ចាប់តាំងពីក្រោយថ្ងៃបុណ្យចេញព្រះវស្សាមក ពលរដ្ឋពុទ្ធបរិស័ទបានរួបរួមគ្នាជាមួយបងប្អូនញាតិមិត្តជិតឆ្ងាយធ្វើបុណ្យហែកឋិន ទៅកាន់ទីវត្តអារាមនានា។ កឋិនទាននេះតាមពុទ្ធវិន័យ គឺអាចធ្វើបានតែក្នុងរយៈពេល២៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥ កើត ខែកត្តិក។
តើអ្វីជាទានវត្ថុ ឬរបស់ដែលជាគោលសំខាន់ នៃបុណ្យកឋិនទាន?
សូមអញ្ជើញស្ដាប់សេចក្ដីអធិប្បាយអំពីប្រការនេះ ដែលរៀបរៀងជូនដោយអ្នកនាង កេសរណ្ណីយ្យា ដូចតទៅ៖
ភ្លេងពិណពាទ្យ
កឋិនទាន គឺជាការបូជានូវសំពត់ចីវរ ដែលជាគ្រឿងស្លៀកដណ្ដប់ ប្រគេនចំពោះភិក្ខុសង្ឃ អ្នកបួសក្នុងពុទ្ធសាសនា។ អាស្រ័យហេតុនេះ ទានវត្ថុដ៏សំខាន់ ដែលជាអង្គនៃកឋិនទាន គឺត្រៃចីវរ រួមមានស្បង់ ចីពរ និងសង្ឃាដី។ ក្នុងចំណោមវត្ថុទាំងបីយ៉ាងនេះ ពុទ្ធបរិស័ទអ្នកម្ចាស់ទានអាចជ្រើសរើសយកមួយណាក៏បាន ហើយវេរប្រគេនដល់ភិក្ខុសង្ឃជាការស្រេច ក៏កើតជាអង្គកឋិនទានបាន ពុំចាំបាច់តែមានគ្រប់ទាំងបីនោះឡើយ។
ចំណែកកិច្ចខាងសមណសង្ឃវិញ គឺភិក្ខុមួយអង្គដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវអាចទទួលអានិសង្សកឋិនបាននោះ លោកអាចជ្រើសយកតែវត្ថុមួយមុខប៉ុណ្ណោះ ក្នុងចំណោមត្រៃចីវរទាំងបី ដើម្បីបំពេញសង្ឃកម្មក្រាលគ្រងកឋិន។ ភិក្ខុ យ៉ុន យី អគ្គចិត្តោ គង់នៅវត្តមណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានថេរដីកាបញ្ជាក់បន្ថែមអំពីកិច្ចក្រាលគ្រងចីវរទាននេះ ដើម្បីឱ្យបានកើតជាកឋិនពេញអង្គ តាមពុទ្ធបញ្ញត្តិ៖ «ចំពោះកិច្ចពីសម័យពុទ្ធកាលមក លោកទ្រង់អនុញ្ញាត គឺភិក្ខុដែលមានចីវរទុព្វល ( ដាច់រហែក ) ហើយអនុញ្ញាតក្រាលគ្រងក្នុងភិក្ខុសង្ឃក្នុងវត្តហ្នឹង បានតែមួយអង្គគត់។ ចីវរទាំងអស់ កិច្ចដែលត្រូវធ្វើ គឺមានតែភិក្ខុមួយអង្គទេ ប៉ុន្តែនៅសល់ទាំងប៉ុន្មាន នៅពេលដែលក្រាលគ្រងហើយ ជាសង្ឃលាភ ដែលកើតឡើងចំពោះសង្ឃនៅក្នុងវត្ត។ អីចឹង កឋិនហ្នឹងក្រាលតែមួយហើយ ឈ្មោះថាសម្រេចគ្រប់បែបយ៉ាងទាំងអស់ ហើយចីវរដែលនៅសល់ គឺចែកដល់ភិក្ខុផ្សេងៗ។ ភិក្ខុដែលក្រាលហ្នឹង លោកយកតែមួយ គឺក្នុងបណ្ដាទាំងបីហ្នឹង លោកយកបានតែមួយគត់ ក្នុងមួយហ្នឹងជ្រើសរើសមួយណាក៏បានដែរ ប៉ុន្តែមិនមែនយកម្ដងទាំងបីទេ បើលោកខ្វះស្បង់លោកក្រាលគ្រងស្បង់ ខ្វះសង្ឃាដីលោកក្រាលគ្រងសង្ឃាដី ខ្វះចីវរលោកក្រាលគ្រងចីវរ»។
