ការតភ្ជាប់បណ្ដាញភ្លើងអគ្គិសនីប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវបានគេកត់សម្គាល់ឃើញថា បង្កឱ្យកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារការឆ្លងចរន្ដអគ្គិសនី ឬភាសាអ្នកស្រុកនិយមហៅថា ទុស្សេខ្សែភ្លើង។
ថ្មីៗកន្លងទៅនេះ មានហេតុការណ៍ផ្ទុះចរន្តអគ្គិសនីនៅក្នុងផ្ទះសិប្បកម្មធ្វើធូបមួយកន្លែងនៅទីក្រុងភ្នំពេញ ដែលបានបង្កឲ្យមានអគ្គីភ័យកើតឡើង ឆាបឆេះអស់ផ្ទះសិប្បកម្មនោះរាបដល់ដី ព្រមទាំងធ្វើឲ្យអ្នករស់នៅក្បែរកន្លែងកើតហេតុមានការភិតភ័យយ៉ាងខ្លាំង និងនាំគ្នាវេចស្ពាយរបស់ទ្រព្យរត់ចេញពីផ្ទះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រធានការិយាល័យអគ្គីភ័យក្រុងភ្នំពេញ លោកវរសេនីយ៍ នេត វន្ថា បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីអំពីមូលហេតុនៃអគ្គីភ័យ និងការលំបាកក្នុងការជួយពន្លត់ភ្លើងដែលឆាបឆេះផ្ទះសម្បែងនៅពេលនោះ។
លោកវរសេនីយ៍ នេត វន្ថា មានប្រសាសន៍ដូច្នេះ ៖ «ករណីផ្ដើមឡើងនេះ ពីការឆ្លងចរន្តអគ្គិសនីនៅផ្ទះសិប្បកម្មធ្វើធូប។ ផលលំបាកមកដល់ដំបូង ដែលយើងមិនទាន់ហ៊ានធ្វើភ្លាម មូលហេតុដោយសារមានខ្សែភ្លើងដាច់ធ្លាក់មកក្រោមរេលដូចពស់អ៊ីចឹង កម្លាំងយើងមិនអាចធ្វើការតាមជំនាញបានទេ ព្រោះតែកាលណាបាញ់ទឹកទៅវាឆក់អ៊ីចឹងយើងត្រូវការទំនាក់ទំនងជាមួយក្រុមហ៊ុនខាងអគ្គិសនីឲ្យគាត់បិទដើម្បីយើងធ្វើការបន្ត... »។
លោកសាស្ត្រាចារ្យ អ៊ាប ប៉ុណ្ណា អគ្គនាយកនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភា នៅរាជធានីភ្នំពេញ បានមានប្រសាសន៍អំពីមូលហេតុដែលធ្វើឲ្យឆ្លងចរន្តអគ្គិសនី ឬទុស្សេខ្សែភ្លើងនោះ គឺបណ្ដាលមកពីការតភ្ជាប់ប្រព័ន្ធអគ្គិសនីខុសបច្ចេកទេស។
លោក អ៊ាប ប៉ុណ្ណា បានឲ្យដឹងដូច្នេះ ៖ «ជាទូទៅខ្សែភ្លើងយើងមានខ្សែពីរ ឬខ្សែបី អាចម៉ាស់ពីរ អាចភ្លើងមួយ ឬក៏ភ្លើងមួយម៉ាស់មួយ ក៏ប៉ុន្តែនៅតាមផ្ទះប្រជាជនយើងភាគច្រើន នៅស្រុកខ្មែរយើងមានខ្សែពីរ គឺមួយម៉ាស់មួយភ្លើង កាលណាខ្សែទាំងពីរនេះប៉ះគ្នា ឬក៏ប៉ូលរបស់វាទាំងពីហ្នឹង ប៉ូលបូក និងប៉ូលដកប៉ះគ្នា វានឹងបណ្ដាលឲ្យទុស្សេឡើង ពីព្រោះខ្សែទាំងពីរហ្នឹងមិនអាចប៉ះគ្នាបានទេ ប៉ះគ្នាហ្នឹងទាល់តែមានឆ្លងកាត់រ៉េស៊ីស្តង់...»។
លោក ប៊ុន សៀង សាស្ដ្រាចារ្យផ្នែកទេពកោសល្យអគ្គិសនី និងថាមពល នៃវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា នៅទីក្រុងភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ប្រាប់បន្ថែម ជុំវិញការឆ្លងចរន្ដអគ្គិសនីដែលបង្កឲ្យមានគ្រោះថ្នាក់ជាភ្លើងឆេះជាដើមនោះ គឺដោយសារការប្រើប្រាស់ភ្លើងលើសបន្ទុកនៃចរន្ដដែលគេបានតភ្ជាប់។
