិមន្តបិណ្ឌបាតនៃព្រះភិក្ខុសង្ឃនិងការសុំទាននៃស្មូមយាចក
2015.12.23
ការនិមន្តបិណ្ឌបាត គឺជាកិច្ចវត្តរបស់ភិក្ខុសង្ឃ ជាបវេណីនៃព្រះពុទ្ធគ្រប់ព្រះអង្គតាំងពីបុរាណកាលដែលមានចារឹកទុកក្នុងគម្ពីរដីកា អដ្ឋកថា និងឯកសារនានាផ្នែកពុទ្ធសាសនា។
តើការនិមន្តបិណ្ឌបាតនៃព្រះភិក្ខុសង្ឃ និងការសុំទាននៃស្មូមយាចកខុសគ្នាបែបណា?
សព្វសត្វទាំងអស់មានជីវិតតាំងនៅបានក៏អាស្រ័យអាហារ ដែលជាផ្នែកដ៏សំខាន់ញ៉ាំងឱ្យរូបកាយ សាច់ឈាម ស្បែកសរសៃ និងពណ៌សម្បុរ ចម្រើនលូតលាស់ស្រស់បស់ទៅបាន។ កាលបើប្រាសចាកអាហារហើយ រូបរាងកាយទាំងមូលក៏ស្វិតស្រពោន ថមថយចុះជាលំដាប់ ទាំងជីវិតទៀតសោតក៏តាំងនៅបានដោយកម្រ។
សម្រាប់ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ជាអ្នកលះជីវភាពជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះមកបួសជាបព្វជិតទ្រទ្រង់ត្រ័យសិក្ខាក្នុងព្រះពុទ្ធសាសនា អាហារភោជន រួមមានបាយជាដើមនេះ ចាត់ចូលក្នុងចំពូកបិណ្ឌបាតប្បច្ច័យ ដែលស្ថិតក្នុងចំណោមបច្ច័យទាំងឡាយ ៤។
ទន្ទឹមគ្នានេះ និស្ស័យ៤ ដែលគ្រូឧបជ្ឈាយាចារ្យតែងណែនាំដល់ភិក្ខុសាមណេរទើបនឹងបួសថ្មី ក្នុងនោះការនិមន្តបិណ្ឌបាត គឺជានិស្ស័យទី១ មានសេចក្ដីជាអាទិ៍ថា៖ "បព្វជ្ជាអាស្រ័យដោយភោជនជាពំនូត ដែលភិក្ខុត្រូវបានមកដោយកម្លាំងកំភួនជើង អ្នកត្រូវធ្វើសេចក្ដីប្រឹងប្រែងក្នុងភោជននោះអស់មួយជីវិត…"។ អាស្រ័យហេតុនេះ បព្វជិតអ្នកបួសក្នុងពុទ្ធសាសនាតែងត្រាច់ចរនិមន្តបិណ្ឌបាត ស្វែងរកអាហារយកមកទ្រទ្រង់ជីវិត ដែលជាទានរបស់សប្បុរសជន។ ចំពោះសំណួរថា តើការនិមន្តបិណ្ឌបាតរបស់ភិក្ខុសាមណេរមានលក្ខណៈខុសប្លែកគ្នាយ៉ាងណាទៅនឹងការសុំទាននៃយាចកទាំងពួង?