តាមពុទ្ធបញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះត្រាណាតែបានគង់ចាំព្រះវស្សាអស់វារៈបីខែដោយបរិបូរណ៌ ពុំមានដាច់កិច្ចចូលវស្សា ព្រោះកន្លងវិន័យដោយប្រការណាមួយឡើយ។ រីឯវត្តដែលពុំមានភិក្ខុសង្ឃគង់នៅចាំព្រះវស្សាទាល់តែសោះនោះ គឺពុំអាចទទួលកឋិនទានពីពុទ្ធបរិស័ទបានឡើយ។ ម្យ៉ាងទៀតក្នុងវត្តមួយអាចទទួលអង្គកឋិនទានបានតែមួយដងគត់ ក្នុងរដូវកាលនៃពិធីបុណ្យនេះ។ ចំណែកខាងបរិស័ទវិញមិនមានកំណត់ទេ ពោលគឺអាចដង្ហែអង្គកឋិនទៅវេរប្រគេនព្រះសង្ឃ នៅទីផ្សេងបានច្រើនវត្តទៅតាមកម្លាំងសទ្ធា និងទ្រព្យធនធាន។ ក្នុងនោះ បរិស័ទខ្លះ រហូតតាំងប្រាថ្នាធ្វើបុណ្យហែកឋិនឱ្យបាន៧វត្ត ក្នុងមួយរដូវកាលក៏មាន។ ចំណែកទានវត្ថុ ឬត្រៃចីវរ ដែលជាគោលសំខាន់ ជាប្រធាននៃអង្គកឋិនទាននេះវិញ គឺចាំបាច់ត្រូវកាត់ដេរតភ្ជាប់ឱ្យបានត្រឹមត្រូវទៅតាមពុទ្ធបញ្ញត្តិ។ អ្នកគ្រូធម្មាចារ្យ ម៉ម សុខហេង នៅភូមិវាល ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប រៀបរាប់ចែករំលែកការយល់ដឹងអំពីដំណើររឿងក្នុងសម័យពុទ្ធកាល ដែលជាហេតុនាំឱ្យមានវិន័យក្នុងការកាត់ដេរស្បង់ស្បៃត្រៃចីវរនេះ៖ «កាលពីសម័យមុនហ្នឹង គឺថាគហបតីចីវរហ្នឹងស្អាតៗ ដែលទាយកទាយិកាសម័យពុទ្ធកាល លោកបានដង្ហែទៅ សំពត់ហ្នឹងផ្ទាំងជាប់ៗគ្នា គឺថាស្អាតៗណាស់ ធ្វើឱ្យជនខិលខូច ចោរហ្នឹងលួច លួចលោកទៅណា៎។ តែក្រោយ ព្រះសម្មាសម្ពុទ្ធបានប្រគល់ភារកិច្ចហ្នឹងទៅឱ្យព្រះអានន្ទ ជាអ្នកឆ្លាតឈ្លាស ថាត្រូវឱ្យកាត់នូវត្រៃចីវរនេះឯង ដូចជាថ្នាលស្រែ នៅក្នុងដែនមគធៈ ដែលកាត់ដាច់ហើយប៉ះមកវិញ ដើម្បីការពារកុំឱ្យចោរលួច។ អីចឹងត្រៃចីវរហ្នឹង យើងត្រូវតែកាត់ទៅតាមរង្វាស់ខ្នាតចីវរឱ្យបានត្រឹមត្រូវព្រោះថ្នេរយើងត្រូវតែកាត់ផ្តាច់ អត់អាចដេរប្រក់អីបានទេ ទើបត្រូវខ្នាតចីវរតាមព្រះវិន័យ ចាស៎»។
