អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ បានជ្រើសរើសយកស្នប់ទឹករវៃជាឧបករណ៍មួយដែលមានតម្លៃថោក និងមានប្រសិទ្ធភាព សម្រាប់គម្រោងកម្មវិធីកាត់បន្ថយវិបត្តិទឹកស្អាត និងអនាម័យរបស់ពលរដ្ឋជនបទនៅតាមប្រទេសមួយចំនួនលើសាកលលោក។
ស្នប់ទឹករវៃគឺជាឧបករណ៍មួយដែលក្រុមអ្នកវិទ្យាសាស្រ្តជាច្រើនជំនាន់នៅលើពិភពលោក បានសិក្សាស្រាវជ្រាវ រិះគិតបង្កើតឡើង ដើម្បីរវៃយកទឹកពីអណ្តូងមកប្រើប្រាស់។
ឯកសារសិក្សានានាបានបង្ហាញថា មានស្នប់ទឹករវៃជាច្រើនប្រភេទ ដែលអាចប្រើបានដោយកម្លាំងខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ចរន្តអគ្គិសនី ម៉ាស៊ីនភ្លើង កង់ធាក់ដោយជើង ឬរវៃដោយដៃ។បច្ចេកវិទ្យាស្នប់ទឹករវៃនេះ ត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៦ ដោយអង្គការ«គំនិតការងារ» ដែលបានសិក្សាកែច្នៃឱ្យកាន់តែមានគុណភាពល្អប្រសើរ និងមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត ស្របទៅតាមសេចក្តីត្រូវការក្នុងស្រុក។
អនុប្រធានរោងជាងនៃអង្គការគំនិតការងារ លោក អេង សាន ដែលជាអ្នកជំនាញខាងផ្នែកបច្ចេកទេសផលិត បានមានប្រសាសន៍អំពីដំណើរនៃការវិវត្តន៍កែច្នៃទម្រង់ និងគូរប្រព័ន្ធ«ស្នប់ទឹករវៃដោយដៃ» ដែលផលិតនៅក្នុងស្រុកខ្មែរ។
លោក អេង សាន មានប្រសាសន៍ថា ៖ «បង្កើតក្រោយនេះនៅក្នុងឆ្នាំ២០០៧ ស្រុកខ្មែរយើងចាប់ផ្ដើមបង្កើត និងចេញ Designsថ្មីៗ។ យើងកែប្រព័ន្ធ ពីមុនមកយើងធ្វើលក្ខណៈធម្មតា សាក្រោយមកយើងសិក្សាចំណុចខ្វះខាត ឬក៏លក្ខណៈមើលទៅមិនសូវស្អាត ដល់ខ្មែរយើង យើងកែច្នៃមានលក្ខណៈស្អាត ហើយគុណភាពល្អ។ កាលពីមុនមកគេធ្វើរយៈពេលប្រើតែមួយឆ្នាំទេខូចហើយ ដល់ខ្មែរយើងយកមកកែច្នៃ គុណភាពប្រើពី ៥ឆ្នាំ ទៅ ១០ឆ្នាំ»។
ឯកសាររបស់អង្គការគំនិតការងារបានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេស និងវិស្វករខ្មែរបានផលិត «ស្នប់ទឹករវៃ» ចំនួនជាង ២.០០០គ្រឿង និងដាក់ដំឡើងជូនដល់ប្រជាពលរដ្ឋប្រើប្រាស់តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ជនបទផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមខេត្តក្រុងចំនួន ១៥ ក្នុងប្រទេសដែលអនុវត្តដោយអង្គការពុំមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមួយចំនួន។