លោក ប៊ុន សៀង មានប្រសាសន៍ថា ៖ «ឧទាហរណ៍លើម៉ូទ័រមួយ ដែលវាស៊ីអានុភាព ឬក៏ស៊ីចរន្ដ ៥អំពែនោះ វាត្រូវនឹងខ្សែ ៥អំពែ ហើយក៏ត្រូវនឹងឌីសង់ទ័រ ៥អំពែដែរ តែដោយសារយើងប្រើប្រាស់វាមិនសមស្រប មានន័យថា ខ្សែដែលត្រូវនឹង ៥អំពែហ្នឹង យើងមិនប្រើតែម៉ូទ័រតែមួយទេ ប្រើរបស់អីផ្សេងមួយទៀត ហើយដល់ពេលឌីសង់ទ័រហ្នឹងវាចេះតែលោត យើងយកអីទៅកល់វា ឬក៏ខ្ទាស់វាទៅ វាធ្វើឲ្យខ្សែហ្នឹងលើសបន្ទុក ដល់លើសបន្ទុកទៅ ខ្សែពីរជិតគ្នាហ្នឹងវាកើតជាការឆ្លងភ្លើង ដល់ឆ្លងភ្លើង អាហ្នឹងអគ្គីភ័យហើយ...»។
ការទុស្សេខ្សែភ្លើង ឬឆ្លងចរន្តអគ្គិសនី ក្រៅពីបង្កគ្រោះថ្នាក់ជាភ្លើងឆេះផ្ទះសម្បែង និងបំផ្លាញទ្រព្យសម្បត្តិហើយនោះ វាក៏អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស ឬធ្វើឲ្យរងរបួសស្រាល ឬធ្ងន់ទៅតាមស្ថានភាពនីមួយៗ។
ប្រជាពលរដ្ឋខ្មែរមួយរូបឈ្មោះ អាន រឿន រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានរងគ្រោះឆក់ខ្សែភ្លើង ខណៈដែលកំពុងជិះម៉ូតូធ្វើឲ្យមានរបួសជាទម្ងន់ ដោយសារការឆ្លងចរន្តអគ្គិសនីដែលខ្សែភ្លើងដាច់ធ្លាក់នៅតាមដងផ្លូវសាធារណៈ។
លោក អាន រឿន បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីអំពីហេតុការណ៍នេះ ដែលបានកើតឡើងកាលពីប៉ុន្មានខែមុន និងស្ថានភាពរបួសរបស់លោកដោយសារឆក់ខ្សែភ្លើងនេះ ៖ «មកអាចំណុចដែលកន្លែងគេតភ្លើង ខ្ញុំជិះមកទាក់កវឹប បោកនៅមុខមន្ទីរពេទ្យហ្នឹង។ ខ្ញុំឃើញគេត ប៉ុន្តែអត់បានឃើញច្បាស់ មកទាក់ត្រឹមហ្នឹងតែម្ដង។ ឆក់ឡើងមួយចំហៀងខ្លួន ខ្ញុំឡើងដេកអត់បាន បានតែអង្គុយ បើដេកទៅវិល វាបោកត្រូវក្បាលមួយចំហៀង»។
អ្នកសិក្សាស្រាវជ្រាវផ្នែកថាមពលអគ្គិសនី ក៏បានឲ្យដឹងផងដែរថា ការឆ្លងចរន្តអគ្គិសនីធ្វើឲ្យឆក់មនុស្ស ជួនកាលអាចស្លាប់ គឺអាស្រ័យទៅលើកម្លាំងថាមពលអគ្គិសនី ដែលគេបានតភ្ជាប់ខ្លាំង ឬខ្សោយ។
លោក ប៊ុន សៀង សាស្ត្រាចារ្យផ្នែកទេពកោសល្យអគ្គិសនី និងថាមពលនៃវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា កត្តាដែលបណ្ដាលឲ្យមនុស្សស្លាប់ដោយសារខ្សែភ្លើងឆក់នោះ ពីព្រោះខ្លួនមនុស្សក៏ជាអង្គធាតុចម្លងចរន្តអគ្គិសនីមួយដែរ ឬភាសាបច្ចេកទេសថា ជារ៉េស៊ីស្តង់មួយ ដូច្នេះនៅពេលដែលគេទៅប៉ះពាល់ខ្សែភ្លើង ឬឧបករណ៍ដែលឆ្លងចរន្តនោះ គឺអាចឆក់។
លោកសាស្ត្រាចារ្យ ប៊ុន សៀង បានបញ្ជាក់ទៀតយ៉ាងដូច្នេះ ៖ «រ៉េស៊ីស្ដង់ គឺជាអង្គធាតុមួយដែលផ្ដល់លទ្ធភាពឲ្យចរន្តឆ្លងកាត់បាន បើសិននៅចុងសងខាងរបស់វាមានផលសងប៉ូតង់ស្យែល ឧទាហរណ៍ថា បើចរន្តឆ្លងកាត់យើងហ្មឺងចាប់ផ្ដើមពី ០,៥មិល្លីអំពែ អាហ្នឹង បានយើងចាប់អារម្មណ៍ឆក់ បើសិនជាដល់ ១០មិល្លីអំពែ ជួនកាលមនុស្សខ្លះអាចរំដោះខ្លួនចេញពីកន្លែងចំណុចយើងប៉ះហ្នឹង ប៉ុន្តែមនុស្សខ្លះក៏អត់អាចដែរ ដោយសារទាក់ទងនឹងសុខភាពផងដែរ។ បើនិយាយឲ្យចំទៅ មនុស្សយើងដែលស្លាប់បានដោយសារយើងគាំងបេះដូង បានន័យថា ពេលដែលចរន្តឆ្លងកាត់ធំថា ៣០មិល្លីអំពែចុះ គឺវាធ្វើឲ្យសន្ទុះខ្លួនមនុស្សយើង ដែលខ័ណ្ឌគ្រឿងរំលាយអាហារ និងសួតហ្នឹងវាឡើងរឹង ដល់វាឡើងរឹងទៅ សួតយើងមិនអាចផ្ដល់អុកស៊ីហ្សែនទៅឲ្យបេះដូង ពេលហ្នឹងយើងអាចគ្រោះថ្នាក់ គឺយើងអាចស្លាប់តែម្ដង...»៕