ដែនមគធៈ គឺជានគរធំមួយក្នុងប្រទេសឥណ្ឌា នាសម័យពុទ្ធកាល ដែលមានក្រុងរាជគ្រឹះ ជារាជធានី។ សព្វថ្ងៃនេះ ដែនមគធៈ បានក្លាយទៅជារដ្ឋ «ប៊ីហារ» (ពិហារ ឬវិហារ) ស្ថិតក្នុងភាគខាងជើង នៃប្រទេសឥណ្ឌា។
ទាក់ទងនឹងរឿងត្រៃចីវរវិញ ដែលសព្វថ្ងៃនេះជាទូទៅ បរិស័ទតែងនាំគ្នាជាវពីទីផ្សារស្រាប់ៗនោះ ប្រសិនបើមិនបានកាត់ដេរឱ្យបានត្រឹមត្រូវតាមវិន័យក្រឹត្យក្រមទេ តើនឹងអាចសម្រេចផលជាកឋិនទានបានពេញលេញដែរ ឬយ៉ាងណា? ភិក្ខុ យ៉ុន យី អគ្គចិត្តោ គង់នៅវត្ត «មណីរតនារាម» ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានថេរដីកាបញ្ជាក់ថា នោះគឺជាភារៈរបស់ភិក្ខុសង្ឃ ក្នុងការពិនិត្យពិច័យសំពត់ចីវរ ដែលត្រូវក្រាលគ្រងនោះឱ្យបានត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ៖ «ចំពោះរឿងរបស់ផ្សេងទៀតអត់សំខាន់ទេ គឺព្រះអង្គទ្រង់អនុញ្ញាត្តឱ្យក្រាលគ្រង បើសិនជាមានចីវរផ្សេងទៀត ព្រោះកាលសម័យព្រះ គេមិនមែនយកចីវរត្រឹមត្រូវស្រាច់ៗដូចជាយើងសម័យឥឡូវទេ។ ដូច្នេះបើភិក្ខុទាំងអស់ទោះជាបានចីវរមិនត្រឹមត្រូវ បានពីណេះពីនោះខ្លះ ប្រមូលមកបានសម្រាប់តែមួយអង្គហ្នឹងក្រាលគ្រងកើត ធ្វើម៉េចជួយគ្នាឱ្យសម្រេចក្រាលគ្រងកើត អាផ្សេងទៀតនៅសល់លោកយកទៅដេរយកទៅប៉ះចែកគ្នាប្រើប្រាស់ទៅ។ ប៉ុន្តែសំខាន់គឺអាមួយហ្នឹងត្រឹមត្រូវ ផ្សេងតមិនត្រឹមត្រូវមិនជាបញ្ហាទេ ព្រោះមិនមែនយកមកសម្រាប់ក្រាលគ្រង។ ប៉ុន្តែគ្រាន់តែបញ្ជាក់បន្ថែមបន្តិចត្រង់ថា កឋិននៅពេលដែលពុទ្ធបរិស័ទប្រគេន ទោះបីជាគាត់យកចីវររបៀបណា ស្បង់មួយអ្វីមួយមិនត្រឹមត្រូវក៏ដោយ ការជ្រះថ្លារបស់គាត់បានបុណ្យ។ ប៉ុន្តែរឿងកាតព្វកិច្ចរបស់លោករឿងរបស់ភិក្ខុសង្ឃ គឺជាកិច្ចមួយផ្សេងទៀត ប្រសិនជាលោកធ្វើមិនត្រឹមត្រូវ ញាតិញោមនៅតែបានបុណ្យ តែអត់បានលោក»។