អ្នកសម្របសម្រួលកម្មវិធីទឹកស្អាតនៃអង្គការ«អភិវឌ្ឍន៍អន្តរជាតិហូព» (Hope International Development Agency) អ្នកស្រី គឹម ភាលី បានមានប្រសាសន៍ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៨ មកដល់បច្ចុប្បន្ននេះ កម្មវិធីបានសាកល្បងដាក់ដំឡើងស្នប់ទឹករវៃជូនដល់ប្រជាពលរដ្ឋប្រមាណ ១២០គ្រួសារនៅឃុំតាងិល និងឃុំបាក់ចិញ្ចៀន ក្នុងស្រុកភ្នំក្រវាញ និងនៅឃុំរំលាត ក្នុងស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
ទាក់ទងនឹងគុណភាពនៃស្នប់ទឹករវៃនេះ អ្នកស្រី គឹម ភាលី បានបញ្ជាក់ដោយប្រៀបធៀបជាមួយនឹងអណ្ដូងស្នប់ធម្មតាយ៉ាងដូច្នេះ ៖ «ខាងខ្ញុំជាវស្នប់ទឹករវៃពីអង្គការ Ideas at Work ខ្ញុំដាក់ទៅលើអណ្ដូងលូឃើញថា រវៃទឹកដែលចេញមកក៏វាច្រើន ហើយទាំងគុណភាពទឹកប្រើ ទាំងការប្រើរវៃហ្នឹងឃើញថា វាងាយស្រួលជាងស្នប់ដែលសប់។ កន្លងមកខ្ញុំប្រើអណ្ដូងស្នប់ដៃម្យ៉ាងនោះ គុណភាពវារហ័សខូចអត់បានមួយឆ្នាំ។ ក្រោយមកក៏មានស្នប់រវៃហ្នឹង ក៏យកមកសាកល្បងឃើញថា វាក្រខូច ហើយគុណភាពពិសោធទៅឃើញថាល្អ បានជាសម្រេចជ្រើសរើសយកស្នប់រវៃហ្នឹងវិញ»។
នាយិការអង្គការសកម្មភាពអភិវឌ្ឍន៍កសិកម្ម អ្នកស្រី ប៊ុន គឹមសាន ដែលបានជាវស្នប់ទឹករវៃ សម្រាប់គម្រោងកម្មវិធីអនាម័យ និងទឹកស្អាតសហគមន៍ ជូនដល់អ្នកភូមិប្រមាណ ៤០០គ្រួសារក្នុងស្រុកគាស់ក្រឡ និងស្រុករុក្ខគិរី ក្នុងខេត្តបាត់ដំបង បានបញ្ជាក់ដូចគ្នាថា ស្នប់ទឹករវៃនេះមានតម្លៃថោកសមរម្យ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយគុណភាពក៏ល្អប្រើបានយូរ ប្រសិនបើមានការថែថួនឲ្យបានត្រឹមត្រូវទៅតាមការអប់រំណែនាំ។
អ្នកស្រី ប៊ុន គឹមសាន បានបង្ហាញអំពីកត្តាពិសេសមួយនៃអណ្តូងដែលបំពាក់ក្បាលស្នប់ទឹករវៃនេះ គឺធានាបាននូវអនាម័យទឹកស្អាត ដែលនឹងជួយយ៉ាងច្រើនខាងផ្នែកសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋនៅតាមជនបទ។
អ្នកស្រី ប៊ុន គឹមសាន មានប្រសាសន៍ថា ៖ «ស្នប់រវៃហ្នឹងវាមានភាពងាយស្រួលក្នុងការប្រើ ហើយអណ្ដូងជីកដៃ បើសិនជាយើងចំហឲ្យគាត់ដង ជួនកាលគាត់បោកសម្លៀកបំពាក់ គាត់បំពាក់ទៅលើមាត់លូអីទៅ បើសិនជាយើងមិនបានបំពាក់ស្នប់ហ្នឹងទេ យើងទុកឲ្យគាត់លូកថាំង ឬសម្ភារៈដងទឹកហ្នឹង។ អ៊ីចឹងជួនកាលគាត់ប្រឡូកប្រឡាក់ដោយមេរោគអី ហើយគាត់ទម្លាក់ចូលទៅក្នុងអណ្ដូងវិញ។ បើយើងគិតពីអនាម័យ គឺថា គាត់បានទឹកយកមកប្រើប្រាស់បានស្អាត ហើយមិនភ័យខ្លាចមានជំងឺតម្កាត់ផ្សេងៗ ដោយសារអណ្ដូងលូមិនជិតអ៊ីចឹង ហើយគាត់រវៃទឹកមក ទឹកស្អាត ប្រជាពលរដ្ឋគាត់សប្បាយចិត្ត»។