លោកគ្រូធម្មាចារ្យ លាវ សុមនោ អ្នកកាន់កម្មវិធី "ឧបាសក-ឧបាសិកាផ្កាឈូក" នៃវិទ្យុព្រះពុទ្ធសាសនា ក្នុងក្រុងសៀមរាប អធិប្បាយអំពីចំណុចពិសេសក្នុងការសុំទាននៃភិក្ខុសង្ឃ ហើយនិងក្រុមបុគ្គលចំពូកផ្សេងទៀត៖ «បាទ! ចំពោះការសុំរបស់ភិក្ខុទាំងឡាយក៏មានឈ្មោះថា សុំដែរ ប៉ុន្តែការសុំនេះខុសគ្នាពីការសុំរបស់ពួកអ្នកដែលសុំគេហើយ ពោលសរសើរគុណម្ចាស់អ្នកឱ្យនេះមួយពួកទៅ។ មួយទៀត យាចកគឺអ្នកសុំរបស់របរគេដើម្បីរស់ អ្នកកម្សត់អី ក៏ដើរសុំគេ។ ប៉ុន្តែលក្ខណៈរបស់ភិក្ខុអ្នកបួស ការដែលសុំ គឺខុសគ្នាពីអ្នកដែលសុំទាំងប៉ុន្មានពួកហ្នឹង ពោលគឺថា ត្រាច់ទៅឈរនៅនឹងផ្ទះរបស់អ្នកស្រុក មិនឆ្ងាយពេកមិនជិតពេក ហើយឈរនឹង គឺសូម្បីតែម្ចាស់ [ផ្ទះ] គេមិនឃើញក៏ដោយ គឺលោកមិនចេញស្រដីពាក្យសូមវត្ថុអីណាមួយនោះទេ…»។
ពាក្យ «បិណ្ឌ» នេះ គឺជាភាសាបាលីដែលមានន័យថា ការប្រមូលឱ្យមូល ឬពូនឱ្យជាដុំៗ និងន័យម្យ៉ាងទៀត គឺការចិញ្ចឹមជីវិត។ តាមការចារឹកទុកក្នុងគម្ពីរដីកា អដ្ឋកថា និងឯកសារនានា ផ្នែកពុទ្ធសាសនា ការត្រាច់និមន្តបិណ្ឌបាតនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចវត្តប្រតិបត្តិរបស់ភិក្ខុសាមណេរ ក្នុងជីវិតជាអ្នកបួសចេញចាកកាមតាមលំអាននៃពុទ្ធកិច្ច និងពុទ្ធានុញ្ញាត ជាបវេណីនៃព្រះពុទ្ធគ្រប់ព្រះអង្គតាំងពីបុរាណកាល ដរាបមកដល់សព្វថ្ងៃនេះ។
ចំណែកពុទ្ធបរិស័ទនៅក្នុងប្រទេសកាន់ពុទ្ធសាសនាក៏នៅរក្សាទំនៀមរៀបចំសម្រិតសម្រាំងចម្អិនអាហារសម្រាប់ដាក់បាត្រប្រគេនចង្ហាន់ចំពោះភិក្ខុសាមណេរ ដែលនិមន្តបិណ្ឌបាតនៅតាមភូមិស្រុក ខេត្ត ខណ្ឌ និគមជនបទនានា។ ចំពោះទំនៀមនៃឱ្យទានជាចង្ហាន់បិណ្ឌបាត ដែលទាយកទាយិកាតែងបូជាប្រកបដោយក្តីគោរពចំពោះព្រះសង្ឃ អ្នកស្រី ស៊ុយ សុវណ្ណារី នៅខេត្តសៀមរាប បង្ហាញអំពីការយល់ឃើញផ្ទាល់ថា ដោយសារព្រះសង្ឃ គឺជាឧត្ដមភេទ ជាអ្នកបួស ជាបុគ្គលរក្សានូវវិន័យត្រ័យសិក្ខា ជាអ្នកព្យាយាមប្រតិបត្តិខ្លួន សង្រួមកាយវាចាចិត្តលើមាគ៌ាសីល សមាធិ បញ្ញា។
ទាំងនេះគឺជាគុណសម្បត្តិចម្បងដែលបរិស័ទចាត់ទុកព្រះសង្ឃគឺជាស្រែបុណ្យដ៏មានជីជាតិ ញ៉ាំងឱ្យការធ្វើទានមានលក្ខណៈខុសគ្នារវាងព្រះសង្ឃ និងស្មូមយាចកទាំងឡាយទាំងពួងដែលជាគ្រហស្ថជាបុថុជ្ជន អ្នកនៅមានសេចក្ដីសៅហ្មងច្រើន៖ «ការធ្វើទានជាមួយព្រះសង្ឃ យើងតែងតែគិតថា យើងឧទ្ទិសនូវបុណ្យកុសលដែលយើងបានធ្វើនឹងដល់ញាតិទាំងឡាយដែលបានចែកឋានទៅហើយ។ ខុសប្លែកគ្នាត្រង់ថា យើងមានការគោរពចំពោះព្រះសង្ឃព្រះសង្ឃ គឺជាសាវករបស់ព្រះសម្មាសម្ពុទ្ធ លោកមានតួនាទីច្រើនណាស់ក្នុងការជួយកសាងស្ថាបនាព្រះពុទ្ធសាសនា។ អ្នកសុំទានដូចជាអ្នកក្រីក្រ យើងមិនមែនមើលងាយគាត់ទេ ប៉ុន្តែវាខុសគ្នា ព្រោះមួយគឺជាអ្នកបួស មួយជាគ្រហស្ថធម្មតា។ ព្រះសង្ឃលោកមានគុណសម្បត្តិច្រើនណាស់ ជាស្រែបុណ្យដ៏ប្រសើររបស់ពុទ្ធបរិស័ទ…»។