ដោយហេតុថា ក្នុងមួយរដូវ វត្តនីមួយៗអាចទទួលអង្គកឋិនទានហែចូលបានតែមួយដងគត់នោះ ប្រសិនបើមានបរិស័ទច្រើន ម្ចាស់ទានតែងកំណត់ពេលវេលា ដើម្បីធ្វើបុណ្យដង្ហែកឋិន ទៅវេរប្រគេនភិក្ខុសង្ឃ ក្នុងថ្ងៃតែមួយរួមគ្នា ដែលពេលខ្លះមានរហូតដល់ត្រៃចីវរច្រើនរាប់រយ។ ក្នុងករណីនេះ លោកគ្រូធម្មាចារ្យ ជិម ជំនិត នៃសាលារៀន «សតិបដ្ឋាន» ក្នុងខេត្តបាត់ដំបង បញ្ជាក់អំពីកិច្ចដែលត្រូវធ្វើចំពោះត្រៃចីវរដទៃទៀត ដែលមានការកាត់ដេរមិនត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ៖ «សូម្បីតែស្បង់៤០០ត្រៃហ្នឹង វេរហើយខុសទាំងអស់។ លោកចាប់ស្បង់ណាមួយ យកមកចាប់ហែកខ្វោកៗ ហើយចាប់ផ្ដើមដេរវិញទៅ ព្រោះក្នុងនោះមានរយៈពេលមួយយប់ បើវេរហើយមួយយប់ដល់ភ្លឺ មុនពេលភ្លឺហ្នឹងលោកអាចធ្វើកិច្ចការងារហ្នឹងឱ្យហើយ ក្នុងពេលមួយរាត្រីហ្នឹង បើយើងវេរពីល្ងាច។ បើវេរពីព្រឹកមក គឺរហូតដល់ភ្លឺជិតភ្លឺថ្ងៃស្អែក ចាប់ពីវេរទៅកុំឱ្យកន្លងរាត្រីបានហើយ បាទ»។
ទោះបីជាត្រៃចីវរ គឺជាទានវត្ថុសំខាន់ នៃអង្គកឋិនទានក្ដី ប៉ុន្តែជាទូទៅ ក្នុងពិធីបុណ្យកឋិនទាននីមួយៗ ពុទ្ធបរិស័ទតែងមានសទ្ធាជ្រះថ្លាបរិច្ចាគទ្រព្យធន បូជាគ្រឿងប្រើប្រាស់ផ្សេងៗទៀតចំពោះភិក្ខុសង្ឃ ព្រមទាំងវេរបច្ច័យសម្រាប់ផ្គត់ផ្គង់ និងកសាងទីវត្តអារាមជាដើម ដែលគេនិយមហៅថា «បរិក្ខារកឋិន» ឬ «បរិវារកឋិន»៕
ភ្លេងពិណពាទ្យ
ទាក់ទងនឹងការធ្វើសង្ឃកម្មទទួលត្រៃចីវរអង្គកឋិនទាន ដែលពុទ្ធបរិស័ទបានហែទៅវេរប្រគេននោះ គឺក្នុងវត្តមួយទទួលបានតែមួយដងគត់ ក្នុងមួយរដូវកាលកឋិនទាន។ ក្នុងកិច្ចនោះ តម្រូវឲ្យមានភិក្ខុសង្ឃយ៉ាងតិច៥អង្គ ទោះបីជាភិក្ខុដែលក្រាលគ្រងសំពត់កឋិនមានតែមួយអង្គក្ដី។ ប្រសិនបើវត្តខ្លះមិនមានភិក្ខុគ្រប់ចំនួនទេនោះ គឺអាចនិមន្តភិក្ខុសង្ឃវត្តដទៃមកចូលរួមឱ្យបានគ្រប់ចំនួន៥អង្គ។
រីឯខាងពុទ្ធបរិស័ទអាចហែកឋិន ពីកន្លែងផ្សេងច្រើនគ្នាចូលទៅកាន់វត្តមួយ ក្នុងថ្ងៃតែមួយបាន។ ប៉ុន្តែត្រូវរង់ចាំវេរនូវត្រៃចីវរ និងបរិក្ខារផ្សេងៗ ប្រគេនចំពោះភិក្ខុព្រមគ្នា ក្នុងពេលតែមួយ គឺមិនមែនអ្នកហែទៅដល់មុន វេរមុនហើយអ្នកហែដល់ក្រោយវេរតាមក្រោយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។