ស្នប់ទឹករវៃដែលច្នៃប្រឌិតផលិតក្នុងស្រុកនេះ ក៏ត្រូវបានសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ជ្រើសរើសក្នុងចំណោមផលិតផលស្នប់ទឹកបរទេសជាច្រើនប្រភេទទៀត សម្រាប់ដំណើរការគម្រោងកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅតំបន់ភាគពាយ័ព្យនៃប្រទេស រួមមានខេត្តបន្ទាយមានជ័យ សៀមរាប និងបាត់ដំបង ដែលមានប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ បានទទួលផលប្រយោជន៍។
ប្រធានគ្រប់គ្រងទូទៅនៃអង្គការគំនិតការងារ លោក ហ៊ុយ តារា បានបញ្ជាក់បន្ថែមអំពីប្រភេទស្នប់ទឹករវៃដៃ សម្រាប់ទាញទឹកពីអណ្ដូង និងស្រះ ដែលផលិតតម្រូវទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋសហគមន៍ផង និងជាលក្ខណៈគ្រួសារផង ដែលមានតម្លៃចាប់ពី ៨០ដុល្លារ ដល់ ១២០ដុល្លារអាមេរិក។
លោក ហ៊ុយ តារា មានប្រសាសន៍ដូច្នេះ ៖ «ខាងក្រុមបច្ចេកទេសបានបង្កើតនូវគំនិតមួយទៀត តាមរយៈការកាត់បន្ថយតម្លៃដើមផលិត គឺស្នប់សម្រាប់សហគមន៍ ស្តង់ដារសម្រាប់ប្រើប្រាស់សម្រាប់ ២០គ្រួសារ តំបន់ខ្លះប្រើដល់ទៅជាង ២០គ្រួសារ ហើយស្នប់ដែល មានតម្លៃថោកជាងនោះ គឺយើងគិតថា គាត់អាចប្រើបាន ៣គ្រួសារ អ៊ីចឹងគាត់ទិញជាលក្ខណៈបុគ្គល ជាលក្ខណៈគ្រួសារ»។
ឯកសារនានាបានបង្ហាញថា ស្នប់ទឹករវៃមានប្រភពដើមពីប្រទេសចិន តាំងពីជាងមួយពាន់ឆ្នាំមុនមកម្ល៉េះ។ បច្ចុប្បន្នស្នប់ទឹករវៃកំពុងមានប្រជាប្រិយភាពនៅតាមប្រទេសជាច្រើន ក្នុងទ្វីបអាស៊ីអាហ្វ្រិក និងអាមេរិកកណ្ដាល ក្រោមគម្រោងកម្មវិធីរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៤ នៃ«វេទិកាទឹកពិភពលោក» ដែលប្រព្រឹត្តទៅនៅប្រទេសម៉ិចស៊ិកកូ ក្នុងឆ្នាំ២០០៦ បានចាត់ទុកបច្ចេកវិទ្យាស្នប់ទឹករវៃជាដំណោះស្រាយដ៏ល្អមួយក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយភាពក្រីក្រ។
រីឯដំណើរការសិក្សាកែច្នៃប្រព័ន្ធ«ស្នប់ទឹករវៃ» ផលិតដោយក្រុមអ្នកបច្ចេកទេសនៃអង្គការគំនិតការងារ នៅក្នុងប្រទេសកម្ពុជា គឺបានទទួលការគាំទ្រថវិកាជាចម្បងពីអង្គការមួយនៃប្រទេសហុល្លង់ ឈ្មោះ IMPULSIS ព្រមទាំងមូលនិធិជាបន្តបន្ទាប់ពីស្ថាប័នមួយចំនួន រួមមានធនាគារពិភពលោក និងស្ថានទូតអូស្ត្រាលីផងដែរ៕