ទន្ទឹមគ្នានេះ អ្នកស្រី ស៊ុយ សុវណ្ណារី ផ្ដល់សារសំខាន់ទៅដល់ការឱ្យទានចំពោះស្មូមយាចក និងអ្នកកម្សត់ទុរគតទាំងឡាយ ថាគឺជាការចាំបាច់ ជាសង្គហធម៌ ដើម្បីជួយសង្គ្រោះមនុស្សផងគ្នានៅក្នុងសង្គមឱ្យចាកផុតពីទុក្ខលំបាក។
ក្នុងន័យស្រដៀងគ្នានេះដែរ យុវជន រស់ សុដារិទ្ធ ជាបុគ្គលិកបម្រើការងារនៃក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញ បញ្ចេញនូវយោបល់ផ្ទាល់អំពីភាពខុសប្លែកគ្នារវាងការឱ្យទានដល់ស្មូមយាចក ហើយនិងការបូជាទានចំពោះព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា។
ទោះបីជាយ៉ាងណាក្តី សុដារិទ្ធ បញ្ជាក់ថា ថ្វីត្បិតទឹកចិត្តក្នុងការដាក់ទានដល់ជនក្រីក្រកម្សត់ទុរគតទាំងឡាយ និងការធ្វើទានចំពោះភិក្ខុសង្ឃមានលក្ខណៈខុសប្លែកគ្នាក៏ដោយ ប៉ុន្តែការឱ្យទានទាំងពីរបែបនេះ សុទ្ធតែជាការជួយឧបត្ថម្ភគាំទ្រក្នុងសហគមន៍ ក្នុងសង្គមជាតិមួយ៖ «គឺយើងធ្វើទានជាមួយព្រះសង្ឃផ្ទាល់ យើងដឹងគោលដៅច្បាស់លាស់ជាងធ្វើជាមួយមនុស្សធម្មតា។ ព្រះសង្ឃលោកបិណ្ឌបាត ឬក៏យកបច្ច័យហ្នឹង គឺសម្រាប់តែកសាង ឬសម្រាប់តែឆាន់មួយពេលពីរទេ។ ចំណែកស្មូមធម្មតា មិនដឹងថា គាត់យកទៅធ្វើអីផ្សេង អ៊ីចឹងវាមានករណីច្រើនជាងហ្នឹង គាត់អាចតុបតែងខ្លួនឱ្យកម្សត់ធ្វើជាលំបាក ឬក៏គាត់អត់ធ្វើ [ការ] អីផ្សេង ហើយគាត់យកការសុំទាននឹងជាមុខរបរ ដូច្នេះហើយទើបបានជាធ្វើឱ្យមនុស្សភាគច្រើនគេមិនសូវចង់បរិច្ចាគ…»។
សេចក្ដីអធិប្បាយនៅក្នុងសៀវភៅឯកសារផ្នែកពុទ្ធសាសនា ស្ដីពីវិន័យសិក្ខាបទធំៗសម្រាប់ភិក្ខុសង្ឃប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនជាប្រចាំអស់មួយជីវិត មានបែងចែកយ៉ាងល្អិតល្អន់នូវរាល់សកម្មភាពផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត ដែលណែនាំអំពើអ្វីជាការគួរ និងមិនគួរគប្បីប្រព្រឹត្តគ្រប់ឥរិយាបថទាំង៤ គឺដេក ដើរ ឈរ អង្គុយ។
ទាក់ទងនឹងការនិមន្តត្រាច់បិណ្ឌបាតរបស់ព្រះភិក្ខុសង្ឃ លោកគ្រូធម្មាចារ្យ លាវ សុមនោ អ្នកកាន់កម្មវិធី "ឧបាសក-ឧបាសិកាផ្កាឈូក" នៃវិទ្យុព្រះពុទ្ធសាសនាក្នុងក្រុងសៀមរាប អធិប្បាយអំពីលក្ខណៈពិសេសៗ ភ្ជាប់ជានិច្ចនូវវិន័យដ៏តឹងរ៉ឹងក្នុងការស្វែងរកអាហារភោជនពីសប្បុរស ដើម្បីឆាន់ទ្រទ្រង់រាងកាយដែលមានភាពខុសប្លែកពីពពួកស្មូមយាចក៖ «នៅក្នុងសេចក្ដីនេះ ទាក់ទងនឹងការត្រាច់នៅក្នុងស្រុក មានសិក្ខាបទហាមមិនឱ្យលោកមើលឆ្ងាយ ដោយសេចក្ដីថា ភិក្ខុគប្បីពិចារណាថា អាត្មាអញមិនសម្លឹងមើលហួសពី១ជួរនឹម គឺស្មើនឹង ៤ហត្ថ។ គឺលោកមិនសម្លឹងមើលហួសពីហ្នឹងទេ វារតែមានអន្តរាយ ដូចជាមានសត្វសាហាវអីហ្នឹង ទើបលោកអាចមើលពីហ្នឹង ឬក៏ថា លោកឈរឱ្យត្រង់ស្ងៀម លោកអាចមើលបាន។ ដូច្នេះ ក្នុងការបិណ្ឌបាត គឺលោកត្រាច់ចររបៀបហ្នឹងឯង…»។
បច្ច័យទាំងឡាយ៤ សម្រាប់បព្វជិតអ្នកបួសក្នុងពុទ្ធសាសនា រួមមានចីវរ គឺស្បង់ ចីពរ សង្ឃាដី ជាគ្រឿងបិទបាំងរាងកាយ សេនាសនៈ គឺទីសម្រាប់ដេក អង្គុយ មានកុដិសាលាជាដើម និងគិលានភេសជ្ជៈ បានដល់ថ្នាំសម្រាប់ព្យាបាលជំងឺនេះ។
សេចក្ដីពិចារណាក្នុងការប្រើប្រាស់បិណ្ឌបាតប្បច្ច័យ ក៏ដូចជាបច្ច័យទាំងឡាយ ៣ទៀតដែរ ពោលគឺគ្រាន់តែញ៉ាំងរាងកាយ និងជីវិតឱ្យតាំងនៅដើម្បីប្រតិបត្តិធម៌ ជម្រះចិត្តឱ្យបរិសុទ្ធផូរផង់ប្រាសចាករាគៈ ទោសៈ មោហៈ ដែលជាឫសគល់នៃគ្រឿងសៅហ្មងនានា។
ក្នុងពុទ្ធសាសនាអធិប្បាយដោយសេចក្ដីធៀបថា ដំណើរនៃហ្វូងសត្វភមរជាតិ គឺពពួកឃ្មុំជាដើមនេះ ដែលត្រាច់ចរទៅត្រឹបត្រងលំអងកេសរផ្កា ដោយមិនបណ្ដាលឱ្យអន្តរាយនូវស្រទាប់ផ្កាយ៉ាងណាមិញ ភាពបរិសុទ្ធផូរផង់នៃដំណើរត្រាច់និមន្តបិណ្ឌបាតរបស់ព្រះភិក្ខុសង្ឃនៅតាមនិគមជនបទនានា ក៏នឹងមិនត្រូវធ្វើឱ្យសប្បុរសជន អ្នកម្ចាស់ទាន មានក្តីរង្កៀសដោយប្រការណាមួយ ដោយការសុំរបស់បព្វជិតយ៉ាងដូច្នោះដែរ។
ក្នុងពុទ្ធកិច្ច៥យ៉ាង ដែលព្រះសម្មាសម្ពុទ្ធតែងប្រព្រឹត្តជាប្រចាំក្នុងជីវិតរស់នៅរបស់ព្រះអង្គ គឺពេលទៀបភ្លឺ (បច្ឆិមយាម) ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ បន្ទាប់មកពេលព្រឹកទ្រង់និមន្តបិណ្ឌបាត។ ពេលរសៀល ព្រះអង្គទ្រង់សំដែងធម្មទេសនាប្រោសពុទ្ធបរិស័ទ ពេលយប់ (បឋមយាម) ទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ និងពេលពាក់កណ្ដាលអធ្រាត្រ (មជ្ឈិមយាម) ទ្រង់ដោះប្រស្នាទេវតា។
តើទីណាខ្លះដែលគួរ និងមិនគួរក្នុងការនិមន្តបិណ្ឌបាត ដែលជាកិច្ចវត្តរបស់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា? លោកអ្នកនាងកញ្ញានឹងបានអាននិងស្ដាប់ការអធិប្បាយជុំវិញប្រការនេះនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅពេលក្រោយ៕